អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២​។ ថ្ងៃ​ទី​២៨​មិថុនា​ស្អែក​នេះ គឺ​ជា​​ខួប​លើក​ទី​៧១ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ នា​ឱកាស​ខួប​គម្រប់​៧១​ឆ្នាំ គណបក្ស​​កាន់​អំណាច​​នៅ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ដើរ​ដល់​របត់​ថ្មី​ដ៏​សំខាន់​មួយ នោះ​គឺ របត់​ថ្មី​នៃ «​អ្នក​បន្ត​វេន»​។ អ្នក​បន្ត​វេន ដែល​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ សម្រេច​គាំទ្រជា​ឯកច្ឆ័ន្ទ ​លើ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ តើ​លោក ហ៊ុន ម៉ាណែត មាន​ប្រវត្តិ​យ៉ាង​ណា? ស័ក្តិសម​នឹង​តំណែង​ជា «អ្នក​បន្ត​វេន» នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬ​ទេ? និង​ថា​តើ ការ​សម្រេច​ឲ្យ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អ្នក​បន្ត​វេន​​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ក្នុង​រង្វង់​គណបក្ស​ប្រជាជន​ខ្លួន​ឯង​? 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ជាកូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែលកាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥ និង​ដែល​ថែម​ទាំង​​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ពី​លោក​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត មែន​ទែន​ទៅ ត្រូវ​ក្រាល​ដោយ​កម្រាល​ព្រំ​ក្រហម ​និង​រោយ​ដោយ​ស្រទាប់​ផ្កា​កូលាបរួច​ជា​ស្រេច ​តាំង​ពី​យូរ​ណាស់​មក​ហើយ។

លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មកហើយ​ថា លោក ហ៊ុន ម៉ាណែត គឺ​ជា​បេក្ខភាព​ម្នាក់ នៅ​ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​គោល​ដៅ​ទុក ចំនួន​៤​នាក់​។ ប៉ុន្តែ​នៅ​ទី​បំផុត ភាព​ស្រពេច​ស្រពិលរលាយ​បាត់​ស្រមោល​។ ការ​បន្ត​វេន​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត​ បាន​ក្លាយ​ជា​ការ​ពិត​។

នៅ​ក្នុង​អង្គ​សន្និបាត​គណៈកម្មាធិការ​ការ​កណ្ដាល លើក​ទី​៤៣ គណបក្ស​ប្រជាជាជន​កម្ពុជា បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ដល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ ជា​បេក្ខជន​តែ​ម្នាក់​គត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ លោក ហ៊ុន ណែត ក្នុង​វ័យ​៤៤​ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានការគាំទ្រពី​សមាជិក​គណៈកម្មាធិការ​កណ្ដាល ​ដែល​មាន​វត្តមាន​ទាំង​អស់​ចំនួន ៧៧៥សំឡេង​។

កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​ការ​ពិត​ប្រកែក​មិន​បាន គឺ​ជា​បុគ្គល​លេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​ឧត្តម​សេនីយ៍​ឯក​ពាក់​ផ្កាយ​បី លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​បណ្ឌិត​សភា​យោធា​អាមេរិក West Point និង​បាន​ទទួលសញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Bristol នៃ​ប្រទេស​អង់គ្លេស​។ ក្រៅ​ពី​មុខ​ជំនាញ​ទាំង​ពីរ​នេះ លោក ហ៊ុន សែន ជាឪពុក ទើបបាន​បង្ហាញ​ជា​សាធារណៈអំពី​សំបុត្រ​មួយ​ច្បាប់ ​ដែល​លោក ហ៊ុន ម៉ាណែត ផ្ញើ​មក​ពិគ្រោះ​យោបល់អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។

ចំពោះ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នេះ​ទៀត​សោត លោក ហ៊ុន ម៉ាណែត សរសេរ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា សូម​កុំ​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ឱ្យ​សោះ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ខ្លួន​។ ម្យ៉ាង លោក ហ៊ុន ម៉ាណែត សរសេរ​ក្នុង​សំបុត្រ​បញ្ជាក់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់​។ មហិច្ឆតា​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ រហូត​ទាល់​តែ​លិខិត​មួយ​ច្បាប់​នេះ​ត្រូវ​លោក ហ៊ុន សែន ជា​ឪពុក បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​។

ក្រៅ​ពី​ចំណេះ​ជំនាញ​ទាំង​នេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ មាន​មុខ​តំណែងគន្លឹះ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន នៅ​ក្នុង​វិស័យ​យោធា និង​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន។

នៅ​ក្នុង​វិស័យ​យោធា ក្រៅ​ពី​កាន់​តំណែង​ជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោក​ក៏​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជា​ការ​រង​កង​អង្គរក្ស​។ ចំណែក​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត គឺ​ជា​សមាជិកវ័យ​ក្មេង​ជាង​គេ​នៃ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០២០ កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​នៃគណៈ​ចលនា​មហាជន ដែល​ជា​តួនាទី​ធំ​មួយ​ទៀតក្នុង​គណបក្ស។

ទាំង​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការងារ​សង្គម ដែលលោក ហ៊ុន ម៉ាណែត និង​ភរិយា គឺ​លោក​ស្រី ពេជ្រ ច័ន្ទមុន្នី បានធ្វើ​យ៉ាង​សស្រាក់​សស្រាំ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​​កូវីដ​១៩​នៅ​កម្ពុជា នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​​។

តាម​រយៈ​ចំណេះដឹង​និង​បទពិសោធ​ការងារ​ទាំង​អស់​នេះ វា​មិន​ចម្លែក​ទេ​ដែល លោក ហ៊ុន ម៉ាណែត ត្រូវ​អង្គ​សន្និបាត​នៃ​គណបក្ស​ប្រជាជន ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​បោះ​ឆ្នោត​អនុម័ត​ឱ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​លោក ហ៊ុន សែន​។ ការ​គាំទ្រ​នេះ បើ​ទោះ​បី​ជា​ធ្វើ​ដោយ​សេចក្ដី​ពេញ​ចិត្ត​ក៏​ដោយ ក៏​គេ​មើល​ឃើញ​ថា វាទំនង​ជា​​អាច​បង្ក​ឱ្យ​មាន​ភាព​ល្អក់​កករ​ខ្លះ​ដែរ​នៅ​ក្នុង​ជួរ​គណបក្ស​​កាន់​អំណាច​ ព្រោះ​សូម​កុំ​ភ្លេច​ថា ការ​ជ្រើស​តាំង​​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​អនាគត​នាយករដ្ឋ​មន្ដ្រី ធ្វើ​ឡើង​ដោយ​រំលងមន្ដ្រីជាន់​ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​រូប​ទៀត ដែល​ធ្លាប់​ប្រថុយ​ជីវិត តស៊ូ​រំដោះ​ប្រទេស ប្រកៀក​ស្មា​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

តើ​ការណ៍​នេះ ជះ​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច​ដល់​សាមគ្គីភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច? សំណួរ​នេះ ពិបាក​ឆ្លើយ​ដែរ​។ វា​អាស្រ័យ​ទាំង​ស្រុង​លើ​គណបក្ស​ប្រជាជន​។ ថា​តើ​គណបក្ស​នេះ តម្កល់​ផល​ប្រយោជន៍​អ្វី​ជា​ធំ? ផល​ប្រយោជន៍​បុគ្គល ផល​ប្រយោជន៍​សែ​ស្រឡាយ​បក្ស​ពួក​ខ្លួន ផល​ប្រយោជន៍​គណបក្ស​ទាំង​មូល ឬ​ផល​ប្រយោជន៍​​ប្រជាជាតិ? នេះ​គឺ​ជា​សមីកា​ដែល​គណបក្ស​ប្រជាជន​ខ្លួន​ឯង ត្រូវ​ដោះ​ស្រាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត​។

សម្រាប់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ការ​សម្រេច​ឱ្យ​​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អ្នក​បន្ត​វេន​ជា​ផ្លូវ​ការ​បន្ទាប់​ពី​រូប​លោក មិន​មែន​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ​។ ផ្លូវ​ទៅ​កាន់​ការ​កាន់​អំណាច​សម្រាប់​លោក ហ៊ុន ម៉ាណែត បាន​ត្រួស​ត្រាយ​រួច​ហើយ​។ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស លោក ហ៊ុន សែន ទំនង​ជា​ត្រូវ​ធ្វើ​សម្បទាន​ច្រើន​ដល់​យុទ្ធមិត្ត​រួម​ជំនាន់​។ ចំណែក លោក ហ៊ុន ម៉ាណែត ខ្លួន​ឯង លោក​នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មាន​បទ​ពិសោធ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ប្រឹង​ប្រែង​ប្រមែ​ប្រមូល ហើយ​នៅ​មាន​សេចក្ដី​ទុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ស្វែង​រក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​លោក​ចង់​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ