អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​ បញ្ជាទិញ​យន្តហោះ​​ច្រើន​ មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ីវិល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុនយន្តហោះ «​អ៊ែរឥណ្ឌា​» បាន​បញ្ជាទិញ​យន្តហោះដឹកអ្នក​ដំណើរ​ ចំនួន​ ៤៧០ គ្រឿង ពី​ក្រុម​ហ៊ុន​អឺរ៉ុប-បារាំង និង​អាមេរិក។​ ការ​បញ្ជាទិញ​ក្នុង​ចំនួនដ៏​ច្រើនសន្ធឹក​ដូច្នេះ គឺ​ មិនធ្លាប់​ជួប​សោះ នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ីវិល។  ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្ត​ហោះ​ នៅ​ពេលនេះ ហើយ​និងទិញក្នុងចំនួនច្រើនយ៉ាង​ដូច្នេះ​? ​

ថ្នាក់ដឹកនាំរដ្ឋបាល​ទីក្រុង​ញូវដេលី សម្តែង​ពី​មហិច្ឆតា​អភិវឌ្ឍ​វិស័យ​ហោះហើរ​ និង​ចង់ឃើញ​​ មហាយក្ស​ឥណ្ឌា ក្លាយ​ជា​ប្រទេសជឿន​លឿន​​​វិស័យ​អាកាសចរណ៍​ ​ ​និង​មាន​កិត្តិនាម​មុខ​មាត់​ យ៉ាងហោចក្នុង​ចំណោម​ ៥ប្រទេស​ ដែល ល្អ​ដាច់​គេ​លើលោកខាង​ដំ​ណើរ​ផ្លូវ​អាកាស​។
ថ្នាក់ដឹកនាំរដ្ឋបាល​ទីក្រុង​ញូវដេលី សម្តែង​ពី​មហិច្ឆតា​អភិវឌ្ឍ​វិស័យ​ហោះហើរ​ និង​ចង់ឃើញ​​ មហាយក្ស​ឥណ្ឌា ក្លាយ​ជា​ប្រទេសជឿន​លឿន​​​វិស័យ​អាកាសចរណ៍​ ​ ​និង​មាន​កិត្តិនាម​មុខ​មាត់​ យ៉ាងហោចក្នុង​ចំណោម​ ៥ប្រទេស​ ដែល ល្អ​ដាច់​គេ​លើលោកខាង​ដំ​ណើរ​ផ្លូវ​អាកាស​។ REUTERS - LINDSEY WASSON
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បញ្ជាទិញ​យន្ត​ហោះ​ចំនួន ៤៧០ គ្រឿង ពីក្រុម​ហ៊ុនផលិត​​យន្តហោះ​ Airbus និង​ពី​ក្រុម​ហ៊ុន​ Boeing។ ៧០គ្រឿង សម្រាប់​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ ហោះ​ឆ្លងទ្វីប ហើយ ៤០០គ្រឿងទៀត​ ជា​យន្តហោះ​សម្រាប់​ធ្វើ​ដំណើ​ររយៈចម្ងាយ​​ខ្លី ​ ។ ទំនិញ​បក្សី​ស្លាប​ដែ​កនេះ គឺ​ចំនួន​ជាង​ពាក់កណ្តាល​ ជា​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​-បារាំង ហើយ​ ជិត​ពាក់កណ្តាលទៀត​​ ជាផលិតផល​​របស់​សហរដ្ឋ​អាមេរិក។​

​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក បាន​ឲ្យបណ្តាសារព័ត៌មាន​ ​ដឹង​ថា  ឥណ្ឌា បញ្ជា​ទិញ​យន្តហោះ Boeing ពី​អាមេរិក ចំនួន​ ២២០គ្រឿង ក្នុងនោះ មាន​ប្រភេទ Boeing 737 MAX ចំនួន​ ១៩០ គ្រឿង​ និង​យន្តហោះ​ធំ​ហោះ​ចម្ងាយ​ឆ្ងាយ​ឆ្លងទ្វីប ប្រភេទ​ B787 ចំនួន ​២០ គ្រឿង ព្រមទាំង​​និង ១០គ្រឿង​ទៀត សម្រាប់​យន្តហោះ​ប្រភេទ ​B777X។ ​

ក្នុងការ​ឆ្លើយ​ឆ្លង​តាម​ខ្សែទូរសព្ទ ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​​នាយករដ្ឋមន្ត្រី​ នរិន្ទ្រា ម៉ូឌី បាន​សម្តែង​សុឆន្ទៈ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ ចំពោះវិស័យ​អាកាសចរណ៍​ស៊ីវិល​ វិស័យ​ផលិត​ផលពាក់​កណ្តាល​សម្រេច​ ហើយ​និងសហការគ្នា​ផ្នែក​​ទំនើប​កម្មវិស័យ​ការពារ​ជាតិ​ផង ព្រមទាំង​បច្ចេកវិទ្យា​សប្បនិមិត្ត​ទៀត​។ នេះបើតាម​ប្រភព​ពី​មន្ត្រី​ស្និទ្ធ​នឹង​ថ្នាក់ដឹកនាំ​ឥណ្ឌា។

ពី​ចំណែក​បារាំង​វិញ ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង បាន​ធ្វើ​ជា​សាក្សី ពីចម្ងាយ​ តាម​ប្រព័ន្ធ​វីដេអូ ​​ ក្នុង​ឱកាស​ចុះ​ហត្ថលេខា​ទិញ​-លក់​យន្តហោះ Airbus និងក្រុមហ៊ុន​យន្តហោះ «អ៊ែរឥណ្ឌា»។ ប្រមុខ​រដ្ឋបារាំង​​ មានប្រសាសន៍​​ជាភាសា​អង់គ្លេស ​ទៅកាន់​សមភាគី​​​នាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី ដើម្បី​ឲ្យកក់ក្តៅចិត្ត​ថា បារាំង​​សន្យា​ប្តេជ្ញា​អស់​ពី​ជម្រៅ​ចិត្ត​ក្នុងការ​ផ្តល់​បច្ចេកវិទ្យា​ដ៏មាន​ប្រសិទ្ធភាពរបស់​ខ្លួន ទៅ​ឲ្យ​ឥណ្ឌា ហើយ​និង​បារាំងរីករាយ​​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​«ផលិត​ទំនិញ​ស្នាដៃ​​ឥណ្ឌា»ផង។​

​សរុប ​ចំនួន​ទឹក​ប្រាក់ ​បញ្ជាទិញ​យន្តហោះបរទេស ពី​សំណាក់​​ក្រុមហ៊ុន​ឥណ្ឌា​លើកនេះ គឺ​ក្នុង​​តម្លៃ​ សរុប ៧០ ពាន់​លាន​ដុល្លារ​។ ជា​ចំនួន​​មួយ​ដ៏​ច្រើនសន្ធឹក ដែល​ ​អ្នក​ជំនាញ​ អះអាង​ថា​«មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល»។​

ហេតុអ្វី​ ឥណ្ឌា សម្រុក​ទិញយន្តហោះ​ដឹកអ្នក​ដំណើរ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ ហើយ​និងទិញ​ក្នុង​ចំនួន​ច្រើនសន្ធឹក​យ៉ាង​ ដូច្នេះ​?

មូលហេតុ​គឺកើត​ចេញពី​មហិច្ឆតា​នយោបាយ​ដឹកនាំ​ជាតិ​ផង និង​ពី​តម្រូវ​ការ​ជាក់​ស្តែង​ផង។​ ការ​ប្រកាស​ទិញ​យន្តហោះថ្មីបន្ថែម​​ ឋិត​ក្រប​ខណ្ឌ​នៃ​ពិព័រណ៌​វិស័យ​អាកាសចរណ៍​ឥណ្ឌា ចាប់ផ្តើម​ពីថ្ងៃទី​១៣​ ដល់​១៧ ​កុម្ភៈ​ នៅស្រុក​ឥណ្ឌា។​ តាំងពីថ្ងៃ​បើក​សម្ពោធ​ពិព័រណ៌​ដំបូង​ម្ល៉េះ​ដែល​ ថ្នាក់ដឹកនាំរដ្ឋបាល​ទីក្រុង​ញូវដេលី សម្តែង​ពី​មហិច្ឆតា​អភិវឌ្ឍ​វិស័យ​ហោះហើរ​ និង​ចង់ឃើញ​​ មហាយក្ស​ឥណ្ឌា ក្លាយ​ជា​ប្រទេសជឿន​លឿន​​​វិស័យ​អាកាសចរណ៍​ ​ ​និង​មាន​កិត្តិនាម​មុខ​មាត់​ យ៉ាងហោចក្នុង​ចំណោម​ ៥ប្រទេស​ ដែល ល្អ​ដាច់​គេ​លើលោកខាង​ដំ​ណើរ​ផ្លូវ​អាកាស​។ ដើម្បីបំពេញ​មហិច្ឆតានេះ អ្នក​ដាច់​ចង្កូច​នយោបាយ​ឥណ្ឌា បាន​ប្រកាស​ក្នុង​ខែ​កុម្ភៈ ថា​នឹង​បន្ត​សាង​សង់​​អាកាស​យាន​ដ្ឋាន​ ចំនួន​ ជាង ១០០ កន្លែង​ទៀត ចាប់ពី​ពេល​នេះ ដល់​ឆ្នាំ២០២៤ខាងមុខ។

ម្យ៉ាង​វិញទៀត​ ​ថ្នាក់ដឹកនាំ​ឥណ្ឌា ​បាន​ ​ប្រមើល​មើលឃើញថា ទីផ្សារ​ជើង​ហោះហើរ​របស់​ឥណ្ឌា មា​នទំហំធំធេង​​ ពោល​គឺ ​គុណ​នឹង​បួន​ដង ពីពេល​នេះដល់ឆ្នាំ​២០៤១ ដែល​អាច​នឹង​កើនដល់ ៦៤១ លាន​នាក់​។ អាស្រ័យ​ហេតុនេះ ក្រុម​ហ៊ុន​យន្តហោះដឹកអ្នក​ដំណើរ​ឥណ្ឌា ត្រូវ​រួស​រាន់​បញ្ជាទិញ​យន្តហោះ​ថ្មី​បន្ថែម គឺ​អាច​ត្រូវទិញ ដល់ទៅ​១៥០០ ទៅ​១៧០០គ្រឿង​ ក្នុង​ចន្លោះ​២-៣ឆ្នាំទៀត។ ​នេះបើតាមការ​​ព្យាករ​របស់​អាកាសចរណ៍​ស៊ីវិល​អឺរ៉ុប។ ទំនង​ជា​ស្រដៀងៗគ្នា​ដែរ​ ​​​អ្នក​ជំនាញ​ឥណ្ឌា គិត​គូរ​ឃើញថា​ឥណ្ឌា​អាច​នឹង​ត្រូវការ​យន្តហោះ​ស៊ីវិល​យ៉ាងតិច ២ ០០០ គ្រឿង​បន្ថែមទៀត ក្នុង​រយៈ​ពេល​ ១០ ទៅ​១៥ឆ្នាំខាងមុខ។​

ពេលវេលា​នេះ​ ក៏​សម​ស្របតាម​​ចង្វាក់ផលិតក​ម្ម​​ដែរ​ ពីព្រោះថា ការ​ទទួល​យន្តហោះ​បញ្ជាទិញ​ពី​សំណាក់​ឥណ្ឌា​លើកនេះ គឺត្រូវ​​ នាយក​ទីផ្សារ​របស់​ក្រុមហ៊ុនAirbus បញ្ជាក់ថា ការ​ផ្ទេរ​យន្តហោះ​តាម​គម្រោង អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅឆ្នាំ​២០២៧ ឯណោះ។ ក៏ប៉ុន្តែ ​​ក្រុមហ៊ុន​ Boeing មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ទេ។​

​មូលហេតុ​ធំមួយទៀត​ដែរ គឺ​កា​រផ្លាស់ប្តូរ​យន្តហោះ​ចាស់​ៗចេញ​។​ គេមិនត្រូវ​ភ្លេច​ទេ​​ថា​ ការ​បញ្ជា​ទិញ​យន្ត​ហោះថ្មី - ទំនើប​ គឺជាករណី​​ចាំបាច់​សម្រាប់​ធានា​​សុវត្ថិភាព​អ្នក​ដំណើរ ដ្បិតថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មិន​បាន​ទិញ​យន្តហោះ​ថ្មី ទាល់​តែសោះ​និង​ ជាច្រើន​ឆ្នាំដែរ​មកហើយ។ ការ​ទិញ​យន្តហោះ​ថ្មី​ចុងក្រោយ​បង្អស់​របស់  «អ៊ែរឥណ្ឌា» គឺ​នៅ​ឆ្នាំ ២០០៦ ឯណោះ​។ ហេតុដូច្នេះ បើតាម​លោក Mark Martin អគ្គនាយក​ខាងក្រុម​ហ៊ុន​​ផ្តល់​ប្រឹក្សា​យោបល់​ បាន​លើកឡើងថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» ​ត្រូវ​ផ្លាស់ប្តូរ​យន្តហោះ​ថ្មីៗ ​ស្ទើរតែ​ពាក់​កណ្តាល​ ចន្លោះ​ ៥ទៅ ​៧ឆ្នាំទៀត​។​​​

ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មាន​ប្រវត្តិ​បែបណា​?​

ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» កើត​ពីដំបូង​​ឆ្នាំ​១៩៣២ ជា​សហគ្រាសឧស្សាហកម្ម​បារាំង​-ឥណ្ឌា ប៉ុន្តែ​ត្រូវ​ធ្វើ​ជាតូបនីយកម្ម ជា​ក្រុមហ៊ុនរដ្ឋ​ នៅពេល​ដែល ​ឥណ្ឌា​ ប្រកាស​ឯករាជ្យ ដាច់​ចេញពីការ​ត្រួតត្រា​របស់​អង់គ្លេស​នៅ​ ឆ្នាំ​១៩៤៧​។ នៅឆ្នាំ២០០៩ ក្រុម​ហ៊ុន​រដ្ឋនេះ ខាត​ច្រើន ហើយ​រដ្ឋឥណ្ឌា​ បាន​ចាក់បញ្ចូល​លុយ ១៥ពាន់​លាន​ដុល្លារ​ តែ​នៅ​តែ​ស្រង់​មិនកើត។ នៅឆ្នាំ​២០២២ «អ៊ែរឥណ្ឌា» ត្រូវ​ផ្ទេរ​មក​ជា​ក្រុម​ហ៊ុន​ឯកជន​វិញ។ ពោល​គឺ​ត្រឡប់​មក​វង្សត្រកូល​ម្ចាស់​ដើម​ គឺ​ ត្រកូល តាតា «Tata» ​ឋិត​ក្រោម​​កណ្តាប់​ដៃ​របស់​​ មហាសេដ្ឋី Ratan Tata ដែល​មាន​ក្រុមហ៊ុន​រកស៊ីច្រើន​វិស័យ រាប់​ចាប់តាំ​ង​ពី​ផ្នែក​រថយន្ត សណ្ឋាគារ ផ្នែក​គីមី ក្រុម​ហ៊ុន​លោហៈ និងរហូត​ដល់​ ក្រុមហ៊ុន​ទំនិញ​ចំណី​អាហារ ជាដើម ដែល​មាន​បុគ្គលិក​ក្រោម​បង្គាប់ ប្រមាណ​ជាង ៩៣៥ ០០០ នាក់ឯណោះ​​។ អ្នក​ជំនាញ​ជឿថា ​«អ៊ែរឥណ្ឌា» អាច​នឹង​កសាង​កេរ្តិ៍ ជា​ក្រុមហ៊ុន​យន្តហោះ​លំដាប់​ពិភពលោក​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ