អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការដោះលែងសកម្មជន បង្ហាញពីជំហរកម្ពុជាកំពុងដោះស្រាយបញ្ហាផ្ទៃក្នុងក្រោមក្រសែភ្នែកអន្តរជាតិឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សកម្មជនបរិស្ថាន​ សង្គម​ សកម្មជន​សិទ្ធិមនុស្ស​ និង​គណបក្សនយោបាយ​ប្រឆាំង​ ច្រើនជាង​១០នាក់​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ ធ្វើការ​ដោះលែង​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប្រមាណ​ ២សប្តាហ៍​ចុងក្រោយនេះ។​ ដោយសារ​ការដោះលែង​សកម្មជន​ទាំងអស់នេះ​ ជួនពេល​នឹងប្រទេស​កម្ពុជា​ត្រូវធ្វើម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប​ និង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំក្រោយ​ ជាហេតុនាំ​ឲ្យមានការ​សន្និដ្ឋានថា​ ការ​ដោះលែង​សកម្មជន​ទាំងអស់នេះ​ ទំនង​ជា​ជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​ធំៗ​ ដែលជា​មុខមាត់​កម្ពុជា។​

សកម្មជនបរិស្ថាន (រូបតំណាង)
សកម្មជនបរិស្ថាន (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ឈានចូល​ដល់ខែ​ វិច្ឆិកាភា្លម​ ដំណឹង​នៃការដោះលែង​សកម្មជន​នយោបាយ​បរិស្ថាន​ និងសង្គម​ ក៏បាន​ធ្លាយចេញ​មកដែរ។​ សកម្មជន​ច្រើនជាង១០នាក់​ ត្រូវបាន​អាជ្ញាធរ​ដោះលែង​ និងគ្រោង​ដោះលែង​ជាបន្តបន្ទាប់​ ក្នុងនោះ​មានលោក រ៉ុង ឈុន​ មេដឹកនាំ​សហជីព​កម្មករ​ និងគ្រូបង្រៀន​ផងដែរ។​

ដោយហេតុថា​សកម្មភាព​នៃការដោះលែង​សកម្មជន​ ឬភាសាអ្នកមាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាលថា​ ជាអ្នកទោសមនសិការនោះ​ ធ្វើឡើង​គាប់ជួន​ប្រទេសកម្ពុជា​គ្រោងនឹងបំពេញ​តួនាទី​សំខាន់​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប​ នៅថ្ងៃទី២៥-២៦​ ខែវិច្ឆិកានេះ​ និងត្រូវ​ធ្វើជាប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំក្រោយ​ ជាហេតុ​នាំឲ្យមាន​ការទាញ​ភ្ជាប់បញ្ហា​នេះ​ ទៅនឹង​ការ​ទទួល​ខុសត្រូវ​ធំៗ​របស់កម្ពុជា​ទាំងអស់​នោះតែម្តង។​

ហេតុផល​ដែលមាន​ការទាញ​ភា្ជប់សកម្មភាព​ទាំងពីរ​នេះថា​មានការ​ពាក់ព័ន្ធគ្នា​ គឺដោយសារ​តែប្រទេសកម្ពុជា​ ជាទូទៅ​តែងមាន​បញ្ហាអរិភាព​ខាងនយោបាយ​ជាមួយនឹង​ប្រទេសលោកខាងលិច​ ដែលឲ្យតម្លៃធំ​ទៅលើលទ្ធិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស។​ បញ្ហាដ៏រសើបនេះ​ កម្ពុជា​ពិតជា​មិនចង់ឃើញ​ ចង់ឮការរិះគន់ណាមួយ​ ខណៈដែលប្រទេសនេះ​ ត្រូវរៀបចំ​ជាលើកដំបូង​នូវកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប​ ឬ​ ASEM-13​ នៅចុងខែវិច្ឆិកានេះ។​

វត្តមាន​របស់ប្រទេស​ជាដៃគូ​នៅក្នុងកិច្ចប្រជុំនេះ​ ត្រូវគេចាត់ទុកថា​មានសារៈសំខាន់​ បើទោះណា​ជាកិច្ចប្រជុំ​នេះធ្វើតាម​ប្រព័ន្ធអនឡាញក៏ដោយ។​ ជាមួយគ្នានេះ​ កិច្ចប្រជុំ​ដែលរលូន​ និងចេញបាន​នូវសេចក្តី​ថ្លែងការណ៍​ ដែលគ្មានភាព​ចម្រូងចម្រាស់​ គឺជា​ជោគជ័យ​ដ៏ធំមួយផង​ដែរ​របស់កម្ពុជា​ ក្នុងនាម​ជាអ្នករៀបចំ។​

មួយវិញទៀត​កាយវិកា​របស់រដ្ឋាភិបាល​នៅពេលនេះ​ ចង់មិនចង់​ក៏ត្រូវគេមើល​ឃើញថា​ជាចំណុច​ដ៏វិជ្ជមានមួយដែរ​ ដែលនេះជាការ​បង្ហាញនូវឆន្ទៈ​ បើកទូលាយ​សេរីភាព​ និងលំហរ​ប្រជាធិបតេយ្យ​មុនកិច្ចប្រជុំ​ បើទោះណា​ជាការដោះលែង​សកម្មជន​ជាច្រើន​នៅពេលនេះ​ ត្រូវបាន​រិះគន់​ថាស្ថិតនៅ​ក្នុងរង្វង់​នៃការឃ្លាំមើល​របស់តុលាការ​រហូតដល់ទៅ៣ឆ្នាំក៏ដោយ។​

ដូចគ្នាដែរ​ កិច្ចប្រជុំកំពូល​អាស៊ាននៅឆ្នាំក្រោយ​ ដែលមានកម្ពុជា​ជាប្រធានប្តូរវេននោះ​ ក៏ត្រូវការចាំបាច់ការ​គាំទ្រដែរ​ ជាពិសេស​ពីបណ្តាប្រទេស​នៅក្នុងតំបន់​ ដោយហេតុថា​ ក្នុងតួនាទី​ជាប្រធាន​ កម្ពុជា​ចាំបាច់​ត្រូវតែដោះស្រាយ​បញ្ហាផ្ទៃក្នុង​ខ្លួនឯង​ជាមុនសិន​ មុននឹង​ឈានទៅលូក​សំណុំរឿងធំៗ​ ដូចជា​បញ្ហាភូមា​ បញ្ហាសមុទ្រចិនខាងត្បូង​ បញ្ហាជំងឺកូវីដជាដើម។​ ជាការពិត​សហគមន៍​អាស៊ាន​ មានសរសរស្តុំមួយ​ ដែលនិយាយ​ពីនយោបាយ​ និងសន្តិសុខ​ ពាក់ព័ន្ធ​ទៅនឹងសេរីភាព​នៃការបញ្ចេញមតិ​ សិទ្ធិជាមូលដ្ឋាន​របស់ពលរដ្ឋ។​ ប្រសិនបើ​បរិយាកាស​នយោបាយ​នៅកម្ពុជា​មានភាពអាប់អួរ​ នោះក៏វាជាការ​លំបាកមួយដែរ​ ក្នុងនាមជាប្រធានអាស៊ាន។​

មួយវិញទៀត កាលពីពេលថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅកម្ពុជា ថ្វីត្បិតមិនបានទម្លាយព័ត៌មាននយោបាយអ្វីច្រើន ក៏ប៉ុន្តែត្រូវគេមើលឃើញថាទស្សនកិច្ចរបស់ប្រមុខការទូតអូស្ត្រាលី ទំនងជាបង្កប់នូវប្រធានបទនយោបាយសំខាន់លើសពីអ្វីដែលជាកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរដែរ។

ផ្ទុយពីការមើលឃើញរបស់អ្នកតាមដានសង្គម និងនយោបាយ រដ្ឋាភិបាលកម្ពុជា តែងអះអាងថាការដោះលែងសកម្មជនដ៏គួរឲ្យភ្ញាក់ផ្អើលពេលនេះ គឺមិនជាប់ពាក់ព័ន្ធទៅនឹងគំនាបពីបរទេសណានោះទេ ហើយក៏មិនដើម្បីតែកម្ពុជាព្រោះតែជាអ្នកមានតួនាទីសំខាន់នៅក្នុងកិច្ចប្រជុំកំពូលធំៗចំនួន២ខាងមុខនេះដែរ។

ជារឿងធម្មតា មន្ត្រីរដ្ឋាភិបាលកម្ពុជា តែងអះអាងការពារមុខមាត់របស់ខ្លួនថា យន្តការដោះលែងអ្នកទោសដែលជាសកម្មជនទាំងអស់នេះ គឺជាការធ្វើឡើង ដោយអនុវត្តទៅតាមច្បាប់ពង្រឹងនីតិរដ្ឋរបស់ប្រទេសប៉ុណ្ណោះ។ ការដោះលែងសកម្មជននយោបាយ និងសង្គម សកម្មជនបរិស្ថាន នៅពេលនេះត្រូវអ្នកវិភាគ យល់ថា គឺជាការបង្ហាញនូវការថយក្រោយមួយជំហានរបស់រដ្ឋាភិបាល ក៏ប៉ុន្តែសកម្មជនទាំងអស់ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យរបស់តុលាការដល់ទៅ៣ឆ្នាំឯណោះ។ ចំណុចនេះ ត្រូវគេមើលឃើញថា រដ្ឋាភិបាល នៅតែរក្សាទុកសន្លឹកអាត់នៅក្នុងដៃនៅឡើយ។

យ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះ នឹងឆ្លុះបញ្ចាំងបន្ថែមទៀត ក្រោយពេលកម្ពុជាអស់ភារកិច្ច និងការទទួលខុសត្រូវធំៗ ថាតើភាពតានតឹងផ្នែកនយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នឹងអាចប្រែប្រួលយ៉ាងណានៅពេលខាងមុខ ខណៈប្រទេសកម្ពុជា នឹងត្រូវរៀបចំការបោះឆ្នោតធំៗចំនួន២ថែមទៀត នៅឆ្នាំ២០២២ និង២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ