អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​របប​លោក​ស៊ី​ ជីន​ពីង​កំពុង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​លោក​ជេក ម៉ា​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​រវាង​លោក​ជេក ម៉ា​ ដែលជា​មហា​សេដ្ឋី​ដ៏ល្បី​ឈ្មោះ​របស់​ចិន ​និង​មេដឹកនាំ​ក្រុង​ប៉េកាំង​លោក​ស៊ី​ ជីនពីង​ ហាក់​ធ្លាក់​ក្នុង​ភាព​ស្មុគស្មាញ​នា​ពេលថ្មីៗ​នេះ​។  ក្រោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​លាត​ត្រដាង​ពី​សមាសភាព​របស់​លោក​ជេក ម៉ា ​ថា​ជា​សមាជិក​ម្នាក់នៃ​បក្ស​កុម្មុយនិស្ត​ចិន ​ក្រុម​អ្នក​វិភាគ​យល់​ឃើញថា​ស្ថាបនិក​ក្រុមហ៊ុន​អាលីបាបា​រូបនេះ​ កាន់​តែ​មាន​មុ​ខលេចធ្លោ​នៅក្នុង​ជួរ​នយោបាយ​ចិន​។ ប៉ុន្តែ​ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំងនៅ​ពេល​បាន​ឮ​អំពី​សេចក្តី​ប្រកាស​បើក​ការ​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាលីបាបា​ពី​សំណាក់​អាជ្ងាធរ​ចិន​កាលពី​ថ្ងៃ​ទី ២៤​ ធ្នូ​កន្លង​ទៅ​នេះ​។ តើ​មាន​អាថ៌កំបាំង​អ្វី​នៅពី​ក្រោយ​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំង​លើ​ក្រុម​ហ៊ុន​អាលីបាបា​? តើ​ក្រុមហ៊ុន​អាលីបាបា​ គឺជា​ការ​គំរាម​កំហែង​ចំពោះ​អំណាចបក្ស​កុម្មុយនិស្ត​ចិន​ឬ​​?

លោកជេក ម៉ា ស្ថាបនិកក្រុមហ៊ុនអាលីបាបា។
លោកជេក ម៉ា ស្ថាបនិកក្រុមហ៊ុនអាលីបាបា។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា​មាន​បំផុត​​ចិន​លោក​ជេក ម៉ា​ ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​និមិត្តរូបនៃ​ភាពជោគជ័យ​នៅក្នុង​ប្រទេស​ចិន​ និង​ជា​បុគ្គល​ដ៏​គំរូ​មួយរូប​។

ចាប់​កំណើត​នៅក្នុង​ទីក្រុង​ហង់ចូ​ដែលជា​ទីក្រុង​មួយ​ដ៏ស្រស់​ត្រកាល​របស់​ចិន​ កុមារ​ជេក ម៉ា​ មាន​ឱកាស​រៀន​ និង​និយាយ​ភាសា​អង់គ្លេស​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅលេង​ស្រុក​កំណើត​របស់ខ្លួន​មុន​ពេល​ចូល​រៀន​ភាសា​នៅ​ឯសាកលវិទ្យាល័យទៅទៀត​។ ក្រោយ​​បានបញ្ចប់​ការ​សិក្សា​អំពី​ផ្នែក​បច្ចេកវិទ្យា​អ៊ីនធ័រនែត​នៅអាមេរិក​ ក្នុង​ឆ្នាំ​ ១៩៩៩ លោក​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​ក្នុង​ប្រទេស​ចិន​វិញ និង​បាន​បង្កើត​ក្រុមហ៊ុន​អាលីបាបា​ឡើង​។

បច្ចុប្បន្ននេះ​ សម្ព័ន្ធ​ក្រុមហ៊ុន​អាលីបាបា​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជាង​ ៧០ ពាន់​លាន​ដុល្លារ​​ត្រូវ​បាន​គេ​មើលឃើញថា​ជា​អង្គភាពចិន​តែមួយគត់​ ដែលមាន​សមត្ថភាព​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ Amazon អាមេរិក​របស់​លោក​ជេហ្វ បេហ្សូ (Jeff Bezo) បាន​។

យ៉ាងណាក៏ដោយ​ ទំនាក់ទំនង​រវាង​មហាសេដ្ឋី​ជេក ម៉ា​ និង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ហាក់​លេច​ចេញ​រូបភាព​ជូរចត់​នៅមួយ​រយៈពេល​ចុងក្រោយនេះ​។ គេកត់សម្គាល់ឃើញពី​សម្ព័ន្ធ​ភាព​មិនសូវជាល្អ​នេះ​ នៅ​ក្រោយ​ពេលដែល​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ចិន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ពង្រីក​ដើម​ទុន​ដែល​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ ដើម្បី​ប្រឆាំងនឹង​ការ​រក​ស៊ីផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ណា​មួយនៅក្នុងប្រទេស​។

អាជ្ញាធរចិន​ ធ្លាប់​បាន​ព្រមាន​ក្រុមហ៊ុន​អាលីបាបា​អំពី​ការ​បង្ខំ​ឲ្យ​ឈ្មួញ​រកស៊ី​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តាច់មុខ​ដែល​រារាំង​ពួកគេ​ពី​ការ​ផ្គត់ផ្គង់​ផលិតផល​នៅ​ក្នុង ទីផ្សារដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​។ ក្រៅតែពី​បាន​ប្រកាស ​បើក​ការ​ស៊ើប​អង្កេត​លើក្រុមហ៊ុន​អាលីបាបា​ រដ្ឋាភិបាល​ក្រុងប៉េកាំង​ ថែមទាំងបាន​ពន្យារ​ពេល​ដាក់​ចូល​ទីផ្សារ​មូល​ប័ត្រ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ (Alibaba's Ant Group) របស់​លោកជេក ម៉ា​ទៀតផង​។

ក្រុម​អ្នក​វិភាគ​មួយចំនួន​យល់ឃើញថា​ចំណាត់ការ​ផ្ទួនៗគ្នា របស់​អាជ្ញាធរ​ក្រុង​ប៉េកាំងនេះ​ ហាក់​បង្ហាញឲ្យ​ឃើញច្បាស់ថា​របប​គ្រប់គ្រង​របស់​លោកស៊ី ជីនពីង​ ពិតជា​ឃ្នើសចិត្ត​នឹង​លោកជេក ម៉ាមែន​ហើយ​។

តើ​របបគ្រប់គ្រងរបស់​លោកស៊ី​ ជីនពីង​កំពុង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​លោកជេក ម៉ាមែនឬ​?

ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ចិន​ លើក្រុម​ហ៊ុន​អាលីបាបា​ ត្រូវ​គេបាន​រាយការណ៍​ថា​ជា​លទ្ធផល​នៃការ​អនុវត្តន៍​ច្បាប់​ប្រឆាំង​នឹង​ការ​រក​ស៊ីផ្តាច់មុខ​ និង​ដើម្បី​ការពារ​ការ​រកស៊ី​បែប​ទីផ្សារ​ប្រកួតប្រជែង​។ ក៏ប៉ុន្តែ​ អ្នកវិភាគខ្លះ​បាន​កត់សម្គាល់ថា​វាមាន​ហេតុផល​មាន​ច្រើន​ជាងនេះ​ ពោលគឺ​ច្រើន​ជាង​អ្វីដែល​គេ​មើល​នឹង​ឃើញ​នៅពីមុខឆាក​។

មាន​អាយុ​ ៥៦ ឆ្នាំ​ មហាសេដ្ឋី​បច្ចេកវិទ្យា​ល្បី​ឈ្មោះ​​ជេក ម៉ា​ ក៏ជា​សមាជិក​ម្នាក់ដែរ​របស់​បក្ស​កុម្មុយនិស្តចិន​​។ លោក​ ត្រូវបាន​សារព័ត៌មាន​រដ្ឋ​ចិន​ ផ្សព្វផ្សាយពី​សមាជិកភាព​របស់​លោក​ក្នុង​ជួរ​បក្ស​ក្នុង​ឆ្នាំ ២០១៨។ ជាញឹកញយ​ លោក​តែងតែ​បង្ហាញ​ពី​ការគាំទ្រ​របស់​លោក​ចំពោះ​បក្ស​។

ក្នុងនាមជា​សមាជិក​នៃ​បក្ស​កុម្មុយនិស្តចិន​ លោក​ម៉ា​ ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​ជា​ដាច់ខាត​ចំពោះ​របៀប​ដឹកនាំ​របស់​បក្ស​។ ប៉ុន្តែ​នាពេលថ្មីៗនេះ​ គេ​កត់​សម្គាល់​ឃើញថា​ សហគ្រិន​រូបនេះ​ ហាក់​បង្ហាញ​ពីគោល​គំនិត​ មិនស្រប​ទៅតាម​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតីស៊ី ជីនពីង​ឡើយ។

ជាក់ស្តែង​ បើតាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ជប៉ុន​ The Nikkei​ នៅពេល​ថ្លែង​ក្នុង​សន្និសីទ​ស្តីអំពី​ហិរញ្ញវត្ថុ​នៅទីក្រុង​សៀងហៃ​ កាលពី​ថ្ងៃទី​ ២៤​ ខែ​តុលា​ ​លោក​ម៉ា​បាន​រិះគន់​សមាជិក​សភា​ប្រជាជនចិន​ ដោយ​លើកឡើងថា​ច្បាប់​ហិរញ្ញវត្ថុ​ កំពុង​ទាញ​ភាព​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យាឲ្យដើរ​ធ្លាក់​ចូល​ផ្លូវ​គ្រហិក​គ្រហុក​។

ក្រៅពីនេះ​ ការ​អធិប្បាយ​មួយដាច់ទៀត​ផ្សេងទៀត​របស់​លោក​ជេក ម៉ា​ ដែល​គេ​កត់​សម្គាល់​ថា​ បាន​ធ្វើឲ្យថ្នាក់ដឹកនាំ​ចិន​ក្តៅ​ស្លឹកត្រចៀកខ្លាំង​ជាងមុននោះ​ គឺនៅ​ឯ​ពិព័រណ៌​ពាណិជ្ជកម្ម​មួយ​កាលពី​ដើមខែ​វិច្ឆិកា​កន្លងទៅ​។

គ្រានោះ​លោក​មាន​ប្រសាសន៍​ថា​បើតាម​គំនិត​ផ្ទាល់ខ្លួន​ លោក​គិតថា ​រដ្ឋាភិបាលចិន​គួរ​ធ្វើអ្វី​ដែល​រដ្ឋាភិបាល​គួរធ្វើ​ ហើយ​ក្រុមហ៊ុន​គួរ​ធ្វើអ្វី ដែល​ខ្លួន​គួរធ្វើ។

មតិ​យោបល់​របស់​លោកជេក​ ម៉ា​បែបនេះ ប្រាកដ​ណាស់​នឹង​ត្រូវ​ក្រុម​មន្ត្រី​ចិន​យកទៅ​រាយការណ៍​ប្រាប់​ថ្នាក់ដឹកនាំ​កំពូល​ ហើយ​វា​ច្បាស់ណាស់​ថា​ សម្តីទាំងនោះ​បានធ្វើ​ឲ្យ​លោកស៊ី ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេសមិន​សប្បាយចិត្ត​ឡើយ​។ ភ្លាមៗ​បន្ទាប់​មក​ គេឃើញចំណាត់ការ​របស់​អាជ្ញាធរ​ចិន ប្រឆាំង​ទៅ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​អាលីបាបា​របស់​លោកជេក ម៉ា​ ធ្លាក់មក​ជា​បន្តបន្ទាប់គ្នា​នៅចុងឆ្នាំ២០២០នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ