អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជាង​១ភាគ៣ នៃ​មរណភាព​ក្នុង​ពិភពលោក គឺ​បណ្តាល​មក​ពី​សីតុណ្ហភាព​ក្តៅ​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាងហោចណាស់ ជាង​១ភាគ៣ នៃមរណភាពមនុស្ស នៅក្នុងពិភពលោកយើង គឺបណ្តាល​មកពីសីតុណ្ហភាពក្តៅខ្លាំង។ នេះគឺជាការសន្និដ្ឋាន របស់ក្រុមអ្នកស្រាវជ្រាវចំនួន​៧០នាក់​ ស្តីពី​ផលប៉ះពាល់នៃការកើន​ឡើងកំដៅផែនដី មកលើ​សុខភាពមនុស្ស។ របាយការណ៍ដែលចុះផ្សាយ​ នៅក្នុង​ទស្សនាវត្តី Nature Climate Change នេះ បានទាញសញ្ញាអាសន្ន ស្តីអំពី ករណីស្លាប់មុនអាយុ កាន់តែច្រើនឡើងៗ ដោយសារតែកត្តាអាកាសធាតុ ក្តៅហួតហែងខ្លាំង នៅទូទាំងពិភពលោក។

របាយការណ៍​ចុះផ្សាយ​ក្នុងទស្សនាវត្តី Nature Climate Change បង្ហាញថា ក្នុងមួយឆ្នាំ មានមនុស្សស្លាប់ ប្រមាណ ១សែននាក់ បណ្តាល​មកពី សីតុណ្ហភាព​ក្តៅខ្លាំង។
របាយការណ៍​ចុះផ្សាយ​ក្នុងទស្សនាវត្តី Nature Climate Change បង្ហាញថា ក្នុងមួយឆ្នាំ មានមនុស្សស្លាប់ ប្រមាណ ១សែននាក់ បណ្តាល​មកពី សីតុណ្ហភាព​ក្តៅខ្លាំង។ AP - Charlie Riedel
ផ្សាយពាណិជ្ជកម្ម

អ្នកស្រាវជ្រាវចំនួន​៧០នាក់ បានបើកការអង្កេត ប្រមូលទិន្នន័យពីស្ថានីយ៍ចំនួន ៧៣២កន្លែង នៅតាម​ប្រទេសចំនួន​៤៣ប្រទេស។ ការស្រាវជ្រាវ ដែលផ្តោតលើរយៈពេល ចន្លោះពីឆ្នាំ ១៩៩១ ដល់ឆ្នាំ​២០១៨ នេះ មានបំណងស្វែងយល់ អំពីទំហំ នៃផលប៉ះពាល់មកលើសុខភាពមនុស្ស បណ្តាលមកពីការកើនឡើងនូវកំដៅផែនដី។

ជាមួយ​នឹងវិធីគុណគូរ យ៉ាងស្មុគស្មាញ អ្នកជំនាញបាន​ធ្វើការប្រៀបធៀប ភាពខុសគ្នា នៃចំនួន​មរណភាព ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានពាក់ព័ន្ធ​ជាមួយនឹង ការកើនឡើងនូវសីតុណ្ហភាព។ ជាលទ្ធផលបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំង គឺជាមូលហេតុចំបង បណ្តាលឲ្យ​មនុស្ស​ស្លាប់ ជា មធ្យម ៣៧% នៃ​ករណី​មរណភាពទាំងអស់​។ អ្នកស្រាវជ្រាវ បានសន្និដ្ឋានថា ជាមធ្យមគឺមានមនុស្សស្លាប់ ប្រមាណ​១សែននាក់ ក្នុងមួយឆ្នាំ ដែលបណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំង។ ពោលគឺ វាជាផលវិបាកដោយផ្ទាល់ ដោយសារការកើនឡើងនូវកំដៅផែនដី។

របាយការណ៍អះអាងថា តួលេខនេះ គឺអាចទាបជាងការពិតជាក់ស្តែងផង ដោយសារតែគេ ពុំអាចប្រមូលទិន្នន័យ​បានគ្រប់ ពីតំបន់អាហ្វ្រិកកណ្តាល និងតំបន់អាស៊ីខាងត្បូង។ តំបន់ទាំងអស់នេះ​សុទ្ធតែជាតំបន់ ដែលរងគ្រោះញឹកញាប់ ដោយ​សាររលកសីតុណ្ហភាព​ក្តៅខ្លាំង។

នៅតាមប្រទេសរីកចំរើន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អង់គ្លេស និងអេស្ប៉ាញជាដើម តួលេខចំនួន​មរណភាព ដែលបណ្តាលមកពី​សីតុណ្ហភាព​ក្តៅខ្លាំង គឺប្រែប្រួល ពី៣៥% ទៅ ៣៩%។ ចំណែក នៅតាមប្រទេសខ្លះ ដូចជាមិកស៊ិក ឈីលី អាហ្វ្រិកខាងត្បូង ថៃ និង​​វៀតណាម ​ជាដើម គឺកម្រិតមរណភាពបណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំង គឺមាន​ប្រមាណ​៤០%ជាមធ្យម។ ដោយឡែក ទំហំនេះឡើងខ្ពស់ ដល់ទៅជាង​៦០% នៅតាម​ប្រទេសមួយចំនួនទៀត ដូចជា ប្រេស៊ីល ប៉េរូ កូឡុំប៊ី ហ្កាតេម៉ាឡា កូវ៉េត និង ហ្វ៊ីលីពីន។

លោក Antonio Gasparrini សាស្ត្រាចារ្យនៅ London School of Hygiene and Tropical Medicine និងជាអ្នកដឹកនាំ​ការ​ស្រាវជ្រាវនេះ បានលើកឡើងថា លទ្ធផលនៃការអង្កេតនេះ បង្ហាញថា បម្រែបម្រួលអាកាសធាតុ គឺមិនមែនជាអ្វីដែលស្ថិតនៅក្នុង​អនាគតយូរអង្វែងទៀតនោះទេ។ ក្រៅ​ធ្វើប៉ះពាល់ដល់ បរិស្ថានធម្មជាតិ និងប្រព័ន្ធជីវចម្រុះ បម្រែបម្រួលអាកាសធាតុ កំពុងតែបង្កផលអវិជ្ជមាន មកលើសុខភាពរបស់មនុស្ស។​

ទំហំចំនួន​មរណភាព ឡើងខ្ពស់ មិនមែនបណ្តាលមកតែពី​ សីតុណ្ហភាពហក់ឡើងក្តៅខ្លាំងមួយរំពេច នៅរដូវក្តៅប៉ុណ្ណោះទេ។ រយៈពេល​អូសបន្លាយ ដែលសីតុណ្ហភាពឡើងក្តៅខ្លាំង ក៏ជាមូលហេតុដែរ។ ដូចគ្នាដែរ ការឡើងកំដៅខ្លាំងនៅក្នុងពេលយប់ រួមទាំងការចុះថយនៃសំណើមក្នុងបរិយាកាស ក៏គឺជាកត្តាចូលរួម ធ្វើឲ្យ​មនុស្សដែលងាយរងគ្រោះ ងាយប្រឈមនឹងការស្លាប់។​

មធ្យោបាយនានា ដើម្បីកាត់បន្ថយកំដៅ អាចចូលរួម ធ្វើឲ្យចំនួន​មរណភាពចុះថយ។ ក៏ប៉ុន្តែមធ្យោបាយខ្លះ ដូចជាការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាដើម ថ្វីបើអាចជួយ​បញ្ចុះកំដៅសីតុណ្ហភាពបានមែន តែវាជាមធ្យោបាយ ដែលស៊ីថាមពលអគ្គីសនីច្រើនបំផុត។ ការផលិតថាមពលអគ្គីសនី គឺជា ប្រភពនៃការចូលរួមបញ្ចេញឧស្ម័នពុល និងធ្វើឲ្យ​ផែនដីឡើងកំដៅ។

គួររំលឹកថា កាលពីឆ្នាំ២០១៩ មានរបាយការណ៍មួយ ចុះផ្សាយ​ដោយ​ទស្សនាវត្តីវិទ្យាសាស្ត្រដ៏ល្បី ឈ្មោះ The Lancet បានសន្និដ្ឋានថា មានមនុស្សស្លាប់យ៉ាងហោច ៣សែននាក់ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ដោយសារតែកត្តាសីតុណ្ហភាពក្តៅខ្លាំង។ អ្នកជំនាញដែលធ្វើរបាយការណ៍នេះ បានក្រឿនរំលឹកថា ទំហំនៃការស្លាប់នេះ អាចនឹងកាន់តែរីកធំឡើង ដោយសារតែផលវិបាក បង្កឡើង​ដោយ​ការកើនឡើងកំដៅផែនដី។ ជាក់ស្តែង នៅឆ្នាំ២០០៣ មានមនុស្សស្លាប់ចំនួន ៧ម៉ឺននាក់ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងជ្រុលហួស។

គួរកត់សំគាល់ថា កន្លងមក សំបូរតែ ការសិក្សាស្រាវជ្រាវ ស្តីពីផលវិបាកនៃការកើនឡើងកំដៅផែនដី ទៅលើកត្តាអាកាសធាតុ គ្រោះធម្មជាតិកាចសាហាវ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម។ ចំណែកការសិក្សាស្តីពីផលប៉ះពាល់ ទៅលើសុខភាពមនុស្ស គឺមានតិចណាស់។ លោក Dan Mitchell សាស្ត្រាចារ្យ នៅ​សកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស បាន​លើកឡើងថា របាយការណ៍ ដែលទើបតែបោះផ្សាយ​ក្នុងទស្សនាវត្តី Nature Climate Change នេះ នឹង​ជួយជំរុញ ឲ្យ​ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងអស់ បានភ្លឺភ្នែក នឹងឆ្វេងយល់ពី​គ្រោះថ្នាក់ នៃការកើនឡើងកំដៅផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ