អានតួអត្ថបទ
អ៊ីរ៉ង់ ចិន

អ៊ីរ៉ង់ និងចិនកំពុងចរចាគ្នាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្រ្តរយៈពេល ២៥ឆ្នាំ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក​ម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ​បាន​ធានា​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ កក្កដា​ថា អ៊ីរ៉ង់​កំពុង​ចរចា​ជាមួយ​ចិន​លើ​កិច្ចព្រមព្រៀង​ដៃគូ​យុទ្ធសាស្រ្ត​មួយ​រយៈពេល ២៥ឆ្នាំ និង​បញ្ជាក់​ថា គ្មាន​រឿង​សម្ងាត់​អ្វី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ។ ការ​ធានា​អះអាង​របស់​លោក​ហ្សារីហ្វ​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ម៉ាមូដ អាម៉ាឌីណេយ៉ាដ​បាន​ថ្លែង​បរិហារ​ក្នុង​ថ្ងៃទី២៧ មិថុនា​ថា អ៊ីរ៉ង់​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​រយៈពេល ២៥ឆ្នាំ​ជាមួយ​ប្រទេស​មួយ។ សម្តី​របស់​លោក​អាម៉ាឌីណេយ៉ាដ​ពេល​នោះ​បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​យ៉ាង​ផុសផុល​នៅ​លើ​បណ្តាញសង្គម​អ៊ីរ៉ង់។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ
រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ © DR
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​ក្រុម​សមាជិកសភា​ដែល​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ​បាន​ប្រកាស​ពី​ការ​ចរចា​ជាមួយ​ចិន​លើ​កិច្ចព្រមព្រៀង​ដៃគូ​យុទ្ធសាស្រ្ត​មួយ​រយៈពេល ២៥ឆ្នាំ។ « គ្មាន​អ្វី​អាថ៌កំបាំង​នៅ​ក្នុង​កិច្ចចរចា​ដែល​កំពុង​ធ្វើ​ជាមួយ​ចិន ហើយ​ប្រទេសជាតិ​នឹង​ទទួល​បាន​ព័ត៌មាន​នេះ​យ៉ាង​លំអិត​នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្សារីហ្វ។ តាម​ប្រមុខ​ការទូត​អ៊ីរ៉ង់​រូប​នេះ​ដដែល កិច្ចចរចា​ដែល​អ៊ីរ៉ង់​កំពុង​បន្ត​មាន​ជាមួយ​ចិន​បាន​ផ្តោត​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន។

ទន្ទឹម​គ្នា​នេះ លោក​យ៉ាវ៉ាដ ហ្សារីហ្វ​បាន​បន្ថែម​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា ព័ត៌មាន​ស្តីពី​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​ចិន​ពេល​នេះ​ក៏​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦ ដែរ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​នា​ឱកាស​វត្តមាន​លោក​ស៊ី ជីនពីង​លើ​ទឹកដី​អ៊ីរ៉ង់ ប្រទេស​ទាំង​ពីរ​បាន​សន្យា​ចរចា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​គ្នា​សម្រាប់​រយៈពេល ២៥ឆ្នាំ​ដោយ​ផ្តោត​លើ​ការ​វិនិយោគ​ទៅ​វិញ ទៅ​មក​នៅ​ក្នុង​វិស័យ​ផ្សេងៗ ពិសេស​ដឹកជញ្ជូន ថាមពល ឧស្សាហកម្ម និង​សេវាកម្ម។

ចំណែក​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី​ក៏​ធ្លាប់​បាន​គាំទ្រ​លើ​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​ចិន​នេះ​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល និង​ប្រជាជន​អ៊ីរ៉ង់​ស្វែង​រក​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នូវ​ការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ឯករាជ្យ និង​គួរ​ឲ្យ​ទុកចិត្ត​បាន ដូច​ជា​ប្រទេស​ចិន។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​អ៊ីរ៉ង់ និង​ជា​អតិថិជន​ដ៏​សំខាន់​ម្នាក់​ដែល​ទិញ​ប្រេង​អ៊ីរ៉ង់​ច្រើន​ជាង​គេ​នៅ​មុន​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​​អ៊ីរ៉ង់។ ការ​ចេញ​មុខ​ធានា​របស់​លោក​ហ្សារីហ្វ​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ម៉ាមូដ អាម៉ាឌីណេយ៉ាដ​ក្នុង​ថ្ងៃទី២៧ មិថុនា​ដែល​ថា អ៊ីរ៉ង់​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​រយៈពេល ២៥ឆ្នាំ​ជាមួយ​ប្រទេស​មួយ។

សម្តី​បរិហារ​របស់​លោក​អាម៉ាឌីណេយ៉ាដ​ដូច​នេះ​បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​យ៉ាង​ផុសផុល​នៅ​លើ​បណ្តាញសង្គម​អ៊ីរ៉ង់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា។ គួរ​បញ្ជាក់​ថា​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​កុម្ភៈ សភា​ថ្មី​អ៊ីរ៉ង់​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុម​អភិរក្សនិយម និង​ក្រុម​ជ្រុលនិយម។ ក្រុម​ទាំង​ពីរ​នេះ​តែង​បាន​រិគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី​កណ្តាលនិយម​លោក​ហាសាន រ៉ូហានី ពិសេស​រិះគន់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ ២០១៥ ដែល​លោក​ហ្សារីហ្វ​បាន​ព្រមព្រៀង​ជាមួយ​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ