អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអាមេរិក​នឹង​ប្រើប្រាស់​លុយឌីជីថល​ដូចចិន និង​ប្រទេស​ដទៃ នា​ពេល​ឆាប់ៗនេះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទៅថ្ងៃខាងមុខ ការប្រើប្រាស់លុយជាក្រដាសដើម្បីដោះដូរទំនិញនឹងកាន់តែមានចំនួនតិច ស្របពេលដែលការដោះដូរដោយលុយឌីជីថល តាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានចំនួនច្រើន។ នាពេលបច្ចុប្បន្ន ធនាគារកណ្ដាលនៃប្រទេសយ៉ាងច្រើន រួមមាន ចិន ជប៉ុន ស៊ុយអែត អង់គ្លេស និងអឺរ៉ុប  បានចាប់ផ្តើមសាកល្បងលុយឌីជីថលរបស់ធនាគារកណ្តាល។ ផ្ទុយទៅវិញ អាម៉េរិកហាក់មានភាពយឺតយ៉ាងនៅឡើយ។ តើអាមេរិកត្រៀមខ្លួនហើយឬនៅ?

ក្រដាសប្រាក់ និង​បណ្ណធនាគារ ជាមធ្យោបាយ​នៃការចាយ​វាយ ដែលកំពុងតែត្រូវជំនួសដោយ លុយឌីជីថល
ក្រដាសប្រាក់ និង​បណ្ណធនាគារ ជាមធ្យោបាយ​នៃការចាយ​វាយ ដែលកំពុងតែត្រូវជំនួសដោយ លុយឌីជីថល AP - Jenny Kane
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក បន្ដជាប្រទេសដែលមានភាពយឺតយ៉ាវខ្លាំង ក្នុងការអភិវឌ្ឍលុយឌីជីថល។ ផ្អែកតាមការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ The Brookings ចិន ជប៉ុន និងស៊ុយអែតបានចាប់ផ្តើមសាកល្បង លុយឌីជីថលរបស់ធនាគារកណ្តាល។ ធនាគារអង់គ្លេស និងធនាគារកណ្តាលអឺរ៉ុប កំពុងរៀបចំការសាកល្បងលុយឌីជីថលផ្ទាល់ខ្លួនផងដែរ។

នៅអាមេរិក មនុស្សយ៉ាងច្រើននៅតែចូលចិត្តប្រើសាច់ប្រាក់ ប្រហែលជាដោយសារតែពួកគេយល់ថា វាមានលក្ខណៈងាយស្រួលពេលឃើញ លុយជាក្រដាស ឬដោយសារតែវាផ្តល់នូវការសម្ងាត់ក្នុងទិញទំនិញ។ ក៏ប៉ុន្តែ ការទូទាត់តាមលុយឌីជីថល ដែលធ្វើឡើងដោយការអូសកាត ឬចុចពីរបីដងលើទូរសព្ទដៃ កំពុងក្លាយជា ការដោះដូរថ្មីយ៉ាងឆាប់រហ័ស។

អ្វីជាអត្ថប្រយោជន៍ របស់លុយឌីជីថល សម្រាប់​ធនាគារកណ្តាល?

អត្ថប្រយោជន៍ចម្បងដំបូង គឺ សុវត្ថិភាពសន្តិសុខ និងការចំណាយតិច។ លុយជាសាច់ប្រាក់ អាចត្រូវបាត់បង់ និងចោរលួចជាដើម ទាំងសម្រាប់បុគ្គល និងអាជីវកម្ម ចំណែកឯ លុយឌីជីថលវិញមានសុវត្ថិភាពជាង។ នាពេលកន្លងមក ប្រតិបត្តិការធនាគារបានចំណាយយ៉ាងច្រើន លើបុគ្គលិក អគារ និងការចំណាយផ្សេងៗ ដែលតម្រូវឱ្យអតិថិជនត្រូវចំណាយផ្សេងៗ ដើម្បីប្រើប្រាស់សេវាធនាគារបាន។

លុយឌីជីថល ក៏ផ្តល់អត្ថប្រយោជន៍ដល់ ក្រុមពលរដ្ឋក្រីក្រ និងក្រុមពលរដ្ឋដែល គ្មានគណនេយ្យនៅធនាគារផងដែរ។ ក្នុងជីវភាពជាក់ស្ដែង ការបើក គណនេយ្យធនាគារ តាមរបៀបចាស់ ទាមទារឱ្យប្រជាពលរដ្ឋត្រូវមានលុយក្នុងកុងធនាគារ និងត្រូវចំណាយការប្រាក់ ក៏ប៉ុន្តែ សម្រាប់លុយឌីជីថល គឺពលរដ្ឋគ្រប់រូបអាចបង្កើតបាន។ ពលរដ្ឋម្នាក់ៗ ឬគ្រួសារនីមួយៗ អាចមានគណនីគ្មានការប្រាក់ ដោយមិនអស់ថ្លៃសេវា នៅក្នុងធនាគារកណ្តាល ដោយត្រឹមតែភ្ជាប់ជាមួយទូរសព្ទដៃ ដើម្បី ទូទាត់ប្រាក់។ ក្នុងពេលបច្ចុប្បន្ន ប្រហែល ៩៧ភាគរយនៃពលរដ្ឋពេញវ័យ នៅអាមេរិក មានទូរសព្ទដៃ ឬស្មាតហ្វូន។

នៅក្នុងវិបត្តិកូវីដ១៩ ពលរដ្ឋអាមេរិកដែលគ្រួសារមានប្រាក់ចំណូលទាប ក្នុងចំនួនរាប់លានគ្រួសារ មិនមានគណនីធនាគារទេ។ ដូច្នេះ ពួកគេត្រូវប្រឈមបញ្ហាយ៉ាងច្រើន នៅពេលទទួលលុយជំនួយកូវីដ១៨ ពីរដ្ឋអាមេរិក ជាឧទាហរណ៍ ការប្រឈមនឹងភាពស្មុគស្មាញ ឬការពន្យារពេលក្នុងការទទួលបានការទូទាត់ទាំងនោះ។ ផ្ទុយទៅវិញ គណនីលុយឌីជីថល អាចកាត់បន្ថយការក្លែងបន្លំ និងធ្វើឱ្យការគ្រប់គ្រងការទូទាត់សាច់ប្រាក់ កាន់តែមានភាពងាយស្រួលរហ័ស និងមានសុវត្ថិភាពជាងមុន។

សម្រាប់ធនាគារកណ្ដាល លុយឌីជីថល អាចត្រូវបានប្រើប្រាស់ជា យន្តការនយោបាយសេដ្ឋកិច្ច ផងដែរ។ ជាឧទាហរណ៍ យន្តការជំរុញការប្រើប្រាស់ក្នុងស្រុក និងការជំរុញការវិនិយោគ តាមរយៈការកាត់បន្ថយអត្រាការប្រាក់ ឬការកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ធនាគារ ដែលកើតចេញពីលុយឌីជីថល។

លុយឌីជីថល ក៏អាចរារាំងសកម្មភាពខុសច្បាប់នានា ដែលពឹងផ្អែកលើប្រតិបត្តិការលុយអនាមិក ដូចជា ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ជាដើម។

អ្វីជាហានិភ័យ របស់ លុយឌីជីថលរបស់ធនាគារកណ្តាល?

ប្រាកដណាស់ ក៏អាចមានហានិភ័យផ្សេងៗផងដែរ សម្រាប់ ដំណើរការលុយឌីជីថល របស់ ធនាគារកណ្តាល។ ជាឧទាហរណ៍ លុយដុល្លារឌីជីថល អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធធនាគារផ្សេងៗ។ ប្រសិនបើប្រជាជនកាន់តែច្រើន សម្រេចមកបើកគណនីលុយឌីជីថល នោះធនាគារឯកជននឹងបាត់បង់អតិថិជនរបស់ខ្លួនយ៉ាងច្រើន។

ប៉ុន្តែ ហានិភ័យនេះអាចគ្រប់គ្រងបាន។ ធនាគារឯកជននៅតែអាចដំណើរការរបស់ខ្លួនបាន តាមរយៈការផ្តល់កម្ចី ការសន្សំ និងការផ្តល់សេវាធានារ៉ាប់រងជាដើម។ លើសពីនេះ ធនាគារពាណិជ្ជអាចរក្សាអតិថិជន និងរក្សាគណនីលុយឌីជីថលរបស់ធនាគារកណ្តាល រួមជាមួយគ្នា និងអាចផ្ញើលុយទៅវិញទៅមក។ ផ្ទុយទៅវិញ ស្ថានភាពអាចនឹងជំរុញការប្រកួតប្រជែង និងលើកទឹកចិត្តការបង្កើតថ្មីដែលធ្វើឱ្យការទូទាត់តាមលុយ តាមប្រព័ន្ធឌីជីថល កាន់តែមានតម្លៃថោក រហ័ស និងមានសុវត្ថិភាពជាងមុន។

កង្វល់មួយទៀត គឺ ការបាត់បង់ឯកជនភាព នៅពេលប្រើប្រាស់លុយឌីជីថល។ ទោះបីជាមានការការពារដើម្បីធានាការរក្សាការសម្ងាត់ក៏ដោយ ក៏គ្មានធនាគារកណ្តាលណាបោះបង់ចោលសមត្ថភាពក្នុងការធ្វើសវនកម្ម និងតាមដានប្រតិបត្តិការដោះដូរឡើយ។ ដូច្នេះ ការទទួលយកប្រព័ន្ធលុយដុល្លារឌីជីថល មិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសម្រេចចិត្តរបស់សង្គមផងដែរ ក្នុងការផ្តល់ឯកជនភាព និងសិទ្ធិសម្ងាត់ទៅ អាជ្ញាធរ ឬធនាគារកណ្ដាល។

សរុបជារួម ទីបញ្ចប់នៃការប្រើប្រាស់លុយក្រដាស ឬគណនីធនាគារបែបបុរាណ គឺនៅចំពោះមុខសង្គមនានា មិនថា សហរដ្ឋអាមេរិក។ ការប្រើប្រាស់លុយឌីជីថល នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកាន់តែទូលំទូលាយ។ ដូច្នេះ ការពិចារណា និងការអនុវត្តជាក់ស្ដែង ក្នុងការប្រើប្រាស់ លុយឌីជីថល ជាបញ្ហាគន្លឹះសម្រាប់ធនាគារកណ្ដាលអាមេរិក នៅអនាគតឆាប់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ