អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រូវ​បាន​សាធារណៈ​មតិ​ទទួល​ស្គាល់​ថា មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​មន្ដ្រី​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ​។ ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ក៏​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរ​។ ជា​ការ​ពិត បទ​បញ្ជា​របស់​បុគ្គល​ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា នោះ គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​​បាន​ជា​គេ​ត្រូវ​ចាំ​​​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយបញ្ហា​បាន​? 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប កំពុង​តែ​រង​ការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ក្រោយ​ពី​មាន​បញ្ជា​ដាច់​ណាត់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន​។ លោក​នាយករដ្ឋ​​មន្ដ្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៣​មីនា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តាម​បណ្ដា​ខេត្ត​ជុំ​វិញ​បឹង​ទន្លេ​សាប​ទាំងអស់ កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​​ឱ្យ​អស់​ បើ​ទោះ​បី​ជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏​ដោយ​។ និង​ថា ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ រាប់​ចាប់​តាំង​ពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ដ្រី​និង​មេ​​ទាហាន មេ​ប៉ូលីស​ទាំង​ឡាយ មិន​អាច​បង្ក្រាប​បទ​ល្មើស​​នេសាទ​ត្រី​ខុស​ច្បាប់ ជា​ពិសេស​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ នោះពួក​គេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​ត​ទៅ​ទៀត​ឡើយ​។

ភ្លាម​ៗ​ក្រោយ​ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បានជួបប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទ​នៅ​បឹងទន្លេសាប ដែលកើតមានជារៀង​រាល់​ថ្ងៃ​។ ក្រោយការប្រជុំ ភាគីពាក់ព័ន្ធបានសម្រេចឲ្យអភិបាលខេត្តទាំង៦ជុំ​វិញ​បឹងទន្លេសាប ត្រូវស្រាវជ្រាវរកជនល្មើស មកចាត់ការទៅតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ និងកំណត់ឧបករណ៍ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ ក្រៅពីនេះ អាជ្ញាខេត្តទាំង៦ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ត្រូវបង្កើតទីតាំងយាមការជាប្រចាំ ដើម្បបង្រ្កាបបទល្មើសនេសាទជាក់ស្តែងដែលកើតមានក្នុងភូមិសាស្រ្តខេត្តរៀងៗខ្លួន។ បើតាមក្រសួងកសិកម្ម បទល្មើសនិងជនល្មើសទាំងអស់ មិនត្រូវមានការយល់យោគជាដាច់ខាត។

គួរ​កត់​សម្គាល់​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​បឹង​ទន្លេ​សាប​ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​នេះ ​បាន​កើត​ឡើង​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា បុរស​ខ្លាំង​កម្ពុជា។ បទ​បញ្ជា​របស់​បុរស​ខ្លាំង​កម្ពុជា គ្មាន​អ្វី​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បញ្ហា​នៅ​ក្នុង​សង្គម ត្រូវ​ចាំ​ទាល់​តែ​មាន​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី ទើប​ដោះ​ស្រាយ​បាន​? ហេតុ​អ្វី​បាន​ជា​មន្ដ្រី​ថ្នាក់​ក្រោម មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ​?

ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ គេ​ចាំ​បាច់​ត្រូវ​យល់​ពី​បញ្ហា​មួយ​ចំនួន​ជា​មុន​សិន​។ បញ្ហា​ដំបូង​បង្អស់​នោះ​គឺ ការ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ ​នៃមន្ដ្រី​ថ្នាក់​ក្រោម​ឱវាទ​របស់​នាយក​រដ្ឋ​មន្ដ្រី​។ បញ្ហា​ប្រឈម​នានា​នៅ​តែ​កើត​ឡើង​ដោយ​គ្មាន​ដំណោះ​ស្រាយ នៅ​ពេល​មន្ដ្រី​ក្រោម​ឱវាទ​ឃុប​ឃិត​គ្នា​ដើម្បី​ផល​ប្រយោជន៍ ដោយ​បិទ​បាំង​ពី​ភ្នែក​នាយក​រដ្ឋ​មន្ដ្រី​។ មួយ​វិញ​ទៀត រដ្ឋបាល​​ថ្នាក់​ក្រោម និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​ជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវនៅ​​ឡើយ​។

មាន​មូលហេតុ​៣​យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន​។ ទី​១ គឺ​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់​គ្រង​អំពើ​​ល្មើស​។ ទី​២ គឺ​បញ្ហា​ផល​ប្រយោជន៍​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចិញ្ចឹម បទ​ល្មើស​។ និង​ទី​៣ គឺ​អ្នក​ប្រព្រឹត្ត​ល្មើស ឬ​ធ្វើ​ជា​ខ្នង​បង្អែក​ឲ្យ​ជន​ល្មើស គឺ​ជា​មន្ដ្រី​មាន​អំណាច ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្ខំ​ចិត្ត​បិទ​ភ្នែក បិទ​ត្រចៀក​នៅ​ចំពោះ​មុខ​អំពើ​ល្មើស​។

នៅ​ក្នុង​បរិបទ​ដូច្នេះ ​នាយក​រដ្ឋ​មន្ដ្រី ដែល​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ត្រូវ​បង្ខំ​ចិត្ត​ចេញ​មុខ​ដាក់​បញ្ជា​ទៅ​ដល់​មន្ដ្រី​ក្រោមបង្គាប់ ដើម្បី​កម្ចាត់​​ភាព​អសកម្ម ឬ​បទ​ល្មើស​ផ្សេង​ៗ​។ បទបញ្ជា​ទាំងឡាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​បាន​ឆ្លុះ​ឲ្យ​ឃើញថា រដ្ឋាភិបាល​ពិតជា​ចង់​លុបបំបាត់​បាតុភាព​អសកម្ម​នៅក្នុង​សង្គម ពីព្រោះថា នៅលើ​លោក​នេះ​ប្រហែលជា​គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ​ ដែល​មិន​ប្រាថ្នា​ចង់ឃើញ​វឌ្ឍនភាព ​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ​នៅក្រោម​ការដឹកនាំ​របស់​ខ្លួន​នោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ម្នាក់ឯង​មិនអាច​ចេញ​បញ្ជា​គ្រប់​បញ្ហា​បានទេ។

អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ដោយ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ភាព​​ម៉ឺងម៉ាត់ និង​ស្មើ​ភាព​។  ប្រសិទ្ធភាព​ពិតប្រាកដ​ក្នុងការ​បំបាត់​បទល្មើស​ទាំងឡាយ ​គឺ​ស្ថិតនៅលើ​សមត្ថភាព និង​មនសិការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី មែន​ទែន​ទៅ មាន​ភាព​ចាំ​បាច់​សម្រាប់​កិច្ច​ការ​ធំ​ៗ​មួយ​ចំនួន​។ ដោយ​ឡែក ​ចំពោះ​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង គេ​មិន​គួរ​រង់​ចាំ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ដ្រី​ដើម្បី​ដោះ​ស្រាយ​ទេ​​។ ប្រសិនបើ​ក្រសួង​ជំនាញ​ទាំងឡាយ ​រង់ចាំតែ​បទបញ្ជា​នាយករដ្ឋមន្ត្រី​គ្រប់​តែ​រឿង​ គេ​ប្រហែលជា​មិនចាំបាច់​បង្កើត​ក្រសួង​ទាំងនោះ ​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ