អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ តាំង​ពី​យប់​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម លោក​អ៊ែរដូហ្កាន​បាន​ទទួល​សារ​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​បរទេស​ជា​ច្រើន ពិសេស​សារ​ពី​ក្រុម​ប្រទេស​លោកខាងលិច។ បន្ទាប់​មក សារ​ចូលរួម​អបអរសាទរ​ក៏​មាន​មក​ពី​សឹង​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សម្រាប់​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ជា​ដំណឹង​ល្អ​ដែល​មិន​អាច​មិន​សាទរ​បាន​ទេ។

នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។
នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ AP - Ali Unal
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង ឬ​ថ្មីថ្មោង ទោះ​ជា​សម្ព័ន្ធមិត្ត​ជិត ឬ​ឆ្ងាយ និង​ទោះ​ជា​ពី​មុខ​ធ្លាប់​អាក់អន់ ស្រពន់​ចិត្ត ហើយ​ឥឡូវ​ល្អូកល្អឺន​នឹង​គ្នា​ក៏​ដោយ មេដឹកនាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​សឹង​ទាំង​អស់​មិន​ភ្លេច​ផ្ញើ​សារ​អបអរសាទរ​ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ទេ។ មេដឹកនាំ​នៃ​ប្រទេស​កាតា​ព្រះអង្គម្ចាស់​តាមីម បេន ហាម៉ាដ អាល់ ថានី​ជា​អ្នក​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​អ៊ែរដូហ្កាន​មុន​គេ។ លើស​ពី​សារ​អបអរសាទរ​នេះ កាតា​ថែម​ទាំង​បាន​បាញ់​ភ្លើង​ពណ៌​ទង់ជាតិ​តួកគី​នៅ​លើ​ជញ្ជាំង​នៃ​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ដូហា​ដោយ​ភ្ជាប់​ជាមួយ​នូវ​រូបថត​លោក​អ៊ែរដូហ្កាន និង​ព្រះអង្គម្ចាស់​តាមីម​ស្ថិត​ក្បែរ​គ្នា​ទៀត​ផង។

អ្នក​សាទរ​លោក​អ៊ែរដូហ្កាន​បន្ទាប់​មក គឺ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ ក្រុម​ភាតរៈអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប និង​គ្រប់​ចលនា​អ៊ីស្លាម​ទាំង​អស់​ដែល​ស្និទ្ធ​នឹង​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក​អ៊ែរដូហ្កាន។ ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​យល់​ថា ជម្រើស​របស់​ប្រជាជន​តួកគី​ក្នុង​ការ​រក្សា​ទុក​ឲ្យ​លោក​អ៊ែរដូហ្កាន​បន្ត​កាន់​តំណែង​ជា​ដំណឹង​ប្រសើរ​ណាស់​សម្រាប់​ខ្លួន។ ជា​ដំណឹង​ប្រសើរ ព្រោះ​លោក​អ៊ែរដូហ្កាន​តែង​ឈឺ​ឆ្អាល និង​គាំទ្រ​ជានិច្ច​ចំពោះ​បុព្វហេតុ​របស់​ប៉ាឡេស្ទីន និយាយា​ជា​រួម និង​ចលនា​ហាម៉ាស់ និយាយ​ដោយឡែក​នៅ​ក្នុង​ជម្លោះ​ត ទល់​នឹង​អ៊ីស្រាអែល។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ៊ីស្រាអែល​ក៏​មិន​ភ្លេច​សាទរ​លោក​អ៊ែរដូហ្កាន​ដោយ​សង្ឃឹម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​តួកគី។

គួរ​រម្លឹក​ថា គឺ​ទើប​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ដែល​លោក​អ៊ែរដូហ្កាន​បាន​ផ្តើម​ទាក់ទង​ផ្លូវទូត​អឹមអៀម​ជាមួយ​អ៊ីស្រាអែល​ឡើង​វិញ។ដោយឡែក ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​ដែល​ជា​អតីត​គូសត្រូវ​របស់​តួកគី​ក៏​បាន​សាទរ​លោក​អ៊ែរដូហ្កាន​ដែរ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ១០ឆ្នាំ មជ្ឈិមបូព៌ា​បាន​ក្លាយ​ជា​ឆាក​នៃ​ការ​ប្រឈម​មុខ​គ្នា​យ៉ាង​ហិង្សា​រវាង​សម្ព័ន្ធ​តួកគី-កាតា​ដែល​គាំទ្រ​បដិវត្តន៍​អារ៉ាប់ និង​សម្ព័ន្ធ​អារ៉ាប៊ីសាអូឌីត-អេមីរ៉ាតអារ៉ាប់រួម​ដែល​មិន​ចង់​ឃើញ​ការ​ប្តូរ​របៀប​គ្រប់គ្រង​តាម​បែប​អត្តាធិបតេយ្យ។ ក៏​ប៉ុន្តែ ភាព​ស្ងប់ស្ងាត់​នៃ​បដិវត្តន៍​អារ៉ាប់ ការ​ចុះ​ខ្សោយ​របស់​ក្រុម​ភាតរៈអ៊ីស្លាម​នៅ​ក្នុង​តំបន់ រួម​ទាំង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​តួកគី​បាន​បង្ខំ​ឲ្យ​លោក​អ៊ែរដូហ្កាន​ផ្តើម​ងាក​ទៅ​ចែចូវ​គូសត្រូវ​របស់​ខ្លួន​ចាប់​ពី​ឆ្នាំ ២០២០។

ការ​ប្តូរ​ជំហរ ១៨០អង្សារ​របស់​លោក​អ៊ែរដូហ្កាន​បាន​ឈាន​ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​រវាង​តួកគី និង​អេមីរ៉ាតអារ៉ាប់រួម​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ហើយ​រវាង​តួកគី និង​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២២។ សញ្ញា​នៃ​ភាព​ធូរស្រាល​ក៏​មាន​ជាមួយ​ប្រទេស​អេហ្ស៊ីប​តាម​រយៈ​សារ​អបអរសាទរ​លោក​អ៊ែរដូហ្កាន​របស់​លោក​អាល់ស៊ីស៊ី​ដែរ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ១០ឆ្នាំ លោក​អ៊ែរដូហ្កាន និង​លោក​អាល់ស៊ីស៊ី​បាន​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​រវាង​គ្នា។ ដើមចម​នៃ​ភាព​មើល​មុខ​គ្នា​មិន​ចំ​នេះ​បាន​កើត​មាន​ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៣ ពោល​នៅ​ពេល​ដែល​លោក​អាល់ស៊ីស៊ី​ក្នុង​នាម​ជា​ឧត្តមសេនីយ​ពេល​នោះ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស៊ីវិល​លោក​ម័រស៊ី​ដែល​ជា​ភាតរៈ​អ៊ីស្លាម។

កាល​ណោះ ភាតរៈ​អ៊ីស្លាម​មួយ​ភាគ​ធំ​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​តួកគី។ គឺ​ទើប​នៅ​ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​តួកគី និង​អេហ្ស៊ីប​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​គ្នា​ឡើង​វិញ។ ជាមួយ​ប្រទេស​អ៊ីរ៉ង់ ការ​ជាប់​ឆ្នោត​មួយ​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ជា​កិច្ចសន្យា​សម្រាប់​ស្ថិរភាព និង​ការ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជិតខាង​តួកគី។ អតីត​មន្រ្តីការទូត​អ៊ីរ៉ង់​ម្នាក់​លោក Mohsen Pakayin បាន​យល់​ឃើញ​ថា វា​ជា​រឿង​ប្រសើរ​សម្រាប់​អ៊ីរ៉ង់ បើ​លោក​អ៊ែរដូហ្កាន​បន្ត​កាន់​អំណាច។ តាម​លោក Mohsen វា​ជា​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​តួកគី​អាច​ជួយ​អ៊ីរ៉ង់​ឲ្យ​គេច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទង​នឹង​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ទន្ទឹម​នឹង​មាន​មេដឹកនាំ​ច្រើន​នៅ​មជ្ឈិមបូព៌ា​បាន​សាទរ​លោក​អ៊ែរដូហ្កាន នៅ​មាន​ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ​ដែល​មិន​ត្រឹម​មិន​ឈឺ​ក្បាល​នឹង​ការ​ជាប់​ឆ្នោត​មួយ​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ខក​ចិត្ត​ទៀត​ផង។ គេ​អាច​យល់​ពី​ជំហរ​របស់​លោក​អាសាដ ព្រោះ​លោក​អ៊ែរដូហ្កាន​បាន​គាំទ្រ​ក្រុម​ប្រឆាំង​នឹង​លោក​អាសាដ និង​បាន​កាន់កាប់​ទឹកដី​មួយ​ផ្នែក​របស់​ស៊ីរី​នៅ​ប៉ែកខាងជើង។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ក្រុម​ប្រឆាំង​នឹង​លោក​អាសាដ ការ​បន្ត​កាន់​អំណាច​របស់​លោក​អ៊ែរដូហ្កាន​នៅ​តួកគី​ជា​ដំណឹង​ល្អ​ដែល​មិន​អាច​មិន​ត្រេកត្រអាល​បាន​ឡើយ។

សរុប​មក​វិញ មេដឹកនាំ​ភាគច្រើន​នៅ​មជ្ឈិមបូព៌ា​ចង់​បាន និង​ចង់​ឃើញ​តួកគី​បន្ត​ស្ថិត​ក្នុង​កណ្តាប់ដៃ​លោក​អ៊ែរដូហ្កាន​ជាជាង​អ្នក​ផ្សេង។ ហេតុផល​ប្រហែល​មិន​ពិបាក​យល់​ទេ ព្រោះ​លោក​អ៊ែរដូហ្កាន​ជា​ឥស្សរជន​ដែល​ពួក​គេ​បាន​ស្គាល់​ច្បាស់ និង​ធ្លាប់​ធ្វើ​ការ​ជាមួយ។ ក្រោម​ភ្នែក​ច្រមុះ​របស់​ពួក​គេ ទោះ​មាន​អាយុ ៦៩ឆ្នាំ និង​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​តួកគី​តាំង​ពី​ឆ្នាំ ២០០៣ មក​ហើយ​ក៏​ដោយ លោក​អ៊ែរដូហ្កាន​ជា​តួអង្គ​នៃ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ដែល​កំពុង​ស្គាល់​ការ​រៀបចំ​រចនាសម្ព័ន្ធ និង​សណ្តាប់ធ្នាប់​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ