អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអាល្លឺម៉ង់បញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ​​២សីហាកន្លងទៅនេះ អាល្លឺម៉ង់​បាន​បញ្ជូននាវាចម្បាំងមួយគ្រឿង​ឲ្យ​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយនឹង​ចិន។ ជាទូទៅ គេ​សង្កេតឃើញ​ថា អាល្លឺម៉ង់ ដែល​មាន​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាមួយចិន មិនសូវ​ជា​ប្រកាន់​នូវ​ជំហរ​តឹងរ៉ឹង​ប៉ុន្មានទេ​ចំពោះ​ចិន។ ​ហេតុអ្វី​បាន​ជា​អាល្លឺម៉ង់​បញ្ជូន​នាវា​ទៅកាន់​តំបន់​សមុទ្រចិន​ខាង​ត្បូង​នៅពេលនេះ?

នាវាចម្បាំងអាល្លឺម៉ង់ ឈ្មោះ "Bayern" នៅពេល​ចាកចេញ​ពី​កំពុងផែ កាល​ពីថ្ងៃទី២ សីហា ២០២១
នាវាចម្បាំងអាល្លឺម៉ង់ ឈ្មោះ "Bayern" នៅពេល​ចាកចេញ​ពី​កំពុងផែ កាល​ពីថ្ងៃទី២ សីហា ២០២១ AFP - SINA SCHULDT
ផ្សាយពាណិជ្ជកម្ម

នាវាចម្បាំង​ដែល​អាល្លឺម៉ង់​បញ្ជូន​ទៅ​អាស៊ី​នៅពេលនេះ ធ្វើ​ឡើង​នៅ​ក្នុងក្របខណ្ឌ​នៃ​ដំណើរទស្សនកិច្ច​រយៈពេល៧ខែ មួយជុំតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដោយ​នឹង​ត្រូវ​ចូលសំចត នៅតាម​បណ្តា​ប្រទេស​​ជាច្រើន ហើយ​ត្រូវ​បើក​ឆ្លង​កាត់​តំបន់​​សមុទ្រ​ចិន​ខាង​ត្បូង នៅ​អំឡុង​ពាក់​កណ្តាល​ខែ​ធ្នូ​ខាងមុខ។

នេះ​គឺ​ជា​លើកទីមួយ នៅ​ក្នុងរយៈពេល​២០ឆ្នាំ​កន្លងទៅនេះ ដែល​អាល្លឺម៉ង់​បញ្ជូន​នាវាចម្បាំង​ ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​វា​ជាផ្នែក​មួយ នៃ​យុទ្ធសាស្រ្ត​ដ៏ប្រយ័ត្នប្រយែង​របស់​អាល្លឺម៉ង់ នៅក្នុង​តំបន់​ភូមិសាស្រ្តនយោបាយ​ដ៏​ក្តៅគគុកមួយនេះ។

ចំណុចគន្លឹះ​នៃ​យុទ្ធសាស្រ្ត​របស់​អាល្លឺម៉ង់​ទាក់ទង​នឹង​ចិន គឺ​ធ្វើ​យ៉ាងណា​ស្វែងរក​តុល្យភាព​មួយ រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​តម្រូវការ​ផ្នែក​សន្តិសុខ​។

ខាងផ្នែក​សេដ្ឋកិច្ច ចិន​គឺ​ជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំលំដាប់ទី១​របស់​អាល្លឺម៉ង់ ហើយ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​សេដ្ឋកិច្ច​ដោយសារវិបត្តិកូវីដ​ក្នុងពេល​បច្ចុប្បន្ន​នេះ អាល្លឺម៉ង់​រឹតតែ​ត្រូវការ​ចិន ដើម្បី​ជា​ទីផ្សារ​នាំចេញ ជួយ​រុញ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​មកវិញ។

ខាងផ្នែក​សន្តិសុខវិញ អាល្លឺម៉ង់ និង​ចិន ក្រៅពី​​មាន​គោលការណ៍​នយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ផ្ទុយគ្នា គឺ​ជា​ប្រទេស​ដែលឈរនៅ​ទិសដៅផ្ទុយគ្នា ក្នុង​រចនាសម្ព័ន្ធ​សន្តិសុខ​អន្តរជាតិ។

គេ​អាច​សង្កេតឃើញ​ថា ចាប់តាំង​ពីក្រោយ​សង្រ្គាម​លោកលើកទី២មក សន្តិសុខជាតិ​អាល្លឺម៉ង់​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​យន្តការ “ការពារជាតិរួម” (Collective Defense) ពោលគឺ ពឹងលើ​សម្ព័ន្ធភាព​​ជាមួយនឹង​បណ្តា​ប្រទេស ទាំង​នៅ​ក្នុង​បក្សសម្ព័ន្ធ​អូតង់ និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀតក្រៅអូតង់ ជាពិសេស ជប៉ុន និង​អូស្ត្រាលី ដែល​ភាគច្រើន​គឺ​ជា​គូប្រជែង​របស់​ចិន។

នៅក្នុងមួយរយៈកាលចុងក្រោយ​នេះ គេសង្កេតឃើញ​ថា ក្រៅពី​សហរដ្ឋ​អាមេរិក ប្រទេសផ្សេងទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​ចម្បងៗ​របស់​អាល្លឺម៉ង់ រួមមាន បារាំង និង​អង់គ្លេស​ ជាដើម សុទ្ធតែ​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​បន្តបន្ទាប់ ហើយ​ជប៉ុន​វិញ​ក៏​បាន​ស្នើសុំ​ដោយ​ទទូច​ផងដែរ​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​តំបន់​នោះ ដើម្បី​បង្ហាញ​ពី​ជំហរ​រួបរួមគ្នា​ទល់​នឹង​ចិន។

នៅក្នុងបរិបទ​នេះហើយ ដែល​អាល្លឺម៉ង់​សម្រេច​បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ម្យ៉ាង​ បង្ហាញ​ពី​ជំហរ​ផ្លូវការ​របស់​អាល្លឺម៉ង់​ក្នុង​ការ​ទាមទារ​ឲ្យ​មានការធានា​នូវ​សេរីភាព​​នាវាចរណ៍​​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងស្រប​ទៅតាម​ច្បាប់​អន្តរជាតិផង និង​ម្យ៉ាងទៀត ដើម្បី​បង្ហាញ​ពី​ជំហរគាំទ្រ​ដល់​​ប្រទេស​សម្ព័ន្ធមិត្ត ដែល​កំពុង​ប្រឈម​មុខ​ជាមួយចិន នៅ​ក្នុង​តំបន់។

ក៏ប៉ុន្តែ នៅក្នុងពេល​ជាមួយគ្នា អាល្លឺម៉ង់​ក៏​បាន​ព្យាយាម​ផងដែរ​ធ្វើ​យ៉ាងណា​ចៀសវាង​មិន​ឲ្យ​​ការ​បញ្ជូន​នាវាចម្បាំង​​ទៅកាន់​តំបន់​អាស៊ី​ពេលនេះ នាំ​ទៅដល់​ការ​ប្រឈម​មុខដាក់គ្នា​ណាមួយ​ជាមួយនឹង​ចិន។

លោកស្រី អាណឺហ្ក្រេត ក្រាំការេនបោវ័រ (Annegret Kramp-Karrenbauer) រដ្ឋមន្រ្តី​ការពារជាតិអាល្លឺម៉ង់ នៅក្នុងពេល​ជូនដំណើរនាវាចម្បាំង​ចេញ​ទៅកាន់តំបន់​អាស៊ី​នេះ បាន​លើកឡើង​ថា អាល្លឺម៉ង់​ចង់​ឲ្យ​អ្វីៗ​ត្រូវ​ធ្វើ​​​ទៅតាម​ច្បាប់​ជាធរមាន ចរាចរណ៍ផ្លូវសមុទ្រ​អាច​ធ្វើ​ទៅបាន​ដោយ​សេរី សង្គមសេរីនិងបើកចំហ​ត្រូវទទួលបាន​នូវ​ការការពារ ហើយ​​ការដោះដូរពាណិជ្ជកម្ម​ត្រូវ​ធ្វើ​ទៅតាម​វិធានត្រឹមត្រូវ។

មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ធ្លាប់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រផងដែរ​ថា នាវាចម្បាំង​អាល្លឺម៉ង់ ថ្វីដ្បិត​តែ​នឹង​ត្រូវ​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក៏ប៉ុន្តែ នឹង​ធ្វើ​ដំណើរ​តែ​ទៅតាម​គន្លង​នាវាចរណ៍​អន្តរជាតិ​ធម្មតា​តែ​ប៉ុណ្ណោះ ដោយ​នឹង​មិន​ចូល​ទៅ​ដល់​ក្នុង​រង្វង់​ ១២ម៉ាយល៍ ពីដែនកោះណាមួយ ដែល​កំពុង​ជាប់ជម្លោះនោះទេ ហើយ​ជាងនេះ​ទៅទៀត នាវាចម្បាំងនេះ​ក៏​នឹង​មិន​បើក​កាត់​តាមច្រក​សមុទ្រ​តៃវ៉ាន់​នោះដែរ។

ជាងនេះ​ទៅទៀត បើ​គេ​មើល​ទៅលើ​ផែនទី​ដែល​ចុះផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ ទីតាំង​ទាំង១២ ដែល​នាវាចម្បាំង​អាល្លឺម៉ង់​គ្រោង​ចូលសំចត នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​៧ខែ​នេះ ក្រៅពី​បណ្តា​ប្រទេស​​សម្ព័ន្ធមិត្ត​អាល្លឺម៉ង់ និង​ជា​គូ​ប្រជែង​របស់​ចិន រួមមាន​ដូចជា ជប៉ុន អូស្រ្តាលី កូរ៉េ​ខាង​ត្បូង និង​វៀតណាម ជាដើម នាវាចម្បាំង​នេះ​ក៏​គ្រោង​ចូលសំចតផងដែរ នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន។

យោងតាម​ការ​ចុះផ្សាយ​របស់​កាសែត The Global Times ដែល​ជា​កាសែតផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន គម្រោង​ចូល​សំចត​នៅ​សៀងហៃ​នេះ នៅមិនទាន់​ទទួល​បាន​ការ​ឯកភាព​ជាផ្លូវ​ការពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅឡើយទេ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ អំពី​ចេតនា​របស់​អាល្លឺម៉ង់ ក្នុងការ​បញ្ចៀស កុំ​ឲ្យ​ការបញ្ជូន​នាវាចម្បាំង​នេះ​ត្រូវបានគេមើល​មក​ថា​ជា​ការ​ធ្វើឡើង ដើម្បី​ស្វែងរក​ការ​ប្រឈម​ដាក់គ្នា​ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ