អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីបាននឹងកំពុងពង្រឹងចលនាគាំទ្រអ៊ីរ៉ង់​កាន់​តែ​ខ្លាំង!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្រោម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សុក្រ ទី៣ មករា​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ នៅ​ក្នុង​ពិធី​បុណ្យសព​លោក​សូឡីម៉ានី​នៅ​អ៊ីរ៉ង់​នា​ថ្ងៃ​ចន្ទ ទី៦ មករា ពលរដ្ឋ​អ៊ីរ៉ង់​ជា​ច្រើន​លាននាក់​នៅ​ទូទាំង​ប្រទេស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សងសឹង​ចាស់ដៃ​ប្រឆាំង​អាមេរិក។ តាម​ក្រុម​អ្នក​ជំនាញ ការ​ដែល​លោក​ត្រាំ​បាន​សម្រេចចិត្ត​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​មក​ពី​លោក​ចង់​កម្ទេច​ឆ្អឹងខ្នង​របស់​ចលនា​អ៊ីស្លាម​ឈីអ៊ីត​ដែល​ប្រឆាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា។ តែ​ខុស​ពី​ការ​គិតទុក ឃាតកម្ម​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​បែរ​ជា​បាន​ពង្រីក និង​ពង្រឹង​បណ្តាញ​តស៊ូ​របស់​ចលនាឈីអ៊ីត​នៅ​ក្នុង​តំបន់​ទៅ​វិញ។ ទន្ទឹម​គ្នា​នេះ ទង្វើ​របស់​លោក​ត្រាំ​ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នៅ​ពី​ក្រោយ​របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​កាន់​តែ​ខ្លាំង​ឡើង​ដែរ។

Aux cris de «Mort à l'Amérique», une marée humaine en deuil a rendu un vibrant hommage à Téhéran au général Qassem Soleimani, commandant le plus populaire d'Iran, appelant à le venger après son assassinat dans un raid américain le 3 janvier 2020 à Bagdad.
Aux cris de «Mort à l'Amérique», une marée humaine en deuil a rendu un vibrant hommage à Téhéran au général Qassem Soleimani, commandant le plus populaire d'Iran, appelant à le venger après son assassinat dans un raid américain le 3 janvier 2020 à Bagdad. ta KENARE / AFP
ផ្សាយពាណិជ្ជកម្ម

« សងសឹក​ឲ្យ​ចាស់ដៃ » នេះ​ជា​ពាក្យ​សន្យា​ដែល​គេ​បាន​ឮ​ចេញ​ពី​បបូរមាត់​ពលរដ្ឋ​អ៊ីរ៉ង់​គ្រប់​រូប និង​ថ្នាក់ដឹកនាំ​នយោបាយ​អ៊ីរ៉ង់​គ្រប់​និន្នាការ​ទាំង​អស់​តាំង​ពី​ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី​ដែល​គេ​ស្គាល់​ជា​អ្នក​កណ្តាលនិយម​ដល់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី​ដែល​គេ​ស្គាល់​ជា​អ្នក​អភិរក្សនិយម។ « ស្លាប់​ទៅ​អាមេរិក។ អាមេរិក​ត្រូវ​ដឹង​ថា ពួក​គេ​ជា​អ្នក​ចាប់ផ្តើម​រឿង​នេះ តែ​យើង​នឹង​ជា​អ្នក​បញ្ចប់​វា។ ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ជា​វីរៈជន។ គាត់​ជា​អ្នក​វាយ​ឈ្នះ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី » ទាំង​សុទ្ធសឹង​ជា​ការ​ថ្លែង​របស់​បាតុករ​អ៊ីរ៉ង់។ « អ្វី​ដែល​អាមេរិក​បាន​ធ្វើ ជា​បទឧក្រិដ្ឋ​មួយ » នេះ​ជា​ការ​បញ្ជាក់​របស់​បាតុករ​ស្រ្តី​អ៊ីរ៉ង់​ម្នាក់។

គួរ​រម្លឹក​ថា​មាន​អាយុ ៦២ឆ្នាំ ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ត្រូវ​បាន​ទ័ពអាមេរិក​បាញ់​សម្លាប់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣ មករា​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ លោក​សូឡីម៉ានី​ជា​ឥស្សរជន​អ៊ីរ៉ង់​ម្នាក់​ដែល​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ក្នុង​នាម​ជា​មេបញ្ជាការ​កម្លាំង​អាល់ កូដ​ដែល​ជា​កងឯកភាព​មួយ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ លោក​សូឡីម៉ានី​បាន​ដឹកនាំ​ប្រតិបត្តិការ​នៅ​ក្រៅ​ទឹកដី​អ៊ីរ៉ង់ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជនគន្លឹះ​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា ពិសេស​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ក្រោម​ភ្នែក​ចម្រុះ​របស់​រដ្ឋបាល​អាមេរិកាំង គឺ​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​ឯង​ដែល​បាន​ស្ថិត​នៅ​ពី​ក្រោយ​ការ​បះបោរ​របស់​ក្រុម​ឈីអ៊ីត​ប្រឆាំងអាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា និយាយ​ជារួម និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និយាយ​ដោយឡែក។

សម្រាប់​ក្រុង​វ៉ាស៊ីនតោន សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ដែល​មាន​ឋានៈ​ស្មើ​នឹង​ប្រមុខ CIA និង​មេបញ្ជាការ​ប្រតិបត្តិការ​ពិសេស​រួម​បញ្ចូល​គ្នា គឺ​មាន​ន័យ​ស្មើ​នឹង​កំចាត់​បុរសខ្លាំងទី២ របស់​អ៊ីរ៉ង់។ សម្រាប់​លោក​ដូណាល់ ត្រាំ ការ​សម្លាប់​បាន​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​ជា​ការ​បំបាក់​ឆ្អឹងខ្នង​របស់​ចលនា​ឈីអ៊ីត​គាំទ្រ​អ៊ីរ៉ង់​ប្រឆាំង​អាមេរិក និង​ផលប្រយោជន៍​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា។ តែ​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា អ្វី​ដែល​លោក​ត្រាំ​បាន​គិត គឺ​ខុស​ស្រឡះ ហើយ​អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ គឺ​ច្រឡំ​ធំ​ណាស់។ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​លោក​ត្រាំ ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​បែរ​ជា​បាន​ពង្រីក និង​ពង្រឹង​បណ្តាញ​តស៊ូ​របស់​ចលនាឈីអ៊ីត​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ។ ចំណែក​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់​ឯណោះ​វិញ មរណៈភាព​របស់​លោក​សូឡីម៉ានី​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នៅ​ពី​ក្រោយ​របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​កាន់​តែ​ខ្លាំង​ឡើង។

ពី​ប្រទេស​លីបង់​ទៅ​ប្រទេស​ស៊ីរី យេម៉ែន និង​ដែនដី​ប៉ាឡេស្ទីន​ដោយ​ឆ្លង​កាត់​ប្រទេស​អ៊ីរ៉ាក់ កំហឹង​សងសឹង​ប្រឆាំង​អាមេរិក​ចំពោះ​ការ​ស្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​បាន​លាន់​ឮ​យ៉ាង​កង​រំពង។ ជាក់ស្តែង​នៅ​អ៊ីរ៉ាក់ មេដឹកនាំ​ឈីអ៊ីត​លោក​ម៉ុកតាដា សាដ​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​កងទ័ព Mehdi និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​ចលនា​នៅ​អ៊ីរ៉ាក់​បង្កើត​ចលនា​តស៊ូអន្តរជាតិ​មួយ​ភ្លាមៗ។ សូម្បី​តែ​លោក​កាអ៊ីស អាល់ខាហ្សានី​ដែល​ជា​អតីត​អនុសេនីយ៍ត្រី និង​ជា​សត្រូវ​ផ្ទាល់ខ្លួន​របស់​លោក​ម៉ុកតាដា សាដ​សព្វថ្ងៃ​ក៏​បាន​រួម​សាមគ្គី​ដើម្បី​ប្រឆាំង​នឹង​អាមេរិក​ដែរ។ ចំណែក​ក្រុម​អ្នកតំណាងរាស្រ្ត​ឈីអ៊ីត​អ៊ីរ៉ាក់​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​បណ្តេញ​កម្លាំងទ័ពអាមេរិក​ចេញ​ពី​អ៊ីរ៉ាក់ ហើយ​គ្រប់​គណបក្សនយោបាយ​បាន​រួម​ដៃ​គ្នា​ប្រឆាំង​អាមេរិក​ដោយ​ទុក​ចោល​មួយ​កន្លែង​នូវ​ការ​ខ្វែង​គំនិត​គ្នា។

នៅ​លីបង់ ប្រមុខ​ចលនា​ហេស្បូឡា​លោក​ហាសាន ណាស្រាឡា​ដែល​ជា​មិត្តជិតដិត​នឹង​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​បាន​យល់​ឃើញ​ថា ឃាតកម្ម​សម្លាប់​លោក​សូឡីម៉ានី​មិនមែន​ជា​រឿង​ផ្ទៃក្នុង​អ៊ីរ៉ាក់​មួយ​ទេ តែ​មាន​ជាប់ទាក់ទង​នឹង​ប្រជាជាតិ​អ៊ីស្លាម​ទាំង​អស់។ ចំណែក​នៅ​អ៊ីរ៉ង់​ឯណោះ​វិញ ឃាតកម្ម​ឧត្តមសេនីយ​សូឡីម៉ានី និង​បញ្ហា​សន្តិសុខ​បាន​ក្លាយ​ជា​ប្រធានរឿង​អាទិភាព​ចូល​ជំនួស​បញ្ហា​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។ ពលរដ្ឋ​អ៊ីរ៉ង់​គ្រប់រូប និង​ថ្នាក់ដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​មិន​ថា​អ្នកកណ្តាលនិយម ឬ​អ្នក​តឹងតែងនិយម​បាន​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆាំង​អាមេរិក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រដ្ឋអំណាច​នៅ​អ៊ីរ៉ង់​ក៏​អាច​ឆក់​ឱកាស​នេះ​ដើម្បី​ខ្ទប់​ដង្ហើម​ទាំង​ស្រុង​លើ​ចលនា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្លួន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី១៦ វិច្ឆិកា​ដែល​បាន​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង។ រដ្ឋអំណាច​បាន​បញ្ជាក់​ពី​ការ​ដោះស្រាយ​ចប់​សព្វ​គ្រប់​ដោយ​មិន​បាន​និយាយ​ពី​តុល្យការ​នៃ​ការ​បង្រ្កាប​របស់​ប៉ូលិស​ទេ។ តែ​បើ​តាម​អង្គការ​សិទ្ធមនុស្ស Amnesty International មាន​មនុស្ស​ស្លាប់ ៣០០នាក់។

យ៉ាង​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ ជម្រើស​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​របស់​អាមេរិក​ដោយ​គិត​ថា​ជា​ការ​បំបាក់​ឆ្អឹងខ្នង​ចលនា​ឈីអ៊ីត​អ៊ីរ៉ង់ ឬ​មួយ​ជា​ការ​បញ្ចប់​ការ​លូកដៃ​របស់​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​ជា​កំហុសឆ្គង​យុទ្ធសាស្រ្ត​មួយ ព្រោះ​ចម្លើយ​សងសឹក​ដែល​អាមេរិក​កំពុង​រង់ចាំ​ពេល​នេះ គឺ​មក​ពី​តំបន់​ទាំង​មូល ពោល​មិនមែន​ត្រឹម​ពី​អ៊ីរ៉ង់ ឬ​ពី​អ៊ីរ៉ាក់​ប៉ុណ្ណោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ