អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី លីស ឆេនី អ្នកប្រឆាំងលោកដូណាល់ត្រាំក្នុងបក្សសាធារណរដ្ឋ ត្រូវបាត់អាសនៈសភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី លីស ឆេនី (Liz Cheney) សមាជិកសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ តែ​ជា​អ្នក​ចេញមុខខ្លាំងជាងគេ ក្នុងការ​ប្រឆាំង​នឹង​លោក​​ដូណាល់ ត្រាំ ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ផ្ទៃក្នុងបក្ស ហើយ​ត្រូវ​បាត់បង់សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សភា​អាណត្តិថ្មី។ ទោះជាយ៉ាងណា លោកស្រី​បានអះអាង​ថា លោកស្រី​នឹង​មិន​បញ្ឈប់​ការ​ប្រឆាំងនឹង​លោក​ដូណាល់ ត្រាំ​នោះទេ ហើយ​ថា នឹង​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បី​រារាំង​មិន​ឲ្យ​លោក​ដូណាល់ ត្រាំ ត្រឡប់​មក​កាន់អំណាច​ជា​ប្រធានាធិបតី​សាជាថ្មី។

លោកស្រី លីស ឆេនី (Liz Cheney) សមាជិករដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អនុប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​ហេតុការណ៍​បះបោរ​នៅ​វិមាន​កាពីទូល ៦មករា២០២១
លោកស្រី លីស ឆេនី (Liz Cheney) សមាជិករដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អនុប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​ហេតុការណ៍​បះបោរ​នៅ​វិមាន​កាពីទូល ៦មករា២០២១ AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

លោកស្រី លីស ឆេនី គឺ​ជា​កូនស្រី​ច្បង​នៃ​​ត្រកូល​ “ឆេនី” ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជាត្រកូល​អ្នក​​​មាន​គំនិត​អភិរក្ស​និយម ហើយ​​​​មាន​ឥទ្ធិពល​មួយ នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។​ ឪពុក​របស់​លោកស្រី គឺ​លោក ឌិក ឆេនី (Dick Cheney) ធ្លាប់​ធ្វើ​ជា​សមាជិក​រដ្ឋសភា​ ៥អាណត្តិ មុននឹង​លាឈប់​ទៅ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ចច ប៊ូស ហើយ​ក្រោយ​មកទៀត បាន​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​លោក​ ចច ដាបិលយូ ប៊ូស។

លោកស្រី លីស ឆេនី ខ្លួនឯងផ្ទាល់ ក្នុងវ័យ ៥៦​ឆ្នាំ ធ្លាប់​ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​ចំនួន​ បី​អាណត្តិ​ជាប់ៗ​គ្នា​មកហើយ ចាប់តាំង​ពី​ឆ្នាំ២០១៦​មក មុននឹង​ត្រូវ​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ទៃក្នុងបក្ស កាល​ពីថ្ងៃ​អង្គារ ​ទល់​នឹង​បេក្ខជន ដែល​ជា​អ្នក​នយោបាយ​ជើងថ្មីម្នាក់ ក៏ប៉ុន្តែ ជាអ្នក​​គាំទ្រ​លោក​ដូណាល់ ត្រាំ ជាពិសេស គាំទ្រ​ការ​ចោទប្រកាន់​​ថាមានការ​លួចបន្លំសន្លឹកឆ្នោត ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០២០។ ការចោទប្រកាន់​ពី​ការ​លួចបន្លំ​សន្លឹកឆ្នោត ដែលនាំ​ទៅដល់​ការបះបោរ​ដោយ​អ្នក​គាំទ្រ​របស់​លោក​ដូណាល់ ត្រាំ នៅ​វិមាន​កាពីតូល កាល​ពីថ្ងៃទី៦ មករា ឆ្នាំ២០២១​កន្លងទៅ។

លោកស្រី លីស ឆេនី គឺ​ជា​ឥស្សរជន​ដ៏​កម្រ​​ម្នាក់​ក្នុង​គណបក្សសាធារណរដ្ឋ ដែល​ហ៊ាន​ចេញមុខ​រិះគន់​លោក​ដូណាល់ ត្រាំ ក្រោយ​ហេតុការណ៍​បះបោរ​នៅ​វិមាន​កាពីតូល។ លោកស្រី ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​តែ ១០​រូបគត់ ដែល​បាន​ចូលរួម​បោះឆ្នោត​ដក​តំណែង​លោក​ដូណាល់ ត្រាំ ហើយ​ក្រោយ​មក​ទៀត លោកស្រី​ក៏​ថែម​ទាំង​បាន​​ចូលរួម​ផងដែរ​ ​ក្នុង​គណៈកម្មការ​សភា ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​ការបះបោរ​នៅ​វិមាន​កាពីតូល ឬ​​​ហេតុការណ៍​៦មករា។

ទាំងនេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដោយ​លោក​ដូណាល់ ត្រាំ និង​អ្នកគាំទ្រ ដោយ​នៅមុននឹង​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ក្នុង​បក្ស​នេះ លោកស្រី លីស ឆេនី ក៏ធ្លាប់​បាន​បាត់បង់​តំណែង​ដ៏​សំខាន់​មួយរួចទៅហើយដែរ កាល​ពី​ពេល​កន្លងមក គឺ​តំណែង​ជា​មេដឹកនាំ​កំពូល​លំដាប់ទី៣ ក្នុងក្រុម​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​។

ថ្លែង​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោកស្រី លីស ឆេនី បាន​លើកឡើង​ថា លោកស្រីដឹង​ថា បើ​សិន​ជា​លោកស្រី​ហៃអើ​តាម​លោក​ដូណាល់ ត្រាំ ប្រាកដណាស់ថា លោកស្រី​​​នឹង​អាច​បន្ត​រក្សា​អាសនៈ​ជា​សមាជិក​រដ្ឋសភា​តទៅទៀត​ដោយ​គ្មាន​បញ្ហា ក៏ប៉ុន្តែ សម្រាប់​លោកស្រី អាសនៈ​សភា ឬ​ក៏​តំណែង​ណាផ្សេងទៀត​ក៏ដោយ វា​មិន​សំខាន់​ជាង​មនសិការ និង​ភាពត្រឹមត្រូវ​ដែល​លោកស្រី​ត្រូវ​ការពារ​នោះទេ។

សម្រាប់​លោកស្រី លីស ឆេនី លោកដូណាល់ ត្រាំ តាមរយៈ​ការ​ឃោសនា​ចោទប្រកាន់​ទាំងគ្មានភស្តុតាង​ពី​ការ​លួចបន្លំសន្លឹកឆ្នោត រហូត​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​វិមាន​កាពីតូល គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំមួយ ទៅដល់​លទ្ធិប្រជាធិបតេយ្យ។

ថ្លែងក្រោយ​ចេញលទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃអង្គារ លោកស្រី លីស ឆេនី បាន​លើកឡើង​ថា លោកស្រី​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​នេះមែន ក៏ប៉ុន្តែ លោកស្រី​នឹង​មិនបោះបង់​ការ​តស៊ូ​នោះទេ ហើយថា លោកស្រី​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់ ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​ធ្វើ​យ៉ាងណា រារាំង​លោក​ដូណាល់ ត្រាំ មិន​ឲ្យ​វិលត្រឡប់​មក​កាន់អំណាច​សាជាថ្មី​ម្តងទៀត​​ជាដាច់ខាត។

គួរបញ្ជាក់ថា គិតមកទល់នឹង​ពេលនេះ ថ្វីដ្បិត​តែ​នៅមិនទាន់​មាន​ការ​ប្រកាស​ជាផ្លូវការ​ណាមួយ​នៅឡើយ ក៏ប៉ុន្តែ គេនាំគ្នា​រំពឹង​ថា លោក​ដូណាល់ ត្រាំ អាច​នឹង​ត្រឡប់​មក​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ម្តងទៀត នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២៤​ខាងមុខ។

បណ្តា​អ្នកវិភាគជាច្រើន​នៅ​អាមេរិក យល់ឃើញ​ថា ក្រោយ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ កាល​ពីថ្ងៃ​អង្គារ លោកស្រី លីស ឆេនី ប្រហែល​ជា​កំពុងតែ​សំឡឹង​ឃើញ​ផ្លូវ​ផ្សេងមួយទៀត ដើម្បី​តទល់​ជាមួយ​នឹង​លោក​ដូណាល់ ត្រាំ គឺ​ត្រៀមខ្លួន​ឈរឈ្មោះ​ជា​បេក្ខជន​ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី។ ឬមួយ​ឈរឈ្មោះ​ប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី ក្នុង​គណបក្ស​សាធារណរដ្ឋ ជាមួយនឹង​លោក​ដូណាល់ ត្រាំ។ ឬ​មួយ​ចេញ​ពី​គណបក្ស​សាធារណរដ្ឋ ទៅឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​​ ដោយ​គ្មាន​គណបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ