ថែរក្សាតំបន់អេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ពលរដ្ឋនិងបន្តនិរន្ដរភាពនៃធនធានធម្មជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២១
វិបត្តិកូវីដ១៩ដែលផ្ទុះឡើងនៅទូទាំងពិភពលោកនៅឆ្នាំ២០២០នេះ ធ្វើឲ្យសកម្មភាពទេសចរណ៍ទៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរ ត្រូវជាប់គាំង។ នេះគឺជាមូលហេតុដែលពលរដ្ឋកម្ពុជានាំគ្នារុករកកន្លែងទេសចរណ៍ថ្មីៗ ដើម្បីទៅលេងកម្សាន្ត។ ក្នុងចំណោមទីតាំងទេសចរណ៍ទាំងនោះ តំបន់អេកូទេសចរណ៍ក៏ជាគោលដៅសំខាន់មួយដែរសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការថែរក្សាតំបន់អេកូទេសចរណ៍នៅកម្ពុជា មានសារៈសំខាន់ណាស់ ព្រោះវាជាប្រភពចំណូលដល់ពលរដ្ឋនៅក្នុងតំបន់ និងពិសេសជាងនេះ វាអាចរួមចំណែកថែរក្សាធនធានធម្មជាតិនៅកម្ពុជាបានប្រកបដោយប្រសិទ្ធភាព។
ចាប់តាំងពីជំងឺកូវីដ១៩ផ្ទុះឡើងនៅទូទាំងពិភពលោក សកម្មភាពទេសចរណ៍ទៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ ពលរដ្ឋខ្មែរដែលធ្លាប់តែចេញទៅក្រៅប្រទេសដើម្បីធ្វើដំណើរកម្សាន្ត លែងអាចចេញទៅក្រៅប្រទេសបានដោយងាយស្រួលទៀតហើយ។ ការធ្វើដំណើរទៅក្រៅប្រទេសត្រូវឆ្លងកាត់ដំណាក់កាលសាំញ៉ាំជាច្រើន ហើយប្រទេសគោលដៅទៀតសោត ក៏លែងមានអ្វីគួរឲ្យកម្សាន្តទៀតដែរ នៅក្នុងពេលដែលពិភពលោកកំពុងតែរវល់ទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ។
នៅក្នុងបរិបទបែបនេះ ពលរដ្ឋខ្មែរបានបង្វិលផែនការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស មកក្នុងប្រទេសវិញម្ដង ដោយខ្លះនាំគ្នាទៅកម្សាន្តនៅខេត្តជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដូចជាខេត្តកំពត ខេត្តកែប សៀមរាប ព្រះសីហនុ មណ្ឌលគិរី និងរតនគិរីជាដើម។ ពលរដ្ឋមួយចំនួនទៀតដែលនឿយណាយនឹងតំបន់ទេសចរណ៍ទាំងនេះ បាននាំគ្នាទាំងហ្វូងទាំងហ្វាយ ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
អេកូទេសចរណ៍ គឺជាការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី។ ដើរព្រៃ ឡើងភ្នំ បោះតង់ ឬចងអង្រឹងគេងមើលផ្កាយពេលយប់នៅក្នុងព្រៃឆ្ងាយពីទីក្រុង ស្ដាប់សំឡេងសត្វយំឆ្លើយឆ្លងគ្នា។ ទាំងនេះសុទ្ធសឹងតែជាសកម្មភាពដែលគេអាចធ្វើបាន តាមរយៈការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ដែលមាននៅពាសពេញផ្ទៃប្រទេស។
តាមរយៈសកម្មភាពទេសចរណ៍របៀបនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានទទួលចំណូលតាមរយៈការទទួលភ្ញៀវទេសចរឲ្យស្នាក់នៅជាមួយ ចម្អិនម្ហូបអាហារឲ្យអ្នកទេសចរទទួលទាន និងជូនភ្ញៀវទស្សនាធម្មជាតិ ជាដើម។ បច្ចុប្បន្ន បើតាមក្រសួងទេសចរណ៍ សក្ដានុពលនៃតំបន់អេកូទេសចរណ៍របស់កម្ពុជា ជាអាថិ៍ ព្រៃភ្នំ ទឹកជ្រោះធម្មជាតិ សត្វព្រៃ ព្រមទាំងជីវចម្រុះច្រើនសន្ធឹកសន្ធាប់ មាននៅខេត្តចំនួន ៤ក្នុងភាគឦសាន ខេត្តចំនួន ៤នៅតំបន់មាត់សមុទ្រ និងខេត្តចំនួន ៦ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបអស់ទាំងនេះ មានតិចតួចណាស់ដែលត្រូវបានផ្សព្វផ្សាយ និងរៀបចំបានស្រួលបួល។ តំបន់មួយចំនួនធំទៀត នៅមិនទាន់មានលក្ខណៈជាកន្លែងទេសចរណ៍នៅឡើយ ហើយក៏មិនសូវមានដែរ អ្នកទេសចរដែលស្គាល់និងបានទៅកម្សាន្តដល់ទីនោះ។
ការរៀបចំនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីតំបន់អេកូទេសចរណ៍ មិនត្រឹមតែអាចបង្កើតឱកាសការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ វាក៏អាចរួមចំណែកជួយថែរក្សាធនធានធម្មជាតិបាន ប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានទទួលចំណូលពីសកម្មភាពទេសចរណ៍ ជាទូទៅលែងធ្វើចំណាកស្រុក ហើយបញ្ឈប់រាល់ទង្វើបំផ្លាញធនធានធម្មជាតិ ដូចជាកាប់ទន្ទ្រានព្រៃ និងសម្លាប់សត្វព្រៃជាដើម ដើម្បីទុកសម្រាប់ទេសចរកម្សាន្ត។
អ្នកជំនាញផ្នែកធនធានធម្មជាតិនិងទេសចរណ៍បានពន្យល់បន្ថែមថា ការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ធ្វើឲ្យអ្នកទេសចរយល់ដឹង និងគោរពផ្ដល់តម្លៃដល់ធនធានធម្មជាតិ។ ហើយផ្ដើមចេញពីការគោរពនេះ អ្នកទាំងនោះនឹងចូលរួមការពារធនធានធម្មជាតិដោយចិត្តឯង មិនចាំបាច់មានការអំពាវនាវ ឬជំរុញពីនរណាឡើយ។
ជាការពិត ការរៀបចំនិងផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍តែម្យ៉ាង មិនអាចការពារធនធានធម្មជាតិបានទាំងស្រុងទេ។ ការការពារធនធានធម្មជាតិ គឺជាការងារដ៏ធំធេងនិងស្មុគស្មាញ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងហោចណាស់ នៅពេលបានទៅដល់និងស្គាល់តំបន់អេកូទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឆន្ទៈរបស់អ្នកទេសចរក្នុងការការពារធនធានធម្មជាតិនឹងកាន់តែពុះកញ្ជ្រោលជាក់ជាពុំខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ