អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជួប​ភាព​ចលាចល​ខ្លាំង​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មកទល់​នឹង​ថ្ងៃពុធ​ ទី១៤​ កក្កដា​ ភាព​ចលាចល​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ឈាន​ដល់​ថ្ងៃទី ៦ ហើយ​។ ចំនួន​អ្នក​ស្លាប់​ដោយ​អំពើហិង្សា​បាន​កើន​ឡើង​ដល់​ច្រើន​ជាង​ ៧០​នាក់​ និងមាន​មនុស្សជាង​ ១២ ០០​នាក់ត្រូវ​បាន​ចាប់ខ្លួន​។ ក្រៅពីនេះ​ អាជីវកម្ម​​រាប់រយ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ រហូត​បង្ខំ​ឲ្យ​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​មួយចំនួន​ តស៊ូ​កាន់អាវុធដោយ​ខ្លួនឯងផ្ទាល់​ដើម្បី​ការពារ​របស់ទ្រព្យ​។ហេតុអ្វី​បានជា​ប្រទេស​អាហ្វ្រិកខាងត្បូង​ធ្លាក់​ក្នុង​ភាព​ចលាចល​ខ្លាំង​បែបនេះ​? ហើយថាតើការ​ខូតខាត​​មាន​កម្រិត​ធ្ងន់ធ្ងរ​ប៉ុនណា​?

ចំនួនអ្នកស្លាប់ដោយអំពើហិង្សានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​ឡើងដល់ ៧២នាក់ និងមានមនុស្សជាង ១២ ០០នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមតុល្យការចុងក្រោយនាថ្ងៃពុធ ទី១៤ កក្កដា ឆ្នាំ២០២១។
ចំនួនអ្នកស្លាប់ដោយអំពើហិង្សានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​ឡើងដល់ ៧២នាក់ និងមានមនុស្សជាង ១២ ០០នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមតុល្យការចុងក្រោយនាថ្ងៃពុធ ទី១៤ កក្កដា ឆ្នាំ២០២១។ AP - Yeshiel Panchia
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ស្លាប់នៅ​ក្នុង​អាហ្វ្រិកខាងត្បូង​បាន​កើនឡើង​ដល់ច្រើន​ជាង​ ៧០នាក់​ដោយ​សារ​អំពើហិង្សា​នៅបន្តកើតមាន​នៅទូទាំង​ប្រទេស ​ក្រោយការជាប់ពន្ធនាគាររបស់អតីតលោក​​ប្រធានាធិបតី​ យ៉ាកុប ហ្ស៊ូម៉ា (Jacob Zuma)។ ភាគច្រើននៃការស្លាប់​គឺបាន​កើត​ឡើង​ក្នុង​ហេតុការណ៍​រត់ជាន់គ្នា​ ក្នុង​អំឡុង​ពេល​មាន​ការ​ចូល​លួច​ប្លន់ក្នុងហាងលក់​ទំនិញ​។ ហើយ​ករណីផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹងការបាញ់ប្រហារ​ និង​ការផ្ទុះម៉ាស៊ីន​ដកប្រាក់​ស្វ័យប្រវត្តិ​របស់​ធនាគារ​ (ATM)​។

តើអ្វីជាមូលហេតុ​នៅពី​ក្រោយ​អំពើហិង្សា​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​?

ការតវ៉ា​បាន​ចាប់ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍មុន​នៅពេល​ដែល​អតីត​ប្រធានាធិបតីវ័យ​ ៧៩ ឆ្នាំ​របស់​អាហ្វ្រិក​ខាងត្បូង​លោក យ៉ាកុប ហ្ស៊ូម៉ា​ បាន​ចូល​ប្រគល់ខ្លួនឲ្យអាជ្ញាធរ​ដើម្បី​ទទួល​ទោសជាប់ពន្ធនាគារ​រយៈពេល​ ១៥ ខែ​ពីបទ​មើលងាយ​តុលាការ​។

លោក ហ្ស៊ូម៉ា​ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​ ២០០៩ ដល់ឆ្នាំ ២០១៨​ ហើយ​លោក​ត្រូវ​បាន​ប្រជាជន​អាហ្វ្រិកខាងត្បូងជាច្រើន​ ចាត់​ទុក​ថា​ជា​ឥស្សរជន​សំខាន់​មួយរូប​នៅក្នុង​ចលនា​​រំដោះ​ប្រទេស​។ លោក​ធ្លាប់បាន​ចំណាយពេល​ ១០ ឆ្នាំ​នៅ​ក្នុងពន្ធនាគារ​ជាមួយ​អតីត​ប្រធានាធិបតីល្បី​ឈ្មោះ លោក នែលសុន ​ម៉ង់ដេឡា​ ដែលជាវីរៈបុរស​រំដោះ​ប្រទេស​ជាតិ​ឲ្យរួចផុត​ពី​របប​ប្រកាន់​ពូជសាសន៍​ និង​ការរើសអើស​មកលើប្រជាជន​ស្បែកខ្មៅ​។

ក្រោយ​លោកហ្ស៊ូម៉ា​ត្រូវបានចាប់ខ្លួន​ ក្រុមអ្នកគាំទ្រលោក​បាន​នាំគ្នា​ចេញបិទ​ផ្លូវធំៗ​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ប្រទេស។ ពួកគេ​បានស្រែកទាមទារ​ឲ្យ​ដោះលែង​វីរៈបុរស​នយោបាយ​របស់​ពួកគេមកវិញ​។

អស់រយៈ​ពេល​ជិត​មួយ​សប្តាហ៍មកហើយ​ ដែល​ក្រុម​អ្នកតវ៉ា​បានប៉ះ​ទង្គិចគ្នាជាមួយ​កង​រក្សា​សន្តិសុខនៅក្នុងតំបន់ជាច្រើន​នៃ​ប្រទេសអាហ្វ្រិកខាងត្បូង​។ ហើយ​ភាព​ចលាចលបាន​រីករាលដាលខ្លាំងទ្វេឡើងទៀត​ ព្រោះតែ​មានក្រុម​អ្នកឆ្លៀតឱកាស​បាន​ចូល​ទៅលួច​ប្លន់​នៅ​តាមផ្សារ​ទំនើបជាច្រើន​។

បន្ថែមពីលើនេះ​ ភាពក្រីក្រ​ បញ្ហា​​អត់ការងារ​ធ្វើ ក៏ជា​កាតាលីករ​ធ្វើឲ្យ​ស្ថានការណ៍​វិវត្តកាន់តែ​អាក្រក់​ទៅៗដែរ​។ ភាពក្រីក្រ​នៅក្នុង​ប្រទេស​អហ្វ្រិក​ខាង​ត្បូងកាន់តែធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ដោយសារ​វិធានការទប់ស្កាត់​ការឆ្លងរាលដាលកូវីដ ១៩​ របស់​រដ្ឋាភិបាល​។ ចំណែក​អត្រា​អត់​ការងារធ្វើវិញ​បាន​ឈាន​ដល់​កម្រិតខ្ពស់ថ្មី​ ពោល​គឺ​ឡើងដល់​ ៣២,៦ %​ ក្នុង​រយៈពេល ៣ ខែដំបូងនៃឆ្នាំ​ ២០២១នេះ​។ វិសមភាពសង្គម​ នៅអាហ្វ្រិ​ក​ខាងត្បូង ក៏បាន​ធ្វើឱ្យបញ្ហា​កាន់​តែអាក្រក់​ឡើងដែរ​។

តើការ​ខូតខាត​មាន​កម្រិតធ្ងន់ធ្ងរខ្លាំងប៉ុនណា​?

រហូតមកទល់នឹងពេលនេះ​ មាន​ផ្សារទំនើប​និង​មជ្ឈមណ្ឌល​លក់​ទំនិញ​ប្រមាណ​ ២០០ នៅទូទាំង​ប្រទេសអាហ្វ្រិកខាងត្បូង​ ត្រូវបិទទ្វារ​ដោយសារ​អំពើហិង្សា​និង​ការលួចប្លន់​។ របស់​ទ្រព្យ​រួមមាន​ជាអាទិ៍​ ស្បៀងអាហារ ថ្នាំពេទ្យ​ រហូតដល់ទូរស្សន៍​ និង​សម្លៀកបំពាក់ជាដើមត្រូវ​បាន​គេ​ចូល​លួចយកអស់​ជាច្រើន​។

ផ្សារ​ទំនើប​មួយ​ចំនួន​នៅសូវ៉េតូ​ ដែលជាទីប្រជុំដ៏ធំ​បំផុត​ស្ថិត​ក្នុង​ខេត្ត Gauteng ត្រូវ​គេ​​ចូលលួចឥវ៉ាន់ សម្ភារៈ និងរបរទ្រព្យស្ទើរទាំងអស់។ នៅទីនោះ ទូម៉ាស៊ីន ATM ត្រូវ​គេវាយ​បំបែក​ ហើយភោជនីយដ្ឋាន​ ហាងលក់​សម្លៀកបំពាក់ និងហាងគ្រឿង​ស្រវឹង​រងការ​បំផ្លិចបំផ្លាញជាខ្លាំង។   

ចំណែកម្ចាស់អាជីវកម្មវិញ​ បានព្យាយាម​ប្រមូល​របរសម្ភារៈ​តិចតួច​ដែល​នៅ​សេសសល់ក្រោម​ការឃ្លាំមើល​យាមកាម​របស់​កងកម្លាំង​សន្តិសុខ​ដែលត្រូវបានដាក់ពង្រាយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សា​។ អំពើហិង្សាដែលបន្តមាន​ក្នុងប្រទេសអាហ្វ្រិកខាងត្បូ​ មកទល់នឹង​ថ្ងៃពុធ ទី១៤ កក្កដា ឆ្នាំ ២០២១​។

ដោយក្តីបារម្ភ ពលរដ្ឋខ្លះ​បាន​ខំ​ក្រោកឈរកាន់អាវុធដោយខ្លួន​ឯងផ្ទាល់ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ និង​អាជីវកម្ម​របស់ពួកគេ​ក្នុង​ស្ថានភាពដ៏​ច្របូកច្របល់​ដែល​ប្រទេសមិន​ដែល​ធ្លាប់​ជួបទាល់តែសោះ​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ​។

យ៉ាងណាក៏ដោយ​ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង​នៅតែមានភាព​ស្ទាក់ស្ទើរ​នៅឡើយក្នុងការ​ដាក់​ប្រទេសក្នុង​ភាពអាសន្ន​។ ចំណែក​ លោក​ប្រធានាធិបតី ​ស៊ីរីល រ៉ាម៉ាហ្វូហ្សា វិញ​ បាន​ជួប​ប្រជុំ​មន្ត្រី​បក្ស​សំខាន់ៗ​របស់​លោក​នាថ្ងៃពុធ​នេះ​ដែរ​ ដើម្បី​ពិភាក្សា​គ្នា​រក​វិធី​ដំណោះ​ស្រាយ​ភាព​វឹករកដែលកំពុងកើតមានក្នុងប្រទេស​។ ហើយនាខណៈពេលនេះ គេ​ កំពុង​រកចាំមើលថាតើ​ លោក​ប្រធានាធិបតី រ៉ាម៉ាហ្វូហ្សា នឹង​ដឹកនាំ​ប្រទេស​ឲ្យងើបចេញពី​វិបត្តិ​ដោយវិធីណា​?

គ្មានអ្វីគួរឲ្យសសង្ស័យនោះទេ ភាពចលាចលចុងក្រោយនេះ គឺជាបញ្ហាសន្តិសុខដ៏ធំបំផុត​ដែល​លោក​​ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ត្រូវប្រឈមមុខចាប់តាំងពីលោក​បាន​ក្លាយជាមេដឹកនាំ​ប្រទេស​នៅឆ្នាំ ២០១៨ ក្រោយ​ការទម្លាក់លោកហ្ស៊ូម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ