អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនីផ្តល់សច្ចាប័នភ្ជាប់ប្រទេសនេះទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ ទី ៣ តុលា រដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នលើ សេចក្តីសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ ទង្វើនេះបានបង្កនូវក្តីខឹងសម្បា ពីសំណាក់ក្រុងម៉ូស្គូ ដែលថ្កោលទោសថា នេះជាសេចក្តីសម្រេច ពុំត្រឹមត្រូវ និង វង្វេងវង្វាន់​។ ការណ៍នេះ រំលេចឲ្យឃើញពី ទំនាស់ថ្មី រវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីដើមមក តែអំណើះតទៅ ប្រែក្លាយជា សត្រូវ មើលមុខគ្នាលែងចំទៅវិញ។

រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹង តុលាការព្រហ្មទណ្ឌអន្តរជាតិ
រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹង តុលាការព្រហ្មទណ្ឌអន្តរជាតិ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

ក្រុមតំណាងរាស្ត្រអាមេនី បានបោះឆ្នោតដើម្បីផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម ដែលជា សន្ធិសញ្ញាស្ថាបនិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ដោយមានសម្លេងគាំទ្រចំនួន ៦០ ទល់នឹងសម្លេងជំទាស់តែ ២២។

សម្រាប់ប្រទេសរុស្ស៊ី ការភ្ជាប់ខ្លួនរបស់អាមេនី ទៅនឹងតុលាការ CPI គឺជាដំណឹងអាក្រក់មួយ។ គួរំឭកថា កាលពីប៉ុន្មានខែមុន តុលាការ CPI បានចេញដីកាម្តងរួចមកហើយ តម្រូវឲ្យចាប់ខ្លួនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ “ ការចាប់ជំរិត” កុមារាកុមារីអ៊ុយក្រែន មកប្រទេសរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានទិតៀន សេចក្តីសម្រេច របស់រដ្ឋសភាអាមេនីថាជា “ ក្កីភាន់ច្រឡំសុទ្ធសាធ” ហើយបន្តថាទង្វើនេះ នឹងបង្កើនភាពល្អក់កករកាន់តែខ្លាំង ក្នុងទំនាក់ទំនងឧភតោភាគីនៃប្រទេសទាំងពីរ ។ អ្នកនាំពេលដដែលនេះ បន្តថា អាមេនី គួរតែរក្សាចំណងសម្ព័ន្ធភាព ជាមួយរុស្ស៊ី ជាជាងបង្កឲ្យកើតមានទំនាស់ រវាងប្រទេសទាំងពីរ។

ប៉ុន្តែ ចំពោះ អាមេនី វិញ ការភ្ជាប់ខ្លួនទៅនឹង តុលាការនេះ គឺជាក្តីសង្ឃឹមមួយ ដើម្បីទទួលបាននូវ ការការពារបន្ថែមទៀត តទល់នឹងប្រទេស អាស៊ែរបែដហ្សន់ ជាប្រទេសជិតខាង ដែលខ្លាំង និង មានអំណាចជាង។  គួរបញ្ជាក់ថា អាស៊ែរបែដហ្សន់ ទើបនឹងដណ្តើមបាន ជ័យជំនះ យោធា រហ័សដូចផ្លេកបន្ទោរ លើពួកឧទ្ទាមជាតិអាមេនី ដែលបានផ្តាច់យកទឹកដី កាលពីជាង ៣០ ឆ្នាំមុន នៅក្នុងតំបន់ ការ៉ាបាក់ ដែលសព្វថ្ងៃស្ថិត នៅក្នុងដែនដីអាស៊ែរបែដហ្សន់។

ភ្ជាប់ខ្លួនទៅនឹង តុលាការ CPI គឺ មានន័យ“ បង្កើតជាការធានាថែមទៀត សម្រាប់អាមេនី តទល់នឹង អាស៊ែរបែដហ្សន់  នេះជាសេចក្តីថ្លែងការរបស់ លោក Eghiche Kirakosian  មន្ត្រីអាមេនីទទួលបន្ទុក កិច្ចការ របស់តុលាការអន្តរជាតិ ក្នុងពេលបើកសម័យប្រជុំពិភាក្សា ជុំវិញបញ្ហាផ្តល់សច្ចាប័ននេះ កាលពីនៅថ្ងៃអង្គារកន្លងទៅ។ ថ្លែងនៅពីមុខ ក្រុមតំណាងរាស្ត្រអាមេនី លោក Eghiche Kirakosian   បានសង្កត់ធ្ងន់ដូចតទៅ ៖ ការផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម គឺជាការធានា ទល់នឹង ការលុកលុយជាយថាហេតុ ពីអាស៊ែរបែដហ្សន់ មកលើអាមេនី ហើយដែលការធានានេះ ស្ថិតក្នុង សមត្ថភាព របស់តុលាការ CPI ។

គួររំឭកថា អាមេនី បានចុះហត្ថលេខា លើ លក្ខន្តិកៈក្រុងរ៉ូម ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះ ពុំបានផ្តល់ សច្ចប័នភ្លាមទេ ដោយហេតុថា ចំណុចមួយចំនួនក្នុងសំណុំឯកសារនោះ គឺផ្ទុយនឹង រដ្ឋធម្មនុញ្ញខ្លួន។ តែ ឧបសគ្គនេះ ត្រូវបានដកចេញទៅហើយ។

យ៉ាងណាមិញ បណ្តាគណបក្សប្រឆាំង ដែលក្តាប់បានអាសនៈចំនួន ៣៦ លើ ១០៧ អាសនៈនៅក្នុងរដ្ឋសភាអាមេនី បានប្រឆាំងតវ៉ា នឹងការបើកសម័យប្រជុំពិភាក្សាបញ្ហាផ្តល់សច្ចប័ន បែបទាន់ហន់ ហើយបានដើរចេញពីសាលប្រជុំ។

តាំងពីថ្ងៃព្រហស្បត៏សប្តាហ៍មុន វិមានក្រេមឡាំង បានព្រមានថា រុស្ស៊ីនឹងចាត់ទុក ការភ្ជាប់ខ្លួន របស់អាមេនី ទៅនឹង តុលាការ CPI ថាជាការប្រកាសសត្រូវនឹងគ្នា។

តំណាងផ្លូវការរបស់វិមានក្រេមឡាំង លោក ពេស្កូវ បន្ថែមទៀតថា ៖ ទោះយ៉ាងណា យើងសង្ឃឹមថា សេចក្តីសម្រេចទាំងនេះ នឹងពុំជះឥទ្ធពលអវិជ្ជមានមកលើ ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ភាពល្អកកករថ្មីនេះ កើតឡើង ចំពេលដែលទំនាក់ទំនង រវាង អាមេនី និង រុស្ស៊ី កំពុងឆ្លងកាត់ បរិយាកាសអួរអ័ព្ទ។

ក្រុង Erevan ប្រទេសអាមេនី បានខិតទៅជិតប្រទេសបស្ចិមលោកបន្តិចម្តងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ​ ដ្បិត រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីមុន បានបោះបង់ខ្លួន ក្នុងគ្រាដែល អាស៊ែរបែដហ្សន់ បានវាយលុកកាលពីពេលថ្មីៗនេះ ទៅលើ តំបន់ ការ៉ាបាក់។ តែការយល់ឃើញដូច្នេះ​ ត្រូវ វិមានក្រេមឡាំង បដិសេធច្រានចោលទាំងស្រុង ។

អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលរុស្ស៊ី បានដាក់ពង្រាយកងទ័ពមួកខៀវរបស់ខ្លួន ឲ្យឈរជើងថែរក្សាសន្តិភាព នៅលើតំបន់ ការ៉ាបាក់ ពោលគឺក្រោយពីមានការវាយប្រហារពីខាង អាស៊ែរបែដហ្សន់។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមកងទ័ពមួកខៀវនេះ ត្រឹមតែបានឈរ ឱបដៃមើល ខណៈ អាស៊ែរបែដហ្សន់ បានបើកយុទ្ធនាការវាយលុកដ៏គំហុក មកលើការ៉ាបាក់ លើកចុងក្រោយនេះ។  

ចំណែកខាងរុស្ស៊ីឯណោះវិញ នៅថ្ងៃអង្គារ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu បានកោតសរសើរ នូវសកម្មភាពរបស់ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ថែមទាំងសំដែងអំណរគុណ ដល់កងទ័ពនេះ ចំពោះ “ការលះបង់ និង ភាពម៉ឺងម៉ាត់ ក្លាហាន” របស់គេ ដោយបានជួយបញ្ចៀស កុំឲ្យជម្លោះនៅតំបន់ ការ៉ាបាក់ កាន់តែធ្លាក់ក្នុងសភាពដុនដាប។

ជាតុល្យាការ ប្រតិបត្តិការវាយលុកពីអាស៊ែរបែដហ្សន់ មកលើ ការ៉ាបាក់ បានបង្កឲ្យមានមនុស្សស្លាប់ ប្រមាណ ៦០០ ។

តាំងពីការវាយប្រហារនេះបានចាប់ផ្តើម ប្រជាជនជនជាតិអាមេនី ដែលរស់នៅក្នុងតំបន់ ការ៉ាបាក់ ប្រមាណ ១សែន ២ ម៉ឺននាក់ បាននាំគ្នាភៀសខ្លួន ទៅប្រទេសអាមេនី ក្នុងចំនួន ១ សែន ៥.០០០ នាក់ ទៅហើយ ពោលគឺធ្វើឲ្យ ការ៉ាបាក់ សឹងតែក្លាយជា វាលរហោស្ថាន ឥតមនុស្សរស់នៅ។

ការ៉ាបាក់ គឺជាតំបន់ភ្នំ ដែលភាគច្រើនលើសលប់នៃប្រជាជនដែលរស់នៅទីនោះ គឺជាជនជាតិអាមេនី។ ប្រជាជនអាមេនី ចាត់ទុកថាទឹកដីនេះ ថាជាកម្មសិទ្ធរបស់ខ្លួន តាំងពីសម័យដូនតារៀងមក។ ជាក់ស្តែង ក្នុងឆ្នាំង ១៩៩១​​ ការ៉ាបាក់ បានប្រកាសឯករាជ្យជាឯកតោភាគី ផ្តាច់ខ្លួនចេញពីពី អាស៊ែរបែដហ្សន់ ដោយមានការគាំទ្របស់អាមេនី ស្របពេលដែល សហភាពសូវៀត ត្រូវរលំរលាយទៅ។

ការប្រកាសឯករាជ្យជាឯកតោភាគីនេះ គឺពុំត្រូវបានទទួលស្គាល់ដោយ សហគមអន្តរជាតិឡើយ។ ក្នុងអំឡុងពេលជាង ៣ ទសវត្សរ៍មកនេះ ការ៉ាបាក់ បានធ្លាក់ក្នុងភ្លើងសង្គ្រាមជាមួយ អាស៊ែរបែដហ្សន់ ជាច្រើនសារ ពោលគឺក្នុងឆ្នាំ ១៩៨៨, ១៩៩៤ និង ២០២០។

ការប្រយុទ្ធប្រឆាំងគ្នានេះ បានបំពុលទំនាក់ទំនងរវាង អាមេនី និង អាស៊ែរបែដហ្សន់ ដែលបានក្លាយជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា តាំងពីពេលនោះមក។

ប្រទេសអាមេនី ក៏បានបានចោទទាហានអាស៊ែរបែដហ្សន់ ថាបានរំលោភព្រំប្រទល់ខ្លួន កាលពីខែ ឧសភា ឆ្នាំ ២០២១ ដើម្បីតាំងការត្រួតត្រាលើ ចំណែកមួយតូច នៃដែនដីនៅជាយដែនរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ