អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍ស្ដីអំពីវិបត្តិស្បៀងអាហារសកលឆ្នាំ២០២៣បង្ហាញថា ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ ប្រជាជនជិត ២៤០លាននាក់នៅក្នុង ៤៨ប្រទេសកំពុងប្រឈមមុខនឹង អសន្តិសុខស្បៀងធ្ងន់ធ្ងរ។

ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?
ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់? AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

របាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក ឬគេស្គាល់ថា អង្គការ WFP បង្ហាញអំពីក្ដីបារម្ភនៅក្នុងកម្រិតខ្ពស់នៅឡើយ ចំពោះវិបត្តិស្បៀងអាហាររបស់ពិភពលោក។ កត្តាផ្សេងៗ រួមមាន បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្ដិសេដ្ឋកិច្ច បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងការរឹតត្បិតលើការនាំចេញស្បៀងអាហារ នៅតែបន្តបង្កហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដល់មនុស្សរាប់លាននាក់។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ EU Science Hub

ផ្អែកលើទិន្នន័យចុងក្រោយបំផុតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ យើងអាចសង្កេតឃើញថា ប្រជាជនពិភពលោកយ៉ាងហោចណាស់ជិត ២៤០លាននាក់នៅទូទាំង៤៨ប្រទេសដែលវិបត្តិស្បៀងអាហារស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ប្រទេសដែលមានងាយរងគ្រោះបំផុត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេរីយ៉ា ស៊ូដង់ អេត្យូពី អាហ្វហ្គានីស្ថាន យេម៉ែន បង់ក្លាដែស បាគីស្ថាន ស៊ូដង់ខាងត្បូង និងសូម៉ាលី។

ក្នុងចំណោមប្រទេសទាំងនេះ មីយ៉ាន់ម៉ា ដែលជាប្រទេសមួយនៅតំបន់អាស៊ាន ក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលងាយរងគ្រោះខ្លាំងបំផុតផងដែរ ក្នុងឆ្នាំ ២០២២ ប៉ុន្តែមីយ៉ាន់ម៉ាមិនត្រូវបានរាប់បញ្ចូលក្នុងការធ្វើបច្ចុប្បន្នភាពនោះទេ ដោយសារទិន្នន័យមិនគ្រប់គ្រាន់ស្តីពីអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣។

ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?

យ៉ាងហោចណាស់មានហេតុផលចម្បងៗបី ដែលបានកើតឡើងដំណាលគ្នា និងមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយបានរុញច្រានឱ្យវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់។

 

ទីមួយ៖ បញ្ហាជម្លោះក្នុងតំបន់ បញ្ហាសង្គ្រាម និងវិបត្ដិសេដ្ឋកិច្ច

បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម និងភាពអសន្តិសុខនៅក្នុងតំបន់នៅតែជាកត្តាឈានមុខគេនៃវិបត្តិអសន្តិសុខស្បៀងអាហារ។ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតចំពោះវិបត្តិស្បៀងអាហារ មានប្រទេស៨ទៅហើយដែលស្ថិតនៅក្នុងតំបន់មានជម្លោះ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្លាំង ជាពិសេសនៅឆ្នាំ២០២២ ហើយវាបង្កឱ្យមានហានិភ័យនៅក្នុងប្រទេសទាំងនោះកាន់តែមានភាពផុយស្រួយ។

 

ក្នុងពេលជាមួយគ្នា វិបត្តិសេដ្ឋកិច្ច និងវិបត្ដិនៃការឡើងថ្លៃទំនិញជាទូទៅ ឬគេស្គាល់ថា វិបត្តិអតិផរណា ក៏បានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរនៅក្នុងទីផ្សារនៃប្រទសទាំងនេះ។ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ប្រជាជន ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់។ នៅក្នុងប្រទេសទាំងនោះ រដ្ឋាភិបាលគ្មានថវិកាសម្រាប់នាំចូលស្បៀងអាហារឱ្យបានគ្រប់គ្រាន់នោះទេ។

 

ទីពីរ៖ បញ្ហាអាកាសធាតុ ក្តៅពេក ស្ងួតពេក និងភ្លៀងពេក

នាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះ​​ជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នាៗហើយដែល​ឥណ្ឌា​បាន​ដាក់​កម្រិត​ការ​នាំ​ចេញ​អង្ករ។

 

ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។

 

ទីបី៖ ការទប់ស្កាត់ការនាំចេញស្បៀងអាហារកើនឡើង

នៅតំបន់អាស៊ី យោងតាមសារព័ត៌មានសិង្ហបុរី CNA ការរឹតត្បិតការនាំចេញអង្ករ និងការអនុវត្តនយោបាយកំណត់តម្លៃអង្ករ កំពុងបង្កជាហានិភ័យដល់វិបត្តិស្បៀងអាហារសម្រាប់តំបន់អាស៊ី។

 

កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ឥណ្ឌាបានរឹតត្បិតការនាំចេញអង្ករ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក។ កត្តានេះបានបង្កឱ្យមានភ័យស្លន់ស្លោយ៉ាងខ្លាំងនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះ​បើ​តាម​សារព័ត៌មាន Al Jazeera

អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌា​មាន​ចំណែក​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​ពិភពលោក ដោយ​មាន​ប្រទេស​សំខាន់​ផ្សេង​ទៀត​គឺ​ថៃ វៀតណាម ប៉ាគីស្ថាន និង​សហរដ្ឋអាមេរិក។

យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។

ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក វាជារឿងបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ