អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

OMS/WHO៖ ថ្នាំជក់​ ជាថ្នាំពុល​ដ៏គ្រោះថ្នាក់​បំផុត ដល់​ជីវិត​មនុស្ស និង​ភពផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាំជក់ គឺជាថ្នាំពុលដ៏គ្រោះថ្នាក់បំផុត មក​លើជីវិតមនុស្សយើង ព្រមទាំងទៅលើភពផែនដីផងដែរ។ នេះគឺជាការលើកឡើង នៅក្នុងរបាយការណ៍​មួយ របស់​អង្គការសុខភាពពិភពលោក ចេញផ្សាយ​កាលពីថ្ងៃទី​៣១ឧសភា​​​​។​ មិនត្រឹមតែបង្កហានិភ័យ បំផ្លាញសុខភាពមនុស្សប៉ុណ្ណោះទេ ថ្នាំជក់បានជះផលអាក្រក់ជាច្រើន ទៅលើ​បរិស្ថានធម្មជាតិ តាមរយៈកាកសំណល់សារធាតុពុល​ ការបញ្ចេញឧស្ម័នកាបូនិក ព្រមទាំង​ការបង្ហិន​ទឹកស្អាត ដែលជាប្រភពចាំបាច់នៃជីវិត។

ស្ត្រី​ពលករកំពុងអង្គុយ​រៀបសន្លឹកថ្នាំជក់ នៅតំបន់​ Harare ប្រទេសហ្សីមបាវ៉េ ថ្ងៃទី​ ៩ មេសា ២០២២
ស្ត្រី​ពលករកំពុងអង្គុយ​រៀបសន្លឹកថ្នាំជក់ នៅតំបន់​ Harare ប្រទេសហ្សីមបាវ៉េ ថ្ងៃទី​ ៩ មេសា ២០២២ AP - Tsvangirayi Mukwazhi
ផ្សាយពាណិជ្ជកម្ម

ឧស្សាហកម្មថ្នាំជក់ គឺជាអ្នកបំពុលបរិស្ថានដ៏ធំបំផុតមួយ នៅក្នុងពិភពលោកយើង។ នេះគឺជាការលើកឡើង របស់​លោក Rudiger Krech ប្រធានផ្នែកលើកកំពស់សុខភាព នៃអង្គការសុខភាពពិភពលោក ដែលបានធ្វើបទបង្ហាញ អំពីរបាយការណ៍ស្តីពីគ្រោះថ្នាក់ នៃថ្នាំជក់។ របាយការណ៍ ដែលមានឈ្មោះថា “ថ្នាំជក់ ថ្នាំបំពុលពិភពលោក” គឺជាការស្រាវជ្រាវ សន្និដ្ឋាន ស្តីអំពី​ផលប៉ះពាល់ផ្នែកបរិស្ថាន បង្កឡើងដោយវិស័យឧស្សាហកម្មថ្នាំជក់ទាំងមូលតែម្តង ដោយរាប់ចាប់តាំងពី ការដាំដំណាំថ្នាំជក់ ការផលិតបារី ព្រមទាំងការជក់ និងកាកសំណល់បារី ចោលទៅក្នុងធម្មជាតិ​។

ការដាំដំណាំថ្នាំជក់ គឺជាប្រភពបង្កឲ្យ​មានការកាប់ដើមឈើ ចំនួនយ៉ាងហោច ៦០០លានដើម ជាមធ្យម ជារៀងរាល់ឆ្នាំ។ ទន្ទឹមគ្នានេះទៀត ជាមួយនឹងផ្ទៃដី​ដំណាំថ្នាំជក់ សរុបទាំងអស់ប្រមាណ ២សែនហិកតា គឺវាត្រូវការ​ទឹកស្រោចស្រពចំនួន ២ម៉ឺនលាន​តោន​ក្នុងមួយឆ្នាំ។ បន្ថែមពីនេះ ឧស្សាហកម្ម​ថ្នាំ​ជក់ បញ្ចេញ​ឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស ចំនួន ៨១លាន​តោន​។

ផលិតផល​ថ្នាំជក់ បានបង្កើតជាកាកសំណល់ច្រើនប្រភេទណាស់ ដែលគេចោលទៅក្នុងធម្មជាតិ រាប់ទាំង​កន្ទុយបារី ព្រមទាំងសំបក​​វេចខ្ចប់​ជាដើម។​ យោងតាមលោក Rudiger Krech ក្នុងកាកសំណល់​បារី មានសារធាតុគីមី ចំនួន​​៧០០០​មុខ​ផ្សេងគ្នា ហើយ​នៅពេល​​កាកសំណល់​ទាំងនេះ អណ្តែត​ចូលទៅ​ដល់​បណ្តាញទឹកស្អាត គឺវា​បាន​បំពុល​គុណភាពទឹក។ ជារៀងរាល់ឆ្នាំ មានកន្ទុយបារី ចំនួន ៤៥០ម៉ឺនលានកន្ទុយ ដែលត្រូវគេចោលទៅក្នុងធម្មជាតិ ហើយត្រឹម​កន្ទុយ​បារី​តែមួយ វាអាច​បំពុល​ទឹកស្អាត ចំនួន​១០០លីត្រជាមធ្យម។

ផលវិបាកមកលើសុខភាព បណ្តាលមកពីថ្នាំជក់ មិន​មាន​តែទៅ​លើ​​អ្នក​ជក់​ប៉ុណ្ណោះទេ ។ មួយភាគ៤ នៃប្រជាជនដែលប្រកប​របរ​ដាំដំណាំ​ថ្នាំជក់ បាននឹង​កំពុង​​ប្រឈម​ជាមួយជំងឺមួយចំនួន​ បណ្តាលមកពី​ថ្នាំជក់បៃតង។ ពោលគឺជា​ជំងឺបង្កឡើងដោយ​សារ​ធាតុនីកូទីន ដែលជាប់លើស្បែក​របស់ពួកគេ។ ដោយប៉ះពាល់ផ្ទាល់ ជាមួយស្លឹកថ្នាំជក់ជាប្រចាំ គឺមនុស្សនោះបានស្រូប​យកសារធាតុ​នីកូទីន ប្រៀបស្មើនឹងការជក់បារី ៥០ដើម ក្នុងមួយថ្ងៃ។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតនោះ គឺ​មានកុមារជាច្រើន ដែលធ្វើការនៅ​ក្នុង​​របរ​ដំណាំថ្នាំជក់។ ដូច្នេះ គួរស្រមៃទៅមើល នៅពេល​ក្មេងអាយុ ១០-១២ឆ្នាំម្នាក់ ជក់បារីមួយថ្ងៃ៥០ដើម តើសុខភាពគ្នា​នឹងជួប​បញ្ហាអ្វីខ្លះ​ទៅថ្ងៃក្រោយ?

យោងតាមរបាយការណ៍​របស់អង្គការ​សុខភាព​ពិភពលោក ជាទូទៅដំណាំថ្នាំជក់ តែងតែត្រូវគេដាំ នៅតាមប្រទេស​ក្រីក្​រភាគច្រើន ហើយនៅតាម​ប្រទេស​ទាំងនោះ ជាទូទៅ ទឹកស្អាត ក៏ដូចជា​ផ្ទៃដី​កសិកម្មល្អ តែងតែខ្វះខាត។ ដូច្នេះ​ការដាំដំណាំថ្នាំជក់ បានធ្វើរួញ​​ខើចដល់​ផ្ទៃដី​កសិកម្ម សម្រាប់​ដំណាំ​ស្បៀង​អាហារដ៏សំខាន់ផ្សេងទៀត​ ហើយបានស្រូបយកទឹក​ ពីការប្រើប្រាស់ចាំបាច់​ផ្សេងទៀតដែរ។ ការកាប់បំផ្លាញព្រៃឈើ​នៅទូទាំងពិភពលោក​ ៥% គឺធ្វើឡើង​ ​ដើម្បីយកផ្ទៃដី​​ទៅ​​ដាំដំណាំ​ថ្នាំជក់។

ការដឹកជញ្ជូន និងការកែច្នៃថ្នាំជក់ ក៏ជាកត្តាមួយចូលរួមចំណែកផងដែរ ក្នុងការបញ្ចេញឧស្ម័ន​កាបូនិក​ទៅក្នុង​​បរិយាកាស។​ បើប្រៀបធៀប​ទៅនឹង​វិស័យដឹកជញ្ជូនផ្លូវអាកាស គឺមានទំហំប្រមាណ ១ភាគ៥។ មិនត្រឹមតែប៉ុណ្ណោះ ផលិតផលកែច្នៃ​ផ្សេងៗ ជុំវិញថ្នាំជក់ ដែលមានដូចជាបារី បារីគ្មានផ្សែង ព្រមទាំងបារីសាកថ្មជាដើម គឺបាន​ចូលច្រើន​បង្កើន​ឲ្យ​មាន​កាកសំណល់ប្លាស្ទិក នៅទូទាំងពិភពលោក។ នៅក្នុង​ស្រទាប់តម្រងបារី គឺមានផ្សំដោយកំទិចមីក្រូប្លាស្ទិក ដែល​បន្ទាប់​មកបាន​អណ្តែតចូលទៅក្នុងទឹកសមុទ្រ បំផ្លាញប្រព័ន្ធជីវច​ម្រុះ។ មីក្រូប្លាស្ទិកបារី គឺជាប្រភពដ៏ធំទី​២នៃមីក្រូប្លាស្ទិក នៅទូទាំងពិភពលោក។

ថ្វីបើក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់​ បានអះអាងថា​ស្រទាប់តម្រង​ប្លាស្ទីក ដែលមាន​​នៅក្នុង​កន្ទុយ​បារីនេះ វាអាចជួយ​ការពារសុខភាពអ្នកជក់ក៏ដោយ តែធាតុពិត គឺវាមិនមានភស្តុតាងមកបញ្ជាក់ទេ ថាវាពិតជាមានអត្ថប្រយោជន៍ ​ការពារសុខភាពអ្នក​ជក់មែននោះ។ អង្គការសុខភាព​ពិភពលោក បាន​អំពាវនាវឲ្យថ្នាក់ដឹកនាំនយោបាយ នៅទូទាំងពិភពលោក ត្រូវតែចាត់ទុក​ ស្រទាប់​តម្រងប្លាស្ទិក​ក្នុង​កន្ទុយបារី ​ឲ្យដូចជា​ប្លាស្ទិក​ដែលប្រើម្តងបោះចោល ហើយដែលត្រូវហាម​ឃាត់​ការ​ប្រើប្រាស់វា។

វាជារឿងគួរឲ្យសោកស្តាយណាស់ ខណៈដែល​ឧស្សាហកម្មផលិតបារី កើបប្រមូលប្រាក់ចំណេញ តែរដ្ឋទៅវិញដែលត្រូវចំណាយ​ប្រាក់ បោសសំអាតបរិស្ថាន ប្រមូលកន្ទុយបារី ដោយ​​ប្រើ​​ថវិកា​​ដែល​ប្រមូលបាន​ពី​ពន្ធអាករ របស់​ប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍ រដ្ឋាភិបាលចិន បានចំណាយប្រាក់ប្រមាណ​​២៦០០លានដុល្លារ​ក្នុងមួយឆ្នាំ ដើម្បី​កំទេច សំអាតកាកសំណល់ផ្សេងៗ ដែលកើតចេញពី​ផលិតផលថ្នាំជក់។ នៅឥណ្ឌាវិញ ការចំណាយរបៀបនេះ មានទំហំស្មើនឹង ៧៦៦លានដុល្លារ រីឯប្រេស៊ីល និងអាល្លឺម៉ង់ ចំណាយ​ប្រមាណ​២០០លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បី​កំទេចកាកសំណល់ថ្នាំជក់។

អង្គការសុខភាពពិភពលោក បាន​ក្រើនរំលឹក ឲ្យ​ប្រទេសទាំងអស់ យកគម្រូ តាមប្រទេសមួយចំនួន ដូចជាបារាំង និង​អេស្ប៉ាញជាដើម ដែលបាន​អនុវត្តគោលការណ៍ “អ្នកបំពុល ត្រូវតែជាអ្នកចំណាយ”។ តាមរយៈគោលការណ៍នេះ រដ្ឋយកពន្ធខ្ពស់លើ​តម្លៃថ្នាំជក់ តម្លៃបារី ហើយ​អ្នកជក់ម្នាក់ៗ ត្រូវតែមានការទទួលខុសត្រូវ ដឹងពីទំហំនៃផលអវិជ្ជមានទៅលើសុខភាពខ្លួន និង​ទៅលើបរិស្ថានទាំងមូល ហើយត្រូវតែចូលរួមចំណាយ​ប្រាក់សងប៉ះប៉ូវ។ ទន្ទឹមគ្នានេះដែរ លោក Rudiger Krech រំពឹងចង់ឃើញ ក្រុមហ៊ុន​ឧស្សាហកម្មថ្នាំជក់ ចូលរួមទទួលខុសត្រូវផ្នែកថវិកាឲ្យ​បាន​ច្រើន សមរម្យ​ទៅនឹង​ទំហំ​នៃ​ផលប៉ះពាល់ ដែលបង្ក​ឡើ​ងដោយ​​ជំនួ​ញរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ