អានតួអត្ថបទ

ជនភៀសខ្លួន​នៅ​កោះណូរូ​ត្រូវ​ទទួលទោស​ពិន័យ​ជាប្រាក់​ពីបទ​ប៉ុនប៉ង​ធ្វើអត្តឃាត

ជនភៀសខ្លួន​អ៊ីរ៉ង់​ម្នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅលើ​កោះ​ណូរូ ត្រូវ​បាន​តុលាការ​​កាត់ទោស​ពិន័យ​ជាប្រាក់ ពីបទ​ថា​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង។ ការកាត់ទោស​ដែល​ធ្វើ​ឲ្យ​មាន​ការ​បរិហាររិះគន់​យ៉ាងខ្លាំង​ក្លា ទាំង​ពី​សំណាក់​អង្គការ​ក្រៅរដ្ឋាភិបាល និង​ពី​សំណាក់សមាជិក​ព្រឹទ្ធសភា​របស់​អូស្រ្តាលី។

ប្រទេស​ណូរូ ដែល​ជា​កូនកោះ​តូចមួយ នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ដែល​ត្រូវ​បាន​អូស្រ្តាលី​យក​ធ្វើ​ជា​កន្លែង​ឃុំ​ជនភៀសខ្លួន
ប្រទេស​ណូរូ ដែល​ជា​កូនកោះ​តូចមួយ នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ដែល​ត្រូវ​បាន​អូស្រ្តាលី​យក​ធ្វើ​ជា​កន្លែង​ឃុំ​ជនភៀសខ្លួន ( Photo : Wikimédia)
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​អូស្រ្តាលី ABC ជនភៀសខ្លួន​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​នេះ គឺ​ជា​ជនជាតិ​អ៊ីរ៉ង់ មាន​កូនស្រី​ម្នាក់​អាយុ ៨ឆ្នាំ ហើយ​បាន​ជាប់ឃុំ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅលើ​កោះ​ណូរូ អស់រយៈពេល ២ឆ្នាំ​មកហើយ។ ជំរំ​ជនភៀសខ្លួន​​នៅ​លើ​កោះ​ណូរូ តែ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​អូស្រ្តាលី។ ជនភៀសខ្លួន​រូបនេះ​បាន​ព្យាយាម​សម្លាប់​ខ្លួនឯង នៅ​ពេល​​ដែល​ខ្លួន​​រួមជាមួយ​នឹង​​​កូនស្រី​​ចង់​ចេញ​ទៅ​រស់នៅ​ខាង​ក្រៅ ប៉ុន្តែ ត្រូវ​ប៉ូលិស​ទៅ​ចាប់​យក​មក​វិញ។

ពីដំបូង រដ្ឋអាជ្ញា​នៃ​កោះ​ណូរូ​បាន​ទាមទារ​ឲ្យ​តុលាការ​ដាក់​ទោស​ជនភៀសខ្លួន​នេះ​ឲ្យ​ជាប់​ពន្ធនាគារ ពី ១ខែ ទៅ​២ខែ ដោយ​លើកឡើង​ថា ការ​ដាក់ទោស​ធ្ងន់បែបនេះ គឺ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ជនភៀសខ្លួន​ផ្សេងទៀត កុំ​ឲ្យ​យក​ការ​សម្លាប់​ខ្លួន​មក​ធ្វើ​ជា​មធ្យោបាយ​ក្នុងការ​ទាមទារ​តាម​អ្វី​ដែល​ពួកគេ​ចង់បាន។ ក៏ប៉ុន្តែ នៅ​ទីចុងបំផុត តុលាការ​មិន​បាន​ប្រកាស​ទោស​ពន្ធនាគារ​នោះទេ ដោយ​សម្រេច​ឲ្យ​ពិន័យ​ត្រឹមតែ​ជា​លុយ​ចំនួន ២០០ដុល្លារ​អូស្រ្តាលី​ ដែល​ស្មើ​នឹង​ ១៥៥ដុល្លារ​អាមេរិក។

គួរបញ្ជាក់​ឡើងវិញ​ថា កោះណូរូ គឺ​ជា​កោះមួយ​ក្នុង​ចំណោម​ប្រទេស​ជា​កូនកោះ​ផ្សេងទៀត នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​អូស្រ្តាលីយក​ធ្វើ​ជាទីតាំង​បង្កើត​ជំរំ​ជនភៀសខ្លួន​ ដែល​ព្យាយាម​ចូល​ទៅសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អូស្រ្តាលី។ ជារឿយៗ គេ​សង្កេតឃើញ​មាន​ការ​រិះគន់​យ៉ាងច្រើន​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស ជុំវិញ​​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​ជនភៀសខ្លួន​នៅ​ក្នុង​ជំរំ​អស់ទាំងនេះ។

ករណី​ជនភៀសខ្លួន​ធ្វើ​អត្តឃាត​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​អស់​ទាំងនេះ​ក៏​ធ្លាប់​កើតមាន​ជាច្រើន​លើករួចមកហើយ​ដែរ។ យោងតាម​របាយការណ៍​​ចេញផ្សាយ​កាល​ពី​ខែ​មករា​កន្លងទៅនេះ គ្រាន់តែ​នៅ​ក្នុងរយៈពេល​មួយឆ្នាំ គិតពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ដល់​ខែ​កក្កដា​ឆ្នាំ​២០១៥ មានករណី​​ជនភៀសខ្លួន​ធ្វើ​អត្តឃាត ឬ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​រហូតដល់​ទៅ ១៨៨ករណី នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅលើ​កោះ​ណូរូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ