អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្វីទៅជាមូលហេតុនៅពីក្រោយក្ដីបារម្ភរបស់អាមេរិកចំពោះលទ្ធភាពនៃមូលដ្ឋានទ័ពចិននៅកម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក នៅ​តែបន្ត​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល ដោយ​សារ​តែ​សំណុំ​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​។ ជាក់​ស្ដែង កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន លោក​ស្រី Wendy Sherman អនុរដ្ឋ​មន្ដ្រី​ការបរទេស​អាមេរិក បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​វត្តមាន​មូលដ្ឋាន​ទ័ព​ចិន​នៅកម្ពុជា បើទោះ​បី​ជា​​កម្ពុជាបាន​ច្រាន​ចោល​ស្ទើរ​តែ​សឹក​មាត់​ទៅ​ហើយ​ក៏​ដោយ​។ តើ​អ្វីទៅជាមូលហេតុនៅពីក្រោយក្ដីបារម្ភរបស់អាមេរិកចំពោះលទ្ធភាពនៃមូលដ្ឋានទ័ពចិននៅកម្ពុជា​នេះ​?

ជំនួបរវាងលោកស្រី Wendy R. Sherman និងលោក ហ៊ុន សែន
ជំនួបរវាងលោកស្រី Wendy R. Sherman និងលោក ហ៊ុន សែន © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា មែន​ទែន​ទៅ មាន​ប្រភព​មក​ពី​យុទ្ធសាស្ត្រ​របស់​ចិន ដែល​ដាក់​ចេញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ ក្រោម​ឈ្មោះ​ថា ខ្សែ​ក​គុជ​ខ្យង ឬ String Of Pearls។ តាម​រយៈ​យុទ្ធសាស្ត្រ​នេះ សហរដ្ឋ​អាមេរិក​ជឿ​ថា ចិន​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ ដោយ​រៀបចំ​បង្កើត​បណ្ដាញ​មូលដ្ឋាន​ទ័ពចាប់​តាំង​ពី​សមុទ្រ​ចិនខាង​ត្បូង កាត់​តាម​មហាសមុទ្រ​ឥណ្ឌា រហូត​ដល់​តំបន់​ដើម​​បូព៌ា​។

​របាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ស្ដី​ពី​ការ​វិវត្ត​សកម្មភាព​យោធា​និង​សន្តិសុខ​នៃ​ប្រទេស​ចិន ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០២០​កន្លង​ទៅ គូស​បញ្ជាក់​ថា ចិន​កំពុង​តែ​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​បន្ថែម​នៅ​បរទេស ដើម្បីពង្រឹង​និង​ពង្រីក​អំណាច​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​។ បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ក្រៅ​តែ​ពី​មូលដ្ឋាន​ទ័ព​ដែល​មាន​ស្រាប់​នៅ​ប្រទេស​ជីប៊ូទី ប្រទេស​ចិន​បាន​ពិចារណាប្រទេស​ចំនួន​១៣ ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ដែរ បើ​ទោះ​បី​ជា​កម្ពុជា​និង​ចិន​ធ្លាប់​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អាមេរិក​នេះ​ជា​សាធារណៈ​រួច​ហើយ​ក៏​ដោយ​។

​នរណា​ក៏​ដឹង​ដែរ​ថា ចិន​និង​អាមេរិក នៅ​តែបន្ត​ប្រជែង​អំណាច​គ្នា ក្នុង​ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ឥណ្ឌូចិន​។ ដូច្នេះ​បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ការ​ទាញ​សញ្ញា​អាសន្ន​​ពី​ការ​សង់​​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា គឺធ្វើ​ឡើង​​ព្រោះ​តែ​អាមេរិក​បារម្ភ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ឯង ច្រើន​ជាង​បារម្ភ​ពី​​កម្ពុជា​។ វត្តមាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​ផ្ដល់​​ប្រយោជន៍ដល់​​​ចិន។ ផល​ប្រយោជន៍​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាមេរិក​ខាត​បង់​ទេ តែ​វា​អាច​ក្លាយ​ទៅ​ជា​ហានិភ័យ​សម្រាប់​អាមេរិក​ថែម​ទៀត​។

ជា​យុទ្ធសាស្ត្រ ប្រសិន​បើ​មាន​មែន​នោះ មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន នឹង​បើក​ផ្លូវ​ឲ្យ​ទីក្រុង​ប៉េកាំង ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​អំណោយ​ផល​ដល់​ចិន​ក្នុង​ការ​គ្រប់​គ្រង​នាវាចរណ៍ពី​ជ្រោយ​ម៉ាឡាកា​ទៅ​កាន់​​សមុទ្រ​ចិន​ខាង​ត្បូង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ចិន ក្នុង​ការ​តាម​ដាន​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ថៃ​និង​សហរដ្ឋ​អាមេរិក ដែល​រឹង​រឹត​តែ​ពី​ធំ​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​និយាយ​ដល់ String of Pearls នេះ ទីក្រុង​ប៉េកាំង តែង​តែ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​យុទ្ធសាស្ត្រ​នេះ ធ្វើ​ឡើងមិន​មែន​ក្នុង​គោលដៅ​យោធា​ទេ តែ​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​សុទ្ធ​សាធ​។ សម្រាប់​ទីក្រុង​ប៉េកាំង String of Pearls បើ​សម្រេច​បាន វា​​អាច​ធានា​នូវ​​​ផ្លូវ​ចរាចរណ៍​ថ្មី​សម្រាប់​លំហូរ​ធនធាន​ថាមពល​ពី​តំបន់​ដើម​បូព៌ា ទៅ​កាន់​ប្រទេស​ចិន​​។

សូម​កុំ​ភ្លេច​ថា បើ​តាម​ការ​ព្យាករណ៍ ចិន ទៅ​ថ្ងៃ​មុខ នឹង​​វ៉ា​ឈ្នះ​អាមេរិក ក្លាយ​ជា​ប្រទេស​ដែលប្រើ​ប្រាស់​ប្រេង​ឆៅ​​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ប្រេង ការ​ធានាឲ្យ​បាន​​នូវ​ផ្លូវ​ចរាចរណ៍​សម្រាប់​នាវា​ដឹក​ប្រេង​ពី​តំបន់​ដើម​បូព៌ា ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ឥណ្ឌា​ដែល​ជា​សត្រូវ គឺ​ជា​រឿង​ចាំ​បាច់​ណាស់​សម្រាប់​ប្រទេស​ចិន​។

ដើម្បី​សម្រេច​ការងារ​នេះ​បាន ប្រទេស​ចិន​ត្រូវ​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួននៅ​តាម​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ដែល​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង តាម​រយៈ​ការ​ទិញ ជួល ឬ​ផ្ដល់​ជំនួយ​ឲ្យ​សាងសង់​កំពង់ផែ​ជាប់​មាត់​សមុទ្រ ចាប់​ពី​សមុទ្រ​ចិន​ខាង​ត្បូង រហូត​ដល់​ដើម​បូព៌ា​។ ចិន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំងនៅ​ពេល​​​ណា វា​ជា​ការ​គំរាម​កំហែង​ដល់​ឥទ្ធិពល​របស់​អាមេរិកនៅ​ពេល​នោះ​ដែរ​។

សម្រាប់​សហរដ្ឋ​អាមេរិក ការ​រីក​រាល​ដាល​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ី​ ជា​ពិសេស​នៅ​មហាសមុទ្រ​ឥណ្ឌា គឺជា​បញ្ហា​ប្រឈម​សម្រាប់​វត្តមាន​កង​ទ័ព​ជើង​ទឹក​អាមេរិក​នៅ​ក្នុង​តំបន់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជា​ហានិភ័យ​សម្រាប់​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ដូច​ជា​ហ្វីលីពីន ជប៉ុន និង​អូស្ត្រាលី​ផង​ដែរ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ