អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបារាំងនិងអាល្លឺម៉ង់ខ្វែងគំនិតគ្នាលើគម្រោងការពារដែនអាកាសអឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ លោក​ អេម៉ានុយអែល ម៉ាក្រុង ដោយ​ឆ្លៀត​ក្នុង​អំឡុង​ពិព័រណ៍​យន្តហោះ នៅ​ទីក្រុង​ប៉ារីស បាន​រៀបចំ​សន្និសីទ​មួយ​ ដើម្បី​ជជែក​អំពី​យុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាសអឺរ៉ុប។ គម្រោង​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​​ផ្តួចផ្តើម​គំនិត​ដោយ​បារាំង​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុងបរិបទ​តានតឹង​ជាមួយ​រុស្ស៊ី ក៏ប៉ុន្តែ វា​ក៏​ជា​គម្រោង ដែល​ប្រជែងគ្នា​​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​គ្នាឯងផងដែរ គឺ​ប្រជែង​ជាមួយ​គម្រោង​ការពារដែន​អាកាស​ ដែល​ផ្តួចផ្តើម​គំនិត​ធ្វើ​ដោយ​អាល្លឺម៉ង់។

ប្រព័ន្ធការពារដែនអាកាស Mamba របស់​បារាំង ដែល​ប្រហាក់ប្រហែល​នឹង​ប្រព័ន្ធ Patriot របស់​អាមេរិក
ប្រព័ន្ធការពារដែនអាកាស Mamba របស់​បារាំង ដែល​ប្រហាក់ប្រហែល​នឹង​ប្រព័ន្ធ Patriot របស់​អាមេរិក AFP - THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ពោលគឺ ចាប់តាំង​ពី​ក្រោយ​សង្គ្រាម​ត្រជាក់ និង​ការបិទបញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​រុស្ស៊ី ​បណ្តា​ប្រទេស​នៅ​​អឺរ៉ុប​មិនសូវ​យកជាយកចិត្តទុកដាក់​ខ្លាំងនោះទេ ទៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​របស់ខ្លួន។ អ្វីៗ​ត្រូវ​ប្រែប្រួល​ជាមួយ​នឹង​ការផ្ទុះសង្គ្រាម​នៅ​អ៊ុយក្រែន។

ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន និង​ជាពិសេស ការប្រើប្រាស់យ៉ាងទូលំទូលាយ​នូវ​តាក់ទិក​វាយប្រហារ​តាមផ្លូវអាកាស​ដោយ​រុស្ស៊ី ទៅលើ​អ៊ុយក្រែន​ រាប់ចាប់តាំង​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​យន្តហោះចម្បាំង ដោយមីស៊ីល​ និង​ដ្រូន វាគឺ​ជា​ការ​ដាស់ស្មារតី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ឲ្យ​ភ្ញាក់​ដឹងខ្លួន ពី​ចំណុចខ្សោយ​របស់​ខ្លួន ប្រឈម​នឹង​ការគំរាមកំហែង​ពី​លើ​អាកាស។

ជារួម ស្ទើរតែគ្រប់​ប្រទេស​ទាំងអស់ នៅ​អឺរ៉ុប សុទ្ធតែ​ឯកភាពគ្នា ទៅលើ​ភាពចាំបាច់ ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​របស់ខ្លួន ដោយ​ក្នុងនោះ គេសង្កេតឃើញ​ប្រទេស​សំខាន់ពីរ គឺ​បារាំង និង​អាល្លឺម៉ង់ សុទ្ធតែ​បាន​បញ្ចេញ​កញ្ចប់​ថវិកា រាប់ពាន់​លាន​អឺរ៉ូ ដើម្បី​ចំណាយ​ទៅលើ​ប្រព័ន្ធ​ការពារដែន​អាកាស។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នា​កើតឡើង ជុំវិញ​​សំណួរ​ថា តើ​អឺរ៉ុប​គួរ​ប្រើ​ប្រព័ន្ធ​ការពារដែន​អាកាស​បែបណា? ទិញ​ពី​ប្រទេស​ណា?

កាលពី​ខែតុលា ឆ្នាំ​២០២២​កន្លងទៅនេះ អាល្លឺម៉ង់​បាន​ប្រកាស​ឲ្យដឹង អំពី​គម្រោង​​ការពារដែន​អាកាសមួយ ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Euro Sky Shield » ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ចំនួន ១៧ ក្នុង​បក្ស​សម្ព័ន្ធ​អូតង់ ដើម្បី​ស្រាក់គ្នា ទិញ​ប្រព័ន្ធការពារដែន​អាកាស​រួមគ្នា​យក​មកប្រើ។ នៅ​ក្នុង​គម្រោង​ ដែល​ផ្តួចផ្តើម​គំនិត​ដោយ​អាល្លឺម៉ង់​នេះ គេគ្រោង​ទិញ​ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស មក​ពី​ ៣ប្រភព៖ មីស៊ីល​ធុន IRIS-T របស​់អាល្លឺម៉ង់ សម្រាប់​រយៈចម្ងាយ​ជិត មីស៊ីលធុន Patriot របស់​អាមេរិក សម្រាប់​រយៈចម្ងាយ​មធ្យម និង​ មីស៊ីល​​ធុន Arrow-3 របស់​អ៊ីស្រាអែល សម្រាប​់រយៈចម្ងាយ​ឆ្ងាយ។

នៅ​ក្នុង​ចំណោមប្រទេស ដែល​ចូលរួម​ក្នុង​គម្រោង​របស់​អាល្លឺម៉ង់​នេះ គឺ​រួមមាន​ជាអាទិ៍ ប្រទេស​អង់គ្លេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង អឺរ៉ុបកណ្តាល និង​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិក។ ចំណែក​បារាំង​វិញ ដែល​មាន​ប្រព័ន្ធការពារដែនអាកាស​ផ្ទាល់​ខ្លួនឯងស្រាប់ មិន​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​អាល្លឺម៉ង់​​នេះទេ ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះ បារាំង​​​ក៏​បាន​បង្ហាញ​នូវការ​មិនសប្បាយចិត្ត​ផងដែរ ចំពោះ​គម្រោង​របស់​អាល្លឺម៉ង់ ដោយ​សារតែ​បារាំងយល់ឃើញ​ថា គម្រោងនេះ​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​បាត់បង់​ស្វ័យភាព​ខាង​យុទ្ធសាស្រ្ត ដោយ​ត្រូវ​ពឹង​​ផ្អែក​លើ​អ្នក​ដទៃ ដើម្បី​​​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែន​អាកាសរបស់ខ្លួន។

អាល្លឺម៉ង់​ធ្លាប់​បាន​ពន្យល់បកស្រាយថា ការណ៍​ដែល​អាល្លឺម៉ង់​សម្រេច​ទិញ​ប្រព័ន្ធ​ការពារដែន​អាកាស​ពី​អាមេរិក និង​អ៊ីស្រាអែល គឺ​ដោយសារ​តែ​ស្ថានការណ៍​បច្ចុប្បន្ន​តម្រូវ​ឲ្យ​អឺរ៉ុប​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​របស់​ខ្លួន​ជា​បន្ទាន់ ដូច្នេះ ការទិញ​ប្រព័ន្ធ​ដែល​មាន​ស្រាប់ វា​ងាយស្រួល​ជាង និង​ឆាប់​រហ័សជាង ការ​ចំណាយ​លុយ​ និង​ចំណាយពេល អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ដោយ​ខ្លួនឯង។

ក៏ប៉ុន្តែ បារាំង​វិញ​បាន​គូស​បញ្ជាក់ថា គិតមក​ទល់​នឹង​សព្វថ្ងៃ​នេះ អឺរ៉ុប​មាន​រួចទៅហើយ បច្ចេកវិទ្យា​​ការពារដែន​អាកាស​ ដោយ​ប្រព័ន្ធ​មីស៊ីល​រយៈចម្ងាយ​ខ្លី ក្រៅពី IRIS-T របស់​អាល្លឺម៉ង់ គឺ​មាន​មីស៊ីល​ធុន Mistral របស់​បារាំង។ ចំណែក​ប្រព័ន្ធ​មីស៊ីល​រយៈចម្ងាយ​មធ្យម​វិញ គឺ​មាន​ប្រព័ន្ធ MAMBA ផលិត​រួមគ្នា​ដោយ​បារាំង និង​អ៊ីតាលី។ ហេតុដូច្នេះហើយ​បាន​ជា​បារាំង​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​បាន​ជា​អឺរ៉ុប​ចាំបាច់​ត្រូវ​ទៅ​ទិញ​ប្រព័ន្ធ​ការពារដែន​អាកាស Patriot ពី​អាមេរិក​ទៅវិញ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​​មាន​​​ប្រព័ន្ធ​ការពារដែន​អាកាស​ខ្លួន​ឯង​រួចជាស្រេច​ទៅហើយ គឺ​ប្រព័ន្ធ​ MAMBA ដែល​​មាន​ប្រសិទ្ធភាព​ដូចគ្នា និង​មាន​រយៈចម្ងាយ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ Patriot?

អ្វីដែល​ធ្វើ​ឲ្យបារាំង រឹតតែ​ពិបាក​នឹង​ទទួល​យក​ទៅទៀត គឺ​នៅ​ក្នុង​គម្រោង​របស់​អាល្លឺម៉ង់ គេ​គ្រោង​ទៅទិញ​ប្រព័ន្ធការពារ​មីស៊ីល​ពី​អ៊ីស្រាអែល ដែល​មិនត្រឹមតែ​ជា​ប្រទេស​នៅ​ក្រៅអឺរ៉ុប​នោះទេ តែ​ថែម​ទាំង​ជា​ប្រទេស​ដែល​នៅក្រៅ​បក្ស​សម្ព័ន្ធ​អូតង់​ទៅទៀត។

នៅ​ក្នុង​អំឡុង​សន្និសីទ​ រៀបចំធ្វើឡើង កាល​ពីថ្ងៃ​ចន្ទ នៅក្នុងអំឡុង​ពិព័រណ៍​យន្តហោះ​នៅ​ប៉ារីស លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​ឲ្យដឹង​ថា បារាំង ប៊ែលហ្ស៊ិក អេស្តូនី ហុងគ្រី និង​ស៊ីប បាន​ឯកភាព​គ្នា​ថា នឹង​បញ្ជាទិញ​រួមគ្នា នូវ​មីស៊ីល​ការពារដែន​អាកាស​រយៈចម្ងាយ​ខ្លី ធុន Mistral ចំនួន ១០០០ដើម ហើយ​លោក​ប្រធានាធិបតី​បារាំង​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា តាមរយៈ​អ្វី​ដែល​គេ​បាន​ជជែក​គ្នា នៅ​ក្នុង​អំឡុង​សន្និសីទ​នេះ បង្ហាញ​ឲ្យឃើញ​ថា នៅ​ក្នុង​វិស័យ​ការពារ​ដែន​អាកាស​នេះ អឺរ៉ុប​អាច​ស្វែងរក​ដំណោះស្រាយ​ក្នុងក្របខណ្ឌ​អឺរ៉ុប​គ្នា​ឯង ដោយ​មិន​ចាំបាច់​ត្រូវ​ទៅពឹងលើ​ប្រទេស​ផ្សេង​ ដែល​នាំ​ឲ្យ​បាត់បង់​ឯករាជ្យ​យុទ្ធសាស្រ្ត​របស់​ខ្លួន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ