អានតួអត្ថបទ
ចិន

ចិន៖បើក​​សវនាការ​​កាត់ទោស​​មេធាវី​​ការពារ​​សកម្មជន​​សិទ្ធិមនុស្ស

នៅ​ក្នុង​ប្រទេស​ចិន តុលាការ​ក្រុង​ប៉េកាំង​បាន​ផ្តើម​សវនាការ​កាត់​ទោស​លោក​ពូ ហ្ស៊ីជាំង (Pu Zhiquiang) នៅ​​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ​នេះ។ លោក​ពូ ហ្ស៊ីជាំង គឺ​ជា​មេធាវី​ការពារ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​បាន​សរសេរ​អត្ថបទ​រិះគន់​ទិតៀន​របប​កុម្មុយនិស្ត​ចិន រួច​ផ្សព្វផ្សាយ​នៅ​ក្នុង​មីក្រូប្លុក​របស់​លោក។ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​នៅ​ជុំវិញ​តុលាការ ហើយ​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស រួម​ទាំង​ក្រុម​គាំទ្រ​លោក​ពូ ហ្ស៊ីជាំង និង​ក្រុម​អ្នកកាសែត​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​តុលាការ។

កម្លាំង​ប៉ូលិស​ចិន​នៅ​តុលាការ​ក្នុង​ថ្ងៃ​បើក​សវនាការ​កាត់ទោស​លោក ពូ ហ្ស៊ីជាំង ថ្ងៃទី១៤ ធ្នូ ២០១៥
កម្លាំង​ប៉ូលិស​ចិន​នៅ​តុលាការ​ក្នុង​ថ្ងៃ​បើក​សវនាការ​កាត់ទោស​លោក ពូ ហ្ស៊ីជាំង ថ្ងៃទី១៤ ធ្នូ ២០១៥ AFP PHOTO / Greg BAKER
ផ្សាយពាណិជ្ជកម្ម

ល្បី​ឈ្មោះ​ជា​មេធាវី​ការពារ​សិល្បករ​ចិន​ម្នាក់​ឈ្មោះ​អាយ វៃវៃ លោក​ពូ ហ្ស៊ីជាំង​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ បន្ទាប់​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​អង្គប្រជុំ​មួយ​ស្តីពី​ខួប​គម្រប់ ២៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​ទីលាន​ចៀនអាន់មេន​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ ១៩៨៩។ គិត​មក​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈពេល​ជាង ១ឆ្នាំ​មក​ហើយ​ដែល​លោក​ពូ ហ្ស៊ីជាំង ព្រម​ទាំង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត​កំពុង​ដេក​ក្នុង​គុក។ គឺ​ទើប​តែ​នៅ​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ ឆ្នាំ ២០១៥ នេះ​ទេ​ដែល​តុលាការ​បាន​បើក​សវនាការ​កាត់ទោស​លោក​ពូ ហ្ស៊ីជាំង។

លោក​ពូ ហ្ស៊ីជាំង​បាន​ជាប់ចោទ​ពី​បទ​បាន​សរសេរ​អត្ថបទ​ខ្លីៗ​ចំនួន ៧ច្បាប់​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្លុក និង​បណ្តាញ​សង្គម​របស់​លោក និង​ដែល​រដ្ឋអំណាច​បាន​ចាត់​ទុក​ខ្លឹមសារ​នៅ​ក្នុង​អត្ថបទ​របស់​លោក​ថា មាន​លក្ខណៈ​ញុះញង់​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ជនជាតិ​ពិន្ធុ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ភាព​បះបោរ។ តែ​បើ​គេ​ពិនិត្យ​មើល​ជា​លក្ខណៈ​ទូទៅ​ឃើញ​ថា អត្ថបទ​ខ្លី​ទាំង ៧ច្បាប់​របស់​លោក​ពូ ហ្ស៊ីជាំង​មាន​ខ្លឹមសារ​តែ​មួយ​គត់ គឺ​រិះគន់ ទិតៀន​របប​កុម្មុយនិស្ត។

មាន​អត្ថបទ​មួយ របស់​លោក​ពូ ហ្ស៊ីជាំង លោក​មេធាវី​បាន​ធ្វើ​ការ​រិះគន់ វាយប្រហារ​លើ​នយោបាយ​គៀបសង្កត់​របស់​ចិន​លើ​ក្រុមជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​តំបន់​ស៊ីនជាំង។ ចំណែក​អត្ថបទ​មួយ​ទៀត លោក​ពូ ហ្ស៊ីជាំង​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​គេ​ចាំ​បាច់​យក​រូបថត​លោក​ម៉ៅ សេទុង​ទៅ​ដាក់​តាំង​ក្នុង​វិហារ​របស់​ទីបេ។ រដ្ឋអំណាច​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ជុំវិញ​តុលាការ ហើយ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ក្រុម​អ្នកគាំទ្រ​លោក​ពូ ហ្ស៊ីជាំង ព្រម​ទាំង​ក្រុម​អ្នកកាសែត​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​តុលាការ។

អ្វី​ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​សវនាការ​កាត់​ទោស​លោក​ពូ ហ្ស៊ីជាំង​ថ្ងៃ​នេះ គឺ​វត្តមាន​មន្រ្តីការទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់​លោក Dan Biers។ លោក Dan ដែល​បាន​ថ្លែង​ថា ក្រុម​មេធាវី និង​ក្រុម​អ្នកតំណាង​សង្គមស៊ីវិល​មិន​ត្រូវ​ក្លាយ​ជា​ផ្ទាំងស៊ីប​ទទួល​ការ​គាបសង្កត់​ជាប់​ជា​ប្រចាំ​ទេ តែ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​កសាង​ប្រទេស​ចិន​មួយ​រុងរឿង និង​ស្ថិរភាព។ បើ​ផ្អែក​លើ​បទ​ចោទ​ប្រកាន់ លោក​មេធាវី​ពូ ហ្ស៊ីជាំង​អាច​នឹង​ទទួល​ទោស​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៨ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ