អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កត្តាដែលធ្វើឲ្យ ចិនមានឥទ្ធិពលនៅអ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីសង្គ្រាមជាច្រើនទស្សវត្សមក អ៊ីរ៉ាក់ត្រូវការការវិនិយោគបរទេសយ៉ាងខ្លាំង ជាពិសេស លើហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល។ ប្រទេសចិន បានក្តាប់យកឱកាសនេះ ហើយពង្រីក វត្តមានរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមកិច្ចព្រមព្រៀង ប្រេងសម្រាប់ការសាងសង់ ។ ចាប់តាំងពីឆ្នាំ ២០១៣ មក អ៊ីរ៉ាក់ បានក្លាយជាប្រទេសយ៉ាងសំខាន់មួយ ក្នុងមហា​គម្រោង “ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ”​របស់​​ចិនក្នុងតំបន់មជ្ឃិមបូព៌ា។  កាវិនិយោគជាទឹកប្រាក់រាប់លានយ័នបានហូរចូលទៅក្នុង ក្នុងគម្រោងផ្សេងៗ ដូចជាគម្រោងរោងចក្រថាមពល រោងចក្រប្រេង ការសាងសង់ផ្លូវ និងសាលារៀន។ តើកត្តាអ្វីខ្លះដែលពង្រឹង ឥទ្ធិពលរបស់ចិននៅប្រទេសអ៊ីរ៉ាក់?

ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Adil Abdul-Mahdi មុន​ពេល​ជួប​ប្រជុំ​​ថ្ងៃ​ច័ន្ទ ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ប៉េកាំង។
ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Adil Abdul-Mahdi មុន​ពេល​ជួប​ប្រជុំ​​ថ្ងៃ​ច័ន្ទ ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ប៉េកាំង។ AP - Lintao Zhang
ផ្សាយពាណិជ្ជកម្ម

កិច្ចការសំខាន់របស់ មហាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ គឺការរីកជះ នៃគម្រោងអភិវឌ្ឍន៍ និងការវិនិយោគនៅទូទាំងតំបន់ អាស៊ីបូព៌ា មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងគោលបំណងដើម្បី ពង្រីកនិងពង្រឹងវត្តមាន នៃឥទ្ធិពលជាសកលរបស់ប្រទេសចិន។

ប្រទេសអ៊ីរ៉ាក់ស្ថិតក្នុងចំណោមដៃគូជាច្រើននៅក្នុងមហាគម្រោងមួយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ សារព័ត៌មាន AFP ថាទីក្រុងបាកដាដ គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ហើយគម្រោងនេះ នឹងជួយឲ្យ ប្រទេសអ៊ីរ៉ាក់កសាងឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន។

នៅក្រោមគម្រោង ប្រេងសម្រាប់ការសាងសង់ ដែលបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៩ ហិរញ្ញប្បទាន សម្រាប់ការចំណាយលើការសាងសង់នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបានដោះដូរជាការលក់ប្រេងចំនួន១០ ម៉ឺនធុង ក្នុងមួយថ្ងៃទៅឲ្យប្រទេសចិន។ ជាហេតុ ទីក្រុងប៉េកាំងបានក្លាយជាអតិថិជនប្រេងឆៅធំបំផុតរបស់អ៊ីរ៉ាក់ គិតទៅប្រហែលជា៤៤% នៃការនាំចេញសរុប។ នៅក្នុងឆ្នាំ២០២១ អ៊ីរ៉ាក់បានក្លាយជាដៃគូពាណិជ្ជកម្មលេខមួយរបស់ចិននៅក្នុងតំបន់ មជ្ឈិមបូព៌ា និងជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេទីបី បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

យ៉ាងណាមិញ បណ្តាប្រទេសលោកខាងលិចជាច្រើន បានរិះគន់លើការផ្តល់មូលនិធិនេះថា ជាការបង្កើតគំនាប តម្រូវឱ្យប្រទេសក្រីក្រដូចជាអ៊ីរ៉ាក់ ពឹងផ្អែកជាខ្លាំងទៅលើប្រទេសចិន ដោយសារបំណុល ក្នុងរូបភាពនៃ​​ ការធ្វើការសហការអភិវឌ្ឍន៍នេះ។

យោងតាមរបាយការណ៍ របស់សាកលវិទ្យាល័យ ហ៊ូដាន់ រហូតមកដល់ឆ្នាំមុននេះ ប្រទេសអ៊ីរ៉ាក់បានទទួលយក ការវិនិយោគជាទឹកប្រាក់ ចំនួនជាង១០ពាន់លានដុល្លារអាមេរិកពីចិន​ រួចមកហើយ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចូលរួមនៅក្នុងការសាងសង់ជាច្រើន​ មានដូចជា រោងចក្រប្រេង និង ព្រលានយន្តហោះ ជាដើម ហើយបានសន្យាបន្តផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់សាលារៀនចំនួន ៨ពាន់ កន្លែងទៀតជាថ្នូរជាមួយនឹងទន្និផលប្រេងរបស់ អ៊ីរាក់។

ទន្ទឹមនឹងនេះ មានពាក្យចចាមអារ៉ាម ថាក្រុមហ៊ុនសំណង់ក្នុងស្រុកខ្លះដែលមានទំនាក់ទំនងនយោបាយ បានយកឱកាស នេះប្រមូលយកការវិនិយោគពីរដ្ឋ លើគម្រោងសាងសង់ឥតប្រយោជន៍ជាច្រើន ដែលអាចបណ្តាលឲ្យបំណុលចិននេះ​ កាន់តែកើនឡើង។ ឥទ្ធិពលរបស់ចិននៅអ៊ីរ៉ាក់ក៏បានបង្ហាញឱ្យឃើញផងដែរក្នុងជីវិតប្រចាំថ្ងៃ ដោយទីផ្សារក្នុងតំបន់ឥឡូវនេះសម្បូរហូហៀរ ដោយផលិតផលចិន ហើយប្រជាជនជាច្រើនមានចំណាប់អារម្មណ៏ ចង់រៀនភាសាចិន ដើម្បីងាយស្រួលក្នុងការធ្វើការងារ អាជីវកម្ម។  

ជារួមបន្ទាប់ពីអាមេរិក បានដកខ្លួនចេញ ប្រទេសអ៊ីរ៉ាក់ បានក្លាយជាទីផ្សារដែលមានសក្តានុពលមួយ ដែលកំពុងរីកចម្រើន មានតម្រូវការគ្រប់បែបយ៉ាង ស្របពេលដែលមានផ្ទុកធានធានធម្មជាតិដ៏សំខាន់ ធ្វើឲ្យប្រទេសនេះក្លាយជា តំបន់វិនិយោគគួរឲ្យទាក់ទាញសម្រាប់ប្រទេសចិន។ ​ថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិននៅអ៊ីរាក់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនទើបតែបានចាប់ផ្តើមតែប៉ុណ្ណោះ ទីក្រុងប៉េកាំង នៅមានគម្រោងជាច្រើនទៀតសម្រាប់ប្រទេស អ៊ីរ៉ាក់។

ទោះជាយ៉ាងនេះក្តី អ៊ីរ៉ាក់ក៏បានព្យាយាមកំណត់ ឥទ្ធិពលរបស់ចិននៅក្នុងវិស័យប្រេងរបស់ខ្លួនដែរ។ ជាក់ស្តែង កាលពីខែឧសភានេះ  ក្រសួង​ប្រេង​អ៊ីរ៉ាក់ ​បាន​បដិសេធ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​បី របស់ក្រុមហ៊ុនប្រេងឯកជនរុស្ស៊ី និង អាមេរិក ដែលបានព្យាយាម លក់ទ្រព្យសម្បត្តិក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ាក់របស់ខ្លួន ទៅឱ្យក្រុមហ៊ុនចិន។

ក្រៅពីចិន ក្រុមហ៊ុនលោកខាងលិចជាច្រើនបានវិនិយោគ នៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំមកនេះ ពួកគេហាក់ដូចជាបាត់បង់ចំណាប់អារម្មណ៍ និងចង់ចាកចេញពីប្រទេស។​

បើមិនប្រយត្ន័សេដ្ឋកិច្ច អ៊ីរ៉ាក់ ដែលពឹង​ផ្អែកយ៉ាង​ខ្លាំង​លើផលិតផល​ប្រេង​អាចធ្លាក់ក្នុងដៃចិនទាំងស្រុង។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ការនាំចេញប្រេង គឺស្មើ​នឹង៩២% នៃថវិការដ្ឋ ប្រហែលនឹង ៤៣% នៃ ផលិតផលក្នុងស្រុកសរុប។

បើយោងតាម​ សាស្រ្តាចារ្យមកពី​ វិទ្យាស្ថានមជ្ឈិមបូព៌ានៅទីក្រុងវ៉ាស៊ីនតោន​ ប្រទេសចិន ចាប់អារម្មណ៍លើអ៊ីរ៉ាក់​ លើសពីសក្តានុពលពាណិជ្ជកម្ម នេះទៅទៀត។ មហិច្ឆតារបស់ប្រទេសចិន គឺ ពង្រឹងនិងពង្រីក ឥទិ្ធពលរបស់ខ្លួន នៅក្នុងប្រទេស និងតំបន់ណាដែលប្រទេសលោកខាងលិច និងជាពិសេសសហរដ្ឋអាមេរិក ធ្លាប់បានគ្រប់គ្រងរួចមកហើយ។​

ផ្ទុយទៅនឹងការគ្រប់គ្រងដោយអំណាចយោធារបស់អាមេរិក ចិនបានប្រើយុទ្ធសាស្ត្រអំណាចទន់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសលើការវិនិយោគសេដ្ឋកិច្ច និងនយោបាយមិនធ្វើអន្តរាគមន៍។ សម្រាប់ពេលនេះ ច្បាស់ណាស់ថា ប្រទេសចិនកំពុង បន្តិចម្តងៗ កសាងជំហររបស់ខ្លួននៅមជ្ឈិមបូព៌ា ក្នុងការប្រកួតប្រជែងពិភពលោក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ