អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហាររបស់ចលនាហាម៉ាស លើអ៊ីស្រាអែល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំងពីក្រុមហាម៉ាស បានវាយសម្រុកទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ តុលា កន្លងទៅ ទីភ្នាក់ងារការទូតរបស់រុស្ស៊ី នៅពុំទាន់បញ្ចេញជំហរច្បាស់លាស់ណាមួយ ចំពោះសង្គ្រាមទ្វេភាគីនេះ នៅឡើយទេ។ តែ គេសង្កេតឃើញ​ មានសញ្ញាខ្លះៗ ដែលបង្ហាញថា រុស្ស៊ី ទំនងជាគាំទ្រភាគី ប៉ាឡេស្ទីន។ រុស្ស៊ី ហាក់កំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្ទុះហិង្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយដើរតួជាអ្នកកាន់ជំហរកណ្តាល ដែលទង្វើនេះអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើរុស្ស៊ី ភ្លាត់ស្នៀត។

រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហារនៃចលនាហាម៉ាស លើអ៊ីស្រាអែល?
រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហារនៃចលនាហាម៉ាស លើអ៊ីស្រាអែល? AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ការវាយសម្រុកសម្លាប់រង្គាលនៃក្រុមហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៧ តុលា ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់៧១ ឆ្នាំ នៃលោក វ៉្លាឌីមៀរ ពូទីន។ តាមអ្នកជំនាញខ្លះយល់ថា ភ្លើងសង្គ្រាមដែលផ្ទុះឆាបឆេះភ្លាមៗ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន គឺជាកាដូធ្លាក់ពីលើមេឃមកដល់ដៃ ប្រធានាធិបតីរុស្ស៊ី ដ្បិតលោកពូទីន យល់ថាសង្គ្រាមថ្មីនេះ នឹងបង្វែរអារម្មណ៍អន្តរជាតិ ឲ្យងាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។

ប៉ុន្តែសម្រាប់អ្នកវិភាគឯទៀតវិញ បរិយាកាសហិង្សា រវាងចលនាហាម៉ាស និង អ៊ីស្រាអែល ជម្រុញវិស័យការទូតរុស្ស៊ី ឲ្យធ្លាក់ក្នុងស្ថានការណ៍មួយ ពុំងាយស្រួលឡើយ ព្រោះថារុស្ស៊ី កំពុងជាប់ឈ្មោះជាប្រទេស ដែលឯកោខ្លាំង នៅលើឆាកអន្តរជាតិ ស្រាប់។

ល្បែងតុល្យភាពដ៏លំបាកមួយ

ប្រតិកម្មជាផ្លូវការភ្លាមៗ ពីសំណាក់ទីក្រុងម៉ូស្គូ ក្រោយការវាយលុករបស់ក្រុមហាម៉ាស គឺជា​រូបភាពមួយ ដែលពិភពលោក ស្គាល់ថាជា “ ល្បែងរុស្ស៊ី ដើរតួជាអាជ្ញាកណ្តាល ” ។ “យើងកំពុងព្រួយបារម្ភក្រៃលែង​ ​” នេះជា សំដីរបស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ  កាលពីថ្ងៃសៅរ៍មុន។ ចំណែក លោក Mikhail Bogdanov ដែលជាប្រេសិតពិសេស របស់ក្រេមឡាំង ទទួលបន្ទុកតំបន់មជ្ឈឹមបូព៏ា បានអំពាវនាវ ឲ្យភាគីបដិបក្ខទាំងសងខាង “បញ្ឈប់ការបាញ់គ្នា”។

នេះគឺជាឥរិយាបទ ដែលគេបានទាយទុកមុនស្រាប់។ ជាទម្លាប់ យុទ្ធសាស្ត្រទី១របស់រុស្ស៊ី ក្នុងករណីមានជម្លោះនៅប្រទេសផ្សេង គឺការសំដែងនូវគោលជំហរជាអន្តរការី ក្នុងទម្រង់ នៃការជួយសម្រួលភាពតានតឹង ដើម្បីប្រយោជន៍រួម” នេះជាការពន្យល់ របស់លោក Ivan Klyszcz  ដែលជាអ្នកឯកទេសខាងនយោបាយការបរទេសរបស់រុស្ស៊ី ជាពិសេសជាមួយបណ្តាប្រទេសអាហ្វ្រិក នៅមជ្ឈមណ្ឌល International Center for Defence and Security in Estonia ។ ។

តែមិនយូរប៉ុន្មាន ល្បែងតុល្យភាពរបស់រុស្ស៊ី  ដូចមាននិយាយពីខាងលើ ចាប់ផ្តើមផ្អៀងទៅ “ការពារផលប្រយោជន៍ប៉ាឡេស្ទីន ទោះបីជារុស្ស៊ីពុំទាន់ប្រកាសឲ្យឃើញ គោលជំហរ ជាផ្លូវការត្រង់ៗរបស់ខ្លួន នៅឡើយ  នេះជាការលើកឡើងរបស់លោកDanilo delle Fave អ្នកជំនាញ ផ្នែកប្រទេសរុស្ស៊ីដែលធ្លាប់ធ្វើការនៅ International Team for the Study of Security (ITSS) នៅទីក្រុង Verona ប្រទេសអ៊ីតាលី។ លោក ធ្លាប់បានធ្វើការសិក្សាវិភាគ អំពីទំនាក់ទំនងរវាងម៉ូស្គូ ជាមួយ អ៊ីស្រាអែល និង ប៉ាឡេស្ទីន។

ដំណើរនៃការលំអៀងពីសំណាក់រុស្ស៊ីទៅរក ប៉ាឡេស្ទីន នេះ អាចចែកចេញជា ៣ ដំណាក់កាល។

ទី១ យោងតាមកាសែតបារាំង Le Monde លោក Ramzan Kadyrov  មេដឹកនាំខេត្តឆេឆេនីដែលជាដែនដីចំណុះសហព័ន្ធរុស្ស៊ី ដែលភាគច្រើនលើសលប់ នៃប្រជាជនរស់នៅកាន់សាសនាអ៊ីស្លាម បានបង្ហាញជំហរ គាំទ្រប៉ាឡេស្ទីន ដោយត្រង់ៗ តែម្តង។ គួររំឭកថា រុស្ស៊ី តែងប្រើឈ្មោះមេដឹកនាំអ៊ីស្លាមរូបនេះ ដើម្បីបញ្ជូនសារទៅកាន់ បណ្តាប្រទេសអារ៉ាប់។

ទី ២ លោក Ivan Klyszcz បន្តទៀតថា ៖ នៅក្រុមប្រឹក្សាសន្តិសុខ អសប ក្នុងឱកាសនៃកិច្ចប្រជុំវិសាមញ្ញ ក្នុងលក្ខណៈបិទជិត ពោលគឺពុំមានវត្តមានសារព័ត៍មាន ឬ មហាជននានា “ រុស្ស៊ី ត្រូវគេសង្ស័យថា បានរាំងស្ទះ មិនឲ្យការអនុម័តសេចក្តីថ្កោលទោស អំពើវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល អាចឈានទៅដល់ការសម្រេចបាន

ជំហានទី៣ លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព និង ជាអគ្គលេខា នៃ សម្ព័ន្ធប្រទេសអារ៉ាប់ បានអញ្ជើញមកកាន់ក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ កន្លងទៅ ហើយតាមទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី Tass លោក Mahmoud Abbas ប្រមុខរដ្ឋប៉ាឡេស្ទីន ក៏គ្រោងធ្វើដំណើរមកកាន់រុស្ស៊ី​ ដូចគ្នាដែរ។

ទំនាក់ទំនងកាន់តែជិនស្និត ជាមួយចលនា ហាម៉ាស

ផ្ទុយមកវិញ ពុំមានសញ្ញាអ្វីមួយ ដែលសឲ្យឃើញថា ម៉ូស្គូ បានទាក់ទងទៅ អ៊ីស្រាអែល ក្រោយការវាយប្រហារ ពីសំណាក់ក្រុម ហាម៉ាស ឡើយ។ ពុំតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំងអវត្តមាន ក្នុងឱកាសដែលបណ្តាប្រជាជាតិនានាដ៏ច្រើនលើសលុប នាំគ្នាសំដែងសាមគ្គីភាពជាមួយ ប្រជាជនអ៊ីស្រាអែលដែលរងគ្រោះ ដោយការវាយប្រហារនោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី ១០ តុលា បែរជាបានអំពាវនាវ ឲ្យបង្កើត “ រដ្ឋប៉ាឡេស្ទីន” ទៅវិញ។

លោក Ivan Klyszcz វិភាគបន្តទៀតថា៖ ចំណុចមួយ​ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជំនួបរវាង រដ្ឋមន្ត្រីការបរទេរសរុស្ស៊ី និង លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព ដែលត្រូវបានរៀបចំឡើង ទៅតាមការចង់បានរបស់ ប្រទេសសម្ព័ន្ធអារ៉ាប់។ ការណ៍នេះ បង្ហាញថា រុស្ស៊ីដែលជាប្រទេសសមាជិកអចិន្ត្រៃយមួយ ក្នុងក្រុមប្រឹក្សាសន្តិសុខ អសប គឺជាគោលដៅសំខាន់បំផុត សម្រាប់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ដោយប្រទេសទាំងនេះរំពឹងថា នឹងអាចបង្កើតបាននូវគោលជំហរ រួមមួយជាមួយរុស្ស៊ី ចំពោះស្ថានការណ៍នៅ អ៊ីស្រាអែល និង នៅតំបន់ Gaza ។

ដែលពោលពីខាងលើនេះ គឺសឲ្យឃើញថា សម្ព័ន្ធអារ៉ាប់ ចង់បានម៉ូស្គូមកជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងបរិបទនៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន។ សូមរំឭកថា “ដើមឡើយ សហភាពសូវៀត ធ្លាប់គាំទ្រអ៊ីស្រាអែល ដែលពេលនោះអ៊ីស្រាអែល គឺជារដ្ឋទើបតែកើតថ្មីថ្មោងនៅឡើយ ពោលគឺកាលនោះប្រទេសនេះ ស្ថិតក្រោមអំណាចនៃអតីតរាជាណាចក្រ បស្ចិមលោកនិយម។ ទាំងនេះ គឺជាសំដី របស់អ្នកវិភាគឈ្មោះ Danilo delle Fave ។ តែចាប់ពីក្រោយទសវត្សរ៍ ឆ្នាំ ១៩៧០ មក ម៉ូស្គូ ងាកទៅគាំទ្របុព្វហេតុប៉ាឡេស្ទីនវិញ ដ្បិតរុស្ស៊ី យល់ថានេះគឺជា មធ្យោបាយល្អមួយ ដើម្បីទាក់ទាញពិភពអារ៉ាប់ ដែលពុំសូវចូលចិត្តអាមេរិកស្រាប់ ឲ្យមកជ្រកក្រោមឥទ្ធិពលរបស់ខ្លួន។

តែទោះជាយ៉ាងណាក៏ដោយ រាល់ទំនាក់ទំនងនានា ជាមួយនឹងចលនាហាម៉ាស គឺពុំមែនជារឿងងាយស្រួលនោះទេ។ គួររំឭកថា តាំងពីដើមមក រុស្ស៊ី តែងរក្សាគម្លាតឆ្ងាយ ពីចលនាឥស្លាមនិយមនានា ដូចមានករណីសម័យសង្គ្រាមនៅឆេឆេនី ជាឧទាហរណ៍ស្រាប់។ ទន្ទឹមគ្នានេះ រុស្ស៊ី ពុំភ្លេចទេថា មានជនជាតិរុស្ស៊ី ដល់ទៅជាង ១ លាននាក់ ដែលកំពុងរស់នៅក្នុង ប្រទេសអ៊ីស្រាអែលសព្វថ្ងៃ ដូច្នេះទោះចង់ឬមិនចង់ រុស្ស៊ី ចាំបាច់ត្រូវបញ្ជៀសអ៊ីស្រាអែល កុំឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។

ចាប់ពី ទសវត្សរ៍ឆ្នាំ ២០០០ និង ក្រោយពីចលនាហាម៉ាស បានឈ្នះការបោះឆ្នោតនៅតំបន់ Gaza ក្នុងឆ្នាំ ២០០៦ មក ទំនាក់ទំនងនានាជាមួយប៉ាឡេស្ទីន បានជួបប្រទះនូវបញ្ហាស្មុគស្មាញច្រើន។ រុស្ស៊ី សំឡឹងឃើញភាពតានតឹងនេះ គឺជាឱកាសល្អមួយ ដើម្បីក្តាប់ឥទ្ធិពលគោលនយោបាយការទូតរបស់ខ្លួន ក្នុងតំបន់នេះ ខណៈដែលប្រទេសបស្ចិមលោក​ បដិសេធដាច់អហង្ការ ពុំទទួលស្គាល់ជាដាច់ខាត នូវវត្តមានចលនាហាម៉ាស ដែលគេចាត់ទុកជាអង្គការភេរវកម្មនិយម។ នេះគឺជា វិធីសាស្ត្រមួយរបស់រុស្ស៊ី ដើម្បីដណ្តើមយកសំឡេងគាំទ្រ ឈ្នះលើសហរដ្ឋអាមេរិក ពីសំណាក់ប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៏ា នេះបើតាម សេចក្តីសន្និដ្ឋានរបស់ អ្នកវិភាគ នៃអង្គការ International Team for the Study of Security (ITSS) នៅក្រុង Verona ប្រទេសអ៊ីតាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ