អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាគេចាត់ទុកលោហៈកម្រជាវត្ថុធាតុដើមយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចថ្ងៃស្អែក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ មករា ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ទើប​រក​ឃើញ​ប្រភព​លោហៈកម្រ​ក្រោម​ដី​មួយ​កន្លែង​នៅ​ក្នុង​តំបន់​គីរូណា​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ គេ​នៅ​មិន​ទាន់​ដឹង​ពី​បរិមាណ​លោហៈកម្រ​ដែល​មាន​នៅ​ក្រោម​ដី​ស៊ុយអែត​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​ពិត​ជា​ដំណឹង​ល្អ​ណាស់​សម្រាប់​ស៊ុយអែត ពិសេស​អឺរ៉ុប​ដែល​កំពុង​ត្រូវ​ការ​ខ្លាំង និង​កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​លោហៈកម្រ​របស់​អ្នក​ដទៃ ពិសេស​ចិន។ ហេតុអ្វី​បាន​ជា​គេ​ហៅ​លោហៈកម្រ និង​ថា​អ្វី​ទៅ​ជា​អត្ថប្រយោជន៍​របស់​លោហៈកម្រ​នេះ?។

ហេតុអ្វីបានជាគេចាត់ទុកលោហៈកម្រជាវត្ថុធាតុដើមយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចថ្ងៃស្អែក?
ហេតុអ្វីបានជាគេចាត់ទុកលោហៈកម្រជាវត្ថុធាតុដើមយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចថ្ងៃស្អែក? AP - Uncredited
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គេ​និយាយ​ពី​លោហៈកម្រ គឺ​គេ​ចង់​ផ្តោត​លើ​រ៉ែលោហៈ​ចំនួន ១៧ ប្រភេទ​ខុស​គ្នា មាន​ឈ្មោះ និង​មាន​អត្ថប្រយោជន៍​មិន​ដូច​គ្នា​ទេ។ ជា​ទូទៅ រ៉ែលោហៈ​ទាំង ១៧ប្រភេទ​ដែល​គេ​ដាក់​ឈ្មោះ​តែ​មួយ​ជា​លោហៈកម្រ​ច្រើន​រក​ឃើញ​នៅ​ក្នុង​ដី​តែ​មួយ និង​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ខុស​គ្នា គឺ​រ៉ែលោហៈ​ប្រភេទ​ធ្ងន់​ដូច​ជា dysprosium និង​រ៉ែលោហៈប្រភេទ​ស្រាល​ដូច​ជា praséodyme និង néodyme។ រ៉ែលោហៈ​ប្រភេទ​ធ្ងន់ dysprosium ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ ពិសេស​នៅ​ក្នុង​វិស័យ​យោធា។ តែ​ការ​ធ្វើ​អាជីកម្ម​លើ​រ៉ែ​លោហៈកម្រ​ប្រភេទ​ធ្ងន់ គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន មាន​ការ​លំបាក​ជាង និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន។

ចំណែក​លោហៈកម្រ​ប្រភេទ​ស្រាល praséodyme និង néodyme ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី ឬ​មួយ​ក៏​ផលិត​កង្ហារយក្ស​ម៉ាញ៉េទិក​ជា​ដើម។ នៅ​ពេល​ដែល​គេ​និយាយ​ពី​លោហៈកម្រ ទាំង​អស់​គ្នា​ប្រាកដ​ជា​យល់​បាន​ភ្លាម​ថា​ជា​លោហៈ​ដែល​ក្រ​មិន​សូវ​សម្បូរ។ ការ​យល់​នេះ​មិន​សូវ​ខុស ហើយ​ក៏​មិន​សូវ​ចំ​ប៉ុន្មាន​ដែរ។ មិន​សូវ​ខុស ហើយ​មិន​សូវ​ចំ​ព្រោះ​តាម​ពិត​ទៅ លោហៈកម្រ​នេះ​មិន​សូវ​ជា​ក្រ​ប៉ុន្មាន​ទេ។ គ្រាន់​តែ​ថា មិនមែន​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​មាន​វត្ថុធាតុដើម​មួយ​នេះ​ឯណា។ មាន​ការ​ព្យាករណ៍​ថា​សព្វថ្ងៃ​នេះ ពិភពលោក​មាន​ចំនួន​ស្តុក​លោហៈកម្រ​ក្នុង​ដី​ប្រមាណ​ជា ១២០លានតោន។

នៅ​ក្នុង​ចំនួន​នេះ មាន ៤៤លាន​តោន​នៅ​ចិន មាន​២២លានតោន​នៅ​វៀតណាម មាន ២១លានតោន​នៅ​ប្រេស៊ីល មាន ១២លានតោន​នៅ​រុស្ស៊ី និង​មាន ៧លានតោន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ពី​ចំនួន​តិចតួច​ដែល​មាន​នៅ​ក្នុង​ប្រទេស​ខ្លះ​ទៀត​នៅ​ឡើយ​ទេ។ ក្រៅ​ពី​ជា​ប្រទេស​ដែល​មាន​បរិមាណ​លោហៈកម្រ​ទូទៅ​ច្រើន​ជាង​គេ​ក្នុង​លោក ចិន​ក៏​សម្បូរ​លោហៈកម្រ​ប្រភេទ​ធ្ងន់​ដែរ។ មួយ​វិញ​ទៀត និង​បើ​ធៀប​នឹង​ប្រទេស​លោក​ខាង​លិច​ខ្លះ ចិន​មាន​ជំនាញ និង​មាន​បទពិសោធន៍​ឆ្អិនឆ្អៅ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​លោហៈកម្រ​នេះ។ ខណៈ​ដែល​ប្រទេស​ខ្លះ​កំពុង​បន្ត​អូស​ជើង ចិន​កំពុង​បន្ត​បោះជំហាន​ទៅ​មុខ  ព្រោះ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើប​បាន​ប្រសូត្រ​ចេញ​នូវ​ក្រុមហ៊ុន​យក្ស​មួយ​ដើម្បី​គ្រប់គ្រង​លើ​ផលិកម្ម​លោហៈកម្រ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ភាគ​ច្រើន ពិសេស​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ពឹង និង​កំពុង​បន្ត​ពឹង​ខ្លាំង​លើ​លោហៈកម្រ​នាំ​ចូល​ពី​ចិន។ តែ​ទន្ទឹម​គ្នា​នេះ ប្រទេស​ទាំង​នេះ ពិសេស​ក្រុម​ប្រទេស​អឺរ៉ុប​ក៏​កំពុង​ស្វែង​រក​លោហៈកម្រ​ពី​ប្រភព​ផ្សេង​ក្រៅ​ពី​ចិន​ដែរ ពិសេស​អឺរ៉ុប។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ដឹង​ខ្លួន​ពី​ផលវិបាក​នៃ​ការ​ពឹង និង​ខ្ចី​ដង្ហើម​អ្នក​ដទៃ​ដើម្បី​ដក​ប្រចាំ​ថ្ងៃ។ ផលវិបាក​កើត​ចេញ​ពី​សង្រ្គាម​មួយ​នេះ គឺ​ការ​ដែល​រុស្ស៊ី​បាន​បិទ​រ៉ូប៊ីណេ​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ទិញ​ច្រើន​ពី​រុស្ស៊ី។ អឺរ៉ុប​យល់​មិន​ច្រឡំ​ទេ​ថា បើ​ថ្ងៃ​ណា​មួយ​ចិន​ឈប់​លក់​លោហៈកម្រ​ឲ្យ​ខ្លួន​ដូច​ដែល​រុស្ស៊ី​ឈប់​លក់​ឧស្ម័ន​ឲ្យ​នោះ អឺរ៉ុប​នឹង​ច្បាស់​ជា​ត្រដរ​ខ្យល់​ជា​មិន​ខាន។

គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ លោហៈកម្រ​ចំនួន ៩៨% ដែល​អឺរ៉ុប​បាន​ប្រើប្រាស់​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន។ បើ​តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោហៈកម្រ​ដែល​អឺរ៉ុប​ត្រូវ​ការ​នឹង​គុណ​មួយ​ជា​ប្រាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ ដូច្នេះ ការ​ដែល​ក្រុមហ៊ុន​រ៉ែ​ស៊ុយអែត​ឈ្មោះ LKAB បាន​ប្រកាស​ពី​ការ​ទើប​រក​ឃើញ​ប្រភព​លោហៈកម្រ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពិត​ជា​ដំណឹង​ល្អ​មួយ​ដែល​មិន​អាច​មិន​សាទរ​បាន​ទេ។ តាម​ការ​ប៉ាន់ប្រមាណ​របស់​ក្រុមហ៊ុន LKAB លោហៈកម្រ​ដែល​បាន​រក​ឃើញ​មាន​បរិមាណ​ប្រមាណ​ជា​ជាង ១លានតោន។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ចំនួន​មួយ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បើ​ធៀប​នឹង​តម្រូវការ​ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់។ តាម​ការ​គន់គូរ​របស់​សមាគម​នៃ​ក្រុម​ផលិតករ​លោហៈកម្រ​អឺរ៉ុប ដើម្បី​ជំនួស​ប្រេង និង​ឈាន​ទៅ​មាន​អព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ ២០៥០ អឺរ៉ុប​ត្រូវ​ការ​លោហៈកម្រ​មួយ​គុណ​នឹង ២៦ដង​នៃ​តម្រូវ​ការ​សព្វថ្ងៃ។

ឃើញ​ថា ជាង​ពេល​ណាៗ​ទាំង​អស់​ចាប់​ពី​ពេល​នេះ​ត​ទៅ  លោហៈកម្រ​ជា​វត្ថុធាតុដើម​យុទ្ធសាស្រ្ត​ដែល​ពិភពលោក​ត្រូវ​ការ​ចាំ​បាច់​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​ផលិត​ផលិតផល​ប្រើប្រាស់​គ្រប់​យ៉ាង​តាំង​ពី​ម៉ូទ័រ​រថយន្ត​អគ្គិសនី ទូរស័ព្ទដៃ smartphones កញ្ចក់​ទូរទស្សន៍ ដ្រូន កង្ហារយក្ស ឬ​មួយ​ក៏​យន្តហោះ​ចម្បាំង។ គេ​អាច​និយាយ​បាន​យ៉ាង​ខ្លី​ថា លោហៈកម្រ​ជា​វត្ថុធាតុដើម​នៃ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ