អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកអូបាម៉ា រៀបរាប់​ពី​ជីវិត​និង​​បទពិសោធន៍ នៅ​ក្នុង​សៀវភៅ « A Promised Land »

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកបារ៉ាក់​ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរសៀវភៅ​មួយក្បាល មានចំណងជើងជាភាសាអង់គ្លេសថា « A Promised Land »។ ជាសៀវភៅដែល​លោកបាន​សរសេរអស់រយៈពេល​ជាង៣ឆ្នាំ ដែលរៀបរាប់ពីដំណើរជីវិតផ្ទាល់ខ្លួន​ ព្រមទាំងបទពិសោធន៍ការងារ និង​នយោបាយ​​របស់​លោក ក្នុងនាមជា​ប្រធានាធិបតីស្បែកខ្មៅ ដំបូងគេបង្អស់ នៃសហរដ្ឋអាមេរិក។ រហូតមកទល់ពេលនេះ លោកអូបាម៉ា នៅតែ​​មានប្រជាប្រិយ​ភាពយ៉ាងខ្លាំង នៅទូទាំងពិភពលោក ​ហើយសៀវភៅរបស់លោក ត្រូវបានបោះពុម្ពផ្សាយ​ ជាច្រើនភាសា។

សៀវភៅ « A promised Land » សរសេរដោយ​ លោកអូបាម៉ា ​ដាក់តាំងបង្ហាញ​នៅលើក្នុង​បណ្ណាគារមួយ នៅក្រុងញូយ៉ក។ ថ្ងៃទី ១៨ វិច្ឆិកា ២០២០
សៀវភៅ « A promised Land » សរសេរដោយ​ លោកអូបាម៉ា ​ដាក់តាំងបង្ហាញ​នៅលើក្នុង​បណ្ណាគារមួយ នៅក្រុងញូយ៉ក។ ថ្ងៃទី ១៨ វិច្ឆិកា ២០២០ AP - Mark Lennihan
ផ្សាយពាណិជ្ជកម្ម

​ពេញ​មួយ​សប្តាហ៍កន្លងមកនេះ ឈ្មោះលោក​បារ៉ាក់ អូបាម៉ា មាននៅសឹងតែគ្រប់បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានអាមេរិក និងនៅអឺរ៉ុប។ មិនថាវិទ្យុ ទូរទស្សន៍ និងបណ្ណាធិការធំៗនៅទូទាំងពិភព​លោក បានដណ្តើមគ្នា អញ្ជើញលោក​អូបាម៉ា ឲ្យ​ផ្តល់បទសម្ភាសន៍ ស្តីពីសៀវភៅ ​ដែល​លោកទើបតែ​ចេញផ្សាយ។

"A Promised Land" ជាសៀវភៅ ដែល​លោក​អូបាម៉ា បានចំណាយ​ពេលសរសេរ​ រយៈពេល​៣ឆ្នាំ​៨ខែ។ មានកម្រាស់ប្រមាណ​ជិត​៨០០ទំព័រ សៀវភៅនេះ គ្រាន់តែជាភាគទី១ប៉ុណ្ណោះ។ ភាគទី២  ដែល​លោក​កំពុងតែសរសេរ​បន្ត នឹងត្រូវបោះពុម្ពផ្សាយ​នាពេលខាងមុខ។ គ្រាន់តែចេញលក់នៅថ្ងៃទី​១ សៀវភៅនេះ ត្រូវបានលក់ដាច់អស់ ដល់ទៅ​ប្រមាណ​៩សែនក្បាល។

នៅក្នុងសៀវភៅនេះ លោកអូបាម៉ា បានជ្រើសរើស ចាប់ផ្តើមសរសេរ អំពីពេលវេលាដ៏សំខាន់បំផុត​​របស់លោក គឺឱកាសដែល​លោក​បាន​ជួប​គ្នាដំបូង ជាមួយ​ភរិយាលោក គឺលោកស្រី មីឈែល អូបាម៉ា នៅទីក្រុងឈីកាហ្គោ នៅឆ្នាំ​១៩៨៩។ ចំណែកនៅចុងបញ្ចប់នៃសៀវភៅ លោក​បាន​ទំលាក់​ប៉ាកាចុះ បន្ទាប់ពី​បាន​សរសេររៀបរាប់អំពី បេសកកម្ម​សម្លាប់​មេក្លោងក្រុមតាលីបង់ អ៊ូសាម៉ា ប៊ីនឡាដិន ថ្ងៃទី​១ ឧសភា ឆ្នាំ​២០១១។ ជាបេសកកម្មដែល​លោក​បាន​តាមដាន​ ដោយយកចិត្តទុកដាក់បំផុតពី​សេតវិមាន ជាមួយ​ក្រុម​ជំនាញយោធា ហើយ​ដែលលោក​បានទទួលស្គាល់​​​​ថា ជាការសម្រេចចិត្ត​​ដ៏លំបាកមួយ​ នៅ​ក្នុង​​បទពិសោធន៍​ការងារ​​​របស់​លោក។

ពីមួយទំព័រ​ទៅមួយទំព័រ លោកអូបាម៉ា បាន​រៀបរាប់ រំលឹក និងស្រង់វិភាគនូវបទពិសោធន៍របស់លោក ក្នុងនាមជាប្រធានាធិបតី​។ លោកទទួលស្គាល់ថា លោកជាមនុស្ស​ដែលប្រយ័ត្នមាត់បំផុត មិននិយាយអ្វីឲ្យលឿនជ្រុលនោះឡើយ។ ហេតុដូច្នេះហើយ បានជាក្នុងចំណោមអតីតប្រធានាធិបតីអាមេរិក គឺ​រូបលោកត្រូវគេទទួលស្គាល់ថា ជាអ្នក​ដែលមិន​សូវនិយាយផ្តេសផ្តាស់ ឬច្រឡំមាត់ច្រើននោះទេ។ លោកបាន​អះអាងទៀតថា លោកជាមនុស្សម្នាក់ ដែល​មិនចូលចិត្តសង្ស័យ ឬមានមន្ទិលក្នុង​ចិត្តឡើយ។

លោកអូបាម៉ា បានព្យាយាមចោទសួរខ្លួនឯង ថាមូលហេតុអ្វីបានជាជំរុញឲ្យ​លោក ឈានជើងចូលក្នុងការប្រកួត​ ដណ្តើមយក​តំណែងប្រធានាធិបតី​ ទាំងដែលកាលណោះ លោក​មានវ័យត្រឹមតែ​៤៥ឆ្នាំ ហើយថែមទាំងមានបទពិសោធន៍ក្នុងព្រឹទ្ធសភា មិនទាន់ទាំងបាន៤ឆ្នាំស្រួលបួលផង​នោះ។ លោកសួរខ្លួន​ឯងថា តើវាគ្រាន់តែ​ជាមហិច្ឆិតាផ្ទាល់ខ្លួន ឬក៏មាន​មូលហេតុអ្វី ស៊ីជំរៅជាង​នេះ ដែលកប់ក្នុង​មនសិកា ព្រមទាំងក្រឳក​បេះដូង​របស់​លោក? ​ឬមួយ​ក៏​លោក ចង់​បង្ហាញ​ ឲ្យ​ឪពុករបស់​លោក​ ដែលបានបោះបង់​លោកតាំងតែពីអាយុ១០ បានឃើញនឹងភ្នែកថាលោកជាមនុស្ស​ម្នាក់ ដែល​មិនអត់ប្រយោជន៍? ឬមួយ​ក៏លោក​ចង់តបស្នងសងគុណ ចំពោះការប្រឹងប្រែងរបស់​ម្តាយ​លោក ដែលបាន​បីបាច់ថែរក្សា តម្រង់ផ្លូវ​ឲ្យ​លោក បានមកដល់ជោគជ័យ? ឬមួយ​ក៏​លោកចង់យកឈ្នះ ភាពទន់ខ្សោយ​ ដែលបានកើតមកជាកូនកាត់​ស្បែកខ្មៅ?

លោកអូបាម៉ា បានទទួលស្គាល់ថា ក្រោយ​ចូលកាន់តំណែងបាន​ប៉ុន្មានខែ លោកចាប់ផ្តើមដឹងខ្លួន ថា​លោកមិនមែនជា « អ្នកបដិវត្ត »​ ទេ តែលោកគឺជា « មនុស្ស​ដែល​ចង់ធ្វើកំណែ​ទម្រង់ »។ លោកអះអាងថា នេះគឺជាចរិកលក្ខណៈនយោបាយដ៏សំខាន់បំផុត របស់​លោក។ នៅឆ្នាំទី​២នៃអាណត្តិទីមួយរបស់​លោក លោកតែងតែយល់សប្តិ ជាញឹកញាប់ ឃើញថាលោក ដើរ​តាមផ្លូវ​ស្ងាត់ ក្នុងទីក្រុងមួយ។ អ្វីដែលចំលែកបំផុត ក្នុងសុបិននេះ គឺមនុស្សគ្រប់គ្នា គ្មាននរណា​មើលមកលោក ឬក៏ស្គាល់ថាលោកជានរណាឡើយ។ ត្រង់ចំណុចនេះ អ្នកនិពន្ធជនជាតិនីហ្សេរីយ៉ាដ៏ល្បីម្នាក់ ឈ្មោះ Chimamanda Ngozi Adichie បានលើកឡើងនៅក្នុងកាសែត​ New York Times ថា៖ គឺដោយសារ​លោកអូបាម៉ា ជាមនុស្សដែលសំឡឹង ​មើលខ្លួនឯងជានិច្ច ថាខ្លួនកំពុងតែធ្វើអ្វី។

លោកអូបាម៉ា បានសរសេររៀបរាប់ផងដែរ អំពីការហាត់រៀនអំពីប្រូតូកូលយោធា និងប្រូតូកូលផ្លូវការនានា នៅពេលចាប់ផ្តើម​ចូលកាន់តំណែងដំបូង។ ក្រៅពីនេះទៀត លោកបានរៀបរាប់ អំពីការចាត់ចែងការចំណាយ​​ផ្ទាល់ខ្លួន ក្នុងនាមក្រុមគ្រួសារលោក ដែលរស់នៅ​សេតវិមាន។ មុខ​តំណែង​​​ប្រធានាធិបតី អនុញ្ញាត​ឲ្យ​លោកនឹងក្រុមគ្រួសារ ស្នាក់នៅនិងហូបចុកនៅសេតវិមាន​ដោយ​ឥតគិតថ្លៃមែនពិត​ តែការចំណាយ​​លើ​ទំនិញ​ប្រើប្រាស់ផ្ទាល់ខ្លួន​ គឺជាប្រាក់ផ្ទាល់ខ្លួន​របស់​លោក ជាក់ស្តែងដូចជាការចំណាយ​ទិញសាប៊ូ ទិញថ្នាំដុសធ្មេញ ឬក្រដាសបង្គន់ជាដើម។

តាមរយៈពាក្យពេចន៍សំណេរ លោកអូបាម៉ា បានចាត់ទុកខ្លួន​ថា គឺជាមនុស្សកណ្តាលនិយម ជាមនុស្ស​ដែល​ចូលចិត្តការសម្របសម្រួល ផ្សះផ្សារ និងព្យាយាម​យល់ពី​គ្រប់ភាគីទាំងអស់ ដោយ​ចង់ចៀសឲ្យ​បាន ​ពីការប្រឈមមុខដាក់គ្នា។ ក្នុងនាមជាស្វាមី ជាឪពុក និងជាប្រធានាធិបតីស្បែកខ្មៅ លោក​​តែងតែចាំទុកក្នុងចិត្តជានិច្ច ថាលោកត្រូវតែ​អត់ធ្មត់ មិនបញ្ចេញកំហឹងក្រេវក្រោធ មិនបង្ហាញអាក្បកិរិយាច្រង៉េងច្រង៉ាង ដើម្បីកុំឲ្យ​មនុស្សដែលអង្គុយចាំតែរិះគន់លោក គេ​និយាយ​ថាលោក ​ជា​ « មនុស្សស្បែកខ្មៅហឹង្សា » នោះឡើយ។

ទន្ទឹមនឹងនេះ លោកក៏បានទទួលស្គាល់ថា ចរិកលក្ខណៈចង់ផ្សះផ្សារ ចង់សម្របសម្រួលរបស់​លោកនេះ ក៏ជា​ភាពល្ងង់ឆោតរបស់​លោកមួយ​ដែរ ព្រោះការពិត​ នៅក្នុងឆាកនយោបាយ និងជាពិសេសនៅក្នុង​ការងារដឹកនាំ និងសម្រេចនានា ក្នុងនាមជាប្រធានាធិបតី គឺត្រូវ​តែហ៊ាន​អារកាត់ ចំណែក​ក្រុម​ម្ខាងទៀតដែលចាំប្រឆាំងជំទាស់ មិនបន្ធូរដៃឲ្យឡើយ។

ក្នុងចំណោម​បទពិសោធន៍ដ៏លំបាក លោក​អូបាម៉ា បានរំលឹកអំពី ហេតុការណ៍គ្រោះថ្នាក់ធ្លាយ​បំពង់បង្ហូរប្រេងឆៅ របស់ក្រុមហ៊ុន BP នៅខែ​ឧសភា​ ឆ្នាំ២០១០ ក្នុងឈូងសមុទ្រមិកស៊ិកកូ។ វាគឺជា​គ្រោះ​មហន្តរាយ​ដ៏​ធំមួយ​ នៅសហរដ្ឋអាមេរិក ដែលបានបំផ្លាញ​ធនធានធម្មជាតិសមុទ្រ។ លោកអូបាម៉ា បានលើកឡើងថា ​លោក​មានកំហឹង​ខ្លាំងណាស់ តែ​លោកព្យាយាមទប់។ លោកខឹងនឹងប្រព័ន្ធសេដ្ឋកិច្ច​មូលធននិយម ព្រមទាំងមនុស្ស​ដែល​បូមជញ្ជក់ផលប្រយោជន៍ ដោយ​គ្មានការទទួលខុសត្រូវ ចំពោះធនធានធម្មជាតិដែលជាសម្បតិ្តរួម របស់មនុស្សជាតិ។

ក្នុងចំណោមបទពិសោធន៍ជោគជ័យ ដែលធ្វើឲ្យ​លោកញញឹម កក់ក្តៅក្នុង​ចិត្តបំផុតនោះ គឺនៅថ្ងៃ​ដែល​ច្បាប់​ Obama Care ត្រូវបានអនុម័តយល់ព្រមដោយ​សភាខុសហ្គ្រេស គឺថ្ងៃទី ២១ មីនា ២០១០។ លោកថា លោក​សប្បាយ​ចិត្តណាស់ ដែលបានបំពេញ​ការ​សន្យារបស់​លោក ជូនចំពោះ​ប្រជាជន​​អាមេរិក ដើម្បីអាចមាន​ប្រព័ន្ធធានារ៉ាប់រងសុខភាព ដែលមាន​តម្លៃថោកសមរម្យ។ វាក៏​ជាការ​សន្យារបស់​លោក ជូនចំពោះ​ម្តាយ​លោក ​ដែល​បានស្លាប់​ទាំងវ័យក្មេងដោយ​ជម្ងឺមហារីក បន្ទាប់ពី​បានប្រវ៉ាយប្រតប់​ជាមួយ​ ក្រុម​អ្នក​លក់បណ្ណធានារ៉ាប់រងសុខភាព ដែលមិនព្រម​ទទួលជួយ​ចំណាយ​ថ្លៃ​ព្យាបាលជម្ងឺ។ នៅថ្ងៃដែល​សភា​អនុម័តច្បាប់ Obama Care នោះដែរ លោកអូបាម៉ា ក៏បានសម្រេចចិត្តឈប់ជក់បារីជារៀងរហូត បន្ទាប់ពី​បាន​លួចជក់ម្តងម្កាល មិនឲ្យ​ប្រពន្ធកូនឃើញ។

ទាក់ទិននឹងលោក ដូណាល់ ត្រាំ វិញ លោកអូបាម៉ា បាន​សរសេរលើកឡើងថា លោកដូណាល់ ត្រាំ គឺប្រៀបបីដូចជា​ ទស្សនីយភាព​កំសាន្ត ឬឈុតសម្តែងលើឆាកមួយ ដែលមនុស្ស​ម្នានាំគ្នា អង្គុយតាមមើល​សើច​សប្បាយ។ លោកថានៅសហរដ្ឋអាមេរិក ទស្សនីយភាព ការសម្តែងឈុតឆាក គឺមានទំរង់ជាអំណាចមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើ​ការយល់ឃើញរបស់​មហាជន។

លោកអូបាម៉ា សរសេរថា មនុស្ស​ដូច​លោកដូណាល់ ត្រាំ គឺជាគ្រោះថ្នាក់មួយ​ធំណាស់ ដល់​លទ្ធិប្រជាធិបតេយ្យ​អាមេរិក។ លោកទទួលស្គាល់ថា ការដែលលោក បាន​ក្លាយ​ជាប្រធានាធិបតីស្បែកខ្មៅ បានជាប់ឆ្នោតកាន់តំណែងបាន​២អាណត្តិជាប់គ្នា គឺវាហាក់ដូចជាបានទៅដាស់សតិស្មារតី របស់ក្រុមមនុស្ស​ស្បែក​ស មានគំនិតចាស់គំរិលនិយម ឲ្យ​ភ្ញាក់ឡើង រួមគ្នាធ្វើអ្វីម្យ៉ាង ដើម្បី​ទប់ស្កាត់ចរន្តប្រែប្រួលនេះ។ គឺកត្តានេះហើយ ដែលបានជួយ​ជំរុញ ឲ្យ​ពួកអ្នកគាំទ្រទ្រឹស្តីគំនិត បែបប្រជាភិថុត ដូច​លោកដូណាល់ ត្រាំនេះ បានផុសផុលឡើង។ លោកដូណាល់ ត្រាំ បាន​ទាញយក​ « ភាពភ័យខ្លាច » ​របស់ក្រុមមនុស្ស​មួយចំនួន​ធំ យកទៅច្នៃធ្វើជា​នុយនយោបាយ។

តែយ៉ាងណាក៏ដោយ លោកអូបាម៉ា បានលើកឡើងថា លោកមិនទាន់អស់សង្ឃឹមទេ។ លោកថា សហរដ្ឋអាមេរិក គឺប្រៀបបីដូចជា « គំនិត » មួយ ដែលលោក​មិនអាចបោះបង់ចោលងាយ​ៗឡើយ។ លោកជឿថា ថ្ងៃណាមួយ​ សហរដ្ឋអាមេរិក នឹងសម្រេចបាននូវ ការកសាងសង្គមមួយ ដែល​ឈរលើមូលដ្ឋានពេញលេញ នៃពហុវប្បធម៌និយម ចម្រុះជាតិសាសន៍ និងចម្រុះសាសនា ដោយស្មើភាព​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ