អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើគេអាចបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងសុន្ទរកថា​តាមវីដេអូ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. កាល​ពីថ្ងៃ​អង្គារ៥មេសា លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ​បាន​រិះគន់​ក្រុមប្រឹក្សា​សន្តិសុខ​​ថា មិនមាន​សមត្ថភាព​ក្នុងការ​រក្សា​សន្តិសុខ​​របស់​ប្រទេស​ជា​សមាជិក​អ.ស.ប ហើយ​ថា ការឈ្លានពាន​ និង​ឧក្រិដ្ឋកម្ម​​ទៅលើ​អ៊ុយក្រែន​ត្រូវ​បាន​ធ្វើឡើង​ដោយ​​មហាអំណាច​​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ខ្លួនឯងផ្ទាល់។ ហេតុដូច្នេះហើយ​បាន​ជា​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ទាមទារ​ឲ្យ​បណ្តេញ​រុស្ស៊ី​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ។ តើ​នេះ​ជារឿង​ដែល​អាច​ទៅរួចដែរឬទេ?

លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថ្លែង​សុន្ទរកថាតាមវីដេអូ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. ថ្ងៃទី៥ មេសា ២០២២
លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថ្លែង​សុន្ទរកថាតាមវីដេអូ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. ថ្ងៃទី៥ មេសា ២០២២ AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងធម្មនុញ្ញ​អង្គការសហប្រជាជាតិ​មិនមាន​កន្លែងណា​មួយ ដែល​ចែង​អំពី​យន្តការ​បណ្តេញ​ប្រទេស​សមាជិក​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ គឺ​មានតែ​ការ​​ចែង​អំពី​ការ​បណ្តេញ​​សមាជិកចេញ​ពី​អង្គការសហប្រជាជាតិ​​ទាំងស្រុង។

យោងតាម​មាត្រា ៦ ប្រទេស​សមាជិក​ដែល​រំលោភបំពាន​ទៅលើ​គោលការណ៍​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ អាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​អង្គការ​សហប្រជាជាតិ​ដោយ​មហាសន្និបាត ទៅតាម​ការស្នើ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

គោលការណ៍​ជាមូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ១ និង​មាត្រា ២ គឺ​រួមមាន​ជាអាទិ៍ ការ​ហាមឃាត់​ការប្រើ​កម្លាំងទ័ព ឬ​គំរាមប្រើ​កម្លាំងទ័ព ដោយ​ប្រទេស​សមាជិកណាមួយ​ បំពាន​ទៅលើ​ឯករាជ្យ ឬ​បូរណភាពទឹកដី​របស់​រដ្ឋ​ជាសមាជិកណាមួយផ្សេងទៀត។

ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាច​រាប់បញ្ចូល​ជា​ការ​ប្រើ​កម្លាំងទ័ព បំពាន​ទៅលើ​ឯករាជ្យ និង​បូរណភាពទឹកដី​របស់​អ៊ុយក្រែន។ ដូច្នេះ ជាគោលការណ៍​​ មហាសន្និបាត​ (ប្រទេស​ជាសមាជិក​ទាំង ១៩៣) អាច​បោះឆ្នោត​បណ្តេញ​រុស្ស៊ី​ចេញ​ពី​សមាជិក​អង្គការ​សហប្រជាជាតិ​បាន ដោយ​ការ​បោះឆ្នោត​នេះ​ត្រូវ​ធ្វើ​ឡើង តាមរយៈ​សំឡេងភាគច្រើន​ពីរភាគបី (មាត្រា ១៨)។

ក៏ប៉ុន្តែ ការបោះឆ្នោត​បណ្តេញ​ប្រទេស​សមាជិក​នេះ មិន​អាច​ធ្វើឡើង​ទៅតាម​ការ​ផ្តួចផ្តើម​គំនិត​របស់​មហាសន្និបាត​​ដោយ​ខ្លួនឯងនោះទេ។ ​ទាល់តែមាន​​​ការស្នើ​ពី​ក្រុមប្រឹក្សា​សន្តិសុខ ទើប​មហាសន្និបាត​អាច​យក​មក​បោះឆ្នោត​អនុម័ត​បាន​ ហើយ​ការស្នើ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​​ត្រូវ​ធ្វើឡើង​ដោយសំឡេងភាគច្រើន ៩សំឡេង ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​ទាំង ១៥ ហើយ​ដោយ​គ្មាន​ការជំទាស់​ពី​​ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥។

ដូច្នេះ នៅ​ក្នុង​ការ​អនុវត្តជាក់ស្តែង គ្រប់ប្រទេស​ទាំងអស់​​អាច​ត្រូវ​បណ្តេញ​ចេញ​ពី​សមាជិក​អង្គការ​សហប្រជាជាតិ លើកលែងតែ​ប្រទេស​សមាជិកអចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​សិទ្ធិវ៉េតូ ហើយ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិកអចិន្រ្តៃយ៍​​​ដែលមាន​សិទ្ធិពិសេសនេះ គឺ​មាន​រុស្ស៊ី រួមជាមួយ​នឹង​ប្រទេស ៤ផ្សេងទៀត គឺ​អាមេរិក ចិន បារាំង និង​អង់គ្លេស។​ ដូច្នេះ បើ​រុស្ស៊ី​មិន​ស្ម័គ្រចិត្ត​ដកខ្លួន​ចេញ​ដោយ​ខ្លួនឯងទេនោះ ការបណ្តេញ​រុស្ស៊ី​ចេញ​ពី​សមាជិក​អង្គការ​សហប្រជាជាតិ គឺ​ជារឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួចនោះទេ។

ជម្រើសមួយទៀត ដែល​​ធ្លាប់​ត្រូវបាន​អ្នក​ខ្លះ​ចោទសួរដែរ គឺ​​​ផាត់រុស្ស៊ី​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ តាមរយៈ​ការ​រុះរើ​ឡើងវិញ​ទាំងស្រុង​នូវ​សមាសភាព​​របស់​ក្រុមប្រឹក្សាសន្តិសុខ។

ក្រុមប្រឹក្សា​សន្តិសុខ​មាន​សមាជិក​ ១៥ប្រទេស ដោយ​នៅ​ក្នុង​ចំណោម​នោះ សមាជិក​ចំនួន ១០ ជា​សមាជិក​មិន​អចិន្រ្តៃយ៍ ជ្រើសរើស​​តាមរយៈ​​ការ​បោះឆ្នោត​ដោយ​មហាសន្និបាត សម្រាប់​អាណត្តិ ២ឆ្នាំ ចំណែក​ប្រទេស ៥ទៀត ជា​សមាជិក​អចិន្រ្តៃយ៍ ហើយ​បញ្ជីឈ្មោះ​ប្រទេស​សមាជិកអចិន្រ្តៃយ៍​ទាំង ៥នេះ មាន​ចែង​នៅ​ក្នុង​មាត្រា ២៣ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។

ប្រសិនបើ​គេ​ចង់​ផ្លាស់ប្តូរសមាសភាព​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ គេ​ចាំបាច់​ត្រូវតែ​ធ្វើ​វិសោធនកម្ម​មាត្រា ២៣​ ហើយ​​រាល់​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ អាច​ធ្វើ​ទៅបាន ទាល់តែ​មាន​ការ​អនុម័តដោយ​សំឡេង​ពីរភាគបី​​នៅ​ក្នុង​មហាសន្និបាត ហើយ​ត្រូវ​ទទួល​បាន​នូវ​​ការផ្តល់សច្ចាប័ន​ដោយ​ប្រទេស​ពីរភាគបី ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង ១៩៣ ដោយ​ក្នុង​ចំណោម​នោះ ចាំបាច់​ត្រូវតែ​មាន​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ (មាត្រា ១០៨)។ អ្វីៗ​ត្រូវ​ត្រឡប់​មក​ចំណុច​ដើមដដែលវិញ គឺ សិទ្ធិវ៉េតូ​របស់​​ប្រទេស​ទាំង ៥ ជា​សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សា​សន្តិសុខ។

ដូច្នេះ សរុបជារួមមកវិញ ការបណ្តេញ​រុស្ស៊ី​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ចេញ​ពី​អង្គការ​សហប្រជាជាតិ វា​គឺ​ជារឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួចនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ