អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

១១ឆ្នាំនៃការស្លាប់លើស្ពានពេជ្រ នៅតែបន្សល់ទុកនូវសំណួរជុំវិញ«យុត្តិធម៌ និងការទទួលខុសត្រូវ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២២​ ខែវិច្ឆិកានេះ​ បើសម្លឹង​ទៅមើល​១១ឆ្នាំមុន​ ប្រទេស​កម្ពុជា​បង្ហាញ​នូវភាព​ភ្ញាក់ផ្អើលមួយ​ ដែលមិននឹង​ស្មានដល់​ គឺ​ជាព្រឹត្តិការណ៍​ ដែលមាន​ពលរដ្ឋខ្មែរ​ស្លាប់ជាង៣៥០នាក់​ នៅក្នុង​ថ្ងៃ​បង្ហើយ​ នៃព្រះរាជពិធី​បុណ្យ​ អុំទូក​ អកអំបុក​ បណ្តែត​ប្រទីប​ និង​សំពះព្រះខែ។​ គឺជាការ​ស្លាប់ច្រើន​បំផុត​ដែលគេ​មិនធ្លាប់ឃើញ​ ចាប់តាំង​ពីមានការដួល​រលំ​នៃរបបកម្ពុជា​ប្រជាធិបតេយ្យ។​ ព្រឹត្តិការណ៍​នេះ​ បាន​បន្សល់ទុក​នូវសំណួរ​ និងភាព​ចម្រូងចម្រាស​ជុំវិញការ​ទទួលខុសត្រូវ​ រវាង​មហាជន​ និងអាជ្ញាធរ​គ្រប់គ្រងប្រទេស។​

ក្រុមគ្រួសារជនរងគ្រោះ (រូបតំណាង)
ក្រុមគ្រួសារជនរងគ្រោះ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ២០១០​ គឺជាថ្ងៃទី៣​ នៃ​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ សំពះព្រះខែ​ និងអកអំបុក​ រាត្រីថ្ងៃ​នោះហើយ​ ដែលពលរដ្ឋខ្មែរ​ជាង៣៥០នាក់​ ភាគច្រើន​ជាយុវជន​បានដេកដួល​ស្លាប់គរលើគ្នា​នៅលើស្ពានពេជ្រ​ នៃមជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ​ និងរាប់រយនាក់​ទៀតរងរបួស។​

ហេតុការណ៍នេះ​ បាន​ធ្វើឲ្យភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទាំងក្នុង​ក្របខ័ណ្ឌជាតិ​ និងអន្តរជាតិ​ ដោយសារ​តែការដឹកជញ្ជូន​សាកសព​ចេញពីកោះពេជ្រ​ ត្រូវប្រើពេល​ពេញមួយយប់​ លាយឡំ​នឹងសម្លេង​ស្រែកដង្ហើយ​ហៅរកជំនួយ​ សម្លេង​ទ្រហោរ​យំពីសំណាក់​ជនរងគ្រោះ​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ។​

ជាការពិតប្រមុខរដ្ឋាភិបាលក៏បានបញ្ជារភ្លាមៗ ឲ្យកងកម្លាំងយោធា និងសមត្ថកិច្ចគ្រប់ស្ថាប័នធ្វើអន្តរាគមន៍សង្គ្រោះជាបន្ទាន់តាមតែអាចធ្វើទៅបាន ចាប់តាំងពីការដឹកជញ្ជូនសាកសពទៅដាក់មន្ទីរពេទ្យ ជួយដឹកជញ្ជូនទៅដល់លំនៅឋាន និងការជួយរៀបចំបុណ្យសពតាមប្រពៃណីពីសំណាក់អាជ្ញាធរមូលដ្ឋាន។ លើសពីនេះ រដ្ឋាភិបាល រួមនឹងមូលនិធិនានា ម្ចាស់គ្រប់គ្រងទឹកដីកោះពេជ្រ សប្បុរសជន និងពលរដ្ឋខ្មែរទូទាំងប្រទេស ក៏បានប្រមែប្រមូលថវិការួមគ្នា ដែលសរុបទៅរហូតដល់រាប់ម៉ឺនដុល្លារឧបត្ថម្ភដល់គ្រួសារជនរងគ្រោះនីមួយៗ។

ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋអំណាច រួមទាំងអ្នកគ្រប់គ្រងកោះពេជ្រ មិនអាចគេចផុតពីសំណួរ និងការរិះគន់ធ្ងន់ៗបានទេ ពីសំណាក់សាធារណជន ក្រុមគ្រួសារជនរងគ្រោះ អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំង ជុំវិញការទទួលខុសត្រូវលើសោកនាដកម្មដ៏រន្ធត់នេះ។ ព្រឹត្តិការណ៍នេះ ត្រូវរដ្ឋាភិបាលចាត់ទុកថាជាឧប្បត្តិវហេតុដ៏គួរឲ្យសោកស្តាយ ដែលមិនមាននរណាចង់ឲ្យកើតមានឡើយ។

តែមហាជន ក៏ដូចជាអង្គការសង្គមស៊ីវិល បានចាត់ទុកថាហេតុការណ៍នោះ គឺជាការធ្វេសប្រហែស ដែលទាមទារឲ្យមានអ្នកទទួលខុសត្រូវ ខណៈដែលរូបភាពធ្វេសប្រហែលស្រដៀងៗគ្នា ដែលធ្វើឲ្យមានមហន្តរាយទ្រព្យសម្បត្តិ និងជីវិតមនុស្សនៅប្រទេសមួយចំនួនលើពិភពលោក គេរមែងឃើញមានការទទួលខុសត្រូវ ដូចជាធ្វើឡើងក្រោមរូបភាពចុះចេញពីតំណែង ការដាក់ពិន័យរដ្ឋបាលទៅលើបុគ្គលពាក់ព័ន្ធ។ល។ និង។ល។

តែជារឿយៗ មន្ត្រីផ្លូវការ តែង​បានអះអាងថារដ្ឋាភិបាលបាន​ទទួល​ខុសត្រូវជា​សាធារណៈ​ហើយចំពោះរឿងនេះ តាមរយៈនៃការគ្រប់គ្រងដោយប្រុងប្រយ័ត្នចំពោះបុណ្យជាតិធំៗជាបន្តបន្ទាប់មក ការ​ផ្លាស់ប្ដូរ​ការគ្រប់គ្រងនៅ​តំបន់​កោះពេជ្រ ដោយសង់​ស្ពាន​ថ្មី​ចំនួន​២ ដើម្បី​សម្រួលចរាចរណ៍ទៅមក រួមនឹងការសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្បែរនោះផងដែរ។

ជារួមអស់រយៈពេល១១ឆ្នាំមកហើយ ដែលសំណួរ ជុំវិញការទទួលខុសត្រូវទាក់ទងនឹងសោកនាដ្ឋកម្មនៃការរត់ជាន់គ្នា ឬប្រជ្រៀតគ្នាធ្វើឲ្យស្ទះដង្ហើមស្លាប់សន្ធឹកសន្ធាប់យ៉ាងអាណោចអាធម ឬហេតុផលផ្សេងទៀត មិនអាចរកចម្លើយជាក់លាក់បាន បើទោះណាជាភាគីរដ្ឋាភិបាល បានអះអាងថារឿងនេះមានការទទួលខុសត្រូវគួរជាទីពេញចិត្តហើយក៏ដោយ។

អ្វីដែលបន្សល់ទុកជារៀងរាល់ឆ្នាំ គឺមានតែការអុចធូបដោយក្តីសោកសង្រេង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅពីមុខស្តូបរួម ដែលគេសង់ឡើងនៅក្បែរកោះពេជ្រប៉ុណ្ណោះ ខណៈស្ពានពេជ្រ ដែលជាទីតាំងដ៏គួរឲ្យព្រឺក្បាលផង ជាស្រមោលដ៏អប្រិយ៍ផង ត្រូវបានវាយកម្ទេចចោលហើយសង់ស្ពានថ្មី។

ទោះយ៉ាងណា បរិបទប្រទេសកម្ពុជា គេមិនអាចយកទិដ្ឋភាពនៃការទទួលខុសត្រូវរបស់ប្រទេសផ្សេង តំបន់ផ្សេងមកប្រៀបប្រដូចបានទេ ខណៈដែលប្រទេសជឿនលឿន ដូចជានៅកូរ៉េខាងត្បូង ជប៉ុន ឬប្រទេសលោកខាងលិចឯទៀត ត្រូវគេមើលឃើញថាទស្សនៈ ឬការគិតរបស់គេពិតជាខុសពីប្រទេសកំពុងអភិវឌ្ឍន៍។

ដូច្នេះ សំណុំរឿងសោកនាដកម្មនៃការស្លាប់នៅលើស្ពានពេជ្រកាលពីជាង១០ឆ្នាំមុននេះ អំណឹះតទៅ នឹងត្រូវបន្តឮសំណួរដដែលៗ «យុត្តិធម៌នៅឯណាចំពោះអ្នកស្លាប់នៅកោះពេជ្រ!» ក្រោមចម្លើយថា«បានដោះស្រាយរួចហើយ បានចាត់ចែងទទួលខុសត្រូវរួចហើយ!» ដែលចំលើយនេះ ត្រូវភាគីផ្សេងទៀត យល់ថាមិនមែនជាចម្លើយត្រឹមត្រូវនៅឡើយទេ។

ជាការពិតអ្នកដែលស្លាប់ទៅ មិនអាចរស់ឡើងវិញបានទេ តែការស្លាប់នៅក្នុងហេតុការណ៍ដូច្នេះ បានបន្សល់ទុកនូវការប្រទាញប្រទង់គ្នាបែបទស្សនៈ មិនឈប់ឈរឡើយនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នៃការស្លាប់ដ៏សន្ធឹកសន្ធាប់នៅកោះពេជ្រកាលពី១០ឆ្នាំមុននោះ គឺជាបទពិសោធន៍មួយ ដែលក្រោយៗមកទៀត គេមិនដែលឃើញហេតុការណ៍ដ៏គួរឲ្យរន្ធត់បែបនេះកើតឡើងទៀតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ