អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មនុស្សក្រៅភព៖ តើរបាយការណ៍ចារកិច្ចអាមេរិកបង្ហាញពីអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ២៥មិថុនា​កន្លងទៅនេះ ទីភ្នាក់ងារចារកិច្ចអាមេរិក​បាន​ចេញផ្សាយ​របាយការណ៍​មួយ ដែល​មនុស្សជាច្រើន​ទន្ទឹងរង់ចាំ​ គឺ​ស្តីអំពី​ហេតុការណ៍ចម្លែកៗ ដែល​គេប្រទះឃើញ ​ដែល​គេតែងតែ​ហៅ​កាត់ជា​ភាសា​អង់គ្លេស​ថា “UFO” ហើយ​ដែល​មាន​មនុស្សជាច្រើន​ជឿថា គឺ​ជា​មនុស្សក្រៅភព។ តើ​របាយការណ៍​នោះ​បង្ហាញ​អំពីអ្វីខ្លះ? តើ​វា​ពិតជា​អាច​ស្រាយចម្ងល់​ទាក់ទង​នឹង​មនុស្ស​ក្រៅភព​នេះ​បានដែរ​ឬ​ក៏​យ៉ាងណា?

រូបភាព​ផ្តល់​ដោយ​កងទ័ពអាមេរិក ដែល​បង្ហាញ​អំពី​បាតុភូតចម្លែក ហើយ​ដែល​អ្នកខ្លះ​គិតថា វា​ជា​ភស្តុតាង​បញ្ជាក់​ពី​មនុស្សក្រៅភព
រូបភាព​ផ្តល់​ដោយ​កងទ័ពអាមេរិក ដែល​បង្ហាញ​អំពី​បាតុភូតចម្លែក ហើយ​ដែល​អ្នកខ្លះ​គិតថា វា​ជា​ភស្តុតាង​បញ្ជាក់​ពី​មនុស្សក្រៅភព Handout DoD/AFP
ផ្សាយពាណិជ្ជកម្ម

UFO ដែលមក​ពី​ឃ្លាពេញ​ជាភាសាអង់គ្លេសថា « Unidentified Flying Object » គឺ​ជា​អាថ៌កំបាំង​ដ៏ធំមួយ ដែល​តែងតែ​បង្កើត​ឲ្យ​មាន​ការ​ជជែក​វែកញែកគ្នា បង្កើត​បាន​ជា​សម្មតិកម្ម​ចម្រុះ រាប់ចាប់តាំង​ពី​អ្នក​ជឿថា វា​មានប្រភព​ចេញ​ពី​​​បច្ចេកវិទ្យាថ្មី​របស់​ប្រទេស​ណាមួយ​ ​រហូតដល់​​អ្នកខ្លះ​ទៀត ជឿថា​វា​មាន​ប្រភព​ពី​មនុស្ស​ក្រៅភពផែនដី​របស់​យើង។

នៅ​អាមេរិក អាថ៌កំបាំង​ជុំវិញ​មនុស្សក្រៅភពនេះ​បាន​បង្កើត​ឲ្យ​មាន​ជា​មន្ទិលសង្ស័យ​ទៅលើ​រដ្ឋាភិបាល ដោយ​គេ​នាំ​គ្នា​ជឿថា រដ្ឋាភិបាល​អាមេរិក​មាន​ភស្តុតាង​ អំពី​មនុស្ស​ក្រៅភព ក៏ប៉ុន្តែ លាក់បាំង​ព័ត៌មាន​នេះ​ពី​ភ្នែក​សារធារណជន។ កាល​ពីដំបូង​មន្ទិលសង្ស័យ​នេះ​តែងតែ​​ត្រូវបានគេ​ផាត់ចោល ដោយចាត់ទុក​ថា វា​គ្រាន់តែ​​ជា​ពាក្យចចាមអារ៉ាម ជំនឿអរូបិយ ឬ​ជាការស្រមើស្រមៃ​តាមកុនហូលីវូដ ក៏ប៉ុន្តែ មួយរយៈកាលចុងក្រោយ​នេះ វា​បានក្លាយ​ជា​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​អាមេរិក ក្រោយ​ពី​មាន​ឥស្សរជន​រហូតដល់​ថ្នាក់កំពូល​ ដូចជា លោក​អតីត​​ប្រធានាធិបតី​អូបាម៉ា​ជាដើម បាន​ទទួលស្គាល់​ថា អាមេរិក​ពិតជា​មាន​មែន ទិន្នន័យ​អំពី​បាតុភូត​ចម្លែកៗ ដែល​គេ​មិន​អាច​ពន្យល់បាន។

សមាជិក​សភា​អាមេរិក​​ជាច្រើន​​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ជា​សាធារណៈ​នូវ​រាល់​ព័ត៌មាន​ដែល​គេប្រមូលបាន​ទាក់ទង​នឹង​បាតុភូតចម្លែកអស់ទាំងនេះ ហើយ​ដែល​កន្លងមក ត្រូវ​បាន​គេ​ដាក់ជា​ការណ៍សម្ងាត់។

តាមការពិត​ទៅ សម្រាប់សមាជិកសភា​អាមេរិក អ្វី​ដែល​គេ​ចង់ដឹង គឺមិនផ្តោត​សំខាន់​ទៅលើ​រឿង​មនុស្សក្រៅភព​នោះទេ តែ​ផ្តោត​ទៅលើ​បញ្ហា​សន្តិសុខជាតិ ដោយ​គេបារម្ភ​ថា បាតុភូត​ចម្លែកៗ​ដែល​គេ​សង្កេតឃើញកន្លងមកនោះ គឺ​ជា​បច្ចេកវិទ្យាថ្មីៗ​របស់​បណ្តា​ប្រទេស​ជា​គូប្រជែង ដូចជា ចិន និង​រុស្ស៊ី ជាដើម ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខជាតិ​របស់​អាមេរិក។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងណា អ្នកដែល​ជឿរឿង​មនុស្សក្រៅភព នៅតែ​នាំគ្នា​ទន្ទឹង​រង់ចាំ​យ៉ាងអន្ទះសាថា របាយការណ៍​ចារកិច្ច​អាមេរិក​នេះ​អាច​នឹង​បង្ហាញ​ អំពី​ភស្តុតាង​អំពី​វត្តមាន​នៃ​មនុស្ស​ក្រៅភព។

នៅក្នុងរបាយការណ៍​​សង្ខេប ៩ទំព័រ ដែល​ចេញផ្សាយ កាល​ពីថ្ងៃ​សុក្រ ២៥មិថុនា​នេះ ក្រសួង​ការពារជាតិអាមេរិក​បាន​ទទួលស្គាល់ថា កាលពីពេលកន្លងមក គេពិតជា​ធ្លាប់​បាន​សង្កេតឃើញ​បាតុភូតចម្លែក​នៅលើ​អាកាស (Unidentified Aerial Phonomena/UAP) ចំនួន ១៤៤ ដោយខ្លះ​ចាប់បាន​ដោយ​ប្រព័ន្ធរ៉ាដា ខ្លះដោយប្រព័ន្ធផ្កាយរណប ឬខ្លះទៀត​ឃើញ​ដោយ​ភ្នែក​ទទេ ហើយ​ភាគច្រើន​សង្កេតឃើញ​ដោយ​​អ្នក​បើក​យន្តហោះចម្បាំង​ក្នុងជួរកងទ័ព​ជើងទឹកអាមេរិក។

ក្នុង​ចំណោម​បាតុភូត​ចម្លែក​ទាំង ១៤៤​នោះ មានបាតុភូត​តែមួយប៉ុណ្ណោះ ដែល​គេ​អាច​កំណត់​ប្រភព​បានច្បាស់លាស់ថា ជា​វត្ថុ​ធម្មតា​នៅលើ​ភពផែនដី​របស់​យើង ចំណែក ១៤៣​ផ្សេងទៀត គឺ​ជា​បាតុភូត​ចម្លែក ដែល​គេ​មិន​អាច​បកស្រាយបាន ហើយ​​គេ​ក៏​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់ ដើម្បី​កំណត់​បានជាក់លាក់​ អំពី​ប្រភព​របស់​វា​នោះដែរ ដោយ​វា​អាច​ជាបាតុភូត​ដែលកើតឡើង​ពី​​ភាព​មិនប្រក្រតី​នៃ​ប្រព័ន្ធរ៉ាដា, ភាព​មិនប្រក្រតី​នៅក្នុងស្រទាប់​បរិយាកាស, អាច​ជា​បច្ចេកវិទ្យា​ពី​ចិន រុស្ស៊ី ឬ​ប្រទេស​ណាមួយផ្សេងទៀត​ដែល​អាមេរិក​មិនទាន់ស្គាល់ ឬ​ក៏​អាច​ជា​អ្វីផ្សេងទៀត។

ទាក់ទង​នឹង​ភស្តុតាង​​មនុស្សក្រៅភព ដែល​គេទន្ទឹង​រង់ចាំមើលនោះ របាយការណ៍​ចារកិច្ច​អាមេរិក​បាន​សន្និដ្ឋានថា ទិន្នន័យ​ដែល​គេ​មាន​នៅក្នុងដៃ ចេញ​ពី​ការ​សង្កេតឃើញ​បាតុភូត​ចម្លែក​ទាំង ១៤៣​នេះ មិនមានអ្វី​ដែល​អាច​​ជា​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​ថា គឺ​​ជា​មនុស្សក្រៅភព​នោះទេ តែក្នុងពេល​ជាមួយគ្នា គេ​ក៏​មិន​អាច​កំណត់​បាន​ច្បាស់លាស់​នោះដែរ​ថា វា​មិនមែន​ជា​មនុស្ស​ក្រៅភព។

និយាយជារួមមកវិញ អ្នក​ដែល​រំពឹង​ថា របាយការណ៍​ចារកិច្ច​អាមេរិក​នេះ​ អាច​នឹង​ដោះស្រាយ​ចម្ងល់ បំបែក​អាថ៌កំបាំង​ជុំវិញ​មនុស្ស​ក្រៅភព​នោះ ប្រាកដ​ជា​ត្រូវ​ខកចិត្ត​មិនតិចនោះទេ ហើយ​តាមការពិត​ទៅ របាយការណ៍​នេះ វា​បង្កើត​ជាសំណួរ​ច្រើន​ជាងផ្តល់​​ចម្លើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ