អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីសង្គ្រាមអ៊ុយក្រែនបង្កបញ្ហាស្មុគស្មាញដល់ជំហរការទូតរបស់ឥណ្ឌា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ក្រោយ​ពេល​ដែល​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​ទៅ​ឈ្លានពាន​អ៊ុយក្រែន ហើយ​ប្រទេស​លោកខាងលិច​នាំគ្នា​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ឥណ្ឌា​វិញ​ត្រូវ​ស្ថិត​នៅលើ​ផ្លូវ​ការទូតមួយ​ដ៏​ស្មុគស្មាញ ដោយ​ពិបាក​នឹង​ជ្រើសរើស រវាង​ម្ខាង​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់ឆ្នាំ និង​ម្ខាង​ទៀត សហរដ្ឋ​អាមេរិក ដែល​ជា​ចន្ទល់​ដ៏​ចម្បង​មួយ នៅ​ក្នុង​ការ​ប្រជែង​ជាមួយ​ចិន។

លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ពេល​ទទួល​ជួប​លោក​វ៉្លាឌីមៀរ ពូទីន​ ប្រធានាធិបតី​រុស្ស៊ី ក្នុង​រដ្ឋធានីញូវដេលី កាល​ពីឆ្នាំ២០១៨
លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ពេល​ទទួល​ជួប​លោក​វ៉្លាឌីមៀរ ពូទីន​ ប្រធានាធិបតី​រុស្ស៊ី ក្នុង​រដ្ឋធានីញូវដេលី កាល​ពីឆ្នាំ២០១៨ AP - Manish Swarup
ផ្សាយពាណិជ្ជកម្ម

ភាពស្មុគស្មាញ និង​ជំហរ​ដ៏​សែន​ប្រយ័ត្នប្រយែង​របស់​ឥណ្ឌា នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. កាល​ពីថ្ងៃ​សុក្រ​ទី២៥កុម្ភៈ។ កិច្ចប្រជុំ​​ត្រូវ​បានរៀបចំ​ធ្វើឡើង​ជា​បន្ទាន់ ដើម្បី​អនុម័ត​សេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ី ហើយ​ដែល​នៅ​ក្នុង​នោះ ឥណ្ឌា​ចូលរួម​ក្នុង​ឋានៈ​ជា​ប្រទេស​សមាជិក​មិនអចិន្ត្រៃយ៍ ក្នុង​ចំណោម​សមាជិក​ទាំង ១៥​ប្រទេស។

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្នុង​អំឡុង​​កិច្ចប្រជុំនោះ ឥណ្ឌា​បាន​សម្តែង​​ការ​សោកស្តាយ ដែល​​ភាគីពាក់ព័ន្ធ​មិនបានជ្រើសរើស​យក​ការ​ចរចា​តាមផ្លូវ​ទូត ដើម្បី​ដោះស្រាយ​ជម្លោះ ហើយ​​បាន​លើកឡើង អំពី​សារៈសំខាន់​នៃ​ធម្មនុញ្ញ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​គោលការណ៍​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ដែល​គ្រប់​ប្រទេស​ទាំងអស់​ត្រូវ​តែគោរព។

ក៏ប៉ុន្តែ អ្វីដែល​ឥណ្ឌា​បាន​លើកឡើង​នោះ ត្រូវ​បានធ្វើឡើង​ជា​លក្ខណៈ​ទូទៅ ដោយ​ព្យាយាម​​មិននិយាយ​ចំឈ្មោះ​របស់​ប្រទេស​ណាមួយនោះទេ ហើយ​ឥណ្ឌា​ក៏​មិន​បាន​​និយាយ​រិះគន់​រុស្ស៊ី​នោះដែរ។

នៅ​ក្នុង​ការ​បោះឆ្នោត​អនុម័តសេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ី ថ្វីដ្បិត​តែ​មាន​ការ​ទាមទារ​ដោយ​ទទូច ទាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក អ៊ុយក្រែន និង​រុស្ស៊ី ឲ្យ​ឥណ្ឌាបង្ហាញ​ជំហរ​ជាក់លាក់​ថា​ឈរនៅ​ខាងណា ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ឥណ្ឌា បានបោះឆ្នោត​អនុប្បវាទ រួម​ជាមួយ​នឹង​ចិន និង​អេមីរ៉ាត​អារ៉ាប់​រួម។

សម្រាប់​ឥណ្ឌា ការជ្រើសរើស​យក​ខាងណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ផលប្រយោជន៍​ជាតិខ្លួនឯង ហើយ​ការ​ព្យាយាម​ឈរ​នៅ​កណ្តាល​ដោយ​មិនជ្រើសរើស​សោះ ក៏​មិនប្រាកដ​ថា​អាច​ចៀសផុត​ពី​ហានិភ័យ​នោះដែរ។

យើង​ដឹង​ថា ឥណ្ឌានិង​រុស្ស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា តាំង​ពីក្នុង​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់​មកម៉្លេះ។ មកទល់នឹងសព្វថ្ងៃនេះ រុស្ស៊ី​ក៏​នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​​​មួយ​​របស់​ឥណ្ឌា ជាពិសេស គឺ​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​​ដ៏​ធំ​លំដាប់ទីមួយ​​​របស់​ឥណ្ឌា។

ឥណ្ឌា​គឺ​ជា​ប្រទេស​ដែល​នាំចូល​គ្រឿងសព្វាវុធ​ច្រើន​ជាង​គេ​លំដាប់ទី២​នៅលើ​ពិភពលោក បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត ហើយ​នៅ​ក្នុង​ចន្លោះ ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០២០​កន្លងទៅនេះ សព្វាវុធ​ដែល​ឥណ្ឌា​នាំចូល មាន​រហូតដល់​ទៅ​ជិតពាក់កណ្តាល គឺ​នាំចូល​ពី​រុស្ស៊ី។ កាលពី​ឆ្នាំ​ទៅមិញ​ថ្មីៗ​នេះ​ទៀតសោត រុស្ស៊ី​ក៏​ទើបនឹង​បានព្រមព្រៀង​ចាប់ផ្តើម​បញ្ជូន​​ទៅ​ឲ្យ​ឥណ្ឌា នូវ​ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាសដ៏ទំនើប ធុន S-400 ដែល​ជា​ប្រព័ន្ធ​មីស៊ីល​ដ៏​មានសារៈសំខាន់​សម្រាប់​ឥណ្ឌា នៅ​ក្នុង​ការទប់ទល់​ជាមួយចិន និង​ប៉ាគីស្ថាន ដែល​ជា​គូប្រជែង។ ម្យ៉ាងទៀត ឥណ្ឌាក៏​ជា​ប្រទេស​ដែល​ត្រូវការ​ប្រេង​ពីរុស្ស៊ី​​ច្រើន​ផងដែរ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា នៅម្ខាងទៀត សហរដ្ឋ​អាមេរិក​​ក៏​មានសារៈសំខាន់យ៉ាងខ្លាំងដែរ សម្រាប់​ឥណ្ឌា នៅ​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន។ ឥណ្ឌា​ត្រូវការ​អាមេរិក​ជា​ចន្ទល់ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ហើយ​លើសពីនេះ​ទៅទៀត ឥណ្ឌា រួមជាមួយនឹង អាមេរិក ជប៉ុន និង​អូស្រ្តាលី ស្ថិត​នៅ​ក្នុង​បក្សសម្ព័ន្ធ​ចតុភាគី ដែល​គេតែងហៅ​ថា « Quad » ហើយ​ដែល​ជា​បក្សសម្ព័ន្ធ​ដ៏​សំខាន់ នៅ​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន នៅ​ក្នុង​តំបន់​អាស៊ី។ នេះ​នៅមិនទាន់​និយាយ​ដល់​ផង អំពី​ផលប្រយោជន៍​ដ៏​សម្បើម​ខាង​ផ្នែក​សេដ្ឋកិច្ច​ ដែល​អាមេរិក គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំលំដាប់​ទីមួយ​របស់​ឥណ្ឌា។

មែនទែន​ទៅ កាល​ពីពេល​កន្លងមក នៅពេល​មាន​ការ​ប្រទាញប្រទង់គ្នា រវាង​រុស្ស៊ី និង​អាមេរិក ឥណ្ឌា​ក៏​តែងតែ​ប្រកាន់​ជំហរ​កណ្តាល​​ដូចជា​ពេលនេះ​ដែរ។ ក៏ប៉ុន្តែ អ្វីដែល​អាច​ចោទឡើង នៅ​ក្នុង​វិបត្តិអ៊ុយក្រែន​នៅពេលនេះ គឺ នៅក្នុងពេល​ដែល​បណ្តា​ប្រទេស​ភាគច្រើន ជាពិសេស អាមេរិក និង​អឺរ៉ុប កំពុងតែមាន​ជំហរ​រួបរួមគ្នា​ខ្លាំង ក្នុងការ​ប្រឆាំង​នឹង​រុស្ស៊ី ការប្រកាន់​ជំហរ​កណ្តាល អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​ សំឡឹងឃើញ​ថា ឥណ្ឌា​កំពុងតែ​ជួយ​រុស្ស៊ីទៅវិញ។

រឹតតែ​ស្មុគស្មាញ​ជាងនេះ​ទៅទៀត នៅពេល​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្ម​កាន់តែ​ច្រើន​លើ​រុស្ស៊ី ឥណ្ឌា ដែល​មាន​ទំនាក់ទំនង​រកស៊ី​ច្រើន​ទាំង​ជាមួយ​រុស្ស៊ី និង​ជាមួយ​អាមេរិក ក៏ដូចជា​ជាមួយ​អឺរ៉ុប ​អាច​នឹង​ត្រូវ​ដើរ​មក​ដល់​ចំណុចមួយ ដែល​ត្រូវ​ជ្រើសរើស រវាង​អនុវត្ត​ទណ្ឌកម្ម​របស់​អាមេរិក ហើយ​ត្រូវ​ប្រឆាំង​នឹង​រុស្ស៊ី ឬ​មិនអនុវត្ត​ទណ្ឌកម្ម ហើយ​ត្រូវ​ប្រឆាំង​នឹង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ