អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាក្រុមគួដឌីស្ថានអ៊ីរ៉ង់នៅអ៊ីរ៉ាក់ជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២៨ វិច្ឆិកា រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​សាទរ​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្នុង​ការ​បញ្ជូន​កម្លាំងទ័ព​ទៅ​ដាក់​នៅ​តំបន់​គួដឌីស្ថាន​អ៊ីរ៉ាក់​ជាប់​ព្រំដែន​អ៊ីរ៉ង់។ តំបន់​គួដឌីស្ថាន​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ជា​តំបន់​ស្វយ័ត​ដែល​ជា​មូលដ្ឋាន​របស់​ក្រុម​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​មាន​ចលនា​បាតុកម្ម​នៅ​អ៊ីរ៉ង់​ជាង ២ខែ​កន្លង​ទៅ កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយប្រហារ​លើ​ក្រុម​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​លើ​ទឹកដី​អ៊ីរ៉ាក់​ដោយ​ប្រើ​មីស៊ីល និង​ដ្រូន។ អ៊ីរ៉ង់​បាន​ចោទ​ក្រុម​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​ថា​ជា​អ្នក​គាំទ្រ និង​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។ តើ​ក្រុម​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា?។

ហេតុអ្វីបានជាក្រុមគួដឌីស្ថានអ៊ីរ៉ង់នៅអ៊ីរ៉ាក់ជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់?
ហេតុអ្វីបានជាក្រុមគួដឌីស្ថានអ៊ីរ៉ង់នៅអ៊ីរ៉ាក់ជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់? AFP - SAFIN HAMED
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លោក​សព្វថ្ងៃ ប្រជាជន​គួដឌីស្ថាន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រជាជន​ដែល​រស់នៅ​រប៉ាត់រប៉ាយ​គ្មាន​រដ្ឋ និង​គ្មាន​ទឹកដី ឬ​និយាយ​ស្រួល​យល់ ជា​ប្រជាជន​ដែល​កំពុង​រស់នៅ​ជ្រកកោន​លើ​ទឹកដី​របស់​ប្រទេស​ដទៃ។ ទីតាំង ឬ​តំបន់​ដែល​ប្រជាជន​គួដឌីស្ថាន​កំពុង​តាំង​លំនៅដ្ឋាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​មាន​ពីរ ទី១ នៅ​តាម​ព្រំដែន​រវាង​តួកគី និង​ស៊ីរី ហើយ​ទី២ នៅ​តាម​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ តែ​ទោះ​នៅ​តាម​ព្រំដែន​រវាង​តួកគី និង​ស៊ីរី ឬ​នៅ​តាម​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ប្រជាជន​គ្មាន​រដ្ឋ និង​គ្មាន​ទឹកដី​មួយ​នេះ​កំពុង​បន្ត​ជា​ផ្ទាំងស៊ីប​នៃ​ការ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ នៅ​ម្ខាង តួកគី​បាន​ធ្វើ​ការ​វាយប្រហារ​លើ​ពួក​គួដឌីស្ថាន PKK នៅ​ប៉ែក​ខាង​ជើង​ស៊ីរី​ដោយ​ចោទ​ពី​បទ​បាន​បង្ក​ភេរវកម្ម​លើ​ទឹកដី​តួកគី។

ចំណែក​នៅ​ម្ខាង​ទៀត អ៊ីរ៉ង់​បាន​បើក​ការ​វាយប្រហារ​នា​រយៈ​ពេល​ចុង​ក្រោយ​លើ​ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ប៉ែក​ខាង​ជើង។ ក្រុង​តេហេរ៉ង់​បាន​ចោទ​ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​ពី​បទ​បាន​ចូលរួម​គាំទ្រ និង​អុជអាល​ឲ្យ​មាន​ភាព​បះបោរ​នៅ​អ៊ីរ៉ង់​តាំង​ពី​ជាង ២ខែ​កន្លង​ទៅ ពោល​តាំង​ពី​ក្រោយ​ការ​ស្លាប់​នារី​ម៉ាសា អាមីនី​ដែល​ជា​ជនជាតិ​គួដឌីស្ថាន​ក្នុង​ថ្ងៃទី១៦ កញ្ញា។ គួរ​រម្លឹក​ថា គេ​អាច​ប្រដូច​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​ដូច​ជា​ទឹក និង​ប្រេង​ដែល​មិន​អាច​រលាយ​ចូល​គ្នា​បាន ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ជា​សត្រូវ​នឹង​គ្នា​ដែល​ពិបាក​ជា​នា​គ្នា​បាន។ ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​បាន​ទៅ​តាំង​លំនៅដ្ឋាន​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ក្នុង​ទសវត្ស ៨០ ពោល​ក្នុង​សម័យ​សង្រ្គាម​អ៊ីរ៉ាក់ អ៊ីរ៉ង់។

ក្រោម​ភ្នែក​ច្រមុះ​របស់​អ៊ីរ៉ង់ ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​ជា​ពួក​ភេរវជន និង​ជា​ពួក​ផ្តាច់ទឹកដីនិយម។ តែ​ក្រោយ​ពី​មាន​ការ​តស៊ូ​ប្រដាប់​អាវុធ​អស់​ជា​ច្រើន​ទសវត្សរ៍​មក ចលនា​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​បាន​កាត់​បន្ថយ​សកម្មភាព​យោធា​របស់​ខ្លួន​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចលនា​មួយ​នេះ​នៅ​តែ​មាន​ក្រុម​យុទ្ធជន​ប្រដាប់​អាវុធ និង​នៅ​តែ​បន្ត​ធ្វើ​ការ​វឹកវឺន​ជាប់​ជា​ប្រចាំ។ ខុស​ពី​នៅ​អ៊ីរ៉ង់ ចលនា​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​បាន​លើក​ដំកើង​តម្លៃ​ស្រ្តី និង​តាំង​ខ្លួន​ដូច​ជា​ក្រុម​គណបក្ស​សង្គម ប្រជាធិបតេយ្យ។ គណបក្ស​គួដឌីស្ថាន​អ៊ីរ៉ង់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ឈ្មោះ​គណបក្ស​ប្រជាធិបតេយ្យ​គួដឌីស្ថាន​អ៊ីរ៉ង់​ហៅ​កាត់ PDKI ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៤៥។ បន្ទាប់​មក នៅ​មាន​គណបក្ស​កូម៉ាឡា​គួដឌីស្ថាន​អ៊ីរ៉ង់​ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៦៩។

ក្រៅ​ពី​គណបក្ស​គួដឌីស្ថាន​អ៊ីរ៉ង់​ធំ​ទាំង​ពីរ អ៊ីរ៉ាក់​ក៏​បាន​ទទួល​ឲ្យ​មាន​វត្តមាន​នូវ​គណបក្ស​គួដឌីស្ថាន​អ៊ីរ៉ង់​ផ្សេង​ទៀត​ដូច​ជា​គណបក្ស​សេរីភាព​គួដឌីស្ថាន ឬ​គណបក្ស​ដើម្បី​ជីវិត​សេរី​គួដឌីស្ថាន​ជា​ដើម។ ក្រុម​គណបក្ស​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​តំបន់​គួដឌីស្ថាន​ក្នុង​ទឹកដី​អ៊ីរ៉ាក់​បាន​ផ្តល់​ការ​គាំទ្រ​លើ​ចលនា​បាតុកម្ម​ដែល​បាន​ផ្ទុះ​នៅ​អ៊ីរ៉ង់​តាំង​ពី​ក្រោយ​ការ​ស្លាប់​នារី​គួដឌីស្ថាន​ម៉ាសា អាមីនី​ក្នុង​ទីក្រុង​តេហេរ៉ង់​កាល​ពី​ថ្ងៃទី១៦ កញ្ញា។ តែ​គណបក្ស PDKI បាន​ធានា​ថា ខ្លួន​មិន​បាន​ប្រើ​ទឹកដី​អ៊ីរ៉ាក់​ដើម្បី​វាយប្រហារ​លើ​កម្លាំងទ័ព​អ៊ីរ៉ង់​ទេ និង​ថា អ្វី​ដែល​ខ្លួន​កំពុង​តស៊ូ គឺ​ទាមទារ​សិទ្ធិជាតិ​ឲ្យ​ប្រជាជន​គួដឌីស្ថាន​នៅ​ក្នុង​សង្គម​អ៊ីរ៉ង់​សហព័ន្ធ និង​ប្រជាធិបតេយ្យ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​អ៊ីរ៉ង់​សរុប​ចំនួន ៨៣លាននាក់​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ មាន​ប្រជាជន​គួដឌីស្ថាន​ប្រមាណ​ជា ១០លាននាក់។ តែ​ក្រុម​គណបក្ស​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​បាន​បរិហារ​ពី​ភាព​រើសអើង​លើ​ប្រជាជន​គួដឌីស្ថាន​នៅ​អ៊ីរ៉ង់ ពិសេស​អវត្តមាន​តំណាង​របស់​ប្រជាជន​ភាគ​តិច​មួយ​នេះ​នៅ​ក្នុង​ស្ថាប័ន​នយោបាយ និង​អវត្តមាន​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ដែល​ប្រជាជន​គួដឌីស្ថាន​រស់នៅ។ នេះ​ដោយ​មិន​និយាយ​ពី​ការ​ហាម​មិន​ឲ្យ​រៀន​ភាសា​គួដឌីស្ថាន​នៅ​ក្នុង​កម្មវិធី​សិក្សា​ផង។ តើ​ពួក​ប្រឆាំង​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​ពិត​ជា​បាន​រួម​ចំណែក​នៅ​ក្នុង​ក្បួនបាតុកម្ម​ដែល​កំពុង​ពុះ​កញ្រ្ជោល​នៅ​អ៊ីរ៉ង់​ដូច​ការ​ចោទ​របស់​រដ្ឋអំណាច​អ៊ីរ៉ង់​ដែរ ឬ​ទេ?។

ពិត​ជា​មាន ទោះ​តិច ឬ​ច្រើន នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នក​ជំនាញ​លោក Adel Bakawan។ តែ​អ្នក​វិភាគ​លោក Fabrice Balanche ហាក់​មិន​បាន​យល់​ឃើញ​ដូច​លោក Adel Bakawan ទេ។ សម្រាប់​លោក Fabrice Balanche ការ​ដែល​អ៊ីរ៉ង់​បាន​ចង្អុល​មុខ​ដាក់​ក្រុម​ចលនា​គួដឌីស្ថាន​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​ក្នុង​រឿង​បាតុកម្ម​នៅ​អ៊ីរ៉ង់​ពេល​នេះ គឺ​មក​ពី​រដ្ឋអំណាច​ក្រុង​តេហេរ៉ង់​ចង់​បង្ហាញ​ប្រាប់​គេ​ឯង​ថា បាតុកម្ម​ផ្ទុះ​នៅ​អ៊ីរ៉ង់​ពេល​នេះ​ត្រូវ​បាន​បញ្ឆេះ និង​រៀបចំ​ពី​ខាង​ក្រៅ ពោល​មិនមែន​កើត​ចេញ​ពី​បញ្ហា​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​ទេ។ ការ​លើក​ឡើង​របស់​លោក Fabrice Balanche មិន​សូវ​ខុស​ប៉ុន្មាន​ទេ ព្រោះ​ជានិច្ចកាល និង​ឲ្យ​តែ​មាន​រឿងរ៉ាវ​ផ្ទៃក្នុង​ខ្លួន​ឯង រដ្ឋអំណាច​អ៊ីរ៉ង់​តែង​ព្យាយាម​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ្នក​ផ្សេង ពិសេស​ក្រុម​ប្រទេស​លោក​ខាង​លិច​ដែល​មាន​អាមេរិក​ជា​មេខ្លោង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ