អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីដ្រូសែន៖ តារាកំពុងរះនៅក្នុងពិភពសេដ្ឋកិច្ចបៃតង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងសម័យកាលដែលពិភពលោក​កំពុងប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ការស្វែងរក​ប្រភពថាមពល ដែល​មិនបញ្ចេញ​ឧស្ម័ន​កាបូនិច គឺ​ជា​អាទិភាព​ដ៏ចម្បងមួយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់​កុំ​ឲ្យ​ភពផែនដីឡើងកម្តៅលើសពី២អង្សា នៅ​ត្រឹមដំណាច់សតវត្សរ៍ទី២១​នេះ។ នៅក្នុងការវិនិយោគលើ​ប្រភពថាមពល​បៃតងនេះ ជាទូទៅ យើងតែងតែ​ឮ​គេ​និយាយ​អំពី​ថាមពល​វារីអគ្គិសនី ថាមពលខ្យល់ និង​ថាមពលព្រះអាទិត្យ។ ក៏ប៉ុន្តែ នៅក្នុងពេល​បច្ចុប្បន្ន​នេះ គេឃើញ​មាន​ប្រភពថាមពល​បៃតង​ដ៏សំខាន់មួយទៀត ដែល​កំពុងតែ​លេចធ្លោ ហើយ​ដែល​បណ្តា​ប្រទេស​ជាច្រើន​នៅទូទាំងពិភពលោក​កំពុង​ចាប់អារម្មណ៍ គឺ​អ៊ីដ្រូសែន។

គេអាចប្រើថាមពលអ៊ីដ្រូសែន​ ទាំងនៅក្នុងវិស័យដឹកជញ្ជូន និង​វិស័យ​ឧស្សាហកម្ម
គេអាចប្រើថាមពលអ៊ីដ្រូសែន​ ទាំងនៅក្នុងវិស័យដឹកជញ្ជូន និង​វិស័យ​ឧស្សាហកម្ម Michal Wachucik AFP/File
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រវត្តិមនុស្សជាតិយើង យុគថ្មរំលីង​បានបញ្ចប់​​​មិនមែន​ដោយសារ​តែ​លែងមានថ្ម​​នោះទេ ក៏ប៉ុន្តែ គឺ​ដោយសារ​តែ​មនុស្ស​យើង​អាច​ស្វែងរក​វិធីផ្សេង​​មក​​​ផលិតឧបករណ៍ប្រើប្រាស់ ជំនួស​ឲ្យ​ការ​រំលីងថ្ម។

នៅក្នុងសម័យកាល​បច្ចុប្បន្ន​នេះ ក្រោយ​ពីត្រូវពឹងផ្អែកខ្លាំង​លើ​ថាមពលផូស៊ីល រួមមាន​ដូចជា ប្រេង និង​ធ្យូងថ្ម ​អស់រយៈពេលជាច្រើន​សតវត្សរ៍​កន្លងទៅនេះ មនុស្សយើង​ក៏​កំពុង​ដើរ​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ គឺ​ធ្វើ​យ៉ាងណា​ស្វែងរក​ប្រភពថាមពល​ថ្មី ហើយ​នេះ​មិនមែន​គ្រាន់តែ​ដោយសារ​ថា ថ្ងៃណាមួយ​យើងលែងមានថាមពល​ផូស៊ីល​ប្រើនោះទេ ក៏ប៉ុន្តែ រឹតតែសំខាន់ និង​បន្ទាន់ជាងនេះ​ទៅទៀត គឺ​ដោយសារ​​តែ​យើង​កំពុងតែប្រឈម​នឹង​​គ្រោះថ្នាក់​ដ៏ធំមួយ អាច​គំរាមកំហែង​ដល់​វត្តមាន​របស់​មនុស្សជាតិ​យើងទាំងមូល នៅ​ក្នុងរយៈពេល​វែងខាងមុខ គឺ​ការឡើងកម្តៅផែនដី។

គេដឹងថា ថាមពលផូស៊ីល ទោះជា​ប្រេងកាត ធ្យូងថ្ម ឬ​ឧស្ម័នធម្មជាតិ គឺ​សុទ្ធសឹង​ជា​ប្រភពថាមពល ដែល​បញ្ចេញ​ឧស្ម័ន​​​នាំ​ឲ្យ​ផែនដីឡើងកម្តៅ។ ហើយ​គេ​ក៏​ទទួលស្គាល់ជាទូទៅផងដែរ​ថា ថាមពលបៃតង (គឺប្រភពថាមពលដែល​មិនបញ្ចេញ​ឧស្ម័នកាបូនិច) រួមមាន​ នុយក្លេអ៊ែរ វារីអគ្គិសនី ថាមពលព្រះអាទិត្យ និង​ថាមពល​ខ្យល់ ដែលគេ​បាន​អភិវឌ្ឍ​មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅមិនទាន់គ្រប់គ្រាន់ ដើម្បីអាច​សម្រេច​តាមគោលដៅក្នុងការ​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី​បាននៅឡើយនោះទេ។

ហេតុដូច្នេះហើយ​បាន​ជា​នៅពេលនេះ គេនាំគ្នា​ផ្តោត​លើ​ការអភិវឌ្ឍ​ប្រភពថាមពល​​សំខាន់​មួយ​ទៀត គឺ​អ៊ីដ្រូសែន។

តាមការពិតទៅ អ៊ីដ្រូសែន​នេះ​មិនមែន​ជាប្រភពថាមពល​ថ្មីនោះទេ គ្រាន់តែ​ថា គិតមកទល់នឹង​ពេលនេះ ការប្រើ​ថាមពលអ៊ីដ្រូសែន​នេះ វា​នៅមាន​ទ្រង់ទ្រាយតូច ដោយសារតែ​ថ្លៃផលិតខ្ពស់ផង និង​ដោយសារតែ​ខ្វះហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​ដឹកជញ្ជូន ស្តុក និង​ចែកចាយ​អ៊ីដ្រូសែន។ ម្យ៉ាងទៀត អ៊ីដ្រូសែន​ភាគច្រើនលើសលុប​ដែល​គេប្រើ​ជា​ប្រភពថាមពល នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ផលិតចេញ​ពី​ឧស្ម័នធម្មជាតិ ដែល​តាមការពិត​ទៅ វានៅតែ​មាន​ប្រភព​​ដើមចេញ​ពី​ថាមពល​ផូស៊ីល​ ដែល​បញ្ចេញ​ឧស្ម័នកាបូនិច​ច្រើន​ដដែល។

ដើម្បី​ឲ្យ​អ៊ីដ្រូសែន​ក្លាយ​ជា​ប្រភពថាមពល​បៃតង​ពិតប្រាកដ គេ​ចាំបាច់​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​​ក្នុងការ​ផលិតអ៊ីដ្រូសែន​ដោយ​មិនបញ្ចេញ​ឧស្ម័នកាបូនិច ហើយចាំបាច់​ត្រូវ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ដឹកជញ្ជូន ស្តុក និង​ចែកចាយ​អ៊ីដ្រូសែន ដើម្បី​ពង្រីកវិសាលភាពនៃ​ការ​ប្រើប្រាស់​អ៊ីដ្រូសែន​ឲ្យ​បាន​ទូលំទូលាយ និង​ទម្លាក់ថ្លៃអ៊ីដ្រូសែន​ឲ្យ​មកនៅទាប​អាចប្រកួតប្រជែង​ជាមួយថាមពល​ផូស៊ីលបាន។

ទាំងនេះហើយ​ជា​គោលដៅវិនិយោគ ដែល​ប្រទេស​ជាច្រើន​បានដាក់ចេញ ជាពិសេស បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច រួមមាន​សហរដ្ឋ​អាមេរិក ចិន ជប៉ុន អង់គ្លេស និង​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប ដែល​បានដាក់គោលដៅរួម​ថា នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យដល់កម្រិតសូន្យ ឬ​ហ្សេរ៉ូកាបោន នៅត្រឹមឆ្នាំ២០៥០​នោះ បាន​កំណត់យក​អ៊ីដ្រូសែន​ជា​ប្រភពថាមពល​ជំនួស​ដ៏​ចម្បងមួយ ដោយ​គ្រោងបង្កើន​អត្រា​ថាមពល​អ៊ីដ្រូសែន​ប្រើប្រាស់​ក្នុង​សហភាព​អឺរ៉ុប ដែល​បច្ចុប្បន្ន​មាន​ត្រឹម ២% ឲ្យកើនឡើង​ដល់ ១២%-១៤% នៅ​ឆ្នាំ២០៥០​ខាងមុខ។ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នេះ គេឃើញ​ថា អាល្លឺម៉ង់​បាន​ប្រកាស​ឲ្យដឹង ពីការ​ត្រៀម​កញ្ចប់​ថវិកា​ចំនួន ៩ពាន់លាន​អឺរ៉ូ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ថាមពល​អ៊ីដ្រូសែន ពីពេលនេះ ដល់​ឆ្នាំ២០៣០​ខាងមុខ ចំណែក​បារាំង គ្រោងវិនិយោគ ៧ពាន់​លាន​អឺរូ។

នៅក្នុងតំបន់អាស៊ី ជប៉ុន ដែល​ជា​ប្រទេស​មាន​តម្រូវការ​ថាមពល​ខ្ពស់ ហើយ​ដែល​កំពុងរកផ្លូវចេញពីនុយក្លេអ៊ែរ​ក្រោយ​គ្រោះមហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ានោះ គ្រោងវិនិយោគ ៣ពាន់លាន​ដុល្លារ ក្នុង​វិស័យ​អ៊ីដ្រូសែន ចំណែកចិន​​វិញ​គ្រោងវិនិយោគ​រហូតដល់ទៅ ១៦ពាន់លាន​ដុល្លារ។

គេដឹងថា បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិច​ច្រើន​ជាងគេលំដាប់ទី១ នៅលើពិភពលោក ក៏ប៉ុន្តែ កន្លងមក លោកស៊ី ជីនពីង ធ្លាប់​បាន​ប្រកាស​សន្យាថា ចិន​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិចនេះ​ឲ្យបាន​មុនឆ្នាំ២០៣០ ហើយ​កាត់បន្ថយ​ឲ្យធ្លាក់មកដល់​កម្រិតសូន្យ ឬ​ហ្សេរ៉ូ​កាបោន នៅត្រឹមឆ្នាំ២០៦០។

ជាមួយនឹងកំណើន​សេដ្ឋកិច្ច ដែល​មាន​អត្រា​ខ្ពស់​ជាប់ជាប្រចាំ វាគឺជារឿងចាំបាច់ ដែល​ចិន​ត្រូវ​រក​ប្រភពថាមពល​ថ្មី​ឲ្យ​បានច្រើន មក​​ជំនួសថាមពលផូស៊ីល ដើម្បី​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិច​បាន​តាម​គោលដៅ ដោយ​មិន​ឲ្យ​ប៉ះពាល់​ទៅដល់​ការ​ផ្គត់ផ្គង់​ថាមពល​ចាំបាច់​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច។

តាមការពិត​ទៅ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ប្រទេស​ឈាន​មុខគេ​រួចទៅហើយ ខាង​ថាមពល​អ៊ីដ្រូសែន ដោយ​ចិនជាប់ចំណាត់ថ្នាក់​ជា​ប្រទេស​ផលិតអ៊ីដ្រូសែន​ច្រើន​ជាងគេ​បំផុត​លំដាប់ទី១ នៅលើពិភពលោក ក៏ប៉ុន្តែ បញ្ហា​គឺនៅត្រង់​ថា ការផលិតអ៊ីដ្រូសែន​នៅចិន ភាគច្រើន​លើសលុប គឺផលិតចេញ​ពី​ឧស្ម័នធម្មជាតិ ដែល​បញ្ចេញ​ឧស្ម័នកាបូនិចច្រើន​។ ហេតុដូច្នេះហើយ​បាន​ជា នៅ​ក្នុងកញ្ចប់ថវិកា ១៦ពាន់លាន​ដុល្លារ ដែលចិន​គ្រោងវិនិយោគ គឺ​នឹង​ត្រូវ​ផ្តោត​អាទិភាព ទៅលើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យាផលិតអ៊ីដ្រូសែន​ដែល​មិន​បញ្ចេញ​ឧស្ម័នកាបូនិច ដែល​គេហៅជាទូទៅថា « អ៊ីដ្រូសែនបៃតង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ