តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៣
នៅក្នុងប្រទេសតួកគី លោកអ៊ែរដូហ្កានទើបត្រូវបានប្រជាជនបោះឆ្នោតឲ្យកាន់តំណែងប្រធានាធិបតីអាណត្តិថ្មីចំនួន ៥ឆ្នាំបន្ថែមទៀតនាការបោះឆ្នោតក្នុងថ្ងៃអាទិត្យ ទី២៨ ឧសភា។ តាំងពីយប់ថ្ងៃជាប់ឆ្នោតភ្លាម លោកអ៊ែរដូហ្កានបានទទួលសារអបអរសាទរពីបណ្តាមេដឹកនាំបរទេសជាច្រើន ពិសេសសារពីក្រុមប្រទេសលោកខាងលិច។ បន្ទាប់មក សារចូលរួមអបអរសាទរក៏មានមកពីសឹងគ្រប់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ សម្រាប់មេដឹកនាំនៅមជ្ឈិមបូព៌ាភាគច្រើន ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាដំណឹងល្អដែលមិនអាចមិនសាទរបានទេ។
ទោះជាសម្ព័ន្ធមិត្តយូរអង្វែង ឬថ្មីថ្មោង ទោះជាសម្ព័ន្ធមិត្តជិត ឬឆ្ងាយ និងទោះជាពីមុខធ្លាប់អាក់អន់ ស្រពន់ចិត្ត ហើយឥឡូវល្អូកល្អឺននឹងគ្នាក៏ដោយ មេដឹកនាំនៅតំបន់មជ្ឈិមបូព៌ាសឹងទាំងអស់មិនភ្លេចផ្ញើសារអបអរសាទរការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានទេ។ មេដឹកនាំនៃប្រទេសកាតាព្រះអង្គម្ចាស់តាមីម បេន ហាម៉ាដ អាល់ ថានីជាអ្នកដែលបានផ្ញើសារអបអរសាទរលោកអ៊ែរដូហ្កានមុនគេ។ លើសពីសារអបអរសាទរនេះ កាតាថែមទាំងបានបាញ់ភ្លើងពណ៌ទង់ជាតិតួកគីនៅលើជញ្ជាំងនៃអគារខ្ពស់ជាងគេក្នុងទីក្រុងដូហាដោយភ្ជាប់ជាមួយនូវរូបថតលោកអ៊ែរដូហ្កាន និងព្រះអង្គម្ចាស់តាមីមស្ថិតក្បែរគ្នាទៀតផង។
អ្នកសាទរលោកអ៊ែរដូហ្កានបន្ទាប់មក គឺចលនាប៉ាឡេស្ទីនហាម៉ាស់ ក្រុមភាតរៈអ៊ីស្លាមនៅក្នុងប្រទេសអេហ្ស៊ីប និងគ្រប់ចលនាអ៊ីស្លាមទាំងអស់ដែលស្និទ្ធនឹងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោកអ៊ែរដូហ្កាន។ ចលនាប៉ាឡេស្ទីនហាម៉ាស់យល់ថា ជម្រើសរបស់ប្រជាជនតួកគីក្នុងការរក្សាទុកឲ្យលោកអ៊ែរដូហ្កានបន្តកាន់តំណែងជាដំណឹងប្រសើរណាស់សម្រាប់ខ្លួន។ ជាដំណឹងប្រសើរ ព្រោះលោកអ៊ែរដូហ្កានតែងឈឺឆ្អាល និងគាំទ្រជានិច្ចចំពោះបុព្វហេតុរបស់ប៉ាឡេស្ទីន និយាយាជារួម និងចលនាហាម៉ាស់ និយាយដោយឡែកនៅក្នុងជម្លោះត ទល់នឹងអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្តី អ៊ីស្រាអែលក៏មិនភ្លេចសាទរលោកអ៊ែរដូហ្កានដោយសង្ឃឹមពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយតួកគី។
គួររម្លឹកថា គឺទើបនៅរដូវក្តៅឆ្នាំ ២០២២ ដែលលោកអ៊ែរដូហ្កានបានផ្តើមទាក់ទងផ្លូវទូតអឹមអៀមជាមួយអ៊ីស្រាអែលឡើងវិញ។ដោយឡែក ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលជាអតីតគូសត្រូវរបស់តួកគីក៏បានសាទរលោកអ៊ែរដូហ្កានដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ មជ្ឈិមបូព៌ាបានក្លាយជាឆាកនៃការប្រឈមមុខគ្នាយ៉ាងហិង្សារវាងសម្ព័ន្ធតួកគី-កាតាដែលគាំទ្របដិវត្តន៍អារ៉ាប់ និងសម្ព័ន្ធអារ៉ាប៊ីសាអូឌីត-អេមីរ៉ាតអារ៉ាប់រួមដែលមិនចង់ឃើញការប្តូររបៀបគ្រប់គ្រងតាមបែបអត្តាធិបតេយ្យ។ ក៏ប៉ុន្តែ ភាពស្ងប់ស្ងាត់នៃបដិវត្តន៍អារ៉ាប់ ការចុះខ្សោយរបស់ក្រុមភាតរៈអ៊ីស្លាមនៅក្នុងតំបន់ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចតួកគីបានបង្ខំឲ្យលោកអ៊ែរដូហ្កានផ្តើមងាកទៅចែចូវគូសត្រូវរបស់ខ្លួនចាប់ពីឆ្នាំ ២០២០។
ការប្តូរជំហរ ១៨០អង្សាររបស់លោកអ៊ែរដូហ្កានបានឈានដល់ការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងតួកគី និងអេមីរ៉ាតអារ៉ាប់រួមក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយរវាងតួកគី និងអារ៉ាប៊ីសាអូឌីតក្នុងខែមិថុនា ឆ្នាំ ២០២២។ សញ្ញានៃភាពធូរស្រាលក៏មានជាមួយប្រទេសអេហ្ស៊ីបតាមរយៈសារអបអរសាទរលោកអ៊ែរដូហ្កានរបស់លោកអាល់ស៊ីស៊ីដែរ។ គួររម្លឹកថាក្នុងរយៈពេល ១០ឆ្នាំ លោកអ៊ែរដូហ្កាន និងលោកអាល់ស៊ីស៊ីបានស្គាល់ទំនាក់ទំនងតានតឹងខ្លាំងរវាងគ្នា។ ដើមចមនៃភាពមើលមុខគ្នាមិនចំនេះបានកើតមានក្នុងរដូវក្តៅឆ្នាំ ២០១៣ ពោលនៅពេលដែលលោកអាល់ស៊ីស៊ីក្នុងនាមជាឧត្តមសេនីយពេលនោះបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស៊ីវិលលោកម័រស៊ីដែលជាភាតរៈអ៊ីស្លាម។
កាលណោះ ភាតរៈអ៊ីស្លាមមួយភាគធំបានរត់ភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីតួកគី។ គឺទើបនៅក្នុងខែមីនាកន្លងទៅថ្មីៗនេះទេដែលតួកគី និងអេហ្ស៊ីបបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងគ្នាឡើងវិញ។ ជាមួយប្រទេសអ៊ីរ៉ង់ ការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានជាកិច្ចសន្យាសម្រាប់ស្ថិរភាព និងការបន្តមានទំនាក់ទំនងជាមួយអ្នកជិតខាងតួកគី។ អតីតមន្រ្តីការទូតអ៊ីរ៉ង់ម្នាក់លោក Mohsen Pakayin បានយល់ឃើញថា វាជារឿងប្រសើរសម្រាប់អ៊ីរ៉ង់ បើលោកអ៊ែរដូហ្កានបន្តកាន់អំណាច។ តាមលោក Mohsen វាជាឱកាសដែលអនុញ្ញាតឲ្យតួកគីអាចជួយអ៊ីរ៉ង់ឲ្យគេចពីទណ្ឌកម្មអន្តរជាតិទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ទន្ទឹមនឹងមានមេដឹកនាំច្រើននៅមជ្ឈិមបូព៌ាបានសាទរលោកអ៊ែរដូហ្កាន នៅមានប្រធានាធិបតីស៊ីរីលោកអាសាដដែលមិនត្រឹមមិនឈឺក្បាលនឹងការជាប់ឆ្នោតមួយអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កានប៉ុណ្ណោះទេ តែថែមទាំងបានខកចិត្តទៀតផង។ គេអាចយល់ពីជំហររបស់លោកអាសាដ ព្រោះលោកអ៊ែរដូហ្កានបានគាំទ្រក្រុមប្រឆាំងនឹងលោកអាសាដ និងបានកាន់កាប់ទឹកដីមួយផ្នែករបស់ស៊ីរីនៅប៉ែកខាងជើង។ ផ្ទុយទៅវិញសម្រាប់ក្រុមប្រឆាំងនឹងលោកអាសាដ ការបន្តកាន់អំណាចរបស់លោកអ៊ែរដូហ្កាននៅតួកគីជាដំណឹងល្អដែលមិនអាចមិនត្រេកត្រអាលបានឡើយ។
សរុបមកវិញ មេដឹកនាំភាគច្រើននៅមជ្ឈិមបូព៌ាចង់បាន និងចង់ឃើញតួកគីបន្តស្ថិតក្នុងកណ្តាប់ដៃលោកអ៊ែរដូហ្កានជាជាងអ្នកផ្សេង។ ហេតុផលប្រហែលមិនពិបាកយល់ទេ ព្រោះលោកអ៊ែរដូហ្កានជាឥស្សរជនដែលពួកគេបានស្គាល់ច្បាស់ និងធ្លាប់ធ្វើការជាមួយ។ ក្រោមភ្នែកច្រមុះរបស់ពួកគេ ទោះមានអាយុ ៦៩ឆ្នាំ និងបានអង្គុយកៅអីប្រធានាធិបតីតួកគីតាំងពីឆ្នាំ ២០០៣ មកហើយក៏ដោយ លោកអ៊ែរដូហ្កានជាតួអង្គនៃស្ថិរភាពនៅក្នុងតំបន់ដែលកំពុងស្គាល់ការរៀបចំរចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ