អានតួអត្ថបទ

មេធាវី​ខាង​សិទ្ធិមនុស្ស​ត្រូវ​តុលាការ​ចិន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៣ឆ្នាំ

មេធាវី​ចិន​ដ៏ល្បី​ឈ្មោះ​ម្នាក់ ដែល​តែងតែ​ជួយ​ការពារ​ក្តី​ឲ្យ​សកម្មជន​ប្រឆាំង និង​ជនរងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​នៅថ្ងៃ​អង្គារ​នេះ​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ដោយ​ត្រូវ​ព្យួរទោស។ ការកាត់ទោស​នេះ គឺ​ជា​ករណី​ថ្មី​ចុងក្រោយ​មួយ​ទៀត នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ប្រឆាំង​នយោបាយ នៅ​ចិន។

មេធាវី ពូ ស្ហ៊ឺឈាំង (Pu Zhiqiang) កាល​ពី​ខែកក្កដា ឆ្នាំ​២០១២
មេធាវី ពូ ស្ហ៊ឺឈាំង (Pu Zhiqiang) កាល​ពី​ខែកក្កដា ឆ្នាំ​២០១២ REUTERS/Petar Kujundzic/Files
ផ្សាយពាណិជ្ជកម្ម

លោក ពូ ស្ហ៊ឺឈាំង (Pu Zhiqiang) ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សកម្មភាព​ជួយ​ការពារក្តី​ឲ្យ​ជនរងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស ជាពិសេស ជនរងគ្រោះ​ក្នុង​ជំរំ​លត់ដំ និង​សកម្មជន​ប្រឆាំង ដូចជា វិចិត្រករ​ អៃ វៃវៃ (Ai Weiwei) ជាដើម។ លោក​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​សារ​តែ​លោក​បាន​សរសេរ​រិះគន់​របបកុម្មុយនិស្ត នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ក្នុង​ចន្លោះ​ពីឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤។

នៅ​ក្នុង​សវនាការ​សម្ងាត់ នៅថ្ងៃ​អង្គារ​នេះ តុលាការ​ចិន​បាន​សម្រេច​ឲ្យ​លោក ពូ ស្ហ៊ីឈាំង ជាប់ពិរុទ្ធ​ពីបទ​ថា​បាន​ “ញុះញង់​ឲ្យ​ស្អប់ជាតិសាសន៍” និង “បង្ក​ភាពវឹកវរ​ដល់​សង្គម” ហើយ​ផ្តន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ប៉ុន្តែ ទោស​នេះ​ត្រូវ​ព្យួរ ពោលគឺ លោក​មិន​ត្រូវ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​នោះទេ។

លោក ពូ ស្ហ៊ីឈាំង ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ក្រោយ​សវនាការ ក៏ប៉ុន្តែ គិតជាសរុប លោក​ត្រូវ​ជាប់ឃុំ​អស់រយៈពេល ១ឆ្នាំ​កន្លះ​មកហើយ ចាប់តាំង​ពី​ពេល​ចាប់ខ្លួន រហូតដល់​ពេល​ចេញ​សវនាការ។ លើសពីនេះ​ទៅទៀត នៅ​ក្នុង​អំឡុង​ពេល​ព្យួរទោស លោក​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ ពី​សំណាក់​អាជ្ញាធរ។

នៅ​ក្នុង​អំឡុង​ពេល​​សវនាការ អ្នក​កាសែត និង​អ្ន​កគាំទ្រ​របស់​លោក ពូ ស្ហ៊ីឈាំង ជាច្រើន​នាក់ បាន​នាំគ្នា​ព្យាយាម​ចូល​ទៅ​ក្នុង​បរិវេណ​​តុលាការ ក៏ប៉ុន្តែ ពួកគេ​ត្រូវ​បាន​ប៉ូលិស​រារាំង។ អង្គការ​ Amnesty International វិញ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​​ហៅ​ការ​កាត់ទោស​លោក ពូ ស្ហ៊ីឈាំង​ ថា​ជា “អំពើ​អយុត្តិធម៌​ដ៏ធំមួយ” ដែល​ធ្វើឡើង​សំដៅ “រារាំង​មិន​ឲ្យ​អ្នក​ការពារសិទ្ធិមនុស្ស​ដ៏​ក្លាហាន​មួយ​នេះ​អាច​បន្ត​ធ្វើ​អាជីព​របស់​ខ្លួន​តទៅទៀត”។

ក៏ប៉ុន្តែ លោក​ហុង ឡី (Hong Lei) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​វិញ​បាន​អះអាង​ថា សេចក្តីសម្រេច​របស់​តុលាការ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​ទៅតាម​ច្បាប់ ចំណែក​ឯ​​ជនជាប់ចោទ​​ខ្លួនឯង​ផ្ទាល់​​​ក៏​បាន​សារភាព​ទទួល​កំហុស​របស់​ខ្លួន​​ផងដែរ។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​បរទេស លោក ហុង ឡី ក៏​បាន​លើកឡើងផងដែរ​ថា “ប្រព័ន្ធ​យុត្តិធម៌​របស់​ចិន​មាន​អធិបតេយ្យភាព​ពេញលេញ ដោយ​មិន​អាច​រង​ឥទ្ធិពល​ពី​​បរទេស”​ បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ