អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បំណុលសកលឈានដល់កំណត់ត្រា ២២៦ទ្រីលានដុល្លារអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បំណុលសកលបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ដល់ ២២៦ទ្រីលានដុល្លារអាមេរិក នៅចុងឆ្នាំ២០២១នេះ។ នេះបើយោងតាមទិន្នន័យផ្លូវការចុងក្រោយ របស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ។ មូលហេតុមួយផ្នែកធំ គឺដោយសាររដ្ឋាភិបាលបង្កើនការចំណាយសាធារណៈ ដើម្បីប្រឈមបញ្ហាវិបត្តិកូវីដ១៩ ស្របពេលដែលនិន្នាការនៃការបង្កើនបំណុលសាធារណៈ របស់ បណ្ដាប្រទេសលើពិភពលោក ហាក់មានកំណើនរួចស្រេចស្រាប់ តាំងពីមុនកូវីដ១៩។ 

ទំហំបំណុលសាធារណៈនៅទូទាំងពិភពលោក​បានកើនឡើងពីប្រហែល ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០០៧ ដល់ ១២៤ភាគរយ ក្នុងឆ្នាំ២០២០
ទំហំបំណុលសាធារណៈនៅទូទាំងពិភពលោក​បានកើនឡើងពីប្រហែល ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០០៧ ដល់ ១២៤ភាគរយ ក្នុងឆ្នាំ២០២០ REUTERS - Lee Jae Won
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០២០ យើងអាចសង្កេតឃើញពីការកើនឡើងបំណុលសកលដ៏ធំបំផុត ក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដោយទំហំបំណុលសកលបានកើនឡើងដល់ ២២៦ទ្រីលានដុល្លារអាមេរិក។ មូលហេតុចម្បង គឺដោយសារ ពិភពលោកកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ អំឡុងវិបត្តិកូវីដ១៩ធ្ងន់ធ្ងរ សកម្មភាពសេដ្ឋកិច្ចស្ទើរតែដួលរលំ ហើយការបង្កើនការអន្តរាគមន៍របស់រដ្ឋ បានជំរុញឱ្យប្រទេសយ៉ាងច្រើនលើពិភពលោកកំពុងមានបំណុលកើនឡើង។

ជាក់ស្ដែង តាំងពីក្រោយវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨ ទំហំបំណុលសកលបានកើនឡើងរួចទៅហើយ ប៉ុន្តែឥឡូវនេះ ដោយសារប្រឈមកូវីដ១៩ រដ្ឋាភិបាលយ៉ាងច្រើនលើពិភពលោកបានបង្កើនកម្រិតបំណុលសាធារណៈ និងឯកជនរបស់ខ្លួន។ ក្នុងពេលជាមួយគ្នា កម្រិតអតិផរណា ឬការកើនឡើងថ្លៃទំនិញជាទូទៅ ក៏កំពុងកើនឡើងផងដែរ។

បំណុលសកលបានកើនឡើង ២៨ភាគរយក្នុងឆ្នាំ២០២០នេះ ពោលគឺទំហំបំណុលសកលសរុបស្មើនឹង ២៥៦ភាគរយនៃចំណូលជាតិ វាស់វែងដោយ ផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃមូលដ្ឋានទិន្នន័យបំណុលសកលរបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)

ប្រាក់កម្ចីដោយរដ្ឋាភិបាលមានចំនួនច្រើនជាងពាក់កណ្តាលនៃការកើនឡើងទាំងមូល ស្របពេលដែលសមាមាត្របំណុលសាធារណៈសកល បានកើនឡើងដល់កំណត់ត្រា ៩៩ភាគរយនៃផលិតផលក្នុងស្រុកសរុប។ បំណុលឯកជនដោយក្រុមហ៊ុនសាជីវកម្ម និងគ្រួសារ ក៏បានកើនឈានដល់កម្រិតខ្ពស់ថ្មីផងដែរ។ នេះមានន័យថា ទាំងបំណុលរដ្ឋ និងឯកជនមានការកើនឡើងខ្លាំង។

ការកើនឡើងនៃបំណុល គឺភាគច្រើនមានការកើនឡើងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ទំហំបំណុលសាធារណៈបានកើនឡើងពីប្រហែល ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០០៧ ដល់ ១២៤ភាគរយ ក្នុងឆ្នាំ២០២០។ ម្យ៉ាងវិញទៀត បំណុលឯកជនបានកើនឡើងក្នុងកម្រិតមធ្យមបន្ថែមទៀត ពី១៦៤ភាគរយ ទៅ១៧៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលដូចគ្នា។

ឥឡូវនេះ បំណុលសាធារណៈមានចំនួនជិត៤០ភាគរយនៃបំណុលសកលសរុប ដែលជាចំណែកខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០។ ការកើនឡើងបំណុលសាធារណៈតាំងពីឆ្នាំ២០០៧ ភាគច្រើនបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចធំៗ ដែលរដ្ឋាភិបាលត្រូវប្រឈម គឺ ទីមួយ វិបត្តិហិរញ្ញវត្ថុពិភពលោក និងបន្ទាប់មក ទីពីរ ជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងណា ស្ថានភាពបំណុលសកល មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសចិន តំណាងច្រើនជាង ៩០ភាគរយនៃការកើនឡើងបំណុលទាំងអស់ ក្នុងឆ្នាំ២០២០ ពោលគឺ ២៨ទ្រីលានដុល្លារអាមេរិក ។

គេសង្កេតឃើញថា ប្រទេសអ្នកមានទាំងនោះបង្កើនបំណុលសាធារណៈ និងឯកជន ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយសារហេតុផលផ្សេងៗ រួមមាន អត្រាការប្រាក់ទាប សកម្មភាពរបស់ធនាគារកណ្តាល និងទីផ្សារហិរញ្ញវត្ថុដែលមានការអភិវឌ្ឍល្អ នៅក្នុងប្រទេសទាំងនេះ។ ប៉ុន្តែ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍភាគច្រើន ត្រូវប្រឈមនឹងការខ្ចីបំណុលដែលមានអត្រាការប្រាក់ខ្ពស់ បើទោះបីជាទំហំកម្ចីមានទំហំតូចក៏ដោយ។

នៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍដែលមានប្រាក់ចំណូលទាប ត្រូវប្រឈមមុខនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ ប្រទេសចិនតែមួយតំណាង ២៦ភាគរយនៃការកើនឡើងបំណុលពិភពលោក។ ប្រទេសកំពុងរីកចម្រើន (មិនរាប់បញ្ចូលប្រទេសចិន) និងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប តំណាងភាគតូចប៉ុណ្ណោះនៃការកើនឡើងបំណុលពិភពលោក ឬប្រហែល ១ ទៅ១,២ទ្រីលានដុល្លារអាមេរិក ភាគច្រើនដោយសារតែបំណុលសាធារណៈខ្ពស់ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ