អានតួអត្ថបទ
ទិវាពលកម្មអន្តរជាតិ

ទិវាពលកម្មអន្តរជាតិ៖សហជីពទាមទារដំឡើងប្រាក់ខែ៣០០ដុល្លារ

សហភាពសហជីពកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ខែគោលដល់កម្មករ និយោជិត ឲ្យបាន៣០០ដុល្លារអាមេរិក ខណៈប្រាក់ខែអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នេះ គឺ ២០៤ដុល្លារ ក្នុង១ខែ។ ការទាមទារនេះធ្វើនៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះ ដោយសហភាពសហជីពកម្ពុជា។

ការប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា២០២៤
ការប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា២០២៤ © Licadho
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារលិខិតសម្រាប់ទិវាពលកម្មអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្មករ និយោជិត អាចទទួលបានប្រាក់ខែ២០៤ដុល្លារក្នុងមួយខែ ហើយបើបូកសរុបជាមួយប្រាក់រង្វាន់ អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករ និយោជិតម្នាក់ៗទទួលបានប្រាក់ខែ ចន្លោះពី ២២១ ដល់២៣២ដុល្លារក្នុង១ខែ។

លើសពីការទាមទារឲ្យតម្លើងប្រាក់ខែកម្មករ សហជីពសំណូមពរឲ្យគេបញ្ចុះតម្លៃប្រេងឥន្ធនៈមកនៅ៣៥០០រៀលក្នុង១លីត្រ និងបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ។ នៅក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ សហភាពសហជីពកម្ពុជានៅបានទាមទារឲ្យអាជ្ញាធរដោះលែង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សេង ច័ន្ទធារី  ឬ សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិក និងលោក កើត សារ៉ាយ ប្រធានសមគមនិស្សិតបញ្ញាវ័ន្តខ្មែរ។

សហជីពវាយតម្លៃថា ប្រសិនបើអាជ្ញាធរកម្ពុជាព្រមដោះលែងសកម្មជនទាំងនោះឲ្យមានសេរីភាព កម្ពុជាអាចនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប(EBA) និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក(GSP)មកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ