អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការចូលរួមរបស់ពលរដ្ឋ ជាគន្លឹះសំខាន់មួយដើម្បីឈានទៅបិទបញ្ចប់ការឆ្លងកូវីដ១៩ក្នុងសហគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ពេល​នេះ ព្រឹត្តិការណ៍​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍ ២០​កុម្ភៈ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៥​ខែ​រួច​មក​ហើយ​។ ចាប់​តាំង​ពី​ផ្ទុះ​ឡើង​ដំបូង​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​រាប់​ពាន់​នាក់ និង​មាន​អ្នក​ស្លាប់​បន្ត​បន្ទាប់​ជា​រៀង​រាល់​ថ្ងៃ​។ ចំណែក​​មនុស្ស​រាប់​ម៉ឺន​​នាក់​ទៀត ​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដោយសារ​តែ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩​។ នៅ​ក្នុង​ស្ថានភាព​ដូច្នេះ អ្នក​ជំនាញ​បានទទូច​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​អនុវត្ត​វិធាន​សុខាភិបាល ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ការ​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​ឲ្យ​បាន​ឆាប់ មុនពេល​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​សុខាភិបាល​នា​ពេល​ខាងមុខ​។

ប្រជាពលរដ្ឋពាក់ម៉ាស់ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ (រូបតំណាង)
ប្រជាពលរដ្ឋពាក់ម៉ាស់ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

«ឆាប់​ភ័យ ឆាប់​បាត់» នេះ​គឺ​ជា​ចរិត​លក្ខណៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គេ​សង្កេត​ឃើញ​មាន​ជា​យូរ​មក​ហើយ​។ កាល​ពី​ឆ្នាំ​មុន ពេល​ដែល​កូវីដ​១៩​កំពុង​ផ្ទុះ​ឡើង​ដំបូង​ៗ ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ភ័យ​ស្លន់​ស្លោ នាំ​គ្នា​ដណ្ដើម​ទិញ​ម៉ាស​និង​អាល់កុល​លាង​ដៃ​រហូតទាល់​តែ​​អស់​ពី​ស្តុក​។ ការ​ជួប​ជុំ​ផ្សេង​ៗ​ត្រូវ​គេ​កាត់​បន្ថយ ចំណែក​ការ​ដើរហើរ​ជា​ទូទៅ​ក៏​មិន​សូវ​អ៊ូអរ​។ គួរ​បញ្ជាក់​ថា កាល​ណោះ ករណី​កូវីដ​១៩​នៅ​កម្ពុជា​ទាំង​អស់ សុទ្ធ​សឹង​តែ​ជា​ករណីនាំ​ចូល​ពី​បរទេស​។

រហូត​មក​ដល់​ឆ្នាំ​នេះ ពោល​គឺ​នៅ​ខែកុម្ភៈ​ កម្ពុជា​ស្រាប់​តែ​រក​ឃើញ​​ករណី​ឆ្លង​កូវីដ​១៩​នៅ​ក្នុង​សហគមន៍​។ ជា​ករណី​ឆ្លង​ដែល​មាន​វិសាលភាព​ធំ​ធេង រហូត​តម្រូវ​ឲ្យ​អាជ្ញាធរ​សម្រេច​ដាក់​បម្រាម​គោចរ និង​ក្រោយ​មក មាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​១៩​​។ ការ​ឆ្លង​កូវីដ​១៩​តាម​រយៈ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​មិនទាន់​ថម​ថយ​ឥទ្ធិពល​នៅ​ឡើយ​ទេ តែ​វា​បាន​ឆ្លង​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទូទាំង​ប្រទេស​កម្ពុជាទៀត​ផង​។ រថយន្ត​សង្គ្រោះ​បន្ទាន់​បើក​ទៅ​មក​ចុះ​ឡើង​គ្មាន​ឈប់​ឈរ​។ មនុស្ស​រាប់ម៉ឺន​នាក់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។ បើ​ទោះ​បីអ៊ីចឹង​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ទូទៅ ហាក់​ដូច​ជា​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​ភ័យ​ខ្លាច​ទាល់តែ​សោះ​ ចំពោះ​ជំងឺ​កូវីដ​១៩​។

មែន​ទែន​ទៅ នៅ​ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ ពលរដ្ឋ​គួរ​តែ​ត្រឡប់​ទៅ​បារម្ភ​និង​ការពារ​ខ្លួន ដូច​កាល​ពីដំបូង​ៗ​វិញ​ ព្រោះ​សូម​កុំ​ភ្លេច​ថា ជំងឺ​កូវីដ​១៩​នេះ ឆ្លង​ដោយ​ពុំ​រើស​មុខ​ទេ។ សូម្បី​តែ​ថ្នាក់​ដឹក​នាំ​នៅ​ប្រទេស​ខ្លះ​ក៏​មាន​ឆ្លង​ជំងឺ​នេះ​ដែរ​។ ពលរដ្ឋ​ខ្មែរ​ត្រូវ​យល់​ថា ក្ដី​ព្រួយ​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន ពុំ​មាន​អ្វី​ខុស​ប្រក្រតី​ទេ ប៉ុន្តែ​ជា​រឿង​ត្រឹម​ត្រូវ​ទៅវិញ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៅ​ក្នុង​សហគមន៍​ខ្មែរ​​។ ហេតុ​អ្វី​ការ​បារម្ភ​ពី​កូវីដ​១៩​គឺ​ជា​រឿង​ត្រឹម​ត្រូវ? នោះ​ក៏​ព្រោះ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ អាច​កើត​ឡើង​ដោយអ្នក​ជំងឺ​ខ្លួន​ឯង​​ពុំ​ដឹង​ខ្លួន​, ថ្នាំ​ព្យាបាល​ក៏​គ្មាន, ចំណែក​ករណី​ស្លាប់​ក៏​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ជា​ការ​កត់​សម្គាល់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំ​បាច់​ផ្សេង​ៗ ដូច​ជា​ការ​បិទ​ខ្ទប់​តំបន់​ប្រឈម និងហាម​ឃាត់​ការ​ជួបជុំ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ទន្ទឹម​នឹង​វិធានការ​ទាំង​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​ពង្រីក​វិសាលភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចំនួន​ប្រមាណ៥​លាន​៧​សែន​នាក់ ឬ​ស្មើ​នឹង​ប្រមាណ​៥៧​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​១០​លាន​នាក់​។

ទោះ​ជា​ដូច្នេះ​ក៏​ដោយ បន្ថែម​ពី​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ គេ​ត្រូវ​ការ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​​​គ្រប់​គ្នាៗ​។ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន គឺ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​សុខភាព​និង​ថែ​ទាំ​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ដិត​ដល់៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ តាម​ដាន​សុខភាព​ខ្លួន​ឯង ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ​១៩​។

ចំណែក​នៅ​តាម​បណ្ដាញ​សង្គម ពលរដ្ឋ​អាច​បន្ត​តាម​ដាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​ការ​វិវត្ត​នៃជំងឺ​កូវីដ​១៩​​។ ការ​ទទួល​ព័ត៌មាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩ បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​គ្នា​នេះ វា​ក៏​អាច​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ក្ដី​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម​បាន​ផង​ដែរ​។

គេ​ត្រូវ​ចង​ចាំ​ថា បញ្ហា​ចំពោះ​មុខនា​ពេល​នេះ​ ​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណាថ្មី ឬ​ជំងឺ​កូវីដ​១៩ ដែល​ការងារ​នេះ​តម្រូវ​ឲ្យ​​ពលរដ្ឋ​ទូទៅ​ចូល​រួម​ជាមួយ​អាជ្ញាធរ​​។ ការ​ចូល​រួម​សំខាន់​បំផុត គឺ​នាំ​គ្នា​រក្សា​គម្លាត​សង្គម ចៀស​វាង​ការ​ប្រមូល​ផ្ដុំ ​ប្រយ័ត្ន​ប្រយែង​ និង​ថែ​ទាំ​អនាម័យ​ព្រម​ទាំង​សុខភាព​ខ្លួន​ឯង។ ការងារ​នេះ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ថា យើង​ម្នាក់​ៗ មិន​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​ជំងឺ​កូវីដ​១៩ និង​មិន​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ចាស់​និង​អ្នក​ដែល​មានសុខភាព​ទន់​ខ្សោយ​។ នេះ​គឺ​​​ការ​​​​​​រួម​ចំណែក​ដ៏​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​​បានរបស់​ពលរដ្ឋម្នាក់​ៗ ដើម្បី​កាត់​បន្ថយ​និង​ទប់​ស្កាត់​ការ​ឆ្លង​​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ