អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីប្រទេសជឿនលឿនសម្បូរមនុស្សស្លាប់ដោយសារកូវីដ១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំងឺរាតត្បាតសកលកូវីដ១៩នៅបន្តជាបច្ចុប្បន្នភាព ទោះវិបត្តិជំងឺនេះបានផ្ទុះឡើងអំឡុងរយៈពេលជិតមួយឆ្នាំហើយក៏ដោយ។ រដូវត្រជាក់កំពុងខិតជិតមកដល់ បណ្ដាប្រទេសមួយចំនួន ជាពិសេស បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅបស្ចិមលោក បានសម្រេចចិត្តបិទទីក្រុងរបស់ខ្លួនជាលើកទីពីរ តួយ៉ាង ប្រទេសបារាំង អេស៉្បាញ និងចក្រភពអង់គ្លេស។ ស្ថិតិបង្ហាញថា អត្រាអ្នកឆ្លងជំងឺក្នុងបណ្ដាប្រទេសទាំងនោះ​ ស្ថិតក្នុងចំណោមប្រទេសដែល​មានអត្រាអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេលើពិភពលោក។ តើហេតុអ្វីប្រទេសជឿនលឿន ជាពិសេសបណ្ដាប្រទេសនៅបស្ចិមលោក សម្បូរមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩?

អ្នកជំងឺ​កូវីដ១៩ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​ស្វ៊ីស កាល​ពីថ្ងៃទី៤ វិច្ឆិកា ២០២០
អ្នកជំងឺ​កូវីដ១៩ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​ស្វ៊ីស កាល​ពីថ្ងៃទី៤ វិច្ឆិកា ២០២០ AP - LAURENT GILLIERON
ផ្សាយពាណិជ្ជកម្ម

រលកទីពីរនៃជំងឺរាតត្បាលសកលកូវីដ១៩ បាននិងកំពុងរីករាលដាលទូទាំងពិភពលោក ជាពិសេស នៅបស្ចិមលោកដែល​រដូវត្រជាក់ខិតជិតមកដល់។ ប្រទេសអឺរ៉ុបដែល​មានសេដ្ឋកិច្ចជឿនលឿនមួយចំនួនបានបិទទីក្រុងរបស់ខ្លួនជាលើកទីពីរ តួយ៉ាង ប្រទេសបារាំង អេស៉្បាញ​​ និងចក្រភពអង់គ្លេស។ ក្រឡេកមើលចំនួនស្ថិតិនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក បារាំង អេស៉្បាញ​ ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និង​ប៉ូឡូញ ស្ថិតក្នុងចំណោមប្រទេសទាំង១៥ ដែល​មាន​អត្រាអ្នក​ឆ្លងជំងឺកូវីដ១៩ច្រើនជាងគេលើពិភពលោក។ អត្រាមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ក៏មានចំនួនច្រើនផងដែរ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងនោះ។

ហេតុអ្វីប្រទេសជឿនលឿន ជាពិសេសបណ្ដាប្រទេសនៅបស្ចិមលោក សម្បូរមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩?

តាមរយៈការប្រមូលទិន្នន័យអំឡុងពេលជិតមួយឆ្នាំ ពោលគឺតាំងពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពី កត្ដាយ៉ាងច្រើន ដែលអាចជះឥទ្ធិពលដល់​ការស្លាប់នៃអ្នកឆ្លងជំងឺ បណ្ដាលពីជំងឺកូវីដ១៩។ កត្តាទាំងនោះ រួមមានផងដែរ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់។ ប៉ុន្តែ កត្តាចម្បងបំផុតដែលរុញច្រានឱ្យ​អ្នកជំងឺកូវីដ១៩ មានឱកាសស្លាប់ច្រើនជាងគេ គឺ ភាពចំណាស់ ឬអាយុច្រើនរបស់អ្នកជំងឺ។

អ្នកជំងឺដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មានឱកាស ឬប្រូបាប៊ីលីតេ ស្លាប់ទ្វេដងដោយជំងឺកូវីដ១៩ បើធៀបនឹងមនុស្សដែលមានអាយុ៥០ឆ្នាំចុះក្រោម។ អត្រាមរណភាពនៃអ្នកជំងឺអាយុ ៧០ឆ្នាំនៅបន្ដមានកម្រិតខ្ពស់ដដែល។ ការមានអាយុ៨ឆ្នាំខ្ពស់ជាង នាំឱ្យអ្នកជំងឺមានឱកាសនៃការស្លាប់ប្រមាណកើនឡើងទ្វេដង។ មូលហេតុនេះហើយ កត្តាអាយុច្រើនរបស់អ្នកជំងឺ ជួយពន្យល់អំពីមូលហេតុដែលបណ្តាប្រទេសជឿនលឿន ដែលសម្បូរដោយមនុស្សចាស់ជរាច្រើនស្រាប់ងាយរងគ្រោះខ្លាំងពីជំងឺ។ ស្ថានភាពនេះមានសភាពអាក្រក់ខ្លាំងជាងការរំពឹងទុក បើប្រៀបធៀបទៅបណ្ដាប្រទេសក្រីក្រដែលសម្បូរដោយពលរដ្ឋវ័យក្មេង។

ដើម្បីប៉ាន់ស្មានអំពីភាពងាយរងគ្រោះដោយសារជំងឺកូវីដ១៩ និងពន្យល់ហេតុផលនៅពីក្រោយការស្លាប់ច្រើនរបស់មនុស្សក្នុងបណ្ដាប្រទេសជឿនលឿន សារព័ត៌មាន The Economist បានរួមបញ្ចូលទិន្នន័យប្រជាជនពីអង្គការសហប្រជាជាតិ និងទិន្នន័យអត្រាមរណភាពនៃការឆ្លងជំងឺរបស់អ្នកជំងឺតាមអាយុ។ ការសិក្សានេះបានប្រើប្រាស់ទិន្នន័យពីប្រទេសប្រេស៊ីល ដាណឺម៉ាក ចក្រភពអង់គ្លេស ស៊ុយអែត អ៊ីតាលី ហូឡង់ អេស៉្បាញ ស្វីស និងសហរដ្ឋអាមេរិក។ តាមរយៈទិន្នន័យទាំងនេះ គេអាចគណនាអត្រាអ្នកស្លាប់តាមអាយុរបស់អ្នកជំងឺ។ ជាបច្ចេកទេស គេគណនារកឱកាស ឬប្រូបាប៊ីលីតេនៃការស្លាប់របស់អ្នកជំងឺតាមរយៈអាយុរបស់ពួកគេ ដោយសន្មតថាអ្នកជំងឺទាំងនោះមានលក្ខណៈផ្សេងៗទៀតដូចជា តួយ៉ាង ការទទួលបានការថែទាំសុខភាពមានភាពស្រដៀងគ្នា ក្នុងចំណោមបណ្ដាប្រទេសក្នុងការសិក្សា។

លទ្ធផលនៃការសិក្សាបានបង្ហាញផងដែរថា ប្រទេសជប៉ុនងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាងបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោក។ ដោយអ្នកជំងឺជប៉ុនជាមធ្យមមានអាយុ៤៨ឆ្នាំ អត្រាអ្នកស្លាប់ក្នុងប្រទេសជប៉ុនមានកម្រិតលើសគេ ១,៣ភាគរយ។ បន្ទាប់មកគឺប្រទេសអ៊ីតាលីដែលមានអត្រា ១,១​ភាគរយ និង​អ្នកជំងឺអ៊ីតាលីជាមធ្យមមានអាយុ៤៨ឆ្នាំ។ សម្រាប់ទ្វីបអឺរ៉ុបទាំងមូល អត្រានេះមានកម្រិតប្រមាណ ០,៩ភាគរយ ដែលមានកម្រិតខ្ពស់ជាងសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក អត្រានៃការស្លាប់នេះមានកម្រិត ០,៧ភាគរយ។ ប្រទេសចិនមានអត្រានៃការស្លាប់តិចជាង ០,២ ភាគរយ។ ប្រទេសដែលមានកម្រិតនៃភាពរងគ្រោះតិចបំផុត គឺ ប្រទេសអ៊ូហ្គង់ដាដែលអ្នកជំងឺជាមធ្យមមានអាយុត្រឹម ១៧ឆ្នាំ ហើយអត្រានៃការស្លាប់រំពឹងទុកមានត្រឹម០,១ភាគរយប៉ុណ្ណោះ។ អត្រានេះមានកម្រិតទាបជាងមួយភាគដប់នៃប្រទេសជប៉ុន និងអ៊ីតាលី។

សរុបជារួម ផ្អែកតាមរយៈការសិក្សាពីការប្រមូលទិន្នន័យអំឡុងរយៈពេលមួយឆ្នាំ ដោយកាសែត The Economist បង្ហាញថា កត្តាអាយុ ឬចំនួនអាយុច្រើន ជាកត្តាចម្បងដែលពន្យល់​ពីការស្លាប់ច្រើននៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងបណ្ដាប្រទេសជឿនលឿន ជាពិសេស ប្រទេសនៅបស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ