អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២០២២ ជា​ឆ្នាំ​ដែល​ទីផ្សារ​​វត្ថុធាតុដើម រង​សម្ពាធ​ខ្លាំងជាង​គេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​ហេតុ​វិបត្តិកូវីដ​១៩ វត្ថុធាតុ​ដើម​បាន​ឡើង​ថ្លៃ​​ខ្លាំងជា​ពិសេស​តែម្តង នៅ​ពេញ​មួយ​ឆ្នាំ២០២១​​កន្លង​ទៅ។ បើ​តាម​​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់ស្ថាប័ន​ ​Cyclope (ស៊ីក្លូប) ដែល​ជា​អ្នក​ជំនាញ​ក្នុង​វិស័យទីផ្សារវត្ថុធាតុដើម​ពិភពលោក ឆ្នាំ​២០២២នេះ​ តម្លៃ​វត្ថុ​ធាតុ​ដើម​​​​ត្រូវចាប់​​វិល​មក​រកភាព​ធម្មតា​វិញ។ ប៉ុន្តែ​ ​ ឆ្នាំ​២០២២ ត្រូវ​ប្រឈម​នឹង​ភាព​មិន​ជាក់​លាក់​ខ្លាំង​ជាង​ឆ្នាំមុនៗ​ទៅ​ទៀត។ ហេតុ​អ្វី ?​

ទីផ្សារ​វត្ថុធាតុ​ដើម​រង​សម្អាធ​ខ្លាំង​ នៅ​ឆ្នាំ​២០២២
ទីផ្សារ​វត្ថុធាតុ​ដើម​រង​សម្អាធ​ខ្លាំង​ នៅ​ឆ្នាំ​២០២២ Getty Images/Jacob Silberberg/HeliRy/Max Milligan/John W Banagan
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​២០២១ ក្រៅ​ពី​សាច់ជ្រូក​នៅ​អឺរ៉ុប និង​នៅ​ចិន វត្ថុធាតុដើម​ជា​ទូទៅ និង​ជា​យុទ្ធសាស្ត្រ រាប់​ពី​ ដែកថែប ទៅ​អាលុយមីញ៉ូម ដល់​កាហ្វេ ធ្យូងថ្ម ឧស្ម័ន កប្បាស រ៉ែដែក រ៉ែមាស​ ឬស​ណ្តែក អង្ករ បាន​ឡើង​ថ្លៃ​គ្រប់​មុខ​ទាំង​អស់។ នេះ​បើ​តាម​លទ្ធផល​វិភាគ​ប្រចាំ​ថ្ងៃ​របស់​អង្គការ​Cyclope។ ជាការ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​ខ្លាំង​ដែល​ពុំ​ធ្លាប់​កើត​មាន​ទេ គិត​ចាប់​តាំង​ពី​ពិភពលោក​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៧មក។ ហើយ​គ្មានអ្នក​ជំនាញ​ណា​ម្នាក់​ ប្រមើល​និង​នឹក​ស្មានដល់​ថាមាន​​វិបត្តិបី​កើត​ឡើង​ផ្ទួន​គ្នាទេ ៖ វិបត្តិ​​ថាមពល​ កើត​ឡើង​ចំពេល​មាន​វិបត្តិ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ​ និង​វិបត្តិ​ស្បៀងអាហារ​ និង​ចំពេលតម្លៃ​កសិកម្មឡើង​ថ្លៃ​ឡើយ។

ធ្លាប់​ព្យាករ​ខុស កាលពី​ពីរ​ឆ្នាំចុងក្រោយកន្លង​ទៅ​ អ្នកជំនាញ​មានមេរៀន បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្នខ្លាំង​​ នារយៈ​ពេលនេះ​​។ លោក Philippes Chalmin ប្រធានក្រុមCyclope ដែល​ជាបង្គោល​ទីផ្សារ​វត្ថុធាតុដើម​នៅលើ​ពិភពលោក បានអះអាង​ថា បើ​តាម​ក្បួន តម្លៃ​វត្ថុធាតុដើម​ត្រូវ​វិល​មក​រក​ភាព​ធម្មតាវិញ ឬ​ត្រូវ​ចុះ​ថ្លៃ​វិញ សម្រាប់​ផលិតផល​ខ្លះផង នៅ​ឆ្នាំ​២០២២។ ស្ថាប័ន​ព្យាករ​យ៉ាង​ដូច្នេះ​ដោយ​ផ្អែក​លើ​សម្មតិកម្ម​ថា លក្ខខណ្ឌ​សុខាភិបាល វិបត្តិកូវីដ ចាប់​ធូរ​ស្បើយ​និង​គ្មាន​លេច​មេរោគ​កូវីដបំប្លែងខ្លួន​ថ្មី។ ប៉ុន្តែ​ជាមួយភាពតាន​តឹង​ភូមិសាស្ត្រ​នយោបាយ​​នាពេលបច្ចុប្បន្ន​ ជុំ​វិញ​វិបត្តិ​អ៊ុយក្រែន វិបត្តិ​ឧស្ម័ន​រុស្ស៊ី និង​ហានិភ័យ​អាកាសធាតុ​លើវិស័យកសិកម្ម​​ ២០២២​បាន​ជា​ឆ្នាំ​ដែល​ពិបាក​ព្យាករ​បំផុត។ ​ភាព​មិន​ជាក់​លាក់​កាន់​តែមាន​ច្រើន​សម្រាប់​ឆ្នាំនេះ និង​ច្រើន​ជាង​ឆ្នាំមុន​ទៅទៀត។

មិនជាក់​លាក់​ខ្លាំងជាង​គេ​គឺ បញ្ហា​អាកាសធាតុ​។ ​បាតុភូត El Nina ​ អាច​នឹងធ្វើ​ឱ្យ​កសិកម្ម​នៅអាមេរិក​ឡាទីន ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ គ្រោះធម្មជាតិសាហាវៗ ទឹក​ជំនន់ ព្យុះភ្លៀង ភាពរាំងស្ងួត​ខ្លាំង បង្ក​ឡើង​ដោយ​ការ​ប្រែប្រួលអាកាសធាតុ​ បានបំផ្លាញ​ផលិតផល​កសិកម្ម​យ៉ាង​ដំណំ ស្ទើរ​គ្រប់​ទិសទី​លើ​ពិភពលោក។ វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​នៅ​អឺរ៉ុប​ នឹង​ចេញ​តាម​ច្រក​ណា ?! ប្រសិនបើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មែន តម្លៃប្រេង​ឆៅ​នឹង​ហក់​ឡើង​ដល់​កំពូល ហើយ​អឺរ៉ុប​អាច​នឹង​ត្រូវ​ជួប​វិបត្ត​ខ្វះ​ថាមពល​ឧស្ម័នប្រើប្រាស់។ ការ​នេះ​ចៀស​មិន​រួច​នឹង​ជះ​ផលវិបាក​ដល់ផលិតផលនិង​វត្ថុធាតុ​ដើម​​កសិកម្មឡើយ។​

ភាព​មិន​ជាក់​លាក់​ធំ​មួយ​ទៀត មកពី​ខាង​ចិន។ តើ​មហាយក្ស​ចិន​មាន​សេចក្តី​ត្រូវ​ការ​យ៉ាងណា ? ការនាំចូល​របស់​ចិន ជា​កត្តា​ចម្បង​មួយ សម្រាប់​ទីផ្សារ​ពិភពលោក ជាពិសេស​ទីផ្សារ​កសិកម្ម​តែម្តង។

អ្វី​ដែល​ច្បាស់​លាស់​ ក្នុង​ពិភពមិន​ប្រាកដប្រជា ​សម្រាប់​ក្រុម​អ្នក​វិភាគ និង​សម្រាប់​ឆ្នាំ​២០២២ គឺ​វិបត្តិ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ មិន​ទាន់​អាច​បញ្ចប់​បាន​ទេ។ Cyclope មើល​មិនឃើញ​ភាព​ប្រសើរ​ក្នុង​វិស័យ​នេះ​​ឡើយ​។ ចូលមកដល់​ខែ​មករា​២០២២​ទៅ​ហើយ កុងតឺណ័រ ជាង​១១,៥លាន នៅតែគរ​​លើ​កំពង់ផែ​ធំៗ​ទាំង​១៣​ របស់​ពិភពលោក​នៅ​ឡើយ​។ ស្ថានភាព​នេះ​មិន​អាច​ធូរ​ស្បើយ​បាន​នៅ​មុន​ឆ្នាំ​២០២៣​ទេ។​

ចំណែកវិបត្តិ​ថាមពល​វិញ វិបត្តិ​នេះ​ពិត​ជា​នឹង​បន្តអូសបន្លាយ​យូរ​ខែ​ទៀតណាស់ យ៉ាង​ហោច​ក៏​រហូត​ដល់​ចប់​រដូវ​រងារ ឬ​យូរ​ជាងនេះ​ច្រើន​ទៀត​ផង ព្រោះបន្ទាប់​ពី​សេចក្តី​ត្រូវ​ការ​ខ្លាំង ​​ប្រទេសនីមួយៗ​ត្រូវ​ការបំពេញ​ស្តុក​ឡើង​វិញ ដើម្បី​ស្ថិរភាព​ថាមពល ហើយ​ស្តុក​បច្ចុប្បន្ន​មានកំរិត​ទាប​ខ្លាំងណាស់។ ទោះ​បី​ជា​គ្មាន​សន្ទទស្សន៍​តម្លៃឧស្ម័ន​រួមនៅ​លើ​ពិភពលោកក៏​ដោយ ក៏​តម្លៃឧស្ម័ន ហ្កាស បាន​ឡើង​ថ្លៃ​មួយ​ជា​បួន​ ជាមធ្យម​រួច​ហើយ។ នេះ​បើ​តាម​Cyclope ដដែល ដោយ​រំលឹកទៀត​ថា កាលពីឆ្នាំ២០២០​ ប្រេង​ឆៅ​បានធ្លាក់​ថ្លៃ​ទាប​ខ្លាំង​បំផុត តែ​បាន​ស្ទុះឡើង​វិញ​នៅ​ឆ្នាំ​២០២១ និងទំនង​​បន្ត​ឡើង​ថ្លៃ​ឥតឈប់​ទេ សម្រាប់​ឆ្នាំ​២០២២។

មូលហេតុ​ដំបូង​គេ​គឺ​បណ្តាល​មកពី បញ្ហា​អាកាសធាតុ ៖ ភាពរាំងស្ងួត​នៅ​ចិន បាន​ធ្វើ​ឱ្យ​ផលិតផល​វារីអគ្គីសនី​រអាក់រអួល អឺរ៉ុប​ខ្វះ​ខ្យល់​សម្រាប់​ផលិត​អគ្គីសនី។ ភាព​តានតឹងរវាងអឺរ៉ុប​និង​រុស្ស៊ី ជុំ​វិញ​បំពង់​បង្ហូរ​ឧស្ម័ន Nordstream II និង​សេចក្តី​ត្រូវការ​ដ៏​មហិមារបស់​ចិន ក្នុង​ការនាំ​ចូល​ឧស្ម័នធម្មជាតិ​រាវ ជា​កត្តា​ចំបង​នាំ​ឱ្យ​តម្លៃឧស្ម័ន​ឡើង​កប់​ពពក។​ នៅ​ឆ្នាំ​២០២១ ចិន​បាន​ក្លាយ​ជាប្រទេសនាំ​ចូល​ឧស្ម័ន​ធម្មជាតិ​លំដាប់​លេខ​មួយ​ពិភពលោក ដោយ​វ៉ារ​ឈ្នះ​ជប៉ុន​ទៅ​ទៀត។ នេះ​បើ​តាម​របាយការណ៍​ Cyclopeដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ