អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២០ឆ្នាំក្រោយដាក់ឲ្យចរាចរ លុយអឺរ៉ូនៅតែជាប់ឈ្មោះថាជាដើមចមនាំឲ្យទំនិញឡើងថ្លៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹមថ្ងៃទី១មករា ឆ្នាំ២០២២​នេះ អឺរ៉ូ ដែល​ជារូបិយបណ្ណរួម​របស់​សហភាព​អឺរ៉ុប មាន​អាយុកាល​ ២០ឆ្នាំគត់។ ២០ឆ្នាំ​ក្រោយ​ពី​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ចរាចរណ៍​ជាលើកដំបូង កាល​ពីថ្ងៃទី១​មករា​ឆ្នាំ២០០២​កន្លងទៅ ប្រជាជន​ភាគច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប​នៅតែ​មើលឃើញ​ថា ការ​ប្តូរពី​ការចាយលុយជាតិ មកចាយលុយអឺរ៉ូ​នេះ គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​ធ្វើ​ឲ្យ​ទំនិញ​ទូទៅ​ត្រូវ​ឡើងថ្លៃ។ តើ​អឺរ៉ូ​ពិតជា​ដើមចម​នាំ​ឲ្យទំនិញឡើងថ្លៃ​មែន​ឬ​ក៏​យ៉ាងណា?

លុយអឺរ៉ូ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពីថ្ងៃទី១ មករា ឆ្នាំ២០០២
លុយអឺរ៉ូ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពីថ្ងៃទី១ មករា ឆ្នាំ២០០២ AP - Michael Sohn
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសមាហរណកម្មអឺរ៉ុប បើគេ​និយាយ​អំពីការផ្លាស់ប្តូរ​ចម្បងជាងគេ ទៅលើ​ជីវិតរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន គេ​ប្រាកដ​ជា​នឹង​លើកឡើង អំពី​ចំណុច​សំខាន់​ចំនួន​ពីរ។ ទីមួយ​ ​លំហ​ស្ហិនហ្កិន (Schengen) ដែល​ប្រជាជន​អឺរ៉ុបអាច​ធ្វើ​ដំណើរ​ដោយសេរី​​រវាង​ប្រទេស​ជាសមាជិក ដោយ​គ្មាន​ការត្រួតពិនិត្យ​តាមព្រំដែន។ ទីពីរ ការចាយលុយរួម គឺ​លុយអឺរ៉ូ ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ដូរលុយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

ក៏ប៉ុន្តែ សម្រាប់ប្រជាជន​ទូទៅ​នៅ​អឺរ៉ុប (រហូតដល់​ទៅ​ជាងពាក់កណ្តាល បើ​យោងតាម​ការ​ស្ទាបស្ទង់មតិ​ថ្មីចុងក្រោយ កាល​ពី​ខែធ្នូ​ឆ្នាំ២០២១​កន្លងទៅ) ការ​បោះបង់​ចោល​រូបិយបណ្ណជាតិ មកចាយលុយអឺរ៉ូ បាន​ធ្វើ​ឲ្យ​ទំនិញ​សព្វសារពើ​​ទាំងអស់​សុទ្ធតែ​ត្រូវឡើងថ្លៃ​ខ្លាំង។

ការពិតជាក់ស្តែងវិញ បើ​មើលទៅលើ​ទិន្នន័យ​ផ្លូវការ​របស់​ការិយាល័យស្ថិតិ តម្លៃទំនិញ​ទូទៅ នៅ​ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ មិនបានកើនឡើង​ខ្លាំង​ដូចការ​គិត​របស់​ប្រជាជន​នោះទេ ហើយ​មែនទែន​ទៅ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ អត្រា​អតិផរណា​ប្រចាំឆ្នាំ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ថែម​ទាំង​ធ្លាក់ចុះ​មក​នៅ​ក្រោម ១% ដែល​ជា​អត្រា​មួយ​ទាប​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​បារម្ភ​ថា​នឹង​អាច​បង្ក​ជា​ឧបសគ្គ​ទៅដល់​កំណើន​សេដ្ឋកិច្ច​ទៅវិញ។

នៅ​ប្រទេស​បារាំង ដែល​ប្រជាជន​តែងតែ​នាំគ្នា​រអ៊ូរទាំ​​តាំង​ពី​រាប់ឆ្នាំមកហើយ​ថា ទំនិញសព្វមុខ​ឡើងថ្លៃ​ដោយ​សារ​អឺរ៉ូ តួលេខ​របស់​វិទ្យាស្ថានស្ថិតិជាតិ (ហៅកាត់​ថា INSEE) ក៏​បង្ហាញផងដែរ​ថា អត្រាអតិផរណា​​​ក្រោយ​ការចាយលុយ​អឺរ៉ូ​មិនបានកើនឡើង​​នោះទេ ដោយ​ក្នុងរយៈពេល ២០ឆ្នាំ​កន្លងទៅនេះ ​ចាប់ពីពេល​ដែល​បារាំង​ប្តូរពី​ចាយលុយហ្វ្រង់ មកចាយលុយ​អឺរ៉ូ អត្រា​អតិផរណា​​​ប្រចាំឆ្នាំ​គិតជាមធ្យមមានត្រឹម ១,៤% ប៉ុណ្ណោះ ដែលមែនទែន​ទៅ វា​ទាបជាង​បន្តិចផង បើធៀបនឹង​រយៈពេល ១០ឆ្នាំ​មុន​ពេល​ចាយលុយ​អឺរ៉ូ ដែល​អត្រា​អតិផរណា​ប្រចាំឆ្នាំ មាន​រហូតដល់​ទៅ ១,៧%។

ដូច្នេះ សំណួរសួរថា តើ​ហេតុអ្វី​បាន​ជា​ប្រជាជន​ភាគច្រើន​នាំគ្នា​គិត​ថា អឺរ៉ូ​នាំ​ឲ្យ​ទំនិញ​ឡើងថ្លៃ​បែបនេះ​ទៅវិញ?

យោងតាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បារាំង ការណ៍​ដែល​ប្រជាជន​គិតថា អឺរ៉ូ​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ គឺ​អាច​បណ្តាល​មក​ពី​កត្តាច្រើន​ផ្សំចូលគ្នា។

ទីមួយ គឺ​ជាកត្តាទាក់ទង​ទៅនឹង​ផ្នែក​ចិត្តសាស្រ្ត។ គេដឹង​ថា ការគណនា​អត្រា​អតិផរណា​ គឺ​ធ្វើ​ទៅលើ​មុខទំនិញ​ជាលក្ខណៈទូទៅ ក៏ប៉ុន្តែ វា​មិនមែន​មានន័យ​ថា គ្រប់មុខទំនិញ​ទាំងអស់​សុទ្ធតែ​ប្រែប្រួលតម្លៃ​ក្នុង​ទំហំ​ស្មើៗគ្នា​ទាំងអស់​នោះទេ។ ទំនិញខ្លះ​ឡើងថ្លៃ​ខ្លាំង ខ្លះ​ឡើងថ្លៃតិច ខ្លះ​នៅថេរ ចំណែក​ទំនិញ​​ខ្លះ​ទៀត​តម្លៃ​ត្រូវ​ធ្លាក់​ចុះ​​ក៏​មាន។ ក៏ប៉ុន្តែ យោងតាម​អ្នក​ជំនាញ​ខាង​ចិត្តសាស្រ្ត​-សេដ្ឋកិច្ច អ្នក​ទិញច្រើន​តែ​ផ្តោតអារម្មណ៍ និង​ចងចាំ​ពី​រឿង​ទំនិញឡើងថ្លៃ​ដែល​ធ្វើ​ឲ្យខ្លួនខាត ច្រើន​ជាង​រឿង​ទំនិញ​ដែល​មាន​តម្លៃថេរ ឬ​ធ្លាក់ចុះ។

កត្តាចម្បងមួយទៀត គឺ​អាច​ទាក់ទង​នឹង​ចំណុចគោល ដែល​គេយកមកប្រៀបធៀប។ អ្នកដែល​គិតថា ទំនិញឡើងថ្លៃខ្លាំង​ដោយសារ​លុយ​អឺរ៉ូ គឺ​គេ​ប្រៀបធៀបទៅនឹង​រូបិយបណ្ណ​ជាតិ ដែល​គេ​ធ្លាប់​ប្រើ​ពីមុន។ ឧទាហរណ៍ ដូចជា​នៅ​បារាំង គេ​ប្រៀបធៀប​ជាមួយ​នឹង​តម្លៃទំនិញ កាល​ពីនៅប្រើ​លុយ​ហ្វ្រង់។

ដោយសារ​តែ​លុយហ្វ្រង់ លែងត្រូវ​បាន​គេ​ប្រើ​តាំង​ពី​យូរឆ្នាំមកហើយ​នោះ រាល់ការប្រៀបធៀបជាមួយនឹង​តម្លៃទំនិញគិតជាហ្វ្រង់ គឺ​មិន​អាច​ប្រៀបធៀប​តម្លៃទំនិញ​ ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​បាននោះទេ។ ផ្ទុយ​ទៅវិញ គឺ​ចាំបាច់​ត្រូវតែ​ប្រៀបធៀបទៅនឹង​តម្លៃទំនិញ តាំងពី​មុន​ឆ្នាំ​២០០២ មុនពេល​ចាប់ផ្តើម​ប្រើអឺរ៉ូ មានន័យថា កាលពី​ ២០ឆ្នាំមុន។ ការប្រៀបធៀប​ទៅក្នុងអតីតកាល​ដ៏យូរបែបនេះ វាប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​មើលឃើញ​គម្លាតគ្នាឆ្ងាយ ពីព្រោះ​ថា បើទោះជា​អត្រាអតិផរណា​ប្រចាំឆ្នាំ​​​មាន​កម្រិត​ទាប ត្រឹម​ក្រោម​ ២% ដែល​មានន័យថា តម្លៃទំនិញ​ទូទៅ​កើនឡើង​ក្រោម ២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែ បើ​គិត​ជា​សរុប​បូកបញ្ចូល​គ្នា​ នៅ​ក្នុងរយៈពេល​ ២០ឆ្នាំកន្លងទៅ គេប្រាកដ​ជាមើលឃើញ​ថា តម្លៃទំនិញ​ទូទៅ​ត្រូវកើនឡើង​ខ្លាំង​ រហូតដល់​ទៅ​ជាង ៣០% ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ