អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គមស៊ីវិលចិន​ រលាយ​​រូបរាង ក្រោម​អំណាច១០​ឆ្នាំ​របស់​​ស៊ីជីនពីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេលវេលា​ល្អ​ ដែល​បើក​ទូលាយ​​ឱ្យ​សកម្មជន​​ស៊ីវិល អាច​បញ្ចេញ​មតិ​យោបល់​ ឬ​សកម្មភាព​ខ្លះ​ដើម្បី​បុព្វហេតុ​សង្គម​ បាន​កន្លង​ផុត​ទៅហើយ។ ១០​ឆ្នាំ​ក្រោម​​អំណាច​របស់​លោក​ ស៊ី ជីន​ពីង សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន ... ត្រូវ​ជ្រើសរើស​រវាង​ ការ​បិទ​មាត់សំងំ​ស្ងៀម ឬរត់គេច​ចេញ​ពីប្រទេស ឬ​ត្រូវជាប់​ឃុំឃាំង​ និងស្ថិត​ក្រោម​ការឃ្លាំមើល។ ស្ថានភាព​សង្គមស៊ីវិល​​ចិន បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ ​សកម្មជន​និង​បញ្ញាវន្ត ​ដែលAFPភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​ជួប។

ក្រោមការកាន់​អំណាច​របស់​ស៊ីជីនពីង សង្គមស៊ីវិល​ បាត់​រូបរាង
ក្រោមការកាន់​អំណាច​របស់​ស៊ីជីនពីង សង្គមស៊ីវិល​ បាត់​រូបរាង AP - Sergei Bobylev
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជនការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា សកម្មជន​ការពារ​បរិស្ថាន បុគ្គលិក​ធ្វើការ​ឱ្យ​អង្គការ​ក្រៅរដ្ឋាភិបាល សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ អ្នក​សារព័ត៌មាន​ឯករាជ្យ មាន​ចំណុច​រួមមួយ​ដូច​គ្នា​ គឺត្រូវ​បាន​អាជ្ញាធរ​​បំបិទ​មាត់ជិត ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​ដែលប្រទេស​ចិន​​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ ​អ្នក​បន្ត​ធ្វើ​​សកម្មភាព​​ ត្រូវ​រង​ការបៀតបៀន​​ពី​សំណាក់​ភ្នាក់ងារ​​​សន្តិសុខ​ឥតឈប់​ឈរ ខ្លះ​ត្រូវ​ទទួល​ការ​កោះ​ហៅ​ទៅ​សួរ​ចម្លើយ​ស្ទើរ​ជា​រៀងរាល់​សប្តាហ៍។ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ដើម្បី​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​ ​ជា​ញឹកញយនិងម្តងៗ​ រយៈ​ពេល​ជាង​២៤ម៉ោង។

ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ គេ​អាច​ជជែកពិភាក្សា ឬ​បោះពុម្ព​ផ្សាយ​សៀវភៅ ទាក់​ទង​នឹង​តម្លៃ​នៃ​សេរីភាព​និង​សង្គម​ស៊ីវិល​បាន​ខ្លះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី Gao Yu អ្នក​កាសែត​ឯករាជ្យ​​នៅប៉េកាំង​និង​ដែល​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ពី​ឆ្នាំ​២០១៥-២០១៩ ពី​បទ​បាន​ធ្វើ​ឱ្យ​ធ្លាយ​ឯកសារ​ផ្ទៃ​ក្នុង​បក្ស។ បច្ចុប្បន្ន​មាន​អាយុ​៧៨​ឆ្នាំ អ្នក​ស្រី​Gao Yu ស្ថិត​​នៅ​ឃ្លាំមើល​របស់​អាជ្ញាធរ​ ដោយ​មិន​អាច​ទទួល​ទូរស័ព្ទ​ពីបរទេស​ និង​មិន​អាច​ទទួល​ស្វាគមន៍-​ជួប​ជុំ​មិត្តភក្តិ​ទេ។ តើ​នេះ​មិនមែន​ជា​ដំណើរ​ថយក្រោយ​ត្រលប់​ទៅ​រក​របប​បែបម៉ៅនិយម​ទេឬ ?! សម្រាប់​សកម្មជន​បរិស្ថាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ឆ្នាំ​២០១៤​ គេ​អាច​លើក​បដា​មាន​សារ​ប្រឆាំង ឬ​ដឹកនាំ​ការងារ​វិទ្យាសាស្ត្រ​នៅ​ផ្ទាល់​កន្លែង​ ហើយ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន​ចិន​ដើម្បី​បរិហារ​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន។ ប៉ុន្តែ​ឥលូវ​គេ​ត្រូវ​ជូន​ដំណឹង​ទៅ​ប៉ូលិស​ជា​មុន​សិន​ មុន​នឹងអាច​ធ្វើ​សកម្មភាព​អ្វីមួយ​បាន។

ផ្ទុយ​ពី​​ប្រធានាធិបតី​ ហ៊ូ ជីនតាវ ចំហាយ​នៃ​ការ​បំបិទសិទ្ធិ​​សេរីភាព បាន​ជះ​ក្លិន​តាំង​ពី​ឆ្នាំ​២០១៣​មក ពោល​គឺ​តាំងពី​លោក​ស៊ី ជីនពីង ចាប់​ឡើង​កាន់​អំណាច​ភ្លាម។ គណបក្ស​កុម្មុយនិស្ត​ចិន បាន​បញ្ចេញ​ឯកសារ​ផ្ទៃក្នុង​ ហាមឃាត់​មិន​ឱ្យ​មាន​ការ​លើកស្ទួយ​​គំនិត​និង​ទស្សនៈ​បែប​សេរីនិយម​​របស់​លោក​ខាង​លិច មាន​ជា​អាទិ៍​សកម្មភាពក្នុង​ផ្នែក​​សង្គមស៊ីវិល​ និង​សេរីភាព​សារព័ត៌មាន​ ទេ។ បម្រាម​បាន​​លេច​រូបរាង​ច្បាស់លាស់​ នៅ​ឆ្នាំ​២០១៥ តាម​រយៈ​ ​​ការ​ចាប់​ខ្លួន​ មេធាវីនិង​សកម្ម​ជន​​ចំនួនជាង​​៣រយ​នាក់​ ក្នុង​យុទ្ធនាការ ៧០៩ (ព្រោះ​ហេតុការណ៍​ប្រព្រឹត្ត​ទៅ ​នៅថ្ងៃ​ទី ៩ ខែ​កក្កដា ២០១៥)។ នៅឆ្នាំ​ដដែលនោះ ចិន​បាន​ចេញ​គម្រោង​ច្បាប់​ហាមឃាត់​មិន​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​និ​ងមូលនិធិ​ពី​បរទេស។ គម្រោង​ច្បាប់​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៧ និង​បាន​ធ្វើ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​ច្រើន​រលំ​រលាយ។

នៅសកលវិទ្យាល័យ​ ក៏​មិន​ប្រសើរ​។ សកម្មភាព​ដែលធ្លាប់​អនុគ្រោះ​ឱ្យ​ធ្វើ ត្រូវ​បញ្ឈប់​។ ការងារ​បំពាក់បំប៉ន​មនោគមវិជ្ជា​ ដូច​ជា​មុខវិជ្ជា​អប់​រំ​នយោបាយ​ត្រូវ​បាន​ពង្រឹង​។ និស្សិត​មាន​និន្នាការ​គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា អាច​នឹង​ត្រូវ​រង​ទណ្ឌកម្ម ដោយ​គ្រាន់​តែ​ចែកចាយ​ទង់ជាតិ​ពណ៌​ឥន្ធនូ​ទៅមិត្តផ្សេង​ទៀត។ សាស្ត្រាចារ្យ ត្រូវ​ចេះ​យក​សុន្ទរកថា​របស់​អ្នក​កាន់​អំណាច​មក​ធ្វើ​ជា​ត្រីមុខ។ អ្នក​មិន​ចេះ​ពន់ពេន​និង​ធ្វើ​តាម នឹង​ត្រូវ​ខ្ទាត​ចេញ​ពី​តួនាទី ឬ​ស្ថិត​នៅក្រោម​ការ​តាម​ដាន​​ពី​សំណាក់​សិស្ស​និង​និស្សិត​របស់​ខ្លួន។ និស្សិត​បាន​ក្លាយ​ជា​អ្នកចាំ​​ត្រួត​ពិនិត្យ​ឃ្លា​ប្រយោគ​របស់​គ្រូ​ មិន​មែន​មក​សិក្សា​ទស្សនៈ​គ្រូ​តាម​រយៈ​ការ​ជជែក​វែក​ញែក​ឡើយ។ វប្បធម៌​បរិហារបាន​លូត​លាស់​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​បញ្ញាជន​ចិន នារ​យៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​មក​នេះ។ នេះ​ជា​សម្រែក​​សោកស្តាយរបស់​លោក Wu Qiang អតីត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សកលវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​Tsinghua ប្រចាំទីក្រុង​ប៉េកាំង។​​

១០​ឆ្នាំ​នៃ​អំណាច​របស់​លោក​ស៊ីជីនពីង សកម្មជន​ស៊ីវិល​ជា​ច្រើន​បាន​ជ្រើសរើសរត់​​ចេញ​ពី​ប្រទេស​ចិន ឬ​ត្រូវ​សំងំ​បិទ​មាត់ បើ​មិន​ចង់​ឆ្លង​កាត់​ចម្រឹង​ដែក។ ក៏​មាន​ដែរ​ សកម្មជន​ដែល​បន្ត​ជំនះ​ធ្វើ​សកម្មភាព​។ ថ្វីបើស្ថានភាព​ពេល​នេះ ទំនង​ជាអាក្រក់​ខ្លាំង​មែន តែ​គេ​នៅ​តែ​​បន្ត​បញ្ចេញ​មតិយោបល់​។ នេះ​បើ​តាម​ស្ថាបនិក​អង្គការ​ការពារ​សមភាព​ស្ត្រី​និង​បុរស។ ប៉ុន្តែ​ជា​សង្គ្រាម​ដែល​គ្មាន​ថ្ងៃ​បាន​ជោគជ័យ​ឡើយ​ ព្រោះ​បើ​តាម​បុគ្គលិក​ការពារ​បរិស្ថាន ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុម​អ្នក​​ជាតិនិយម​ចិន​ អ្នក​បំរើការ​ឱ្យ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ក្រុមប្រឆាំង​ចិន ឬ​ជា​ក្រុម​ដែល​លោក​ខាង​លិច​បាន​លាង​ខួរក្បាល។ កាន់តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​ដើម្បី​កុំ​ឱ្យមាន​សកម្មជន​សង្គមស៊ីវិល​ដុះ​ក្នុង​រង្វង់​​ក្មេង​ជំនាន់​ក្រោយ រដ្ឋាភិបាល​បាន​តាមដាន​​មើល ដោយ​សម្ងាត់​បំផុត​​រាល់​គ្រប់​ជន​ណា​ដែល​ផ្តើម​សកម្មភាព​តូច​តាច​។ នេះ​បើ​តាម​Charles សកម្មជន​ការពារ​សិទ្ធិ​អ្នក​ធ្វើការ​ ដែល​មាន​មិត្ត​ភក្តិ​ពីរ​នាក់ កំពុង​ជាប់ឃុំឃាំង​តាំងពី​ជាង​មួយ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ប្រទេស​ចិន ក្រោមបទ​ចោទ​ប្រកាន់​ធ្វើ​វិទ្ធង្សនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ