អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅជាដំណោះស្រាយស្នើឡើងដោយអ.ស.ប.ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបំពុល​បរិស្ថាន​ដោយ​សារធាតុ​ប្លាស្ទិក គឺ​ជា​បញ្ហា​​ដ៏ចម្បងមួយ ដែល​ពិភពលោក​កំពុង​ប្រឈម។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ កម្មវិធីបរិស្ថាន​សហប្រជាជាតិ​បាន​ចេញផ្សាយ​នូវរបាយការណ៍មួយ ដោយ​បាន​ស្នើឡើង​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ដែល​​អាច​នឹង​ជួយ​​​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ ​ដោយ​ប្លាស្ទិក បានរហូតដល់​ទៅ ៨០% នៅ​ទូទាំង​ពិភពលោក​ នៅ​ត្រឹម​ឆ្នាំ២០៤០​ខាងមុខ។ តើ​ដំណោះស្រាយបញ្ហា​ប្លាស្ទិក​ ដែល​ស្នើឡើង​ដោយ​អ.ស.ប.​នេះ មាន​​អ្វីខ្លះ?

សំណល់ប្លាស្ទិកដែលគេដាក់បង្ហាញ នៅ​ក្នុងអំឡុង​មហាសន្និបាត​កម្មវិធី​បរិស្ថានសហប្រជាជាតិ កាល​ពី​ឆ្នាំ២០២២
សំណល់ប្លាស្ទិកដែលគេដាក់បង្ហាញ នៅ​ក្នុងអំឡុង​មហាសន្និបាត​កម្មវិធី​បរិស្ថានសហប្រជាជាតិ កាល​ពី​ឆ្នាំ២០២២ AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

ការបំពុល​បរិស្ថាន​ដោយ​សារធាតុ​ប្លាស្ទិក គឺ​ជា​បញ្ហា​ចម្បង ដែល​កើតឡើង នៅស្ទើរតែ​គ្រប់​ទីកន្លែង រាប់​ចាប់តាំង​ពី​នៅ​ក្នុង​ទឹក ទាំងក្នុងមហាសមុទ្រ ទៅដល់​តំបន់​អាក់ទិក និង​ទាំង​នៅ​ក្នុង​​ខ្យល់ ដែល​យើង​ដកដង្ហើម។ គិត​ត្រឹម​ឆ្នាំ២០២១​កន្លងទៅ ត្រឹមតែ​ក្នុងមួយឆ្នាំ ផលិតផលប្លាស្ទិក ដែល​យើងប្រើតែម្តង​រួចហើយ​បោះចោល បាន​បង្កើត​ជា​សំណល់​ប្លាស្ទិក​រហូតដល់ទៅ​ ១៣៩លានតោន នៅ​ទូទាំង​ពិភពលោក។ ហើយ​គេ​ព្យាករ​ថា ប្រសិនបើ​គ្មាន​ចំណាត់ការ​អ្វីទេនោះ ការផលិត​ប្លាស្ទិក​នៅ​ទូទាំងពិភពលោក​នឹង​ត្រូវកើនឡើង​១ជា៣ នៅ​​ត្រឹម​ឆ្នាំ២០៦០​ខាងមុខ បង្កើត​ជា​បញ្ហា​បំពុល​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ ប៉ះពាល់​​ទៅដល់​សុខភាព​របស់​មនុស្ស និង​ទាំង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​នៃ​ជីវៈចម្រុះ ហើយ​ក៏​អាច​ប៉ះពាល​់ផងដែរ ទៅដល់​​អាកាសធាតុលើ​ភពផែនដី។

ហេតុដូច្នេះហើយ​បាន​ជា​វាគឺ​ជារឿងចាំបាច់ ដែលគេ​ត្រូវ​ចាប់ផ្តើម​បង្កើន​កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយ​ការ​ប្រើ​​ផលិតផលប្លាស្ទិក​ ចាប់តាំង​ពីពេលនេះ​ទៅ ហើយ​នៅ​ក្នុង​អានុសាសន៍​លើកឡើង នៅ​ក្នុងរបាយការណ៍​របស់​អ.ស.ប. គេ​អាច​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក​នេះ តាមរយៈ​យុទ្ធសាស្រ្ត​ចំនួន​ ៣៖ ​ប្រើ​ផលិតផលតែមួយ​​ឲ្យ​បានច្រើន​ដង កែច្នៃផលិតផល ​ដែលលែងប្រើ និង​ស្វែងរកផលិតផលជំនួស​ប្លាស្ទិក។

យោងតាម​របាយការណ៍​របស់​អ.ស.ប. ​ការកាត់បន្ថយ​ផលិតផលប្លាស្ទិក ដែល​ប្រើ​តែម្តង​បោះចោល ហើយ​​ជំរុញ​ឲ្យ​ប្រើ​ផលិតផលតែមួយ​ឲ្យ​បាន​ច្រើន​ដង រួមមានជាអាទិ៍ ជំរុញ​ការ​ផលិត​និង​ប្រើប្រាស់​ដប​ដែលអាចចាក់បំពេញ​ឡើងវិញ កាត់បន្ថយ​ការ​លក់ទំនិញ​ដោយ​វេចខ្ចប់ និង​បង្កើតយន្តការ​លើកទឹកចិត្ត​ឲ្យ​អ្នក​ប្រើប្រាស់​បង្វិល​សម្បកដប ឬ​កញ្ចប់​ទំនិញ​​ទៅ​រោងចក្រវិញ ជាដើម អាច​នឹង​ជួយ​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ដោយ​ប្លាស្ទិក បាន​ប្រមាណ​ជា ៣០% នៅត្រឹម​ឆ្នាំ២០៤០​ខាងមុខ។

ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក ២០% បន្ថែម​ទៀត គឺ​អាច​ធ្វើ​ទៅបាន តាមរយៈ​ការ​ជំរុញ​ការ​ច្នៃផលិតផលប្លាស្ទិក​ដែល​ប្រើរួច ហើយការជំរុញ​ការច្នៃផលិតផលប្លាស្ទិក​នេះ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ ដែល​ធ្វើ​ឲ្យ​វិស័យ​កែច្នៃសំណល់​ប្លាស្ទិក ក្លាយ​ជា​ម៉ូដែល​សេដ្ឋកិច្ចមួយ ដែល​អាច​ផ្តល់​នូវ​ប្រាក់ចំណេញ ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន។

គោលនយោបាយ​នេះ រួមមាន​ជា​អាទិ៍ ការលុបចេញ​នូវ​រាល់​ការឧបត្ថម្ភ​របស់​រដ្ឋ​ចំពោះ​វិស័យ​ថាមពល​ផូស៊ីល ពីព្រោះ​ថា ការឧបត្ថម្ភ​របស់​រដ្ឋ នៅ​ក្នុងវិស័យ​នេះ វាធ្វើ​ឲ្យ​​ថាមពល​ផូស៊ីល​មាន​តម្លៃ​ទាប ហើយ​នៅពេល​ដែល​តម្លៃថាមពល​ផូស៊ីល​ទាប វា​មិន​ត្រឹមតែ​ជា​កត្តា​ជំរុញ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នោះទេ ក៏ប៉ុន្តែ​ វាក៏​ជា​កត្តា​ចម្បងមួយ​ផងដែរ ជំរុញ​​​ការ​ផលិត​​ប្លាស្ទិក​ថ្មីៗ​ ដោយសារ​តែ​វាមាន​ថ្លៃដើម​ទាប។

ដូច្នេះ ការលុបចោល​ការឧបត្ថម្ភ​របស់​រដ្ឋ នៅ​ក្នុង​វិស័យ​ថាមពល​ផូស៊ីល​នេះ វា​នឹង​ធ្វើ​ឲ្យ​​ថ្លៃផលិត​ត្រូវ​កើនឡើង ហើយ​នៅពេល​ដែល​ការ​ផលិត​ប្លាស្ទិក​ថ្មីៗ មាន​ថ្លៃ​ដើម​កាន់តែ​​ខ្ពស់ វា​អាច​​នឹង​ជំរុញ​ឲ្យ​មាន​ការ​យក​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​រួច​ទៅ​កែច្នៃ​បាន​កាន់តែច្រើន ដោយសារ​តែ​វា​ត្រូវ​ក្លាយ​ជា​សកម្មភាព ដែល​អាច​ផ្តល់​នូវ​ផលចំណេញ​បាន​ច្រើន​ជាង។

យុទ្ធសាស្រ្ត​ទី៣ គឺ​ការ​ប្រើសារធាតុផ្សេង​​ជំនួស​ឲ្យ​ការ​ប្រើ​ប្លាស្ទិក ដូចជា​ប្រើប្រអប់ ឬ​ការវេចខ្ចប់ ដោយប្រើ​ក្រដាស ឬ​សារធាតុផ្សេងទៀត ដែល​អាច​រំលាយ ឬ​បំប្លែងបាន គឺ​អាច​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក​បាន ១៧% បន្ថែម​ទៀត។

ដូច្នេះ គិតជាសរុប យុទ្ធសាស្រ្ត​ទាំង​៣នេះ អាច​នឹង​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក បាន​រហូតដល​់ទៅ​ជិត ៨០% នៅ​ត្រឹម​ឆ្នាំ២០៤០​ខាងមុខ។

និយាយ​សង្ខេប​ជា​សរុប​ដោយ​ខ្លីមកវិញ យុទ្ធសាស្រ្ត​កាត់បន្ថយ​ការបំពុល​ដោយ​ប្លាស្ទិក ដែល​ស្នើឡើង​ដោយ​អ.ស.ប. មាន​មូលដ្ឋាន​នៅលើ​គោលគំនិត​ដ៏ចម្បងមួយ គឺ​ចៀសវាង​ការប្រើ​ផលិតផលប្លាស្ទិក​ណា​ដែល​មិនចាំបាច់ ឬ​ដែល​អា​ចចៀសរួច ចំណែក​ផលិតផល​ប្លាស្ទិក​ដែល​ចាំបាច់ ហើយ​មិន​អាច​ចៀសរួច ​ត្រូវ​បង្កើន​ការ​ប្រើផលិតផលតែមួយ​​ឲ្យ​បានច្រើន​ដង និង​យក​ផលិតផលដែល​ប្រើលែងកើត​ទៅ​កែច្នៃ ពោលគឺ ជំរុញ​សេដ្ឋកិច្ច​វិលជុំ (Circular Economy)។

យោងតាម​កម្មវិធី​បរិស្ថាន​​សហប្រជាជាតិ ការអនុវត្ត​វិធានការ ជំរុញ​សេដ្ឋកិច្ច​វិលជុំ​នេះ ទាមទារឲ្យ​មាន​ការ​វិនិយោគច្រើន រហូតដល់​ទៅ​ប្រមាណ​ជា ៦៥ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែ បើ​សិន​ជា​គេមិនធ្វើ​អ្វីសោះ ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក​អាច​នឹង​​បង្ក​នូវ​ផលប៉ះពាល់ ដែល​ទាមទារ​ឲ្យ​មានការ​ចំណាយ​កាន់តែ​ច្រើន​ជាងនេះ​ទៅទៀត គឺ​រហូតដល់​ទៅ​ប្រមាណ​ជា ១១៣ពាន់​លាន​ដុល្លារ​ឯណោះ ក្នុងមួយឆ្នាំៗ។

បន្ថែម​ពីលើ​នេះ​ទៅទៀត របាយការណ៍​របស់​អ.ស.ប.​ក៏​បាន​ប៉ាន់ស្មានផងដែរ​ថា ការកាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក ៨០% ទៅ​តាម​យុទ្ធសាស្រ្ត​ខាង​លើ​នេះ​​អាច​នឹង​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បាន​ប្រមាណ​ជា ៥០០លានតោន​ក្នុងមួយឆ្នាំៗ ហើយ​អាច​បង្កើត​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​បានប្រមាណ​ជា ៧០ម៉ឺននាក់​នៅ​ទូទាំង​ពិភពលោក ជាពិសេស នៅតាម​បណ្តា​ប្រទេស​ដែល​មាន​ចំណូលទាប។

គួរបញ្ជាក់ថា របាយការណ៍​របស់​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​នេះ ត្រូវ​បាន​ចេញផ្សាយ នៅ​ក្នុងពេល​ដែល​គេ​កំពុង​ត្រៀម​​បើក​កិច្ចចរចា​ជំហាន​ទីពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស ចាប់ពីថ្ងៃទី២៩ឧសភា ដល់​ថ្ងៃទី២មិថុនា​ខាងមុខ ក្នុងគោលដៅ​ឈាន​ទៅ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ឲ្យ​បាន​ នៅត្រឹម​បំណាច់​​ឆ្នាំ២០២៤ ដើម្បី​​កំណត់​អំពី​យន្តការ​គ្រប់គ្រង​ប្លាស្ទិក ចាប់តាំង​ពី​​ដំណាក់កាល​ផលិត ដំណាក់កាល​ប្រើប្រាស់​ រហូត​ទៅដល់​ដំណាក់កាល​គ្រប់គ្រង​សំណល់​ប្លាស្ទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ