អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខ្លាច​កូវីដអូមីក្រុងពេក​ ជប៉ុន​បន្ត​បិទ​ទ្វារជិត​ឈឹង ដោយ​​មិនខ្វល់​ពី​ការលំបាក​​របស់​​បុគ្គលិក និង​​និស្សិត​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលជប៉ុន ​បានបន្ធូរបន្ថយវិធានការរឹតបន្តឹង ការធ្វើដំណើរចូលក្នុងស្រុកខ្លួន កាលពី​ខែវិច្ឆិកាចុងឆ្នាំ​២០២១។ ក៏ប៉ុន្តែក្រោយ​វត្តមាន​កូវីដ​អូមីក្រុងនៅតាមប្រទេសផ្សេងៗ ជប៉ុន​បានបិទ​ខ្ទប់ទ្វារយ៉ាងជិតឈឹង រហូតមកទល់​បច្ចុប្បន្ននេះ បើទោះបីជាកូវីដ​អូមីក្រុង បាននឹងកំពុងតែឆ្លងរាលដាលក្នុងស្រុកជប៉ុន យ៉ាងពេញទំហឹងក្តី។ មានមតិរិះគន់ជាច្រើនថា វាជាវិធានការបិទខ្ទប់ តឹងតែងជ្រុលហួសហេតុ ដោយ​មិនខ្វល់ពីការលំបាក ដែលចោទទៅលើ​បុគ្គលិក​បរទេស និង​និស្សិតបរទេសរាប់​ម៉ឺននាក់ ដែល​មិនអាចចូលទៅធ្វើការ ឬរៀនសូត្រនៅក្នុង​ប្រទេសជប៉ុនបាន​។ ក្រៅពីប៉ះពាល់ដល់ក្រុមហ៊ុន​​និងសេដ្ឋកិច្ចជប៉ុន វិធានការ​ដ៏តឹងតែនេះ ក៏កំពុងធ្វើឲ្យ​ខូចកេរ្តិ៍ឈ្មោះរបស់ជប៉ុន​ផងដែរ។

បុរសម្នាក់ដើរនៅក្នុងសង្កាត់សំបូរហាងបារ ភោជនីយដ្ឋាន ក្នុងក្រុងតូក្យូ ថ្ងៃទី ២១ មករា ២០២២
បុរសម្នាក់ដើរនៅក្នុងសង្កាត់សំបូរហាងបារ ភោជនីយដ្ឋាន ក្នុងក្រុងតូក្យូ ថ្ងៃទី ២១ មករា ២០២២ AP - Koji Sasahara
ផ្សាយពាណិជ្ជកម្ម

ប្រទេសជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោមក្រុម​ប្រទេសសេដ្ឋកិច្ចនាំមុខG7 ដែលបច្ចុប្បន្ននេះ មានវិធានការរិតត្បិតការធ្វើដំណើរចូល យ៉ាងតឹងតែងខ្លាំងជាគេ​បំផុត។ អ្នកដំណើរដែលមិនមែនជាជនជាតិជប៉ុន សឹងតែមិ​នអាចចូលទៅជាន់ដីជប៉ុនបាន​ជាដាច់ខាត។ គោលនយោបាយ​ដ៏តឹងតែង ដែលរដ្ឋាភិបាលជប៉ុន ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊្វូមីញ៉ូ គីឈីដា បានអនុវត្ត ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​អូមីក្រុង ពីក្រៅប្រទេសនេះ ហាក់ទទួលបាន​ប្រជាប្រិយភាពខ្លាំង ពីសំណាក់​ប្រជាជនជប៉ុន​មួយ​ផ្នែកធំ។ នេះបើផ្អែកតាម​ការស្ទាបស្ទង់មតិ​។ ជាមួយ​នឹងការគាំទ្រនេះ រដ្ឋាភិបាល​បានប្រកាសថា នឹងបន្តអនុវត្តវិធានការបិទព្រំដែន​​ដ៏តឹងតែង​នេះ រហូតដល់ដាច់ខែកុម្ភៈ។

ផ្ទុយទៅវិញ វិធានការដ៏តានតឹងនេះ បានបង្កការលំបាកយ៉ាងខ្លាំង ទៅលើផ្នែកខ្លះ ហើយ​ដែលបង្កើតឲ្យ​មានការរិះគន់។ ជាងនេះទៀត វិធានការរិតត្បឹតដ៏សែនតឹង ប្រមាណ​ជិត២ខែមកនេះ មិនបានទប់កូវីដអូមីក្រុង មិនឲ្យឆ្លងចូលប្រទេសជប៉ុននោះឡើយ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីមានប្រមាណ​ ៥០ម៉ឺននាក់ សឹងជារៀងរាល់ថ្ងៃ។ តួលេខឆ្លងរាលដាលដ៏ខ្ពស់នេះ បានបង្កឲ្យ​មាន​ការហួសចិត្តជាខ្លាំង ជាពិសេសពីសំណាក់អ្នកដែលរងគ្រោះ ដោយសារតែវិធានការបិទខ្ទប់ខ្លាំងជ្រុល ដែលមិនសមហេតុផល។

ទីផ្សារការងារ និងភាពទាក់ទាញរបស់ប្រទេសជប៉ុន​ កំពុងតែបាក់ស្រុតជាខ្លាំង ក្នុងក្រសែរភ្នែក ជនបរទេស។ កាលពីសប្តាហ៍មុន សាស្ត្រាចារ្យសកលវិទ្យាល័យ ជំនាញ​ទំនាក់ទំនង​ជប៉ុន-អាមេរិក ប្រមាណ​​១០០​នាក់ បានរួមគ្នាសរសេរលិខិតចំហមួយ ផ្ញើទៅកាន់​លោក​នាយករដ្ឋមន្ត្រីជប៉ុន ដោយ​បាន​លើកឡើងថា « ការកាត់ផ្តាច់ចំណងទំនាក់ទំនងដ៏សំខាន់របស់​មនុស្ស វាគឺជាគោល​នយោបាយ​ ដែល​នឹងហុចផល​អវិជ្ជមាន ទៅលើ​ប្រយោជន៍ជាតិជប៉ុន នៅថ្ងៃអនាគត។ វាជាគោលនយោបាយ​ ដែលមកបំផ្លាញកម្មវត្ថុទំនាក់ទំនងការបរទេស ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់​ជប៉ុន ក្នុង​នាម​​ជា​ប្រទេស​នាំមុខមួយ​ នៅលើឆាកអន្តរជាតិ ។ »

លោក Michael Mroczek ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ចអឺរ៉ុប (EBC) ប្រចាំប្រទេសជប៉ុន បាន​ត្អូញត្អែរប្រាប់អ្នកកាសែតបារាំង AFP ថា​ វិធានការដ៏តឹងតែងរបស់រដ្ឋាភិបាលជប៉ុន គឺជាវិធានការដែល « ​មិន​សមហេតុផល » ហើយ​ដែលពេលខ្លះ ធ្វើឲ្យ​គេមានអារម្មណ៍ថា វាជាវិធានការដែល « ស្អប់ជនបរទេស »។ អ្នកជំនាញ​ផ្នែកជំនួញរូបនេះ បាន​បន្ថែមថា « ដោយសារតែការបិទខ្ទប់ជ្រុលហួសហេតុនេះ វាបានធ្វើឲ្យ​ក្រុមហ៊ុនសហគ្រាសជប៉ុន បាត់បង់​កម្លាំងពលកម្មជំនាញ​ ដែលមានប្រភពមកពីក្រៅ​​ប្រទេស។ »

Santosh ជនជាតិណេប៉ាល់ អាយុ២៨ឆ្នាំ បានអះអាងថាក្រុមហ៊ុនជប៉ុន​មួយ​ បាន​រើសខ្លួនឲ្យចូលធ្វើការផ្នែកទីផ្សារអន្តរជាតិ តាំងតែពីខែកញ្ញាឆ្នាំ​២០២០ម្លេះ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ខ្លួននៅតែមិនទាន់អាចធ្វើដំណើរ ទៅកាន់​ប្រទេសជប៉ុនបានទេ។ ប្រការនេះ កំពុងតែបង្ខំឲ្យ​ខ្លួនគេ ត្រូវពិចារណាប្តូរគម្រោង រកការងារធ្វើនៅប្រទេសផ្សេងធ្វើ ដែលនេះវាគឺជារឿងគួរ​ឲ្យ​សោកស្តាយ​បំផុត ព្រោះខ្លួន​ស្រលាញ់ និងបានសិក្សានៅប្រទេសជប៉ុន អស់រយៈពេល​ដល់ទៅ​៦ឆ្នាំ។

យ៉ាងណាមិញ លោក Hiroshi Mikitani អគ្គនាយកក្រុមហ៊ុន​លក់អនឡាញដ៏ធំរបស់ជប៉ុន ឈ្មោះ Rakuten បានសរសេរលើទំព័រ Twitter ដោយ​លោក​បាន​បន្ទោសរដ្ឋាភិបាលជប៉ុន ថាកំពុងតែជ្រើស​រើស​​ដើរផ្លូវខុស បិទទ្វារផ្តាច់ខ្លួនពីគេឯង មិនខុសពី​សម័យ Edo ពីសតវត្សទី​១៧ ដល់ទី​១៩​នោះ​ឡើយ​។ យ៉ាងណាមិញលោក Masakazu Tokura ប្រធាន​សហជីព​​និយោជក​ជប៉ុន​ដ៏ធំជាងគេ (Keidanren) បាន​លើកឡើងថា ឥឡូវនេះទោះចង់​មិនចង់ ​កូវីដអូមីក្រុងបានវាយលុកឆ្លងចូល​ គ្របដណ្តប់ភាគច្រើននៅជប៉ុនទៅហើយ។ ដូច្នេះរដ្ឋាភិបាលជប៉ុន ​គួរតែឈប់យល់ថា អ្នកដំណើរមកពីបរទេស គឺជាអ្នកចម្លងមេរោគនេះតទៅទៀតទៅ។

ក្រៅពីធ្វើឲ្យ​ប៉ះពាល់ខ្លាំង ដល់វិស័យជំនួញ និងទីផ្សារការងារ វិធានការបិទព្រំដែន​យ៉ាងជិតឈឹងរបស់រដ្ឋាភិបាលជប៉ុននេះ ក៏បានប៉ះពាល់ខ្លាំងណាស់ដែរ ទៅលើវិស័យ​សិក្សាអប់រំ។ ក្នុងចំណោម​មនុស្ស​ប្រមាណ​ ៣៧ម៉ឺន​នាក់ ដែលកំពុងរងចាំអាចធ្វើដំណើរទៅកាន់ប្រទេសជប៉ុន គឺមានប្រមាណ​ជិត​១៥ម៉ឺននាក់ ជានិស្សិតបរទេស​។ និស្សិតបរទេសជាច្រើននាក់ ដែលបានចុះឈ្មោះរៀននៅតាមសកលវិទ្យាល័យជប៉ុន ត្រូវបង្ខំចិត្តរៀនតាមអនឡាញ ជាមួយ​ម៉ោងពេលវេលាខុសគ្នាជាច្រើនម៉ោង ព្រមទាំងការភ័យ​បារម្ភ ខ្លាចក្រែងមិនអាចបានទទួលពិន្ទុគ្រប់គ្រាន់។

អារម្មណ៍​អស់សង្ឃឹម បាក់ទឹកចិត្ត លាយឡំនឹងកំហឹងក្រោវក្រោធ បានចូលជ្រាបក្នុងសតិស្មារតីរបស់និស្សិតបរទេស ដែលបានជ្រើសរើសយកប្រទេសជប៉ុន ជាគោលដៅសិក្សា តែត្រូវខក​បំណង ដោយសារតែវិធានការបិទព្រំដែនដ៏តឹងតែងនេះ។ ក្រៅពីនិស្សិតបរទេស វិធានការបិទខ្ទប់ គ្មានប្រទេសណាធ្វើដូចនេះ ក៏បានរារាំងផងដែរ ដល់​ការជួបជុំក្រុមគ្រួសារប្តីប្រពន្ធកូនចៅ។

ប្រឈមនឹងការរិះគន់ទាំងអស់នេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានឆ្លើយ​ប្រាប់អ្នកកាសែតថា « រដ្ឋាភិបាល​លោក ព្យាយាម​ដោះស្រាយ​ករណីពិសេសនីមួយ ដោយ​យោងទៅលើ​ហេតុផលមនុស្ស​ធម៌ និង​ផលប្រយោជន៍ជាតិ »។ ប្រមុខការទូតជប៉ុនរូបនេះ បាន​អះអាងថា កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលបាន​អនុញ្ញាតឲ្យ​និស្សិតបរទេសចំនួន​ ៨៧នាក់ ដែលជានិស្សិត​អាហារូបករណ៍រដ្ឋ អាចធ្វើដំណើរ​មកជប៉ុន។ តែយ៉ាងណានេះគ្រាន់តែជាចំនួន​ស្តួចស្តើង មិនខុសពីទឹកមួយ​ដំណក់ នៅក្នុងផ្ទៃសមុទ្រនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ