អានតួអត្ថបទ
សហភាពអឺរ៉ុប-តួកគី

អឺរ៉ុប-តួកគី៖​កិច្ចព្រមព្រៀង​ស្តីពី​ជនអន្តោប្រវេសន៍​កំពុង​ទទួល​ការ​គំរាមកំហែង

កិច្ចព្រមព្រៀង​ស្តីពី​ជនអន្តោប្រវេសន៍​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​តួកគីកំពុង​ជួប​ឧបសគ្គ។ ឧបសគ្គ​ដែល​បាន​កើត​មាន​ឡើង ក្រោយ​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​តួកគី Receyp Tayyip Erdogan នា​ថ្ងៃ​សុក្រ ទី៦ ឧសភា។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក Erdogan បាន​ប្រឆាំង​នឹង​សំណើ​មួយ​របស់​អឺរ៉ុប​ដែល​សុំ​ឲ្យ​តួកគី​ធ្វើ​កំណែទម្រង់​ច្បាប់​ប្រឆាំង​ភេរវនិយម។ អឺរ៉ុប​បាន​បញ្ជាក់​ថា បើ​តួកគី​មិន​បំពេញ​ល័ក្ខខ័ណ្ឌ​មួយ​នេះ​ទេ អឺរ៉ុប​នឹង​មិន​លុប​ចោល​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​តួកគី​ដែល​ចង់​ចូល​ក្នុង​លំហរ Schengen ឡើយ។

លោក​ប្រធានាធិបតី​តួកគី Erdogan
លោក​ប្រធានាធិបតី​តួកគី Erdogan REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ឲ្យ​អឺរ៉ុប​លប់​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​តួកគី​ចូល​ក្នុង​លំហរ Schengen បាន អឺរ៉ុប​បាន​តម្រូវ​ឲ្យ​តួកគី​បំពេញ​ល័ក្ខខ័ណ្ឌ​ចំនួន ៧២ចំណុច​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ខែ​មិថុនា​ខាង​មុខ។ ជា​ថ្នូរ​ត្រឡប់​ពី​តួកគី​វិញ តួកគី​បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ក្នុង​ការ​ទទួល​យក​ជនអន្តោប្រវេសន៍។ កិច្ចព្រមព្រៀង​ស្តីពី​ជនអន្តោប្រវេសន៍​រវាង​អឺរ៉ុប និង​តួកគី​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ថ្ងៃ​ទី១៨ មីនា​កន្លង​ទៅ។ កិច្ចព្រមព្រៀង​ស្តីពី​ជនអន្តោប្រវេសន៍​នោះ​បាន​ចែង​ពី​ការ​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ដែល​ចូល​ក្នុង​ទឹកដី​ប្រទេស​ក្រិក​ខុសច្បាប់​ទៅ​កាន់​ប្រទេស​តួកគី។

ក្រៅ​ពី​យល់ព្រម​លប់​ចោល​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​តួកគី​ចូល​ក្នុង​លំហរ Schengen អឺរ៉ុប​ក៏​យល់​ព្រម​ផ្តល់​ប្រាក់​ឲ្យ​តួកគី​ចំនួន ៣ ០០០លានអឺរ៉ូ​ដែរ។ តែ​ជា​ដំបូង តួកគី​ត្រូវ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​ល័ក្ខខ័ណ្ឌ​ចំនួន ៧២ចំណុច​ជា​មុន​សិន។ នៅ​ក្នុង​ល័ក្ខខ័ណ្ឌ​ចំនួន ៧២ចំណុច​របស់​អឺរ៉ុប​ក៏​មាន​សំណូមពរ​ឲ្យ​តួកគី​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​ប្រឆាំង​ភេរវនិយម​ដែរ។ ច្បាប់​ដែល​អឺរ៉ុប​យល់​ថា មិន​បាន​ឆ្លើយ​តប​តាម​ស្តង់ដារ​ប្រជាធិបតេយ្យ​របស់​អឺរ៉ុប​ទេ។

កន្លង​មក ទីក្រុង​អង់ការ៉ា​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​បាន​បំពេញ​ល័ក្ខខ័ណ្ឌ​ជា​ច្រើន​ដែល​អឺរ៉ុប​បាន​ទាមទារ រួម​ទាំង​សម្រួល​ច្បាប់​ប្រឆាំង​ភេរវនិយម​ផង។ សូម​ជម្រាប​ជូន​ថា​សម្រាប់​រដ្ឋាភិបាល​តួកគី ច្បាប់​ប្រឆាំង​ភេរវនិយម​ជា​ប្រធានរឿង​រសើបខ្លាំង​ណាស់ ព្រោះ​ចំ​ពេល​ដែល​តួកគី​កំពុង​ប្រឈម​នឹង​ជម្លោះ​ជាមួយ​ក្រុម​ឧទ្ទាម​គួដ និង​កំពុង​ទទួល​រង​អំពើភេរវកម្ម​ជា​ច្រើន​ដង​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​សម្រាប់​អឺរ៉ុប ច្បាប់​ប្រឆាំង​ភេរវនិយម​របស់​តួកគី​ហាក់​ដូច​ជា​ទូលំទូលាយ​ខ្លាំង ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ក្រុមប្រឆាំង​នៅ​តួកគី។

ជា​ថ្មី​ម្តង​ទៀត អឺរ៉ុប​បាន​ស្នើ​ឲ្យ​តួកគី​ធ្វើ​កំណែទម្រង់​ច្បាប់​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត។ តែ​លោក​ប្រធានាធិបតី​តួកគី Erdogan បាន​បដិសេធ និង​ប្រើ​ពាក្យ​ធ្ងន់ៗ​តប​នឹង​អឺរ៉ុប​យ៉ាង​ដូច្នេះ​ថា « បើ​អឺរ៉ុប​មិន​សុខចិត្ត​ទេ យើង​គួរ​តែ​ចែក​ផ្លូវ​គ្នា​ដើរ ហើយ​អឺរ៉ុប​អាច​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ្នក​ផ្សេង​ចុះ » ។ សម្រាប់​មជ្ឈមណ្ឌល European Policy Center បាន​យល់​ឃើញ​ថា ពាក្យសម្តី​របស់​ប្រមុខរដ្ឋ​តួកគី​អាច​នឹង​ធ្វើ​កិច្ចព្រមព្រៀង​អឺរ៉ុប និង​តួកគី​ស្តីពី​ជនអន្តោប្រវេសន៍​រលាយ​ត្រឹម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ