អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអង្គការណាតូកំពុងយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំងដូចការចោទរបស់ចិនដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​អង្គារ ទី១១ ដល់​ថ្ងៃ​ពុធ ទី១២ កក្កដា អង្គការ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ណាតូ​បើក​កិច្ចប្រជុំកំពូល​នៅ​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។ ចិន​មិនមែន​ជា​សមាជិក ហើយ​ក៏​មិន​ត្រូវ​បាន​ណាតូ​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ។ តែ​ណាតូ​បាន​អញ្ជើញ​ប្រទេស​អូស្រា្តលី ជប៉ុន នូវែលសេឡង់ និង​ប្រទេស​កូរ៉េខាងត្បូង។ កាយវិការ​នេះ​ត្រូវ​បាន​ចិន​ចោទ​ណាតូ​ពី​បទ​យក​ប្រទេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​ធ្វើ​ជា​ចំណាប់ខ្មាំង។ ហេតុអ្វី​បាន​ជា​ចិន​លើក​ឡើង​យ៉ាង​ដូច​នេះ និង​ថា តើ​ចិន​គួរ​បារម្ភ​ពី​ការ​ពង្រីក​សមាជិក​ណាតូ​ទៅ​កាន់​អាស៊ី​ដែរ ឬ​ទេ?

ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង
ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង AP - Li Gang
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​ក្នុង​ថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ដោយ​មាន​សមាជិក​ចំនួន ១២ប្រទេស​មក​ពី​អឺរ៉ុប និង​អាមេរិកខាងជើង អង្គការ​ណាតូ​មាន​សមាជិក​សរុប​ចំនួន ៣១ប្រទេស​នា​ពេល​សព្វថ្ងៃ។ តែ​នៅ​ពេល​ខាង​មុខ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង​មួយ​នេះ​អាច​មាន​សមាជិក​ថ្មី​បន្ថែម​ទៀត ពិសេស​មុន​គេ​គឺ​ប្រទេស​ស៊ុយអែត។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ៣១ប្រទេស​របស់​ណាតូ គឺ​គ្មាន​ប្រទេស​អាស៊ី​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​អាស៊ី​បាន​តាម​ដាន និង​ឃ្លាំមើល​ការ​វិវត្តន៍​របស់​ណាតូ​ដោយ​មិន​ដាក់​ភ្នែក។

មាន​មូលហេតុ​សំខាន់​ចំនួន​ពីរ​ដែល​បញ្ជាក់​ត្រង់​ចំណុច​នេះ ទី១ ណាតូ​ហាក់​កំពុង​ចាប់​អារម្មណ៍ និង​បែរ​សម្លឹង​ទៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ទី២ ណាតូ​ហាក់​កំពុង​ដាក់​ចិន​នៅ​ក្នុង​បញ្ជី​ប្រទេស​គូប្រជែង ឬ​អាច​ជា​សត្រូវ​ដែល​មិន​អាច​ធ្វេសប្រហែស និង​មើល​រំលង​បាន​ឡើយ។ ណាតូ​ហាក់​កំពុង​ចាប់​អារម្មណ៍ និង​បែរ​សម្លឹង​ទៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ព្រោះ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រៀបចំ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​កាល​ពី​ឆ្នាំ ២០២២ ណាតូ​បាន​អញ្ជើញ ៤ប្រទេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​ឲ្យ​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ គឺ​ប្រទេស​អូស្រា្តលី ជប៉ុន នូវែលសេឡង់ និង​ប្រទេស​កូរ៉េខាងត្បូង។ នេះ​ជា​លើកទី១ ដែល​ណាតូ​បាន​អញ្ជើញ​ប្រទេស​ទាំង ៤ ឲ្យ​ចូលរួម។

តែ​សម្រាប់​ចិន ទោះ​ការ​អញ្ជើញ​ពេល​នោះ​ជា​លើកទី១ ឬ​ជា​លើកទី​ប៉ុន្មាន​ក៏​ដោយ គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​បារម្ភ និង​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​បាន​ទេ។ ចំណែក​ណាតូ​ហាក់​កំពុង​យក​ចិន​ធ្វើ​ជា​គូប្រជែង ឬ​អាច​ជា​សត្រូវ ព្រោះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ក្រោយ​ជំនួបកំពូល​ឆ្នាំ ២០២២ ណាតូ​បាន​ចាត់​ទុក​ចិន​ជា​តួអង្គ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ សន្តិសុខ និង​តម្លៃ​របស់​ណាតូ។ ណាតូ​មើល​ឃើញ​ថា ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ផុយស្រួយ​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​ជា​ធំ។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ប្រមុខ​អង្គការ​ណាតូ​លោក​យែន ស្តុលទែនប៊ែរ​ពន្យល់​បក​ស្រាយ​នា​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ដំណាច់​ខែ​មករា ឆ្នាំ ២០២៣ នេះ។

លោក​ស្តុលទែនប៊ែរ​បាន​លើក​ឡើង​ជា​ពិសេស​ពី​ឥទ្ធិពល និង​អាកប្បកិរិយា​ឈ្លានពាន​របស់​ចិន​នៅ​ក្នុង​សមុទ្រចិនខាងត្បូង និង​នៅ​ក្នុង​តំបន់ ការ​បង្កើត​សព្វាវុធ​បាញ់​ចម្ងាយឆ្ងាយ និង​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។ ការ​ឆ្លើយ​បក​វិញ​របស់​ចិន​ហាក់​ដូច​យឺត​ពេល​បន្តិច​មែន តែ​ចិន​មិន​ដែល​ទុក​ឲ្យ​ការ​វាយប្រហារ​ណា​មួយ​លើ​ខ្លួន​កន្លង​ហួស​ដោយ​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ។ ថ្លែង​ទៅ​កាន់​ក្រុម​មន្រ្តីការទូត​ជប៉ុន និង​កូរ៉េខាងត្បូង​ក្នុង​ថ្ងៃទី៤ កក្កដា នាយក​ការិយាល័យ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន​ទទួល​បន្ទុក​កិច្ចការ​បរទេស​លោក​វ៉ាង យី​បាន​ប្រើ​ឃ្លា​ក្នុង​ន័យ​ចំអក​ថា « អាមេរិក និង​អឺរ៉ុប​អសមត្ថភាព​ក្នុង​ការ​បែងចែក​រវាង​ជនជាតិ​ចិន ជនជាតិ​ជប៉ុន និង​ជនជាតិ​កូរ៉េ។ ទោះ​ជា​យើង​ទៅ​លាប​សក់​ពណ៌​ទង់ដែង ឬ​ទៅ​កែច្រមុះ​ឡើង​វិញ​ក៏​យើង​មិន​អាច​ក្លាយ​ជា​ជនជាតិ​លោកខាងលិច​បាន​ដែរ។ យើង​ត្រូវ​ដឹង​ថា​តើ​ប្រភពកំណើត​របស់​យើង​នៅ​ឯ​ណា »

ចំណែក​ប្រតិកម្ម​ចំៗ និង​ខ្លាំងៗ​របស់​ចិន​បាន​ចេញ​ពី​មាត់​រដ្ឋមន្រ្តី​ការពារជាតិ​ចិន​លោក​លី ស្ហាំងហ្វូ។ នៅ​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំកំពូលស្តីពី​សន្តិសុខ​រៀបចំ​ក្នុង​ប្រទេស​សិង្ហបុរី​នា​ដើម​ខែ​មិថុនា លោក​លី ស្ហាំងហ្វូ​បាន​វាយតម្លៃ​ថា គោលបំណង​របស់​សម្ព័ន្ធ​យោធា ដូច​ជា​ណាតូ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក គឺ​យក​ប្រទេស​ក្នុង​តំបន់​ធ្វើ​ជាចំណាប់ខ្មាំង និង​បង្ក​ជម្លោះ រួម​ទាំង​ការ​ប្រឈម​មុខ។ តាម​ប្រមុខ​ការពារជាតិ​ចិន ការ​ប៉ុនប៉ង​បែប​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​ធ្លាក់​ក្នុង​ជម្លោះ និង​ការ​បែកបាក់។ តាម​រយៈ​ប្រតិកម្ម​របស់​ចិន​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា​តិច ឬ​ច្រើន ចិន​បារម្ភ​ពី​ការ​ពង្រីក​ឥទ្ធិពល​របស់​អង្គការ​ណាតូ​នៅ​អាស៊ី ពិសេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​ចិន​កំពុង​អាងយ៉ាង​ខ្លាំង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រឿង​តៃវ៉ាន់​នៅ​តែ​ជា​រឿង​សំខាន់ និង​អាទិភាព​ទី១ របស់​ចិន​ដដែល។ រដ្ឋមន្រ្តី​ការពារជាតិ​ចិន​លោក​លី ស្ហាំងហ្វូ​បាន​រម្លឹក​ជា​ថ្មី​នៅ​សិង្ហបុរី​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូលស្តីពី​សន្តិសុខ​ថា តៃវ៉ាន់​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ អាច​ថា​ជា​រឿង​ចៃដន្យ​ក៏​ថា​បាន មិន​ចៃដន្យ​ក៏​ថា ព្រោះ​ក្នុង​ថ្ងៃទី៦ កក្កដា ពោល​ប៉ុន្មាន​ថ្ងៃ​មុន​អង្គការ​ណាតូ​បើក​កិច្ចប្រជុំកំពូល​ក្នុង​ថ្ងៃទី១១ កក្កដា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងទ័ព​ក្នុងខេត្ត​ជាំងស៊ូ​ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះតៃវ៉ាន់។

នៅ​ទីនោះ លោក​ស៊ី​បាន​ប្រាប់​កងទ័ព​ចិន​ឲ្យ​ហ៊ាន​ប្រយុទ្ធ ប្រយុទ្ធ​ឲ្យ​ល្អ​បំផុត និង​ត្រូវ​ប្តេជ្ញា​ប្រយុទ្ធ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​សន្តិសុខជាតិ។ ទន្ទឹម​គ្នា​នេះ​នៅ​ក្រុង​សៀងហៃ កងទ័ព​ជើងទឹក​ចិន និង​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​រយៈពេល​មួយ​សប្តាហ៍​តាំង​ពី​ថ្ងៃទី៥ កក្កដា​ដល់​ថ្ងៃទី១១ កក្កដា​ដែល​ជា​ថ្ងៃទី១ នៃ​ការ​បើក​កិច្ចប្រជុំកំពូល​របស់​អង្គការ​ណាតូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ