អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្វហ្កានីស្ថាន៖ តើ​ ពួក​តាលីបង់​ ប្រឈម​នឹងការ​លំបាក​ផ្នែក​​សេដ្ឋកិច្ច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​អាហ្វហ្កានីស្ថាន ត្រូវ​ធ្លាក់​ក្នុង​ដៃ​ពួកតាលីបង់​ ដោយ​ងាយ​ស្រួល​ ក្រោយ​ការ​សម្រេច​ដកទ័ព​របស់​សហរដ្ឋ​អាមេរិក​។ អាហ្វហ្កានីស្ថាន ជាប្រទេស​ក្រីក្របំផុត​មួយ​លើពិភពលោក ដែល​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច បញ្ហា​សង្គម និង​ការអត់​ការងារធ្វើ ជាដើម​​។ ​ ពួក​តាលីបង់​  ដែល​នឹង​ឡើងកាន់អំណាចថ្មី​  គឺ​ច្បាស់​ជា​​ត្រូវ​ប្រឈមមុខ ​នឹងការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ជាក់ជា​ពុំ​ខាន។​​

ចម្ការអាភៀន​នៅអាហ្វហ្កានីស្ថាន។
ចម្ការអាភៀន​នៅអាហ្វហ្កានីស្ថាន។ REUTERS/Parwiz/Files
ផ្សាយពាណិជ្ជកម្ម

២០ឆ្នាំ ផុងក្នុងសង្គ្រាម​ជាមួយ​អាមេរិក​​ បូក​ទាំង សង្គ្រាម​ប្រឆាំង​សូវៀត ​គឺ​ជាង ​៤០ ឆ្នាំចុងក្រោយនេះ​​ អាហ្វហ្កានីស្ថាន ស្គាល់តែភ្នក់​​ភ្លើង​សង្គ្រាម។​ សេដ្ឋកិច្ច​ជាតិ ​ទ្រុឌទ្រោម។ ប្រជាជន ជិត​៤០លាននាក់ គឺ​ស្ទើរតែ​ជាង​ ៩០% រស់​ក្រោម​បន្ទាត់​ក្រីក្រ  ​រក​ប្រាក់​បាន​ តិច​ជាង​២ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​ ចំណូល​ក្នុងស្រុក​សរុប​ មិន​អាចទូទាត់ការ​​​ចំណាយ​របស់​ប្រទេស​ បាន​ពាក់​កណ្តាល​​​ផង​ទេ។ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ចាស់  ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស​។​

តើ​ស្ថាប័ន​អំណាចថ្មី​របស់​ តាលីបង់ អាច​ប្រមូល​ធនធានពីណាខ្លះដើម្បី​ដឹកនាំប្រទេស​? ​តើ​កន្លងមក ពួក​តាលីបង់ ​បាន​លុយ​មកពីណា? ជាផ្លូវការ​ ប្រភព​ធនធាន​របស់​ក្រុម​តាលីបង់ គឺបាន​មកក្រុម​បណ្តាញរបស់ពួក​គេ​នៅ​​ក្រៅស្រុក ហើយ​បាន​មក​ពី​ការជួញដូរ​ខុស​ច្បាប់​ ដូចជា​ ជួញដូរ​គ្រឿងញៀន​ ជាដើម។

​​អាហ្វហ្កានីស្ថាន ជា​ប្រទេស​​លក់ដូរអាភៀន​ធំជាងគេ​លើពិភពលោក។ ​​អាភៀន ​​ចំនួន​៨៤% ចរាចរណ៍​លើពិភពលោក ជា​ទំនិញ​ផលិត​​នៅ​អាហ្វហ្កានីស្ថាន។ ទីផ្សារអាភៀន​ផ្តល់​ទុនវិនិយោគ​ប្រមាណ​២ពាន់​លានដុល្លារ និង​ បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​រាប់រយ​ពាន់​នាក់។ ពួកតាលីបង់​ ក៏បាន​កេង​ចំណេញ​លុយ និងទារ​ថ្លៃ​ការពារពីក្រុមហ៊ុនក្នុងតំបន់​ដែល​ពួក​គេ​ត្រួតត្រា គឺ​បាន​ប្រភព​ចំណូល​មួយ​ផ្នែក​ដែរ​។​

ឆ្នាំ២០២០ ​អាហ្វហ្កានីស្ថាន មា​នផ្ទៃដីដាំអាភៀន​ ​២២៤ ០០០ ហិកតា ​​ គឺកើនឡើង​៣៧% បើធៀប​នឹង​ឆ្នាំ២០១៩។ នេះបើតាម​ការ​វាយតម្លៃ​របស់ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដែល​ទទួល​បន្ទុក​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​​គ្រឿង​ញៀន។ ដំណើរ​ការ​សេដ្ឋកិច្ចដោយ​ជួញ​អាភៀននេះ គឺអង្គការ​សហប្រជាជាតិ ចាត់ទុកថា ​​ខុស​ច្បាប់​ និង​ ​នាំឲ្យ​អ្នកវិនិយោគ ​ទាំងរដ្ឋនិងឯកជន ភ័យខ្លាច​រអា ពី​អសន្តិសុខ អំពើ​ហិង្សា និង​ការ​បះបោរចលនា។ បរិយាកាស​វិនិយោគគ្មានស្ថេរភាព​បែបនេះ មិនទាក់​ទាញ​ឈ្មួយ​វិនិយោគត្រឹមត្រូវ​និងឈ្មួយ​ធំៗ​​​ទេ។ សេដ្ឋកិច្ច​ជាតិ​ក៏​មិន​អាច​រំពឹង​តែ​លើ​ការជួញដូរអាភៀន​ដែរ។​

ដើម្បី​ស្តារទំនុកចិត្ត ពួកតាលីបង់ តាមរយៈអ្នក​នាំពាក្យ​ម្នាក់​របស់​ពួក​គេ បាន​ប្រកាស​សន្យា​ នៅសប្តាហ៍​ថា អាហ្វហ្កានីស្ថាន មិនអាច​ជាប្រទេស​ដែល​ពឹង​ផ្អែក​លើ​អាភៀនទេ។ តាលីបង់​ នឹង​កាត់​បន្ថយ​​​អាភៀន​ឲ្យ​ដល់​សូន្យ​តែម្តង។ នេះក៏​ជា​អ្វី​ដែលតាលីបង់​បាន​ធ្លាប់​ធ្វើមកហើយ នៅពេល​ដែល​រដ្ឋាភិបាល​តាលីបង់​ កាន់អំណាច​មុន​ឆ្នាំ២០០១។​

​អ្នក​វិភាគ យល់ថា សេដ្ឋកិច្ច​អាហ្វហ្កានីស្ថាន ទៅថ្ងៃមុខ​​ ​​អាច​រំពឹងខ្លះ​ទៅ​​លើ​ធនធាន​ក្រោម​ដី។ តាលីបង់​ ប្រហែល​ជា​នឹង​ចម្រាញ់ជីក​រ៉ែ​ រ៉ែមាស រ៉ែដែក ស្ថាន់ ឧស្ម័ន​ ហើយក៏ប្រហែល​ជា រ៉ែធាតុ​លីធ្យូម និង​កូបាល្ត៍។ ធនធាន​រ៉ែរបស់​​អាហ្វហ្កានីស្ថាន​ ត្រូវគេប៉ាន់​ប្រមាណថា អាច​មាន​តម្លៃយ៉ាងតិច​៣ ០០០ ពាន់​លាន​ដុល្លារ​​។

ចិនជាតំណាងប្រទេសដំបូងៗគេ ដូចរុស្ស៊ីដែរ ដែលទទួលជួបចរចាដោយផ្ទាល់ជាមួយ ពួកតាលីបង់។ មហាចិន​ បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ចម្រាញ់​រ៉ែ​ ជាច្រើន​មកហើយ ហើយ​ចិន​​ក៏​ប្រាថ្នា​រ៉ែ​លីធ្យូម របស់​អាហ្វហ្កានីស្ថាន​​ ​ដើម្បី​ផលិតឧបករណ៍​អគ្គិសនី​ ដូចជា ថ្មពិល និងអាគុយ​អគ្គិសនី។​

នៅមុន​ការដួល​រំលំ​ក្រុង​កាប៊ូលទៅក្នុង​ដៃ​តាលីបង់ អ្នក​វិនិយោគបរទេស បានសន្យា​ជួយ​វិនិយោគ​ ក្នុងរង្វង់​ទឹក​ប្រាក់​ ១២ពាន់​លាន​ដុល្លារ សម្រាប់ឆ្នាំ​២០២១ដល់​២០២៤។ ក្នុងនោះ អង្គការ​រូបិយវត្ថុ​អន្តរជាតិ FMI ក៏​​ជួយ​ដែរ។ FMI ក៏​គ្រោង​ឲ្យ​ប្រាក់​ខ្ចី​ ១០៥លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែលប៉ះពាល់​ព្រោះតែ​​កូវីដ​១៩។ ក៏ប៉ុន្តែ ក្រោយការ​ធ្លាក់​ក្រុង​កាប៊ូល​ចូលដៃ​តាលីបង់ FMI នៅ​មិនទាន់​អាច​សហការ​ជាមួយ​រដ្ឋអំណាច​ថ្មី​បានទេ។​

សហរដ្ឋ​អាមេរិក ​មិនទាន់​ទទួលស្គាល់រដ្ឋាភិបាល​តាលីបង់ ហើយ​ទំនងជា​អាមេរិក​នៅតែមិនទាន់ទទួល​ស្គាល់ទៀត ប្រសិន​បើ​ពួក​តាលីបង់​គ្មាន​លក្ខខណ្ឌធានា​ឲ្យ​ទុកចិត្ត ទៅ​ទិដ្ឋភាព​​សិទ្ធិមនុស្ស​និងការ​គោរព​សិទ្ធិនារីភេទ​។

កាណាដា របស់នាយករដ្ឋមន្ត្រី​លោក Justin Trudeau ក៏​ធ្លាប់​បាន​ថ្លែងថា កាណាដា ហាក់​គ្មាន​ចេតនា​​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់ទេ។ ចំណែក ​អាល្លឺម៉ង់ បាន​ផ្អាក​ជំនួយ ​បាត់​ទៅហើយ។​ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ អះអាងថា នឹងមិន​​ផ្តល់​ជំនួយ​មួយកាក់មួយ​សេន ឲ្យ​ពួក​តាលីបង់​ឡើយ​។ អាល្លឺម៉ង់​ គឺ​ជា​ម្ចាស់​ជំនួយ​ធំ នៅក្នុងចំណោម​ម្ចាស់ជំនួយ​ធំ​ៗ​ ទាំង​ដប់​ ដែល​ជួយ​ហិរញ្ញ​វត្ថុ ដល់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​។​ ឆ្នាំ២០២១នេះ អាល្លឺម៉ង់​ ត្រូវ​ជួយ​ ៤៣០លានអឺរ៉ូ ក្នុង​នោះ ២៥០លានអឺរ៉ូ គឺ​សម្រាប់​វិស័យ​អភិវឌ្ឍន៍​ តែលុយទាំងនេះ ត្រូវកកស្ទះ។​

ទ្រព្យ​សកម្ម​របស់រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និងថវិកា​របស់​ធានាគារកណ្តាលអាហ្វហ្កានីស្ថាន​ ដែល​​តម្កល់ទុក​នៅសហរដ្ឋ​អាមេរិក គឺ​មិនអាច​ដកយក​មក​ប្រើប្រាស់បាន។ រតនាគារជាតិ​អាមេរិក និង​អ្នក​ទទួល​ខុសត្រូវម្នាក់​ក្នុងរដ្ឋបាល​លោក ចូ បៃដិន​​ បាន​ប្រកាស​កាលពីថ្ងៃច័ន្ទ​ ថា​ មិន​ឲ្យ​ពួក​តាលីបង់​ ប៉ះពាល់​​ទ្រព្យ​នោះ​ទេ។​

ជំនួយ​អន្តរជាតិ ក៏មិនច្បាស់លាស់, ទ្រព្យសម្បត្តិ​នៅបរទេស​ នៅប្រទេស​ជឿនលឿន ក៏មិនអាច​បើក​ប្រើ​ការ​​​បាន, ហើយដឹកនាំប្រទេស​មួយ​ទាំងមូល​នឹងត្រូវ​ចំណាយ​លុយ រាប់សិប​ដង​ពីលើ​ស​ពីចំណូល​ដែល​តាលីបង់​ ធ្លាប់​រកបាន​ពីមុន។ ក្នុងពេល​រយៈ​ខ្លី​និងមធ្យម រដ្ឋបាល​តាលីបង់​ ច្បាស់​ជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​។​ ហេតុនេះ គេ​ច្រើន​និយមនិយាយថា "ការ​វាយ​ដំណើម​យក​​ប្រទេស​ គឺជា​រឿងលំបាក​មួយ តែ​ការ​ដឹកនាំ​ប្រទេស​ ​រឹងរឹតតែលំបាក​ខ្លាំង​ថែមទៀត​"៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ