អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ៊ុយក្រែន​ មាន​សិទ្ធិ​ផ្សព្វផ្សាយ​រូបភាព​របស់​ទាហាន​រុស្ស៊ី ដែល​ជា​ចំណាប់​ខ្មាំង​សង្គ្រាម​​ ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយការ​ផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី​២៤កុម្ភៈមក គេបានសង្កេតឃើញ មានការផ្សព្វផ្សាយ​យ៉ាងព្រោងព្រាតតាមបណ្តាញសង្គម នូវរូបភាព ជារូបថតនិង​វីដេអូ របស់ទាហានរុស្ស៊ី ដែល​ត្រូវបាន​ភាគីអ៊ុយក្រែនចាប់ខ្លួនបាន​។ រូបភាពភាគច្រើន មិនបង្ហាញឲ្យ​ឃើញនូវការធ្វើទារុណកម្ម ឬសកម្មភាពធ្វើបាបដើម្បីសងសិក ពីសំណាក់ភាគីអ៊ុយក្រែនទៅលើទាហានរុស្ស៊ីឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការយកអាសារ ពីសំណាក់ជនជាតិអ៊ុយក្រែន ចំពោះទាហានចំណាប់ខ្មាំងរុស្ស៊ី ដែលភាគច្រើន​មានវ័យក្មេងៗ ហើយដែលខ្លះបាន​អះអាងថា​ ត្រូវគេកេណ្ឌឲ្យ​មកធ្វើសង្គ្រាម ដោយ​បង្ខំថែមទៀតផង។ ទោះជាយ៉ាងនេះក្តី សួរថាតើអ៊ុយក្រែន មានសិទ្ធិផ្សព្វផ្សាយ​រូបភាពចំណាប់ខ្មាំងរុស្ស៊ី​ទាំងនោះដែរឬទេ?

ទាហានរុស្ស៊ីដែលភាគីអ៊ុយក្រែន បានចាប់ខ្លួនបាន និង​បានតម្រូវឲ្យធ្វើសន្និសីទកាសែត នៅទីស្នាក់ការទីភ្នាក់ងារព័ត៌មាន Interfax ក្នុងទីក្រុងកៀវ ថ្ងៃទី ៥ មីនា ២០២២
ទាហានរុស្ស៊ីដែលភាគីអ៊ុយក្រែន បានចាប់ខ្លួនបាន និង​បានតម្រូវឲ្យធ្វើសន្និសីទកាសែត នៅទីស្នាក់ការទីភ្នាក់ងារព័ត៌មាន Interfax ក្នុងទីក្រុងកៀវ ថ្ងៃទី ៥ មីនា ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញពីជនជាតិអ៊ុយក្រែន ជួយយកអាសារ ហុចទឹកហុចចំណី​ ឲ្យ​ទាហានរុស្ស៊ីបរិភោគ បានទទួល​ការចាប់អារម្មណ៍ជាខ្លាំងនៅតាមបណ្តាញសង្គម។ បណ្តាញព័ត៌មានធំៗខ្លះ ក៏បានយកទៅផ្សព្វផ្សាយ​បន្តផងដែរ ដើម្បីបង្ហាញពីទឹកចិត្តមនុស្សធម៌របស់ភាគីអ៊ុយក្រែន បើទោះបីជាត្រូវកងទ័ពរុស្ស៊ី​ វាយ​ប្រហារឈ្លានពាន។ នេះគឺជាយុទ្ធនាការឃោសនាមួយ​ ដ៏មានប្រសិទ្ធភាព ពីសំណាក់ភាគីអ៊ុយក្រែន ដើម្បី​ឲ្យ​ពិភពលោក​បានដឹងថា ទោះខ្លួនរងគ្រោះ ដោយ​ការឈ្លានពាន​របស់រុស្ស៊ី តែខ្លួន​នៅតែរក្សាទឹកចិត្តមនុស្សធម៌ជានិច្ច។

ក្នុង​វីដេអូខ្លះ ភាគីអ៊ុយក្រែន បានសួរនាំអត្តសញ្ញាណ ទីកន្លែងរស់នៅរបស់ទាហានចំណាប់ខ្មាំងជនជាតិរុស្ស៊ី និងខ្លះទៀត បានហុចទូរស័ព្ទឲ្យទាហានរុស្ស៊ី និយាយទាក់ទងប្រាប់សុខទុក្ខ ទៅ​ក្រុមគ្រួសារ ដែលរស់នៅ​ប្រទេសរុស្ស៊ី។ ក្នុងរូបថត និងវីដេអូទាំងនោះ បង្ហាញឲ្យ​ឃើញ​នូវចំណាប់ខ្មាំង ដែលជាទាហានរុស្ស៊ី មានវ័យ​ខ្លះមិនដល់​២០ឆ្នាំផងទេ។ ខ្លះអះអាងថាខ្លួនគ្មានសម្ភារៈការពារខ្លួនគ្រប់គ្រាន់ឡើយ ហើយខ្លះទៀត អះអាងថាមិនបានដឹងមុន ថាត្រូវ​ថ្នាក់លើបញ្ជូន​ឲ្យ​មក​ធ្វើសង្គ្រាម​នៅអ៊ុយក្រែនទេ​ ​ព្រោះគេកុហកថាត្រឹមធ្វើការ​ហ្វឹកហាត់ប៉ុណ្ណោះ​។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ​ច្បាប់អន្តរជាតិ កំពុងតែ​ចោទសួរ ថាដែល​ភាគីអ៊ុយក្រែន ផ្សព្វផ្សាយ​រូបភាព បង្ហាញអត្តសញ្ញាណចំណាប់ខ្មាំងទាហានរុស្ស៊ីទាំងនេះ គឺជាទង្វើត្រឹមត្រូវឬខុស?

មាត្រា១៣ នៃសន្ធិសញ្ញាក្រុងហ្សឺណែវ

ការគោរពភាពថ្លៃថ្នូរ បូរណភាពបុគ្គល និង​ស្មារតី ព្រមទាំងសិទ្ធិទទួលបាន​ការគាំព៌ាព្យាបាល របស់ចំណាប់ខ្មាំងសង្គ្រាម គឺជាត្រូវបាន​ការពារដោយសន្ធិសញ្ញាក្រុងហ្សឺណែវទី៣ ចុះឆ្នាំ​១៩៤៩ ហើយ​ដែល​មាន​គណកម្មាធិការអន្តរជាតិកាកបាតក្រហម CICR ជាអ្នកធានាការគោរព។ មាត្រា១៣ នៃសន្ធិសញ្ញានេះ បាន​ចែងថា ចំណាប់ខ្មាំងសង្គ្រាម ត្រូវតែទទួលបាន​ការការពារទាំងស្រុង គ្រប់​ពេល​វេលា តួយ៉ាង ការពារ​ប្រឆាំងនឹង​ការប្រើប្រាស់​​អំពើហិង្សា ឬ អំពើគំរាមសំឡុត ការពារប្រឆាំងនឹង​ការជេរប្រមាថ និងការពារពីការចង់ដឹងចង់ឮ របស់​មនុស្សទូទៅ។

ចំណាប់ខ្មាំងម្នាក់ៗ មានកាតព្វកិច្ចឲ្យ​ត្រឹមតែឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឋានន្តរសក្តិ និង​លេខ​សំគាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ គេមិនអាចជជីកសួរ ព័ត៌មានផ្សេងទៀត ឲ្យ​លើសពីនេះបានទេ។ នេះបើផ្អែកតាម​ការអះអាង របស់​លោកស្រី Cordula Droege មន្ត្រីដឹកនាំផ្នែកច្បាប់ នៅ​គណកម្មាធិការអន្តរជាតិ​កាកបាតក្រហម។ សម្រាប់លោកស្រី ការដែល​ភាគីអ៊ុយក្រែន បង្ខំឲ្យទាហានរុស្ស៊ី និយាយហូរហែរ សារភាព បង្ហាញការសោកស្តាយ​ដែលមកធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយថតសម្តី​ទាំងនេះផ្សព្វផ្សាយ​តាមបណ្តាញសង្គម គឺវាអាចត្រូវបានចាត់ទុកថាជាអំពើមួយមិនត្រឹមត្រូវ។

ដូចគ្នាដែរ លោកស្រី ​Joanne Kirkham អ្នកស្រាវជ្រាវច្បាប់ ផ្នែកសង្គ្រាម​ប្រដាប់អាវុធ នៅសកលវិទ្យាល័យ Paris Panthéon-Assas បាន​លើកឡើងថា ការផ្សព្វផ្សាយរូបភាព របស់​ចំណាប់ខ្មាំងតាមបណ្តាញសង្គម គឺជាការបំពាននឹងមាត្រា១៣នៃសន្ធិសញ្ញាក្រុងហ្សឺណែវ ទោះជារូបភាពដែលគេផ្សព្វផ្សាយនោះ មិនបានបង្ហាញឲ្យ​ឃើញ​ថាចំណាប់ខ្មាំង ត្រូវគេធ្វើបាបក៏ដោយ។ មាត្រា១៣នៃសន្ធិសញ្ញានេះ​ មានខ្លឹមសារការពារចំណាប់ខ្មាំង​ ពី « ការចង់ដឹងចង់ឮ » របស់មនុស្សទូទៅ។ ដូច្នេះបើតាមផ្លូវច្បាប់ គឺគ្រប់ភាគីត្រូវតែឈប់ផ្សព្វផ្សាយ ចែករំលាយ​រូបភាពចំណាប់ខ្មាំង នៅតាមបណ្តាញសង្គមតទៅទៀត។

ទាហានរដ្ឋាភិបាល ទាហានស្ម័គ្រចិត្ត និង​ប្រជាតស៊ូ

យោងតាមអ្នកជំនាញ សង្គ្រាមនៅអ៊ុយក្រែន គឺមានលក្ខណៈគ្រប់គ្រាន់ អាចចាត់ទុកបានថាជាសង្គ្រាម​ប្រដាប់អាវុធអន្តរជាតិ ពោលគឺរវាងប្រទេសនឹងប្រទេស។ នៅក្នុង​ករណី​សង្គ្រាម​ប្រដាប់អាវុធអន្តរជាតិបែបនេះ កងទាហាន​របស់​រដ្ឋាភិបាល​ ដែលជាគូភាគីទាំងសងខាង គឺស្ថិតនៅក្នុង​​វិធានច្បាប់អន្តរជាតិ​ ដែលកំណត់អំពី​ការពារ​ចំណាប់ខ្មាំងសង្គ្រាម ទាំងអ្នកដែលបំពាន ទាំងអ្នករងគ្រោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីខ្លះ ក្រុមកងកម្លាំងផ្សេងទៀត ដែលមិនមែនជាងកងទាហានផ្លូវការ តួយ៉ាងដូចជាទាហានស្ម័គ្រចិត្ត ឬក្រុម​ប្រជាតស៊ូជាដើម ដែលចូលរួមប្រយុទ្ធដែរនោះ ក៏អាចត្រូវរាប់បញ្ចូល ទៅក្នុង​វិធានច្បាប់ការពារ​ចំណាប់ខ្មាំងសង្គ្រាមដែរ។ មានន័យថា ក្នុងករណីសង្គ្រាមអ៊ុយក្រែន ដែលប្រជាជនស៊ីវីលខ្លះ បាន​នាំគ្នាកាន់អាវុធ ចូលប្រយុទ្ធការពារទឹកដី ហើយបើជនទាំងនោះ បានថតវីដេអូចំណាប់ខ្មាំងរុស្ស៊ី បន្ទាប់​មកយក​ទៅ​ផ្សាយ បង្ហោះ​​តាមបណ្តាញសង្គម គឺវាជារឿងខុសនឹងមាត្រា១៣ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវហើយ។

យ៉ាងណាមិញ ឆ្លើយ​ប្រាប់បណ្តាញព័ត៌មានបារាំង AFP លោកស្រី Elizabeth Throssell អ្នកនាំពាក្យ​ឧត្តមស្នងការដ្ឋានទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ពិតជាមានការ​ព្រួយ​បារម្ភមែន ទាក់ទិននឹងការ​ដែល​មានវីដេអូបង្ហាញអត្តសញ្ញាណ​ទាហានរុស្ស៊ី ត្រូវគេផ្សព្វផ្សាយ​​ព្រោងព្រាត​តាមបណ្តាញសង្គម ព្រោះវាជាករណី​ បំពាន​នឹងភាពថ្លៃថ្នូរ បូរណភាពបុគ្គលរបស់ទាហានចំណាប់ខ្មាំង។

មិនមែនបទល្មើលឧក្រិដ្ឋកម្មសង្គ្រាម​

ដោយឡែក​ លោក Marco Sassoli សាស្ត្រាចារ្យនីតិអន្តរជាតិសាធារណៈ នៅសកលវិទ្យាល័យហ្សឺណែវ បាន​លើកឡើងថា ការផ្សព្វផ្សាយ​វីដេអូ និង​រូបថត ដែលគេឃើញមុខ​ទាហាន ឬក៏អាចសំគាល់មុខទាហានចំណាប់ខ្មាំង​បាន​ គឺវាមិនអាចចាត់ទុក​បានថា ជា​អំពើឧក្រិដ្ឋកម្មសង្គ្រាមបានឡើយ។ ពោលគឺ គឺគេអាចចាត់ទុកបាន ត្រឹមតែជាជាការបំពាននឹងច្បាប់មនុស្សធម៌អន្តរជាតិ តែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យពន្យល់ថា បើគ្រាន់តែផ្សព្វផ្សាយរូបភាព​បង្ហាញមុខទាហានចំណាប់​ខ្មាំងតាមបណ្តាញសង្គម ដោយ​មិនបង្ហាញអំពីការប្រើប្រាស់អំពើហិង្សា ឬទារុណកម្មជាក់ស្តែង​ណាមួយ គឺវាមិនមែន​ជាឧក្រិដ្ឋកម្មសង្គ្រាមទេ។

ជាមួយ​គ្នានេះ លោកសាស្ត្រាចារ្យបានទទួលស្គាល់ថា រូបភាពដែលគេផ្សព្វផ្សាយ​តាម​បណ្តាញសង្គម អាចមានចំណុចវិជ្ជមានមួយ ព្រោះវាជាបណ្តុំប្រមូលទុក នូវឯកសារភស្តុតាងនានា ដើម្បីប្រើប្រាស់​ក្នុង​ករណី​មានសវនាការ​រកយុត្តិធម៌។ តួយ៉ាង រូបថត វីដេអូទាំងនេះ អាចឲ្យគេដឹង ពីកាល​បរិច្ឆេទនៅរស់រានមានជីវិតរបស់ទាហានចំណាប់ខ្មាំងនីមួយៗ ។ តែយ៉ាងណាក៏ដោយ ភាគីនីមួយៗ មិនអាចលើកហេតុផលថា ផ្សព្វផ្សាយ​រូបភាពទាំងនេះ គឺដើម្បី​ជាមធ្យោបាយជូនដំណឹងទៅ​ក្រុមគ្រួសាររបស់​ទាហានចំណាប់ខ្មាំងបានទេ។

សន្ធិសញ្ញាក្រុងហ្សឺណែវ បានកំណត់ច្បាស់ណាស់ នូវមធ្យោបាយផ្សេងទៀត ដើម្បីផ្សព្វផ្សាយ​ដំណឹងពីសុខទុក្ខរបស់​ទាហានចំណាប់ខ្មាំង។​ ពោលគឺប្រទេស​ដែលជាភាគីជម្លោះ ត្រូវតែជូនដំណឹង​ទៅកាន់គណកម្មាធិការអន្តរជាតិកាកបាតក្រហម អំពីអត្តសញ្ញាណរបស់ចំណាប់ខ្មាំងនីមួយៗ ដើម្បីឲ្យ​គណកម្មាធិការនេះបញ្ជូនដំណឹងបន្តទៅក្រុមគ្រួសារពួកគេ។ បន្ថែមពីនេះទៀត គណកម្មាធិការអន្តរជាតិកាកបាតក្រហម ក៏មានសិទ្ធិទាមទារចូលទៅជួប​ចំណាប់ខ្មាំងដោយផ្ទាល់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ