អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ពូទីន បន្តបង្ហាញមុខលើឆាកអន្តរជាតិ ទោះបីរងទណ្ឌកម្មពីប្រទេសបស្ចិមលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធទី ៦ ធ្នូនេះ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។ មួយថ្ងៃក្រោយមក ពោលគឺថ្ងៃព្រហស្បតិ៍ទី ៧ ធ្នូ លោក ពូទីន នឹងទទួលជួបប្រធានាធីបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ។ នេះបើតាមការឲ្យដឹងពីសំណាក់វិមានក្រេមឡាំង។ គួរបញ្ជាក់ថា លោកពូទីន បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ បើទោះបីជាបណ្តាប្រទេសបស្ចិមលោក ព្យាយាមដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយធ្វើយ៉ាងណាឲ្យប្រទេសនេះឯកោតែឯង លើឆាកអន្តរជាតិ។

ថ្ងៃពុធទី ៥ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។
ថ្ងៃពុធទី ៥ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

យោងតាមសម្តីរបស់អ្នកនាំពាក្យនៃវិមានក្រេមឡាំងលោក ឌីមីទ្រី ប៉េស្កូវ លោកពូទីន ត្រូវជួបជាមួយប្រធានាធីបតីអេមីរ៉ាតអារ៉ាប់រួម លោក ម៉ូហាម៉េដ បិន ហ្សាយ៉េដ អាលណាយ៉ាន ដើម្បីពិភាក្សាអំពីទស្សនវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំង២ និង ស្ថានការណ៍ទូទៅ ក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ទាប់មក នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកពូទីន នឹងជួបជាមួយក្សត្ររជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាលម៉ាន។ ប្រមុខរដ្ឋទាំងពីរ នឹងពិភាក្សាគ្នាអំពីវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង នយោបាយអន្តរជាតិ។

ជុំវិញស្ថានការណ៍អន្តរជាតិ លោកពូទីន នឹងលើកឡើងអំពីជំលោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល​ និង ប៉ាឡេស្ទីន។ ជុំវិញប្រធានបទនេះ លោក ពូទីន បានទិតៀន និងបរិហារ អ៊ីស្រាលអែល ថាបានបង្កមហន្តរាយមនុស្សជាតិនៅតំបន់ហ្កាហ្សា ថែមទាំងអំពាវនាវឲ្យបង្កើតរដ្ឋប៉ាឡេស្ទីន ដែលឯករាជ្យ ។ ក្នុងជំនួបតាមអនឡាញ នៃកិច្ចប្រជុំកំពូល ហ្សេ២០ កាលពីចុងខែវិច្ឆិកាលោកពូទីន ធ្លាប់បានលើកយកប្រធានបទហ្កាហ្សា ដើម្បីវាយបកទៅកាន់ក្រុមប្រទេសបស្ចិមលោកវិញ ថាពុំប្រកាន់គោលជំហរស្មើភាព ដោយព្រួតគ្នាថ្កោលទោសរុស្ស៊ីពីបទវាយលុកចូលអ៊ុយក្រែន តែបែរជាឈរឱបដៃមើល ទង្វើសម្លាប់រង្គាលលើប្រជាជនស៊ីវិលប៉ាឡេស្ទីន។ 

ក្នុងជំនួបជាមួយមេដឹកនាំនៅមជ្ឈិមបូព៌ានេះ លោកពូទីន ក៏បានលើកឡើងពីគោលជំហររបស់រុស្ស៊ី ក្នុងការកាត់បន្ថយការផលិតប្រេងឆៅ យ៉ាងហោចណាស់រហូតដល់ចុងខែមីនាឆ្នាំ ២០២៤។ លោកពូទីន អះអាងថាការកាត់បន្ថយនេះ គឺដើម្បីរក្សាលំនឹងនៃតម្លៃប្រេងឆៅ ក្នុងពិភពលោក ពោលគឺ ស្របជាមួយគោលនជំហររបស់អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកសំខាន់មួយទៀតរបស់ Opep+ ដែលជាអង្គការប្រមូលផ្តុំបណ្តាប្រទេសផលិតប្រេងកាតធំៗ នៅលើសកលលោក។

បន្ទាប់ពីទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក វ៉្លាឌីមៀរ ពូទីន នឹងទទួលជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ ក្នុងថ្ងៃព្រហស្បតិ៍ទី៧ធ្នូ​។ នេះបើតាមអ្នកនាំពាក្យនៃវិមានក្រេមឡាំង លោក ឌីមីទ្រី ព៉ស្កូវ។ គួររំឭកថា កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ លោកពូទីន បានទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈពេលដែលប្រមុខការទូតរុស្ស៊ីលោក ស៊ែរហ្គៃ ឡាវ្រូវ ក៏មានវត្តមានដែរនៅទីក្រុងតេអេរ៉ង់ ក្នុងខែតុលាឆ្នាំ ២០២៣។

នៅក្នុងកិច្ចជំនួបថ្មីនេះ ប្រទេសទាំងពីរគ្រោងនិយាយពិភាក្សាគ្នាលើសំណុំរឿងសំខាន់ៗទ្វេភាគីដូចជា ទំនាក់ទំនងសេដ្ឋកិច្ច បញ្ហានានាក្នុងតំបន់និងក្នុងពិភពលោក ដោយផ្តោតជាពិសេសលើស្ថានការណ៍នៅហ្កាហ្សា។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA ។

គួរបញ្ជាក់ដែរថា បណ្តាប្រទេសបស្ចិមលោក ចោទប្រកាន់អ៊ីរ៉ង់ថាបានចូលដៃចូលជើងជាមួយរុស្ស៊ីក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដោយបញ្ជូនដ្រូនបំពាក់គ្រាប់ផ្ទុះឈ្មោះ Shahed រាប់សិនគ្រឿងទៅឲ្យរុស្ស៊ី យកទៅវាយប្រហារ ដ៏សង្គ្រប់លើទឹកដីអ៊ុយក្រែន។

មកទល់បច្ចុប្បន្ន លោក វ៉្លាឌីមៀរ ពូទីន កម្រធ្វើដំណើរចេញពីប្រទេសរុស្ស៊ីណាស់ ពោលគឺលោកទៅកាន់បណ្តាប្រទេសណា ដែលជាសម្ព័ន្ធមិត្តជំនិតៗរបស់រុស្ស៊ីតែប៉ុណ្ណោះ។ ការណ៍នេះ បណ្តាលមកពីលោកពូទីន គ្មានគេទទួលស្វាគមន៍ និងរាប់រក នៅតាមប្រទេសបស្ចិមលោក ហើយលោកមាន ឈ្មោះក្នុងដីការចាប់ខ្លួន​របស់តុលាការអន្តរជាតិ ពីបទចាប់ជម្លៀសកុមារ អ៊ុយក្រែន យកមកប្រទេសរុស្ស៊ី ។

ជាក់ស្តែង លោកពូទីន ពុំមានវត្តមានទេនៅក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗក្នុងពេលថ្មីៗនេះ មានជាអាទិ៍ ជំនួបកំពូលរវាងប្រទេសសេដ្ឋកិច្ចជឿនលឿនហៅកាត់ថាហ្សេ២០ នៅឥណ្ឌា កាលពីខែកញ្ញាកន្លងទៅ និង ជំនួប ប្រ៊ីក (ប្រស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្តទៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែសីហា។ លោកពូទីន ធ្លាប់បានពោលថា លោកពុំចូលរួមក្នុងកិច្ចជំនួបទាំងនេះ ដើម្បីជៀសវាងបង្កអំពុលទុក្ខ ដល់ប្រទេសម្ចាស់ផ្ទះ។

ចំពោះជំនួបកំពូលអំពីកាអាសធាតុ COP28 ដែលកំពុងដំណើរទៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម ក៏វិមានក្រេមឡាំងពុំបាន បញ្ជាក់ពីវត្តមានរបស់លោកពូទីនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ