ដំណើរវិវឌ្ឍនៃសំណុំរឿងអាកាសធាតុក្នុងឆ្នាំ២០២១
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២១នឹងត្រូវបិទបញ្ចប់ ហើយនេះជាពេលដែលយើងអាចសំឡឹងត្រឡប់ទៅក្រោយ ដើម្បីពិនិត្យមើលជារួមឡើងវិញ ជុំវិញសំណុំរឿងដ៏សំខាន់មួយសម្រាប់ភពផែនដី និងមនុស្សជាតិយើង គឺបញ្ហាអាកាសធាតុ។ តើអ្វីខ្លះជាដំណើរវិវឌ្ឍចម្បងៗនៃវិស័យអាកាសធាតុ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ?
ឆ្នាំ២០២១ ថ្វីដ្បិតតែមិនសូវមានសីតុណ្ហភាពក្តៅខ្លាំង ធៀបទៅនឹងឆ្នាំ២០២០ និងប៉ុន្មានឆ្នាំមុន ក៏ប៉ុន្តែគិតជារួម នៅតែស្ថិតនៅក្នុងចំណោមឆ្នាំដែលក្តៅជាងគេក្នុងប្រវត្តិសាស្រ្ត ដោយអង្គការឧតុនិយមពិភពលោកបានព្យាករថា ឆ្នាំ២០២១នេះអាចស្ថិតនៅលំដាប់ទី៦ ឬទី៧ ហើយក្តៅជាងឆ្នាំណាៗទាំងអស់ នៅមុនឆ្នាំ២០១៥។
ទៅតាមការសង្កេតជាក់ស្តែង គេឃើញថា ឆ្នាំ២០២១នេះក៏ជាឆ្នាំដែលសម្បូរទៅដោយគ្រោះមហន្តរាយអាកាសធាតុច្រើនផងដែរ រាប់ចាប់តាំងពីគ្រោះទឹកជំនន់ រលកកម្តៅ ភ្លើងឆេះព្រៃ និងព្យុះសង្ឃរា ដោយគ្រោះមហន្តរាយនីមួយៗមានសភាពកាន់តែធ្ងន់ធ្ងរ ហើយបង្កឲ្យមានការខូចខាតខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើន គឺខូចខាតច្រើនជាងកាលពីឆ្នាំ២០២០ ដែលជាឆ្នាំក្តៅជាងគេក្នុងប្រវត្តិសាស្រ្តទៅទៀត។
យោងតាមរបាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោះមហន្តរាយធំៗចំនួន ១០ ដែលកើតមានឡើង នៅក្នុងឆ្នាំ២០២១នេះ បានបង្កឲ្យមានការខូចខាតគិតជាទឹកប្រាក់រហូតដល់ទៅ ប្រមាណជា ១៧០ពាន់លានដុល្លារ ហើយគិតជាសរុប ការខូចខាតដោយគ្រោះមហន្តរាយអាកាសធាតុឆ្នាំនេះត្រូវកើនឡើងលើសពីឆ្នាំ២០២០កន្លងទៅ រហូតដល់ទៅ ១៣% ឬប្រមាណជា ២០ពាន់លានដុល្លារ បើគិតជាទំហំទឹកប្រាក់។
និយាយអំពីវិទ្យាសាស្រ្តអាកាសធាតុវិញ ឆ្នាំ២០២១នេះក៏ជាឆ្នាំពិសេសមួយដែរ តាមរយៈការចេញផ្សាយនូវការសិក្សាជាច្រើន ជាពិសេស គឺការចេញផ្សាយរបាយការណ៍របស់ក្រុមអ្នកជំនាញអាកាសធាតុអ.ស.ប កាលពីខែសីហាកន្លងទៅ។
របាយការណ៍នេះ ដែលជាការវាយតម្លៃទូទៅគ្រប់ជ្រុងជ្រោយទៅលើស្ថានភាពអាកាសធាតុភពផែនដីជាលើកទី១ នៅក្នុងរយៈពេល ៧ឆ្នាំកន្លងទៅនេះ បានបង្ហាញឲ្យឃើញនូវដំណើរវិវឌ្ឍដ៏គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ ដោយនៅក្នុងនោះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ភពផែនដីរបស់យើងនេះនឹងត្រូវឡើងកម្តៅលើសពី ១,៥អង្សាដោយចៀសមិនរួច ហើយថា ការឡើងកម្តៅ ១,៥អង្សានេះអាចនឹងកើតឡើង នៅក្នុងរយៈពេលត្រឹម ពី ១០ ទៅ ២០ឆ្នាំទៀតប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា កម្រិតកម្ពស់ទឹកសមុទ្រមធ្យមលើភពផែនដីកំពុងកើនឡើងក្នុងអត្រាមួយខ្ពស់ហួសពីការរំពឹងទុក, សមត្ថភាពស្រូបយកឧស្ម័នកាបូនិចដោយប្រៃឈើចេះតែថយចុះ ចំណែកដីកក “ពែរម៉ាហ្វ្រូស” ដែលស្តុកឧស្ម័នមេតានត្រូវរលាយកាន់តែលឿន ហើយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសកាន់តែច្រើន ដែលអាចនឹងនាំទៅដល់ចំណុចរបត់ដ៏គ្រោះថ្នាក់មួយលែងអាចស្តារមកវិញបាន។
ប្រឈមនឹងស្ថានភាព និងចក្ខុវិស័យនៃដំណើរវិវឌ្ឍអាកាសធាតុដ៏គួរឲ្យព្រួយបារម្ភនេះ គេនាំគ្នាដាក់ក្តីរំពឹងទៅលើសន្និសីទអាកាសធាតុរបស់អ.ស.ប នៅទីក្រុង Glasgow កាលពីខែវិច្ឆិកា ដែលជាកិច្ចចរចាអាកាសធាតុដ៏សំខាន់ជាងគេ នៅក្នុងឆ្នាំ២០២១នេះ។ ក៏ប៉ុន្តែ ចុងក្រោយទៅ លទ្ធផលនៃសន្និសីទនេះហាក់មិនបានទៅតាមអ្វីដែលគេរំពឹងចង់បាននោះទេ។
មែនទែនទៅ សន្និសីទអាកាសធាតុក្រុង Glasgow នេះ ថ្វីដ្បិតតែមិនបានទទួលជោគជ័យខ្លាំងដូចសន្និសីទក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ក៏ប៉ុន្តែ វាក៏មិនមែនបរាជ័យទាំងស្រុងដូចសន្និសីទក្រុងកូប៉ិនហាក កាលពីឆ្នាំ២០០៩នោះដែរ។
មានចំណុចវិជ្ជមានមួយចំនួន ដែលគេអាចកត់សម្គាល់នៅក្នុងសន្និសីទអាកាសធាតុក្រុង Glasgow រួមមានដូចជាការសន្យាកាត់បន្ថយការប្រើថាមពលធ្យូងថ្ម និងកាត់បន្ថយជំនួយរដ្ឋនៅក្នុងវិស័យថាមពលផូស៊ីល, ការសន្យាបញ្ឈប់ការកាប់ព្រៃឈើ និងស្តារដីព្រៃមកវិញនៅត្រឹមឆ្នាំ២០៣០ និងការសន្យាបង្កើនកញ្ចប់ថវិកាជំនួយអាកាសធាតុ ជាដើម។ ទាំងនេះសុទ្ធសឹងជាវិធានការថ្មីៗលើសពីអ្វីដែលធ្លាប់មានពីពេលមុនៗ ក៏ប៉ុន្តែ បញ្ហាចោទ គឺនៅត្រង់ថា គោលនយោបាយអាកាសធាតុថ្មីនេះ វានៅតែខ្វះខាតច្រើន ដោយដើរមិនទាន់ដំណើរវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ដែលគេអាចសង្កេតឃើញជាក់ស្តែងតាមរយៈគ្រោះមហន្តរាយអាកាសធាតុ ក៏ដូចជាតាមរយៈរបាយការណ៍ធ្វើឡើងទៅតាមលក្ខណៈវិទ្យាសាស្រ្តដោយអ្នកជំនាញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ