អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។

យានអវកាសរបស់រុស្ស៊ីគ្រោងជាន់ឋានព្រះចន្ទនៅថ្ងៃទី​២៤​សីហា ២០២៣
យានអវកាសរបស់រុស្ស៊ីគ្រោងជាន់ឋានព្រះចន្ទនៅថ្ងៃទី​២៤​សីហា ២០២៣ © Roscosmos/NASA
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីធ្វើការបង្ហោះជាថ្មី ទៅកាន់ឋានព្រះចន្ទ គឺ រំលង ជិតកន្លះសតវត្សរ៍មកហើយ និយាយឲ្យចំ លើកចុងក្រោយ គឺ កាលក្នុងឆ្នាំ ១៩៧៦ ។ លើកមុនៗ ស្ថានីយអវកាសរុស្ស៊ី តែងបានទៅចុះចត គឺនៅត្រង់ ម្តុំ អេក្វាទ័រ នៃ ផ្កាយរណបធម្មជាតិនេះ របស់ ផែនដី ។ លោកខែនេះ ស្ថិតនៅចម្ងាយគិតជាមធ្យម គឺ ៣ សែន ៨ ម៉ឺន ៤.៤០០ គម ពីផែនដី។ សម្រាប់ពួកអ្នកប្រាជ្ញរុស្ស៊ី លើកនេះ កន្លែងនៃឋានព្រះចន្ទ ដែល ស្ថានីយខ្លួន ត្រូវទៅចុះចត គឺ មកទល់ឥឡូវ គ្មានស្ថានីយប្រទេសណាមួយ ធ្លាប់បានទៅកាន់ឡើយ ពោលគឺ នៅត្រង់ប៉ូល របស់វា។ តំបន់ដែល ស្ថានីយរុស្ស៊ី Luna-25 ត្រូវទៅចុះចតដោយសន្សឹមៗ មានសញ្ញា ដែល បង្ហាញពីវត្តមាននៅទីនោះ ជាដុំទឹកកក - នេះ បើយោងទៅលើទិន្នន័យទទួលបានពី តារាវិថី ។ ចំណែកនៅ តំបន់ អេក្វាទ័រ គឺគ្មានសោះឡើយសញ្ញាបែបនេះ។

តំបន់ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ជាតំបន់អនុគ្រោះ ៖ ម្យ៉ាងដោយ នៅទីនោះ មានកូនអណ្តូងជ្រៅៗ ងងិត មិនដែលត្រូវពន្លឺថ្ងៃសោះឡើយ ហើយ ដក់ជាប់ដោយ ដុំទឹកកក និង ម្យ៉ាងទៀត ក៏ជាកន្លែងដែលរ មែងចាំង ជានិច្ច ដោយព្រះអាទិត្យ  បានន័យថា នៅទីនោះ គេអាចដំឡើងថ្មពិលសម្រាប់ស្រូបយកកំដៅ​ថ្ងៃ - សេចក្តី នេះ ពន្យល់ដោយ នាយកប្រតិបត្តិ​ខាងកម្មវិធី​ប្រកបដោយទស្សនវិស័យនិងវិទ្យាសាស្ត្រនៃ ទីភ្នាក់  ងារ អវកាសរុស្ស៊ី Roscosmos លោក Alexandre Bloshenko ។ គាត់លំអិតថា ប៉ូល​ខាងត្បូងនៃ ឋានព្រះ ចន្ទ ប្រៀបបានជា “ទូទឹកកកធម្មជាតិ” ដែលរក្សាទុកជាស្រទាប់ៗ សន្សើម កកហើរមកពីគ្រប់ធាតុ ក្នុង អវកាស។

លោក Bloshenko  ទម្លាយឲ្យដឹងថា ស្ថានីយ Luna-5 នោះ មានទម្ងន់ ១ តោន ៨០០ គីឡូក្រាម ចំណែក ប្រដាប់ប្រដាវិទ្យាសាស្ត្ររបស់វា ទម្ងន់ ៣១ គីឡូក្រាម សុទ្ធតែផលិតដោយប្រទេសរុស្ស៊ីផ្ទាល់។

បេសកកម្មដែលត្រូវបំពេញដោយស្ថានីយ គឺ ទី១- ភារកិច្ចវិទ្យាសាស្ត្រ ស្រាវជ្រាវបញ្ហាវិវឌ្ឍនៃនៃឋានព្រះចន្ទ និង ទី២ គឺ សិក្សាលទ្ធភាពប្រើឋានព្រះចន្ទ ទៅអនាគត។

ភារកិច្ចមួយចម្បង តាមដែល Roscosmos ចង្អុលឲ្យឃើញគឺ ធ្វើយ៉ាងណាឲ្យយានចុះចត ដោយ សន្សឹមៗ នៅឯប៉ូលខាងត្បូងនោះ ដ្បិតវាជាបញ្ហាសែនសំខាន់។ យ៉ាងណាមិញ បទពិសាធន៍ ដ៏ជូរចត់ បង្ហាញទៅហើយ កាលពីខែមេសា ពេលដែល ម៉ូឌូលជប៉ុន Hakuto-R ផ្ទុកទៅដោយយានសម្រាប់ បើកបរ លើផ្ទៃដីលោកខែ របស់ អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Rashid ស្រាប់តែបែកខ្ចាយ នៅពេលចុះចត លើឋាន នោះ។ 

ស្ថានីយរុស្ស៊ី Luna-5 នឹងធ្វើការស្រាវជ្រាវ អំពីផ្ទៃដីឋានព្រះចន្ទ បូកទាំងខួងដីនោះផង ដើម្បីស្វែងរកទឹក។ បើរកឃើញ គឺនឹងរំដោះក្រុមបេសកកម្មអវកាសនៅពេលអនាគតមិនចាំ​បាច់នាំ​យកទឹកពីផែនដីតទៅទៀត។ ទឹក រកឃើញ លើឋានព្រះចន្ទ អាចបម្រើជា វត្ថុធាតុដើមសម្រាប់ផលិតជា ឥន្ធនៈនៃកាំជ្រួចបង្ហោះ ចេញពីទី នោះ ទៅកាន់​ភព​ផ្សេងទៀត​នៃចក្រវាឡ។ តាមសំដី អ្នកប្រាជ្ញរុស្ស៊ី លោក Bloshenko ការនាំយក ទឹក មួយលីត្រ ពីផែនដីទៅ អាចតម្រូវឲ្យចំណាយ ចាប់ពី កន្លះលានដុល្លារឡើងទៅ ។ ចំណែក ក្រុម ហ៊ុនបរទេសមួយ ខាងផលិត យន្ដរ៉ូបូបច្ចេកទេស ក្នុងគ្រាឥឡូវ ស្នើទៅបណ្តាប្រទេសក្នុងលោក នូវ តម្លៃ ១ លាន ២ សែន ដុល្លារ សម្រាប់នាំយក ឥវ៉ាន់ ពីផែនដីទៅ ក្នុងទម្ងន់ ១ គីឡូក្រាម ទៅកាន់ឋាន ព្រះចន្ទ។ ។

ក្នុង​១០​ឆ្នាំចំពោះមុខ រុស្ស៊ីគ្រោងបង្ហោះ ស្ថានីយអវកាស ៣ ទៀត ទៅកាន់ឋានព្រះចន្ទ ។ ការបង្ហោះ ស្ថានីយ Luna-26 គ្រោងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០២៧។ វាជាស្ថានីយ ហោះតាមតារាវិថីជុំវិញឋានព្រះចន្ទ ស្រាវជ្រាវឋានព្រះចន្ទពីចម្ងាយ ដែលក៏នឹងបញ្ជូនសញ្ញា ទៅឲ្យស្ថានីយលើកក្រោយ គឺ Luna-27 ដែល ស្មុគស្មាញជាងសម្រាប់ចុះចត លើឋាននោះដោយបំពាក់គ្រឿងប្រដាប់ខួងដីព្រះចន្ទខ្នាតធំ បន្ទាប់មកទៀត គឺ ស្ថានីយ Luna-28 ដែលនឹងបង្កើតជាព្រលានសម្រាប់ចុះចត និង ហោះចេញ ដោយនាំមកជាមួយ គឺ ដី ដែលជីកបានពីតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

ក្នុងដំណាក់បន្ទាប់មកទៀត គឺបញ្ជូនក្រុមអវកាសយានិក ទៅស្ថិតនៅលើឋានព្រះចន្ទ រយៈពេល ២ សប្តាហ៍ សម្រាប់សាងសង់ជា មូលដ្ឋានដើមដំបូង។ កម្មវិធីនេះ គ្រោងទុកសម្រាប់ឆ្នាំ ២០២៥-២០៣៥។

ក្នុងដំណាក់ទី៣ ត្រូវបង្ហើយការសាងសង់មូលដ្ឋាននោះឲ្យបានពេញរូបពេញរាង គ្រោងទុកពីឆ្នាំំ ២០៣៦ ដល់ ២០៤០។

ការស្តារឡើងវិញ កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងថ្ងៃទី ១២ មេសា ដែលនៅរុស្ស៊ីជាទិវាអវកាសវិទ្យា ដ្បិតក្នុងថ្ងៃនោះឯង កាលក្នុងឆ្នាំ ១៩៦១ គឺពលរដ្ឋរុស្ស៊ី Yuri Gagarin ដែលបានក្លាយជាមនុស្សទី១ របស់ផែនដី លុកបើកលំហអវកាស។

កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ក៏ស្ថិតក្នុងផែនការប្រទេសឯទៀត បែបបយ៉ាង សរអា ចិន ឥណ្ឌា។

សម្រាប់ សហរដ្ឋអាមេរិក កម្មវិធីនេះមានឈ្មោះថា Artemis ។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងបង្កើតជា ភូមិលើលោកខែរស់នៅជាអចិន្ត្រៃយ ដោយមនុស្ស ដើម្បីចាក់ជាគ្រឹះសម្រាប់ហោះចេញទៅ ភពអង្គារ។

ក្នុងករណីចិននៅប៉ុន្មានឆ្នាំចុងក្រោយ មហិច្ឆតាចិនចំពោះអវកាស បានរីកធំធេង​។ នៅចុងឆ្នាំ ២០២២ ចិនបាន បង្ហើយការសាងសង់ ស្ថានីយអវកាស Tiangun នៅលើលោកខែ។ ទៅទល់ឆ្នាំ ២០២៨ ប៉េកាំងគ្រោង សង់ នៅទីនោះជាមូលដ្ឋានដើរដោយ យន្ដរ៉ូបូ ហើយទៅទល់ឆ្នាំ ២០៣០ នឹងបញ្ជូនមនុស្ស ២ នាក់ ទៅធ្វើ ការស្រាវជ្រាវនៅទីនោះ។  

ករណីឥណ្ឌា ស្ថានីយអវកាសឥណ្ឌា Chandrayan-3 ដែលឥណ្ឌាបានបង្ហោះចេញទៅ កាលពីថ្ងៃទី ៥ សីហា ត្រូវទៅចុះចតនៅលើឋានព្រះចន្ទ នៅថ្ងៃទី ២៣-២៤ សីហាខាងមុខ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ