អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោកដូណាល់ត្រាំអាចត្រូវចោទប្រកាន់ជុំវិញហេតុការណ៍ហិង្សានៅវិមានកាពីតូល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការស៊ើបអង្កេត ជុំវិញ​ហេតុការណ៍​អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ សម្រុកចូល​ក្នុង​វិមាន​កាពីតូល កាល​ពីថ្ងៃ​ទី៦ មករា ឆ្នាំ២០២១​កន្លងទៅ បាន​ឈាន​ទៅដល់​ការ​ចោទប្រកាន់ និង​កាត់ទោស​មនុស្ស​ជាច្រើន​រួចមកហើយ។ ក៏ប៉ុន្តែ នៅ​ក្នុងពេល​ដែល​ដំណើរការ​ស៊ើបអង្កេត​ចេះតែ​បន្តទៅមុខ ជាពិសេស ការបង្ហាញ​ឯកសារ និង​សាកសួរ​សាក្សី ដោយ​គណៈកម្មការ​សភា, គេឃើញ​ថា តួនាទី​របស់​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​ហេតុការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​​កាន់តែ​ច្បាស់ ហើយ​សំណួរ​ចម្បង​មួយ​ត្រូវ​ចោទឡើង​ថា តើ​លោក​ដូណាល់ ត្រាំ​ខ្លួនឯង​ផ្ទាល់​អាច​នឹង​ត្រូវ​រងនូវការ​ចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ ជុំវិញ​ហេតុការណ៍​នេះ​ដែរ​ឬ​ក៏​យ៉ាងណា?

អ្នកគាំទ្រ​លោកដូណាល់ ត្រាំ នៅក្នុងពេល​សម្រុកចូល​ទៅក្នុងវិមាន​កាពីតូល ថ្ងៃទី៦ មករា ២០២១
អ្នកគាំទ្រ​លោកដូណាល់ ត្រាំ នៅក្នុងពេល​សម្រុកចូល​ទៅក្នុងវិមាន​កាពីតូល ថ្ងៃទី៦ មករា ២០២១ REUTERS - Leah Millis
ផ្សាយពាណិជ្ជកម្ម

ជុំវិញហេតុការណ៍​ហិង្សា​នៅ​វិមាន​កាពីតូល ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា “ហេតុការណ៍៦មករា” អ្នកដែល​រិះគន់​លោក​ដូណាល់ ត្រាំ ច្រើនតែនាំគ្នាលើកឡើង អំពី​​ការ​ក្រាញអំណាច ឬ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ឬ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា...។ល។

ក៏ប៉ុន្តែ ការរិះគន់​ គឺ​ជា​រឿងមួយ ចំណែក​ការចោទប្រកាន់​ពីបទល្មើស​ព្រហ្មទណ្ឌ ​គឺ​ជា​រឿង​មួយផ្សេង ​ហើយវា​ជា​រឿង​ស្មុគស្មាញ។ រឹតតែស្មុគស្មាញ​ទៅទៀត នៅ​ក្នុងករណី​ចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី ដែល​ជា​រឿង​មិន​ធ្លាប់​មាន នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។

ប្រសិនបើ​ការចោទប្រកាន់​ទៅលើ​លោក​ដូណាល់​ ត្រាំ ត្រូវ​ធ្វើឡើង ដោយ​មិនមាន​សំណុំរឿង​រឹងមាំ​ទេនោះ វា​អាច​នឹង​ត្រូវ​គេ​មើលមកថា ជា​ការ​ចោទប្រកាន់​ដែល​មាន​លក្ខណៈនយោបាយ ជាពិសេស នៅពេល​ដែល​ការ​ចោទប្រកាន់​នោះ​ត្រូវបាន​ធ្វើឡើង នៅ​ក្រោម​រដ្ឋការ​របស់​លោក​បៃដិន ដែល​ជា​គូប្រជែង​របស់​លោក​ដូណាល់ ត្រាំ។

ជាទូទៅ កាលណា​និយាយ​ពី​ការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​របស់​លោក​ដូណាល់ ត្រាំ នៅ​ក្នុងហេតុការណ៍៦មករា គេច្រើន​តែលើកឡើង ពីបទល្មើស​ចំនួនពីរ៖ ទី១ ការរារាំង​ដំណើរការ​សភា​ (ក្នុងការ​ផ្តល់​សុពលភាព​ដល់​លទ្ធផលបោះឆ្នោត) និង​ទី២ ការញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​​ (នៅវិមាន​កាពីតូល)។

បើយើងពិនិត្យ​ទៅលើ​ហេតុការណ៍​ដែល​កើតឡើង យើងឃើញថា លោក​ដូណាល់​ ត្រាំ ពិតជា​បាន​ដាក់សម្ពាធ​ទៅលើ​​​អនុប្រធានាធិបតី​របស់​លោក​ គឺ​លោក Mike Pence ​ឲ្យ​ច្រានចោល​លទ្ធផលបោះឆ្នោត ហើយ​ការស៊ើបអង្កេត​ក៏​បាន​បង្ហាញ​ផងដែរ​ថា លោក​ដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ទៅលើអាជ្ញាធរ​រដ្ឋមួយចំនួន​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ជាមួយគ្នា ឲ្យ​ចេញមុខ​អះអាង​ថា មាន​ការ​លួចបន្លំសន្លឹកឆ្នោត ចំណែក​​មេធាវី​របស់​លោក​ដូណាល់ ត្រាំ ថែម​ទាំង​បាន​រៀបចំផងដែរ នូវគម្រោងការណ៍ ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​មោឃភាព​លទ្ធផលបោះឆ្នោត។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅថ្ងៃ​ទី៦មករា ថ្ងៃដែល​សភា​ប្រជុំ​ផ្តល់​សុពលភាព​លើ​លទ្ធផល​បោះឆ្នោត លោក​ដូណាល់ ត្រាំ​បាន​ធ្វើមិទ្ទិញ​ប្រមូលផ្តុំ​អ្នក​គាំទ្រ​របស់​លោក​នៅមុខ​សេតវិមាន ដោយ​​នៅក្នុងអំឡុងមិទ្ទិញនោះ ក្រៅពីបានលើកឡើង​ពី​ការ​លួចបន្លំសន្លឹកឆ្នោត លោក​ដូណាល់ ត្រាំ ក៏​បាន​ជំរុញ​ផងដែរ​ ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​នាំគ្នាធ្វើ​ដំណើរ​ទៅកាន់​វិមាន​កាពីតូល ដើម្បី​ទាមទារ​ឲ្យ​លោក​ Mike Pence ដែល​​តាម​រដ្ឋធម្មនុញ្ញ​​ត្រូវមាន​តួនាទី​ជា​ប្រធានព្រឹទ្ធសភា​និង​ជា​ប្រធានអង្គប្រជុំ ច្រានចោល​លទ្ធផល​បោះឆ្នោត។ ក្រោយ​ការលើកឡើង​របស់​លោក​ដូណាល់ ត្រាំ អ្នកគាំទ្រ​របស់​លោក​ពិតជា​បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​កាពីតូល ព្រមទាំង​​បាន​ប្រើ​ហិង្សា​សម្រុកចូល​ទៅ​ដល់​ខាងក្នុង រហូត​ធ្វើ​ឲ្យ​សភា​ត្រូវ​ផ្អាក​ការប្រជុំ។

ទាំងនេះ​ គឺ​ជា​ហេតុការណ៍ ដែល​ចង្អុល​បង្ហាញ​​ពី​បទល្មើស ហើយ​អាច​រាប់​ថា​ជា​​ធាតុផ្សំសត្យានុម័ត​នៃ​បទល្មើស។ ក៏ប៉ុន្តែ នេះ​ក៏​នៅមិនទាន់​គ្រប់គ្រាន់នោះដែរ។ ដើម្បីចោទប្រកាន់​ទៅលើ​លោក​ដូណាល់ ត្រាំ គឺ​ត្រូវមាន​ធាតុផ្សំ​ចម្បងមួយទៀត គឺ​ធាតុផ្សំ​អត្តនោម័ត គឺសំដៅទៅលើ​ចេតនា​ក្នុងការ​ប្រព្រឹត្តបទល្មើស។

តើការណ៍​ដែល​​លោក​ដូណាល់ ត្រាំ​ទាម​ទារ​មិន​ឲ្យ​ផ្តល់​សុពលភាព​លើ​លទ្ធផលបោះឆ្នោត គឺ​ដោយសារ​តែ​លោក​ជឿ​ដោយ​សុទ្ធចិត្ត​​​ថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ពិតមែន ឬ​ក៏​ដឹង​ដែរ​ថា គ្មានការ​លួចបន្លំទេ ក៏ប៉ុន្តែ នៅតែ​ទាមទារ ក្នុងចេតនា​ទុច្ចរិត ដើម្បី​​រារាំង​ការផ្តល់​សុពលភាពលទ្ធផលបោះឆ្នោត? តើ​​ការណ៍​ដែល​លោក​ដូណាល់ ត្រាំ ជំរុញ​ឲ្យ​អ្នក​គាំទ្រ​នាំគ្នា​ធ្វើ​ដំណើរ​ទៅកាន់​វិមាន​កាពីតូល គ្រាន់តែ​ជា​សេចក្តីថ្លែងការណ៍​នយោបាយ ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ ឬ​ក៏​ធ្វើ​ឡើង ក្នុងចេតនា​ឲ្យ​អ្នកគាំទ្រ​ទៅ​រារាំង​ដំណើរការ​ប្រជុំសភា​ពិតមែន?

កន្លងមក នេះ​គឺ​ជា​ចំណុចស្រពិចស្រពិល​មួយ នៅ​ក្នុង​ការ​កំណត់​បទល្មើស ដើម្បីអាច​ឈាន​ទៅ​ធ្វើការ​ចោទប្រកាន់​លោក​ដូណាល់ ត្រាំ ពីបទល្មើសព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ចម្លើយ​របស់​សាក្សី​ដ៏សំខាន់​មួយ នៅ​ក្នុង​សវនាការ​សាធារណៈ​របស់​គណៈកម្មការ​សភា កាល​ពីថ្ងៃ​ទី២៨មិថុនា​​កន្លងទៅ មាន​ចំណុច​សំខាន់​មួយ​ចំនួន ដែល​អាច​ឲ្យ​គេ​កំណត់​អំពី​ចេតនា​របស់​លោក​ដូណាល់ ត្រាំ។

សាក្សី ដែល​នៅពេល​កើតហេតុ គឺ​ជា​ជំនួយការ​នាយកខុទ្ទកាល័យ​របស់​លោក​ដូណាល់ ត្រាំ បាន​លើកឡើង​ថា នៅ​ក្នុង​អំឡុង​មិទ្ទិញ ថ្ងៃ​ទី៦​មករា​នោះ លោក​ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​គេ​ដក​ឧបករណ៍​ត្រួតពិនិត្យ​អាវុធ​លើ​អ្នក​គាំទ្រ​របស់​លោក ដោយ​បានលើកឡើង​ថា លោក​មិនខ្វល់​ថា​ពួកគេ​មាន​អាវុធ​ឬ​ក៏​អត់នោះទេ ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត នៅក្រោយ​មិទ្ទិញ លោក​ដូណាល់ ត្រាំ បាន​ទទូច​ចង់​ធ្វើ​ដំណើរ​ទៅកាន់​វិមាន​កាពីតូល​ដោយ​ផ្ទាល់​ខ្លួនឯង ដោយ​ថែម​ទាំង​មាន​ការប្រទូសរ៉ាយគ្នា​នៅក្នុងរថយន្តទៀតផង នៅពេល​ដែល​ក្រុម​អង្គរក្ស​មិន​ព្រម​ជូនលោក​ទៅ​វិមាន​កាពីតូល។

ទាំងនេះ អាច​ជា​តម្រុយ​បង្ហាញ​​ថា នៅពេល​លោក​ដូណាល់ ត្រាំ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ធ្វើ​ដំណើរ​ទៅវិមាន​កាពីតូល គឺ​ធ្វើ​ឡើង ក្នុងចេតនា​ចង់ឲ្យ​ពួកគេ​ធ្វើ​ដំណើរទៅមែន ដោយ​មិនខ្វល់​ថា ពួកគេ​អាច​មាន​អាវុធ អាច​នឹង​បង្ក​ឲ្យ​មាន​ហិង្សា​នៅទីនោះ។

ជាការពិតណាស់ថា ទាំងនេះ​មិនប្រាកដ​ថា គ្រប់គ្រាន់​អាច​កំណត់​ពិរុទ្ធភាព​របស់​លោក​ដូណាល់ ត្រាំ​បាន​នោះទេ ក៏ប៉ុន្តែ វា​អាច​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ ពីព្រោះ​ថា ជាទូទៅ ការចោទប្រកាន់​អាច​ធ្វើឡើង​បាន ​នៅពេលដែល​មាន​តម្រុយ​ដែល​អាច​ជឿ​បាន​ថា​មាន​បទល្មើស រីឯពិរុទ្ធភាព គឺ​កំណត់​នៅ​ក្នុង​ដំណាក់កាល​ជំនុំជម្រះ។

ទោះជាយ៉ាងណា ការ​ចោទប្រកាន់ ឬ​មិនចោទប្រកាន់​លោក​ដូណាល់ ត្រាំ គឺ​ស្ថិត​នៅលើ​រដ្ឋអាជ្ញា និង​ក្រសួង​យុត្តិធម៌​អាមេរិក ដែល​ជា​អ្នក​​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ